Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

   សេចក្ដីអធិប្បាយ៖  ​រឿង​ទុំ​ទាវ​​ជា​ស្នា​ដៃ​ដ៏​អស្ចារ្យ​បំផុត ហើយ​វា​បាន​ចោទ​ជា​បញ្ហាជា​ច្រើន​សំ​រាប់​អ្នក​សិក្សា​លើក​មក​បក​ស្រាយ បញ្ចប់​នៃ​រឿង​អ្នក​និពន្ធ​បាន​អោយ​តួអង្គ​ទុំ​ស្លាប់​យ៉ាង​ខ្លោច​ផ្សា​បំ​ផុត​។ សេចក្តី​ស្លាប់​របស់​ទុំ​បាន​បង្កើត​ចេញ​ជា​មតិ​ពីរ​ផ្សេង​គ្នា។ មតិមួយ​ពោល​ថា ” មរណ​ភាព​របស់​ទុំបណ្តាល​មក​ពី​សេចក្តី​ស្នេហា “ ឯមតិ​មួយ​ទៀត​បាន​ពោល​ផ្សេង​ថា ” មរណ​ភាព​របស់​ទុំ​បណ្តាល​មក​ពី​អំណាច​ផ្តាច់​ការ​នៃ​សង្គម “ ។ 
   តើ​ការ​អះ​អាង​នៃ​មតិ​ទាំង​ពីរ​នេះ​ មួយ​ណា​ត្រឹម​ត្រូវជាង?

 ជា​គន្លឹះ​នៃ​ការ​ដោះ​ស្រាយ​បញ្ហា​ទាំង​ពីរ​ខាង​លើ យើង​គួរ​យល់​អត្ថន័យ​នៃ​ពាក្យ "មរណភាព ស្នេហា អំ​ណាច​ផ្តាច់​ការ" ជា​មុន​សិន។ មរណភាព មានន័យ​ថា ការ​ស្លាប់​បាត់​បង់​ជីតិត។ ស្នេហា មាន​ន័យ​ថា គឺ​ជា​ការ​ស្រ​លាញ់​ពេញ​ចិត្តទៅ​លើ​នរណា​ម្នាក់។ ឯ អំ​ណាច​ផ្តាច់​ការ គឺ​មាន​ន័យ​ថា ការ​ប្រើ​អំ​ណាច ការ​សង្កត់​ គំរាម​កំហែង ពី​សំ​ណាក់​អ្នក​មាន​អំ​ណាច មក​លើ​អ្នក​តូច​តាច​ទន់​ខ្សោយ។
   ដូច​នេះ​អត្ថន័យ​របស់​ប្រ​ធាន​ខាង​លើ ចង់​បង្ហាញ​អោយ​ឃើញ​ថា មតិ​ទី​១​គឺ​ទុំ​ស្លាប់​ព្រោះ​តែ​ការ​ស្រ​លាញ់​ពេញ​ចិត្ត​ទៅ​លើ​នាង​ទាវ។ ឯមតិ​ទី២​គឺ​ទុំ​ស្លាប់​ព្រោះ​តែ​អំ​ណាច ផ្តាច់​ការ គាប​សង្កត់​ គំ​រាម​កំ​ហែង នៃ​សង្គម​នា​សម័យ​កាល​នោះ។
   មតិ​ដែល​លើក​ថា ទុំ​ស្លាប់​ព្រោះ​តែ​ស្នេហា នោះ​ពិត​ជា​ត្រឹម​ត្រូវ​ណាស់ ព្រោះ​ផ្អែក​តាម​ដំ​ណើរ​រឿង​ ដែល​បាន​សិក្សា​កន្លង​មក​ឃើញ​ថា នេន​ទុំ​ និង​នេនពេជ្រ ទៅ​លក់​តោក​នៅ​ស្រុក​ត្បូង​ឃ្មុំ យាយ​ផាន់​បាន​និ​មន្ត​លោក​នេន​ទុំ ទៅ​ស្មូត​នៅ​ផ្ទះ​គាត់។ ពេល​ទុំ​កំ​ពុង​ស្មូត នាង​ទាវ​បាន​អើត​ក្បាលតាម​មាត់​បង្អួច ត្រ​ហេប​ត្រ​ហប រួច​ប្រើ​នាង​នោរ អោយ​យក​ដណ្លាប់​ទៅ​ប្រ​គេន​នេន​ទុំ។ ហេតុ​ការ​នេះ​បាន​ញុំាង​អារម្មទុំ​អោយ​ជាប់​ចិត្ត​ស្រ​លាញ់​ទាវ​តាំង​ពី​ពេល​នោះ​មក​។ ពេល​ទុំ​ត្រ​ឡប់​មក​ដល់​វត្ត​វិញ ទុំ​បាន​សុំ​លោក​ចៅ​អធិការសឹក តែ​លោក​គ្រូចៅ​អធិការ​ពុំ​ទាន់​អោយ​សឹក​ទេ ព្រោះ​ពេល​វេ​លា​មិន​ល្អ។ តែ​ដោយ​អំ​ណាច​នៃ​អន្លង់​សេច​ក្តី​ស្នេហា​ ទុំ​បាន​លួច​សឹក​ម្នាក់​ឯង​ក្បែរ​ដំបូក ហើយ​ធ្វើ​ដំ​ណើរ​ទៅ​ស្រុក​ត្បូង​ឃ្មុំ ជា​មួយ​ពេជ្រ។ ទុំ​មិន​ត្រឹម​តែ​លួច​សឹក​ខុស​នឹង​ប្រ​ពៃ​ណី​ព្រះ​ពុទ្ធ​សាស​នា​ប៉ុណ្ណោះទេ ថែម​ទាំង​ចួល​រួម​រ័ក្សស្នេហា​ខុស​ប្រ​ពៃ​ណី​ជា​មួយ​ទាវ​ស្រី​ថែម​ទៀត​ផង។ សកម្ម​ភាព​នេះ​បាន​បណ្តាល​អោយ​ស្នេហា​ដឹក​មុខងុប​ងុលពុល​វង្វេង​ភ្លេច​អ្វី​ៗ​ទាំង​អស់ ភ្លេច​ទាំង​ប្រពៃ​ណី​ដ៏ល្អរបស់​ខ្មែរ ដែល​មាន​តាំង​ពី​បរម​បុរាណ​មក​ម្លេះ។ក្រោយ​មកនាង​ទាវ​ត្រូវ​បាន​ស្តេច​រាមាជើង​ព្រៃ រើស​ជា​ស្នំ​ឯក ហើយ​អោយ​ម៉ឺន​ទុំ​ច្រៀង​កំដរ។ ទុំ​ឆ្លៀត​ច្រៀង​ផ្តោះ​ផ្តង​ស្នេហាជា​មួយ​ទាវ ធ្វើ​អោយ​ស្តេច​ខ្មាស​យ៉ាង​ខ្លាំង។ ប៉ុន្តែ​ដោយ​ព្រះ​អង្គមាន​ទសពិធ​រាជ​ធម៌ព្រះអង្គមិន​យក​ទោស​ពៃរ៍អ្វី​ឡើយ ហើយ​ថែម​ទាំង​ប្រ​ទាន​មង្គល​ការ​ដល់​អ្នក​ទាំង​ពីរ​ទៀត​ផង។ ហេតុ​ការ​នេះ​ធ្វើ​អោយ​យាយ​ផាន់ ខឹង​ក្រវ​ក្រោតច្រ​ឡោត​យ៉ាង​ខ្លាំ ហើយ​រក​ល្បិច​បង្ខំ​នាង​ទាវ​អោយ​មក​រៀម​ការ​ជា​មួយ​ម៉ឺន​ងួន។ លឺ​ដំ​ណឹង​នេះ​ទុំ​ប្រ​ញាប់​សុំ​រាជានុញ្ញាតពី​ស្តេច​រាមា មក​តាម​ទាវ​ដោយ​មាន​ទំាង​រាជ​សារមួយ​ផង។ ដល់​ហើយ​ទុំ​បាន​បី​ត្រ​កង​ស្នេហា​ជាមួយ​អូន​ទាវ ថែម​ទាំង​អោយ​នាង​ក្បង់​ស្រា​នឹង​បាត​ដៃ​អោយ​ផឹក​ ដើម្បី​បញ្ជាក់​ទឹក​ចិត្ត​ស្នេហា​ស្រ​លាញ់​ប្តូរ​ផ្តាច់​ ទង្វើ​នេះធ្វើ​អោយយាយ​ផាន់​ក្រេវ​ក្រោធ​យ៉ាង​ខ្លាំង​ ហើយ​បញ្ជា​អោយ​អរ​ជូនយក​ទុំ​ទៅ​សំ​លាប់​ចោលយ៉ាង​ព្រៃ​ផ្សៃ​នៅ​ក្រោម​ដើម​ពោធិមួយ។សរុប​សេច​ក្តីមក​ ទុំ​ពិត​ជា​បាន​ស្លាប់​ព្រោះ​តែ​ស្តេច​ក្តី​ស្នេហា​ ជា​មួយ​នាង​ទាវ​ពិត​ប្រា​កដ​មែន។

ឯមតិ​ទី​២​ថា ” ទុំ​ស្លាប់​មក​ពី​អំ​ណាច​ផ្តាច់ការ​នៃ​សង្គម “ ពុំមែន​មក​ពី​សេចក្តី​ស្នេហា​ចំ​ពោះ​នាង​ទាវ​ឡើយ បើ​យើង​វិភាគ​លើ​សង្គម​វិញ ឃើញ​ថា នាសម័យ​កាល​នោះ គឺ​សង្គម​ផ្តាច់ការ​ ទាំង​គ្រួសារ និង​ប្រ​ទេស​ជាតិ ទោស​ប្រ​ហា​ជីវិត​កើត​ឡើង​ដោយ ពុំ​ចាំ​បាច់​មាន​ការ​ដោះ​ស្រាយ ឬ​ធ្វើការ​កាត់​ក្តី​តាម​ប្រ​ព័ន្ធ​តុលាការ​អ្វី​ឡើយ។ ឯចំ​ពោះ​គ្រួសារ​វិញ មាន​ការ​គាប​សង្កត់​ផ្លូវ​ចិត្ត កូន​ស្រី។ កូន​ស្រី​គ្មាន​សិទ្ធិ​ជ្រើស​រើស​គូ​ស្រករ​ដោយ​ខ្លួន​ឯង​ទេ ពិសេស​ដូច​យាយ​ផាន់​បាន​អនុ​វត្តន៍​តាម​ប្រ​ពៃ​ណី​តឹង​រឹង​មួយគឺ នំ​មិន​ធំ​ជាង​នាឡិ គឺ​ពុំ​ព្រម​អោយ​ទាវ​ស្រ​លាញ់​ប្តី​ដោយ​ចិត្ត​ខ្លួន​ឯង​ឡើយ ទោះ​ជា​បានការ​ប្រ​ទានមង្គល​ការ​ពី​ព្រះ​រាជា​ក៏ដោយ។ ម្យ៉ាង​ទៀត​ក្នុង​សង្គម​រស់​នៅ​សម័យ​នោះ មានការ​បែង​ចែក​វណ្ណៈ​ មាន​ ក្រ​ ខ្ពស់ ទាប ងប់​ងុល​នឹង​អំ​ណាច​មាស​ប្រាក់​ បុណ្យ​ស័ក្តិ តួ​យ៉ាង​ដូច​ជា​យាយ​ផាន់ មិន​ព្រម​អោយ​ទាវ​ទៅ​ទុំ​ឡើយ ព្រោះ​ទុំ​ក្រ​គ្មាន​ទ្រព្យ​សម្បត្តិ​។ ដូន​ចាស់​រូប​នេះ​បាន​បង្ខំ​អោយ​ទាវ រៀប​ការ​ជា​មួយ​ម៉ឺន​ងូន ក៏​ព្រោះ​តែ​ទ្រព្យ​សម្បត្តិ​ស្តុក​ស្តម្ភ​របស់​ងួន​ដែរ។ ចំ​ពោះ​អរ​ជូន និងម៉ឺន​ងួន​វិញបាន​ដឹង​ហើយ​ថា​ ទាវ​ជា​ប្រ​ពន្ធ​របស់​ទុំ ដែល​ស្តេច​បាន​រៀប​ការ​អោយ តែ​នៅ​ហ៊ាន​បំ​ពាន​យក​នាង​ទាវ មក​រៀប​ការ​ម្តង​ទៀតជា​មួយ​ខ្លួន​ ដោយ​មិន​ញញើត​ដល់​អំ​ណាច​នៃ​ព្រះ​រាជា​ឡើយ ព្រោះ​អាង​ថាខ្លួន​ជា ស្តេច​ក្រាញ់​ដែល​មាន​អំ​ណាច​ដែរ។ ឃោ​ឃៅ​ជា​ង​នេះ​ទៅ​ទៀត​នោះ អរជូន​បា​ន​បញ្ជា​អោយ​បក្ខ​ពួក​របស់​ខ្លួន ចាប់​ទុំ​ទៅ​ប្រ​ហារ​ដោយ​គ្មាន​ការ​ជំនុំ​ជំរៈអ្វី​ឡើយ ទោះ​បី​ដឹង​ថាទុំ ជា​មនុស្ស​របស់​ស្តេច​រាមា​ជើង​ព្រៃ​ក៏ដោយ។ សរុប​សេចក្តី​មក​ការ​ស្លាប់​របស់​ទុំ ពិត​ជា​បណ្តាល​មក​ពី អំណាច​ផ្តាច់​ការ​ក្នុង​សង្គម​ខ្មែរ នា​សម័យ​នោះ​មែន។
   ឆ្លង​តាម​ការ​បក​ស្រាយ​ខាង​លើ​មតិ​ទី១ និង​មតិទី២ សុទ្ធ​តែ​មាន​អំ​ណះ​អំ​ណាង​ដូច​គ្នា​ពិត​មែន ប៉ុន្តែ​បើ​យើង​ធ្វើ​ការ​ពិ​និត្យ ទៅ​លើ​ខ្លឹម​សារ អោយ​បាន​ស៊ី​ជំរៅ នោះ​ឃើញ​ថា មរណភាព​របស់​ទុំគឺ​បណ្តាល​មក​ពី​អំណាច​ផ្តាច់​ការ នៃ​សង្គម​ខ្មែរ នា​សម័យ​សង្វែកដែល​ជា​មូល​ហេតុជំរុញ​អោយទុំ​ស្លាប់ មិន​មែនមក​ពី​សេច​ក្តី​ស្នេហា​នោះ​ទេ។ 
   
ជា​បញ្ចប់​នេះ មតិ​របស់​ប្រ​ធាន​ទាំង​២​ខាង​លើ គឺ​មតិ​ទី​១​មិន​ទាន់​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ ឯមតិ​ទី​២​ត្រឹម​ត្រូវ​ជាង តែ​មតិ​ទី​១​ក៏​មាន​ប្រ​យោជន៍ សំរាប់​អ្នក​សិក្សា​ និង​យុ​វ​វ័យ​ជំ​នាន់​ក្រោយ អោយ​ចេះ​ពិចារណា មុន​នឹង​ប្រ​ព្រឹត្តិ​នូវ​សេច​ក្តី​ស្នេហា ចៀស​វាង​ការ​ងុប​ងុល​នឹង​ស្នេហា ភ្លេច​ការ​រៀន​សូត្រ និង​ការ​ងារ​ផ្សេង​ៗ​ទៀត ពិសេស​គឺ​ប្រ​ពៃ​ណី​វប្ប​ធម៌។ ឯមតិ​ទី២ ក៏បាន​ផ្តល់​ទ​ពិសោធ​ជា​ច្រើន​ដល់​យើង​គ្រប់​គ្នា គឺ​អោយ​ចេះគោរព​សិទ្ធិសេរីភាព​ចៀស​វាង​ការ​ស្អប់​ខ្ពើម​ ជិះ​ជាន់កេង​ប្រ​វ័ញ្ជ បែង​ចែក​វណ្ណៈ ដើម្បីអោយ​ការ​រស់​នៅ​ទទួល​បាន​សុខ​សុភ​​មង្គល​ ៕



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login