2018-08-03 23:55
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សេចក្ដីពន្យល់៖ ពាក្យចាស់លោកតែងពោលថា សមុទ្រជ្រៅ គេអាចវាស់បាន ប៉ុន្តែចិត្តមនុស្សមិនងាយវាស់ជម្រៅបានឡើយ គេអាចនិយាយបានម្យ៉ាងទៀតថា ចិត្តមនុស្សប្រែប្រួលមិនទៀង ដូចភ្លៀងតែងរាំងតែងអត់ មានអ្នកខ្លះនៅតែរក្សាឧត្ដមគតិរបស់ខ្លួន រីឯបុគ្គលជាច្រើនទៀតតែងតែមើលប្រយោជន៍ជាធំ ហេតុដូច្នេះហើយទើបគេអាចទិញទឹកចិត្តមនុស្សតាមរយៈផលប្រយោជន៍នេះឯង។ ជាការពិតណាស់ មុននឹងសម្រេចចិត្តធ្វើអ្វីមួយ គួរគប្បីពិចារណាឲ្យបានល្អិតល្អន់សិន ដើម្បីកុំឲ្យមានបញ្ហាទៅថ្ងៃក្រោយ ឬខាតបង់នូវពេលវេលា ទ្រព្យសម្បត្តិ ឬក៏កិត្តិយសជាដើម។ សមដូចសុភាសិតមួយបានលើកឡើងថា «ឮផ្គរ កុំអាលចាក់ទឹកចោល»។
តើសុភាសិតនេះមានន័យដូចម្ដេច?
ដើម្បីឲ្យការបកស្រាយបានល្អក្បោះក្បាយ ជាបឋមគួរគប្បីយល់នូវពាក្យគន្លឹះសំខាន់ៗជាមុនសិនដូចជា «ផ្គរ» និង «ចាក់ទឹក» ជាដើម។ «ផ្គរ» ជាបាតុភូតធម្មជាតិដែលកើតឡើងនៅលើលំហ ជាការប៉ះទង្គិចរវាងប៉ូលនិងប៉ូលបូកនៃចរន្ត ហើយបង្កើតបានជាពន្លឺព្រាកៗនិងសំឡេងគ្រាំងៗ ចំណែកឯពាក្យ «ចាក់ទឹក» គឺជាសកម្មភាពដែលយកទឹកចេញពីពាងឬពីវត្ថុផ្ទុកណាមួយ។ តាមរយៈសុភាសិតខាងលើ គេមើលឃើញន័យត្រង់របស់វា គឺចង់សំដៅថា មិនមែនរាល់ពេលដែលឮសូរផ្គរ គឺមានភ្លៀងនោះទេ តែជួនកាល ក៏អត់មានភ្លៀងដែរ ហេតុនេះកុំអាលស្ដារទឹកពាងឬចាក់ទឹកក្នុងពាងចោល គួរចាំមើលស្ថានការណ៍ចុងក្រោយសិន សឹមសម្រេចចិត្ត ក៏មិនទាន់ហួសពេលដែរ រីឯធៀបគឺចង់សំដៅថា រាល់ពាក្យសម្ដីនានា ឬការជន្លដោយផលប្រយោជន៍ក្ដី មិនគួរណាឆាប់ជឿឬឈ្លក់វង្វេងពេកទេ ត្រូវថ្លឹងថ្លែងពីផលប៉ះពាល់និងគោលបំណងរបស់បុគ្គលនោះឲ្យបានច្បាស់សិន។
