Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

      សេចក្ដីពន្យល់៖  គ្មាន​នរណា​ម្នាក់​ចង់​រស់នៅ​ក្នុង​តំបន់​គ្រោះថ្នាក់​ឬ​ក៏​ចង់​រស់​នៅ​​ក្នុង​អំពើ​ហិង្សា​​ទេ សូម្បី​តែ​​សត្វ​នៅ​ពេល​អស់​ព្រៃ​ឈើ​ ក៏​វា​គង់​តែ​ភៀស​ខ្លួន​ទៅ​តំបន់​ដែល​មាន​សុវត្ថិភាព​សម្រាប់​ខ្លួន​វា​ផង​ដែរ​ លែង​អី​មនុស្ស​ ​ដែល​ជា​សត្វ​មាន​សភាវគតិ​ ប្រាកដ​ជា​មិន​ចង់​ជួប​សង្គម​ខ្មៅ​ងងឹត​ឬ​ក្ដៅ​ក្រហាយ​​​ឡើយ​​ ទី​ណា​ដែល​មាន​សន្តិភាព​ មាន​ភាព​សុខ​សាន្ត​ មាន​សុភមង្គល​ កុំ​ថា​ឡើយ​មនុស្ស​ សូម្បី​តែ​សត្វ​ក៏​មក​រស់​នៅ​ប្រមូល​ផ្ដុំ​នៅ​ទី​នោះ​ដែរ​។ សម​ដូច​សុភាសិត​មួយ​លើក​ឡើង​ថា «​ទឹក​ត្រជាក់​ ត្រី​កុំ​»​។
    តើ​សុភាសិត​នេះ​មាន​ខ្លឹមសារ​អប់រំ​ដូចម្ដេច​ខ្លះ​?
    ដើម្បី​ជា​ទុន​ក្នុង​កា​រ​បកស្រាយ​ឲ្យ​កាន់តែ​ពិស្ដារ​ ជា​បឋម​គួរ​គប្បី​យល់​នូវ​​ឃ្លា​មួយ​ចំនួន​ជាមុន​សិន​ ដូចជា «​ទឹក​ត្រជាក់​»​ និង «​ត្រី​​កុំ​»។ ឃ្លា «​ទឹក​ត្រជាក់​»​ ​គេ​ចង់​សំដៅ​​ទៅ​លើ​ទឹក​ដែល​មាន​សីតុណ្ហភាព​ល្មម​សមរម្យ​ មិន​ក្ដៅ​ ហើយ​អាច​ឲ្យ​មច្ឆាជាតិ​និង​រុក្ខជាតិ​​ទាំង​ឡាយ​រស់​នៅ​បាន រី​ឯ​ «​ត្រី​កុំ​»​ ពាក្យ​ថា «​កុំ​»​ គឺ​មាន​ន័យ​ថា ការ​ប្រមូល​ផ្ដុំ​គ្នា ការ​ចូល​ជួបជុំ​គ្នា ដូច្នេះ​ «​ត្រី​កុំ​»​ មាន​ន័យ​ថា ត្រី​ទាំង​ឡាយ​បាន​មក​រស់​នៅ​ផ្ដុំ​នៅ​ ឬ​រស់​នៅ​ជុំ​គ្នា​យ៉ាង​ច្រើន​។​ ចំពោះ​សុភាសិត​ខាង​លើ​នេះ​ បើ​គិត​តាម​ន័យ​ត្រង់​វិញ​ គឺ​បង្ហាញ​ថា ធម្មជាតិ​ជា​ត្រី​មិន​ចូល​ចិត្ត​រស់​នៅ​ក្នុង​ទឹក​ដែល​មាន​សីតុណ្ហភាព​ខ្ពស់​ទេ​ យ៉ាង​ហោច​ណាស់​ក៏​ត្រឹម​បួន​អង្សា​សេ​ដែរ បើ​ទឹក​ឡើង​កម្ដៅ​ត្រី​ប្រាកដ​ជា​ស្លាប់​អស់​គ្មាន​សល់​ ​បើ​ធៀប​នឹង​សង្គម​​វិញ គឺ​មនុស្ស​មិន​អាច​រស់​នៅ​ក្នុង​សង្គម​​អាក្រក់​បាន​ទេ​ គឺ​មនុស្ស​​ចង់​នៅ​ក្នុង​កន្លែង​ដែល​សុខសាន្ត​និង​មាន​សន្តិភាព​ ទី​ណា​រស់​នៅ​ស្រួល​ ទី​នោះ​នឹង​មាន​ប្រជាជន​ច្រើន​ ដូចជា​នៅ​តាម​ដង​ទន្លេ​មេគង្គ​ និង​ទន្លេ​សាប​ជាដើម​។
