2018-08-03 23:46
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សេចក្ដីអធិប្បាយ៖ ជាការពិតណាស់ ឈើពុកប្រាកដជាគ្មានខ្លឹម ហើយងាយស្រួលក្នុងការបំបាក់ឫកាច់ និងមានសភាពផុយស្រួយ បើមានបុគ្គលណាម្នាក់ទៅឈរឬអង្គុយពីលើនោះ វានឹងបង្កបញ្ហាដល់ជននោះ អាចថ្លោះគ្រេច ឬដាច់រលាត់ផ្សេងៗ។ ដោយមើលឃើញធម្មជាតិបែបនេះ ទើបបុព្វបុរសខ្មែរច្នៃចេញសុភាសិតមួយដោយបង្កប់នូវន័យធៀបនិងគំនិតអប់រំ នោះគឺ «ឈើពុក កុំដាក់គូថអង្គុយ»។
តើសុភាសិតនេះមានខ្លឹមសារអប់រំដូចម្ដេចខ្លះ?
ដើម្បីងាយស្រួលក្នុងការបកស្រាយសុភាសិតនេះ ជាបឋមគួរគប្បីយល់នូវឃ្លាមួយចំនួនសិន ដូចជា «ឈើពុក» និង «ដាក់គូថអង្គុយ»។ «ឈើពុក» សំដៅទៅលើឈើដែលពុំមានជាតិខ្លឹម ហើយផុយស្រួយបំផុត រីឯឃ្លា «ដាក់គូថអង្គុយ» គឺមានន័យថា ការដាក់អវយវៈដោយមិនឈរ គឺអង្គុយពីលើអ្វីមួយ។ តាមអត្ថានុរូប មានន័យថា គេហាមមិនឲ្យអង្គុយលើឈើពុក ព្រោះវាគញមានភាពរឹងមាំនឹងទ្រង់ទ្រង់កម្លាំងមនុស្សបាន ហើយអាចបង្កឲ្យមានគ្រោះថ្នាក់ដោយមិនដឹងខ្លួនទៀត រីតាមន័យអត្ថបដិរូបវិញ គឺដូនតាខ្មែរ ហាមមិនឲ្យសេពគប់បុគ្គលដែលមិនល្អ ឬទុច្ចរិត ដែលអាចនាំមកនូវសេចក្ដីវិនាសដល់មនុស្សនិងសង្គមទាំងមូល។
ជាការពិតណាស់ មិត្តល្អនាំមកនូវសំណាង រីឯមិត្តអាក្រក់នឹងនាំទៅរកជ្រោះមរណ ឬផ្លូវអបាយមុខ។ នៅក្នុងសង្គមជាក់ស្ដែង ក៏គេសង្កេតឃើញនូវហេតុការណ៍បែបនេះជារឿយៗផងដែរ ឧទាហរណ៍ សិស្សម្នាក់ដែលតែងតែគោរព ពេលវេលា និងខិតខំរៀនសូត្រ ប៉ុន្តែនៅពេលរាប់អានមិត្តដែលចូលចិត្តដើរលេង ចង់មិនចង់ក៏អាចទៅតាមគេ ម្ដងជាពីរដង យូរៗទៅចេះតែបណ្ដោតបណ្ដោយ ទីបំផុតក៏ធ្វើឲ្យការសិក្សារបស់ខ្លួនធ្លាក់ចុះ ខាតបង់ពេលវេលា ហើយអាចលែងស្ដាប់សម្ដីលោកគ្រូ-អ្នកគ្រូ ឬអាណាព្យាបាលទៀតផង ជួនកាលទៀត អាចនឹងប្រឡូកនៅក្នុងការប្រើប្រាស់និងជួញដូរគ្រឿងញៀនក៏ថាបាន។ អ្វីៗទាំងអស់ដោយសារតែខ្លួនមិនចេះមើលមនុស្សឲ្យបានជាក់ច្បាស់ ឃើញតែពីខាងក្រៅស្អាត ហ៊ឺហា ក៏ចេះតែតាមគេទៅ។ រឿងមួយទៀត គឺមិត្តភក្តិបោកប្រាសមិត្តភក្តិ បញ្ហានេះមានច្រើនគ្នាណាស់រហូតដល់មានការចុះផ្សាយតាមការសែតស្ទើររាល់ថ្ងៃ ដូចជា ប្លន់មិត្តខ្លួនឯង ដល់ធ្វើឃាតទៀតផង។