នៅក្នុងសង្គមមនុស្សសព្វនេះ ពោរពេញទៅដោយភាពច្របូកច្របល់ ការច្រណែនឈ្នានីស ការស្អប់ខ្ពើម ការកេងប្រវ័ញ្ច និងការបោកប្រាស់ជាដើម ប៉ុន្តែក៏មានអំពើផងដែរ មិនមែនអ្វីៗទាំងអស់សុទ្ធតែអាក្រក់ឡើយ។ ជាការពិតណាស់ បើបុគ្គលណាមានប្រាជ្ញាខ្សោយជាងគេ ប្រាកដជាដើរនៅក្រោមអ្នកមានប្រាជ្ញាជាមិនខាន ដូចគេថាអ្នកខ្លាំងស៊ីអ្នកខ្សោយ អ្នកខ្សោយក្រោមអ្នកខ្លាំង ហើយពួកគេនឹងកេងយកផលប្រយោជន៍តាមអ្វីដែលគេអាចធ្វើបានចំណែកឯអ្នកបាត់បង់ទ្រព្យសម្បត្តិនោះគឺអ្នកខ្សោយនោះឯង តែបើកាលណាយើងប្រើការវិភាគការពិចារណា នោះមិនងាយមានអ្នកជនណាអាចបោកបញ្ឆោតយើងបានឡើយ។ ជាក់ស្ដែងសម្បូរណាស់នៅស្រុកខ្មែរយើង។ ឧទាហរណ៍ៈ មានលោកយាយម្នាក់ដើរទៅផ្សារ ពេលនោះគាត់ក៏ប្រទះឃើញខ្សែកមាសចំនួនមួយតម្លឹងជ្រុះនៅលើដី គាត់មានចិត្តត្រេកអរជាខ្លាំង រួចក៏ស្ទុះទៅរើស ចៃដន្យគ្រានោះក៏មានជនមិនស្គាល់អត្តសញ្ញាណម្នាក់ទៀតបង្ហាញខ្លួនដោយអះអាងថា ខ្លួនក៏បានឃើញមាសនោះដែរ ហើយខំជជែកតវ៉ាជាមួយលោកយាយ រហូតទាល់តែតឹងសរសៃករៀងៗខ្លួន ទីបំផុតជនមិនស្គាល់មុខនោះក៏បានបញ្ចេញវោហារ របស់ខ្លួនថា បើលោកយាយចង់បានខ្សែកមាសនោះ លោកយាយគួរតែដោះខ្សែកផ្លាកទីន៥ជីឲ្យខ្ញុំមក ខ្ញុំនឹងមិនដណ្ដើមខ្សែកមាសពីលោកយាយទេ មិនយូរប៉ុន្មានដោយមើលឃើញផលប្រយោជន៍ហួសហេតុពេក លោកក៏សម្រេចចិត្តភ្លាមៗតែម្ដង គឺសុខចិត្តដោះខ្សែកផ្លាកទីនរបស់ខ្លួនឲ្យទៅជននោះ ហើយលោកយាយនឹងបានសោយសុខជាមួយខ្សែកមាសនោះវិញ។ ក្រោយមក នៅពេលយកទៅឲ្យជាងមាសពិនិត្យមើល ទើបដឹងថានោះគឺជារបស់ក្លែងក្លាយ។ ទីបំផុតលោកយាយបានត្រឹមតែសោកស្ដាយ បន្សល់នូវវិប្បដិសារី និងការឈឺចាប់ មិនត្រឹមតែប៉ុណ្ណោះ គឺត្រូវខាតបង់ទ្រព្យសម្បត្តិផ្ទាល់ និងពេលវេលាដែលខ្លួនខំប្រឹងរកស៊ី។ លទ្ធផលបែបនេះ ដោយសារតែមនុស្សសម្លឹងមើលត្រឹមតែសម្បកក្រៅ មិនខុសអីផ្គរគ្រឹមៗ ហើយសុខចិត្តចាក់ទឹកក្នុងពាងចោលអស់ ចុងក្រោយទឹកក៏អស់ ភ្លៀងក៏អត់ ធ្វើមាត់ស្ញេញ។