 មនុស្ស​សត្វ​ទាំង​ឡាយ​​តែង​តែ​ចង់​រស់​នៅ​ដោយ​សុខសាន្ត​ ប៉ុន្តែ​អ្វី​ដែល​គេ​គិត​មិន​ដូច​អ្វី​ដែល​បាន​ជួប​ប្រទះ​ជាក់​ស្ដែង​ឡើយ​ ​ក្នុង​សង្គម​គឺ​ពោរពេញ​ទៅ​ការ​លោភលន់​ ការ​ច្រណែន​ឈ្នានីស​ ​និង​ការ​សងសឹក​គ្នា​មិន​ចេះ​ចប់​មិន​ចេះ​​ហើយ រួច​ក៏​បង្កើត​​បាន​ជា​ជម្លោះ​ ហើយ​ឈាន​ដល់​ការ​កាប់​សម្លាប់​ស៊ីសាច់​ហុត​ឈាម​​គ្នា​តែ​ម្ដង​ ទី​បំផុត​នឹង​រលាយ​ មិន​ថា​គូ​ខាង​ណា​ឡើយ គឺ​សុទ្ធ​តែ​ខាត​បង់​ទាំង​អស់​ យ៉ាង​ណា​មិញ​សន្តិភាព​​គឺ​សេចក្ដី​ប្រាថ្នា​របស់​មនុស្ស​សត្វ​ទាំង​ពួង​ គ្មាន​នរណា​ម្នាក់​ចង់​ស្លាប់​ ចង់​រស់​​ក្នុង​ភាព​អ​យុត្តិធម៌​ ឬ​ក្នុង​សង្គម​អនាធិបតេយ្យ​ឡើយ​ ​​និយាយ​ឲ្យ​ចំ​ទៅ​​គឺ​​គេ​ប្រាថ្នា​តែ​កន្លែង​ដែល​ផ្ដល់​សេចក្ដី​សុខ​​​តែ​ម្ដង​។ ជាក់ស្ដែង​នៅ​​​​ក្នុង​ធម្មជាតិ​ គ្រប់​​មច្ឆាជាតិ​មិន​ចូល​ចិត្ត​រស់​នៅ​​ក្នុង​​ទឹក​ដែល​មាន​សីតុណ្ហភាព​ខ្ពស់​ឡើយ ប៉ុន្តែ​វា​ច្រើន​តែ​ចូល​​​​ទៅ​តំបន់​ណា​ដែល​មាន​កម្ដៅ​សម​ល្មម​មិន​ក្ដៅ​ពេក​ ទើប​វា​អាច​រស់​នៅ​​បាន​ បើ​ទឹក​ឡើង​កម្ដៅ​ដល់​ហាសិប​អង្សា​សេ​ កុំ​ថា​ឡើយ​ត្រី​ សូម្បី​តែ​មនុស្ស​និង​សត្វ​ស្លាប​ ព្រម​ទាំង​សត្វ​ចតុប្បាទ​នានា​ ក៏​អាច​ស្លាប់​វិនាសហិនហោច​ដូច​គ្នា​ដែរ​។ វា​មិន​ខុស​អី​ពី​សង្គម​មនុស្ស​ឡើយ​ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​ ​ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី​ពីរ ហ៊ីត្លែរ​ បាន​តាំង​ខ្លួន​​​ជា​មហា​អំណាច​ចក្រពត្តិ​​ឈ្លាន​ពាន​​លើ​ទ្វីប​អឺរ៉ុប​​​និង​រុស្ស៊ី​ទាំង​មូល​ ដែល​បង្ក​​ជា​មហា​សោកនាដកម្ម​យ៉ាង​ខ្លោចផ្សា​​បំផុត​ ជា​ពិសេស​នោះ​ ហ៊ីត្លែរ ​បាន​សម្លាប់​យ៉ាង​រង្គាល​នូវ​ជនជាតិ​ជ្វីស​ ដែល​ធ្វើ​ឲ្យ​ជនជាតិ​នេះ​ត្រូវ​ភៀសខ្លួន​​និង​រត់​ទៅ​រស់​នៅ​តំបន់​ផ្សេង​ ដើម្បី​គេច​ឲ្យ​ផុត​ពី​ការ​កាប់​សម្លាប់​ ចំណែក​នៅ​ប្រទេស​ខ្មែរ​វិញ គេ​អាច​និយាយ​បាន​ថា​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ប្រជាជន​ត្រូវ​គេ​បង្អត់​អាហារ​ ​ហូប​តែ​បបរ​រាវ​ៗ​ ធ្វើ​ការ​ទាំង​យប់​ទាំង​ថ្ងៃ​ឥត​បាន​សម្រាក​ បើ​មិនសា្លប់ដោយ​ឈឺ​ក៏ស្លាប់ដោយ​ជំងឺ ខ្លះ​ក៏​ស្លាប់​ដោយ​សារ​បាក់​កម្លាំង​ដែរ​ ហើយ​ជា​ពិសេស​​នោះ​គឺ​ត្រូវ​អង្គការ​យក​ទៅ​អប់​រំ​នៅ​ក្នុង​រណ្ដៅ​កប់​ខ្មោច​ ដោយ​ប្រដៅ​នឹង​ត្បូង​ចប​និង​ស្នូក​កាំភ្លើង​ជាដើម​ ​និយាយ​ឲ្យ​ខ្លី​ទៅ​ សង្គម​នោះ​ពោរពេញ​ទៅ​ដោយ​សោកនាដកម្ម​ ប្រជាជន​ជិត​បី​លាន​នាក់​ ត្រូវ​បាន​សម្លាប់​ ប្រជាជន​​​​ពោរពេញ​ទៅ​ដោយ​ភាព​ភ័យ​ខ្លាច​ ខូច​សតិអារម្មណ៍​ ពួក​គាត់​មិន​ត្រឹម​តែ​របួស​រាង​កាយ​ទេ ថែម​ទាំង​របួស​ផ្លូវ​ចិត្ត​ទៀត​ផង​ ជា​ការ​ពិត​ណាស់​ ស្ថាន​ភាព​បែប​នេះ​ ពិត​ជា​មិន​អាច​ទទួល​យក​បាន​​ទេ​ចំពោះ​​ប្រជាជន​ស្លូត​ត្រង់ ដែល​ត្រូវ​បាត់បង់​ជីវិត​ដោយ​អយុត្តិធម៌​បំផុត​ ជន​ភៀសខ្លួន​រាប់​លាន​នាក់​បាន​រត់​គេច​ទៅ​នៅ​ស្រុក​គេ​ជាច្រើន​ ប្រទេស​កាន់​តែ​ទន់ខ្សោយ​ រលាយ​ស្ទើរ​ក្លាយ​ជា​ផេះ​ បើ​ដល់​ថ្នាក់​អ៊ីចឹង​ហើយ​ អាច​រីក​ចម្រើន​ម្ដេច​នឹង​បាន​ ចំណុច​នេះ​គេ​អាច​និយាយ​បាន​ថា​ទឹក​វា​មាន​​កម្ដៅ​ខ្លាំង​ណាស់​ ត្រី​មិន​អាច​រស់​នៅ​បាន​ទេ​។ ផ្ទុយ​ទៅ​វិញ​ នៅ​ក្នុង​សង្គម​នៃ​ប្រទេស​ជឿនលឿន​មួយ​ចំនួន​ គេ​បាន​យក​ចិត្ត​ទុក​លើ​ប្រជាជន​របស់​គេ​ណាស់ ដូច​ជា​សហរដ្ឋ​អាមេរិក​ជាដើម​ ដែល​គេ​អាច​និយាយ​បាន​​ថា​ ជា​ប្រទេស​គំរូ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ ហើយ​គេ​ចេះ​គោរព​ច្បាប់​ និង​​មិន​បំផ្លាញ​ជីវិត​មនុស្ស​ឡើយ​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ គេថែម​ទាំង​រក្សា​ជនភៀសខ្លួន​គ្រប់​ជាតិ​សាសន៍​ទៀត​ផង​រួម​ទាំង​ជនជាតិ​ខ្មែរ​ផង​ដែរ​ ជាង​នេះ​ទៅ​ទៀត​ ជាតិសាសន៍​ជាច្រើន​តែង​តែ​ប្រាថ្នា​ទៅ​រស់​នៅ​ប្រទេស​នេះ ដោយ​គេ​យល់​ឃើញ​ថា​​វា​អាច​​ផ្ដល់​សុភមង្គល​និង​សេចក្ដី​សុខ​ ព្រម​ទាំង​​មាន​សុវត្ថិភាព​ចំពោះ​ជីវិត​ប្រចាំ​ថ្ងៃ​ផង​ ចំណុច​នេះ​គេ​អាច​និយាយ​បាន​ថា ទឹក​ត្រជាក់​ត្រី​កុំ​ ហ្នឹងឯង​។