បើក្រឡេកនៅក្នុងអក្សរសិល្ប៍វិញ ក៏គេតែងតែសង្កេតឃើញយ៉ាងច្បាស់ថា បញ្ហាទាំងនេះអ្នកនិពន្ធតែងតែលើកឡើងមិនលែងឡើយ ជាក់ស្ដែងដូចនៅក្នុងរឿង កុលាបប៉ៃលិន របស់លោក ញ៉ុក ថែម បានលាតត្រដាងនូវទង្វើរបស់លោកបាឡាត់ស្រុកសង្កែ ដែលប្រកបទៅដោយគ្រោះថ្នាក់ ប្រៀបដូចជាឈើពុក។ លោកហ្លួងរតនសម្បត្តិបានគោរពស្រឡាញ់រាប់អានលោកជាខ្លាំង ប៉ុន្តែដោយសារជាសន្ដានមនុស្សមានចរិតមិនល្អ ចេះតែមានចិត្តព្យាបាទចៅចិត្រ និយាយមើលងាយនាងឃុន នារី ហើយថែមទាំងឃុបឃិតជាមួយចោរចូលមកប្លន់ទ្រព្យសម្ប្តត្តិរបស់លោក ហ្លួងរតនសម្បត្តិទៀតផង។ ក្រៅពីនេះ នៅក្នុងរឿង ថៅកែចិត្តចោរ ក៏បានសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា ពូហំ បានទៅធ្វើការឲ្យថៅកែមួយរូប ដែលមានចរិតចោរព្រៃ បោកកម្មករប្រើប្រាស់ ដល់ពេលមានបញ្ហាឆ្លើយយករកខ្លួន ហើយទម្លាក់ទោសកំហុសទាំងអស់ទៅឲ្យពូហំ។ លើសពីនេះទៅទៀត គេអាចសង្កេតមើលនៅក្នុង រឿង ព្រះអាទិត្យថ្មីរះលើផែនដីចាស់ លោក សួន សុរិន្ទ បានឆ្លុះបញ្ចាំងយ៉ាងជាក់ច្បាស់ថា សម បានទៅសេពគប់និងលោក យ៉េង ដែលជាអ្នកនយោបាយបោកប្រាស ធ្វើសម ភ្ញាក់ខ្លួនតែម្ដងថាខ្លួនពិតចាញ់បញ្ញាអ្នកនយោបាយរូបនេះ ហើយត្រូវគេដៀលត្មេះ ព្រមទាំងមើលងាយមើលថោកទៀតផង។ លើសពីនេះទៅទៀត បើអាចចៀសឲ្យផុតពីមនុស្សខិលខូចគឺរឹតតែល្អ នៅក្នុងវគ្គមួយទៀត ក្នុងរឿងដដែលនេះ គេឃើញថា សៅដែលជាតួអង្គចោរ បានណែនាំឲ្យ សម ធ្វើតាមខ្លួន និងខំលើកហេតុផលពីនេះពីនោះ ដើម្បីឲ្យ សម ទទួលយកគំនិតរបស់ខ្លួន ទីបំផុត ក៏មិនអាចបញ្ចុះបញ្ចូល សម បាន ព្រោះសម មានឧត្ដមគតិ និងស្រឡាញ់នូវអំពើសុចរិត និងយុត្តិធម៌។ បើក្រឡេកទៅមើល នាយ សយ ដែលជាប្រពន្ធសម វិញ ពេលទៅធ្វើការនៅក្នុងផ្ទះរបស់ថៅកែហុក ក៏ត្រូវថៅកែរូបនេះរំលោភយ៉ាងព្រៃផ្សៃ ហើយអ្វីដែលនាងទទួលបានគឺការមើលងាយមើលថោក និងអំពើអសីលធម៌របស់ពួកអ្នកមាន។
សរុបមកឃើញថា រាល់ការសេពគប់បុគ្គលមិនល្អ តែងតែធ្វើឲ្យខ្លួនរងនូវគ្រោះថ្នាក់ និងបញ្ហានានា ជួនកាលអាចប៉ពាល់ដល់អាយុជីវិតថែមទៀតផង ជាក់ស្ដែងដូចករណីមិត្តភក្តិសម្លាប់ឬបោកប្រាស់មិត្តភក្តិ សិស្សដែលរាប់អានអ្នកដើរលេងឬអ្នកប្រើប្រាស់គ្រឿងញៀនជាដើម។ ម្យ៉ាងនៅក្នុងអក្សរសិល្ប៍ ក៏បានបញ្ជាក់ជាគំរូយ៉ាងប្រតក្សត្រង់ពូហំក្ដី ហ្លួងរតនសម្បត្តិ សម និងនាងសយក្ដី សុទ្ធរាប់មនុស្សទុច្ចរិត ទីបំផុតក៏មានអន្តរាយដល់ខ្លួន។
ក្រោយពីបានធ្វើការបកស្រាយយ៉ាងក្បោះក្បាយខាងលើនេះ គេអាចវាយតម្លៃបានថា សុភាសិតនេះ ពិតជាបានបង្កប់នូវតម្លៃអប់រំយ៉ាងជ្រាលជ្រៅបំផុត ដែលហាមមិនឲ្យមនុស្សទាំងឡាយសេពគប់មនុស្សខុសឡើយ ជាពិសេសគឺប្រភេទមនុស្សឈើពុកនេះឯង។ ក្នុងនាមជាអ្នកបន្តវេនជំនាន់ក្រោយ គួរគប្បីមានការពិចារណាឲ្យបានច្បាស់សិន មុននឹងរាប់មិត្តជាមួយនរណាម្នាក់ ដើម្បីការពារខ្លួនពីបញ្ហានានាដែលអាចកើតមានឡើងចំពោះខ្លួនហើយគួរខំសិក្សា រៀនសូត្រដើម្បីស្នងជាបន្តវេនប្រកបដោយសមត្ថភាពសម្រាប់សង្គមកម្ពុជាទាំងមូល។