រឿងមួយទៀត គឺទាក់ទងនឹងការបោកប្រាស់តាមទូរស័ព្ទ ហើយក៏មានអ្នកចាញ់បោកគេច្រើនគួរសមណាស់ដែរ ថ្ងៃមួយលោកអ៊ំម្នាក់គាត់រស់នៅស្រុកស្រែ ស្រាប់តែមានជនម្នាក់ទូរស័ព្ទចូលលេខរបស់គាត់ ដោយបញ្ជាក់យ៉ាងច្បាស់ថា គាត់ត្រូវវង្វាន់ចំនួនប្រាំម៉ឺនដុល្លារដោយការចាប់ឆ្នោតផ្សងសំណាងលេខទូរស័ព្ទពីក្រុមហ៊ុនណាមួយ ហើយប្រាប់ឲ្យគាត់ទៅបើកលុយ ប៉ុន្តែត្រូវវេរលុយតាមវីងចំនួនបីរយដុល្លារជាមុនសិនសម្រាប់រត់ការ ដើម្បីទទួលបានប្រាក់សរុបមកវិញ ដោយមើលឃើញទឹកលុយច្រើនបែបនេះ ផ្សំនឹងការនិយាយក៏ពូកែផងនោះ លោកអ៊ំក៏សម្រេចចិត្តខ្ចីលុយអ្នកជិតខាងតាមចំនួនខាងលើផ្ញើទៅឲ្យជននោះ ប៉ុន្មានថ្ងៃក្រោយមក ព័ត៌មានក៏ស្ងាត់សូន្យឈឹង ទីបំផុតទើបដឹងថាចាញ់បោកគេ។ សរុបមកបញ្ហានេះក៏មិនខុសអីរឿងរ៉ាវខាងលើប៉ុន្មានដែរ គឺគេបានយកទឹកជាធ្លាក់ទាក់ទឹកចិត្តឲ្យដើរទៅក្នុងឧបាយរបស់គេ ហើយយើងជាជនរងគ្រោះដែលមានតែការខាតបង់ លទ្ធផលទាំងនេះគឺកើតមកពភាពអវិជ្ជារបស់ខ្លួននេះឯង។
នៅក្នុងរឿងព្រេងនិទានរបស់ខ្មែរ ក៏បានលាតត្រដាងឲ្យឃើញពីបញ្ហាបែបនេះដែរ តួយ៉ាងដូចជារឿងទន្សាយចង់ស៊ីចេក ជាដើម មានថ្ងៃមួយដូនចាស់ម្នាក់កំពុងទូលកញ្ជើនៅលើក្បាលដែលពេញទៅដោយចេក ចំណែកឯដោយមើលឃើញបែបនោះ ក៏ធ្វើពុតជាស្លាប់នៅតាមផ្លូវ ដូនចាស់ប្រទះទន្សាយដេកស្លាប់បែបនោះសប្បាយចិត្តណាស់ គិតថានឹងបានសាច់វាយកមកស្លម្ជូរស្លឹកថ្នឹងជាមិនខាន បន្ទាប់មកដូនចាស់ក៏ចាប់ខ្លួនដ៏ល្វត់ល្វន់របស់វាយកមកដាក់លើកញ្ជើ។ បានឱកាស ទន្សាយកំហិលក៏ស៊ីផ្លែចេករហូតដល់អស់រលីង ហើយក៏លោតចូលទៅក្នុងព្រៃបាត់ទៅ។ នៅពេលទៅដល់ផ្ទះ ដូនចាស់ក៏មិនឃើញទន្សាយ ហើយចេករបស់ខ្លួនក៏នៅសល់តែសម្បក។ អ្វីដែលគាត់បាត់បង់គឺ ទាំងទន្សាយនិងចេក ហេតុនេះអ្វីដែលគាត់គិតគឺខុសទាំងអស់ នេះក៏ដោយសារតែគាត់មិនយល់ពីបញ្ហាមិនដឹងល្បិចនៅខាងក្នុង យល់តែសម្បកក្រៅក៏សម្រេចចិត្តភ្លាមៗដោយខ្វះវិចារណញ្ញាណ។
បើតាមដានមើលអក្សរសិល្ប៍សំណេរវិញ គេសង្កេតឃើញថា យាយម្ដាយទាវ នៅក្នុងរឿងទុំទាវរបស់ព្រះភិក្ខុសោម គ្រាន់តែមើលឃើញទ្រព្យសម្បត្តិបុណ្យស័ក្ដិរបស់អរជូនភ្លាម ក៏សម្រេចចិត្តបង្ខំនាងទាវឲ្យរៀបការជាមួយម៉ឺនងួនតែម្ដង ដោយមិនបានសួរយោបល់នាងម្ដងណាឡើយ ក្នុងខណៈដែលនាងជ្រុលស្រឡាញ់ទុំរួចទៅហើយ មិនត្រឹមតែប៉ុណ្ណោះ ទោះបីជាព្រះរាជារៀបអាពាហ៍ពិពាហ៍ឲ្យពួកគេក្ដី ក៏យាយម្ដាយទាវនៅតែបំបែកពួកគេដដែល ហើយយកនាងទៅផ្សំផ្គុំនឹងម៉ឺនងួនវិញ។ ទីបំផុត អំណាចមាសប្រាក់បុណ្យស័ក្ដិមិនអាចជួយអ្វីដល់គាត់ឡើយ ហើយថែមទាំងត្រូវបាត់កូនស្រីជាទីស្រឡាញ់ និងទុំ ព្រមទាំងកិត្តិយសនិងជីវិតខ្លួនទៀតផង។ បន្ថែមពីនេះ នៅក្នុងរឿងផ្កាស្រពោន យាយនួន គ្រាន់តែឮពាក្យញុះញង់របស់យាយចាន់ គាត់ក៏សម្រេចចិត្តផ្ដាច់ពាក្យនាងវិធាវីនិងប៊ុន ធឿន ហើយសម្រេចចិត្តលើកនាងទៅឲ្យណៃស៊ត ដែលជាកូនថៅកែកាណូតឈ្មោះណៃ ស៊ានទៅវិញ ដោយយល់ឃើញថា ប៊ុន ធឿន ធ្លាក់ខ្លួនក្រហើយ មិនអាចផ្ដល់សុភមង្គលដល់នាងបានឡើយ ទីបំផុតអ្វីដែលយាយនួនទទួលបានគឺការបាត់បង់ដ៏ធំធេង ដោយនាងវិធាវីឈឺគ្រាំចិត្តរហូតដល់ស្លាប់ នេះក៏ដោយសារគាត់មើលឃើញត្រឹមតែលាភសក្ការនិងមាសប្រាក់ ដោយបោះបង់នូវសច្ចធម៌ និងមេត្តាធម៌ក្នុងនាមខ្លួនជាអ្នកកាន់សីលមួយរូប។
សរុបមកឃើញថា ទង្វើខ្វះការគិត និងធ្វើតាមសភាវគតិ មិនដែលផ្ដល់ផលល្អដល់បុគ្គលនោះឡើយ រមែងតែងតែទទួលនូវសេចក្ដីវិនាសនៅទីបញ្ចប់ ជាក់ស្ដែងដូចជាការចាញ់បោកជនខិលខូចពង្វក់ដោយប្រើលាភសក្ការជាដើម ក្រៅនេះគេអាចមើលឃើញថា អ្វីដែលបន្សល់ពីទង្វើអវិជ្ជានោះគឺការសោកស្ដាយនិងការបាត់បង់ដ៏ធំធេងបំផុតក្នុងឆាកជីវិតរបស់ជននោះ។
យោងតាមការបកស្រាយខាងលើ សបញ្ជាក់ឲ្យឃើញថា សុភាសិតនេះ ពិតជាបង្កប់នូវគំនិតអប់រំយ៉ាងជ្រាលជ្រៅ ទោះបីយកធម្មជាតិជារូបារម្មណ៍ក្ដី តែធាតុពិតគឺបង្ហាញពីសង្គមជាក់ស្ដែងតែម្ដង។ ដូច្នេះ ក្នុងនាមជាសិក្សា គួរគប្បីស្វែងរកចំណេះដឹងគ្រប់មជ្ឈដ្ឋាន និងព័ត៌មានសង្គមនានា ដើម្បីចៀសឲ្យផុតពីអំពើបោកប្រាស់ទាំងឡាយ ហើយចូរចៀសឲ្យឆ្ងាយពីអំពើអបាយមុខនានា និងប្រកាន់តែផ្លូវសុចរិត និងខិតខំរៀនសូត្រដើម្បីមុខមាត់ប្រទេសជាតិជាពេលអនាគត។