  ​ ​បើ​ក្រឡេក​មក​មើល​វណ្ណកម្ម​អក្សរសិល្ប៍​ខ្មែរ​ក្ដី​ក៏​មិន​ខុស​ពី​សង្គម​ពិត​​ប៉ុន្មាន​ឡើយ ជាក់​ស្ដែង​នៅ​ក្នុង​រឿង​កុលាប​ប៉ៃលិន​ ជា​ស្នាដៃ​និពន្ធ​របស់​លោក ញ៉ុក ថែម​ បាន​បង្ហាញ​​​ពី​សេចក្ដី​​ស្រឡាញ់ ការ​សន្ដោស​ប្រណី​ ការ​អាណិតអាសូរ ​និង​ការ​មិន​រើស​អើង​របស់​ថៅកែ​ត្បូង ទៅ​លើ​កូន​ឈ្នួល​ជាដើម​ នោះ​គឺ​តួអង្គ​លោក​ ហ្លួង​រតន​សម្បត្តិ​ លោក​បាន​រាប់​អាន់​អ្នក​ក្រ​គ្រប់​ទិសទី​ ផ្ដល់​ការងារ​ឲ្យ​ពួកគេ​ធ្វើ និង​យកចិត្ត​ទុក​ដាក់​ចំពោះ​កម្មករ​ខ្លួន​ជានិច្ច​ ​តួយ៉ាង​ដូច​ចៅចិត្រ​ជា ដើម ដែល​ជា​យុវជន​មួយ​រូប​គ្មាន​សាច់​ញាតិ​បងប្អូន​ បាន​រត់​ទៅ​ពឹង​សុំ​ការងារ​ពី​លោក ក៏​លោក​មិន​បដិសេធ​ឡើយ​ គឺ​បាន​ផ្ដល់​ការពារ​ឲ្យ​ចៅ​ចិត្រ​​គ្រាន់​បាន​ចិញ្ចឹម​ក្រពះ​ ​។ ចំណុច​ដ៏​ល្អ​បែប​នេះ​ រឹត​តែ​ធ្វើ​ឲ្យ​កម្មករ​ស្រឡាញ់​ពេញ​ចិត្ត ដល់​ថ្នាក់​ហ៊ាន​លះបង់​ជីវិត​ដើម្បី​ការពារ​ចៅហ្វាយ​របស់​ខ្លួន​ ឧទាហរណ៍​ដូច​ករណី​ខូច​ឡាន​កណ្ដាល​ព្រៃ​ ហើយ​ត្រូវ​ចោរ​ប្លន់​​ ចៅចិត្រ​បាន​ស្ម័គ្រ​ការពារ​​ថៅកែ​ខ្លួន ដោយ​មិន​ស្ដាយ​ជីវិត​ឡើយ ហើយ​ក្នុង​ករណី​មួយ​ទៀត​ គឺ​បាឡាត់ស្រុក​សង្កែ​បាន​រួម​​ដៃ​ជាមួយ​ថៅកែ​ផាន់​ ចូល​មក​ប្លន់​ពេជ្រ​នៅ​ក្នុង​ផ្ទះ​ហ្លួង​រតន​សម្បត្តិ​ ​ក៏​ត្រូវ​ចៅចិត្រ​និង​ក្រុម​កម្មករ​ដទៃ​ទៀត​ជួយ​យក​អាសា​បាន​ទាន់​ពេល​។ ការ​លះបង់​បែប​នេះ​ ក៏​ដោយ​សារ​លោក​ហ្លួង​រតន​សម្បត្តិ​​បាន​ផ្ដល់​នូវ​សេចក្ដី​ដល់​មនុស្ស​ក្រោម​ឱវាទ​របស់​ខ្លួន​ ហើយ​ស្រឡាញ់​ពួកគេ​ស្មើ​ៗ​គ្នា។ នៅពេល​មាន​បញ្ហា​ នរណា​អាច​នឹង​គេច​យក​រួច​ខ្លួន​បាន​នោះ​ ពិត​ជា​មិន​អាច​ទេ​។ ​​មួយ​វិញ​ទៀត​ នៅ​ក្នុង​រឿង​ផ្កា​ស្រពោន​ ដែល​ជា​វណ្ណកម្ម​ដ៏​ល្បីល្បាញ​របស់​លោក នូ ហាច​ ​ក៏​បាន​សម្ដែង​ឲ្យ​ឃើញ​ពី​សន្ដាន​ចិត្ត​ដ៏​បរិសុទ្ធ​​​​របស់​តួអង្គ​ប៊ុន ធឿន​ ដែល​មាន​អត្តចរិត​ល្អ​​ សម​ជា​សុភាពបុរស​ពេញលេញ​ ​អ្នក​ផង​ទាំងឡាយ​ស្រឡាញ់​រាប់​អាន​គេ​​ដោយ​ភាព​ស្មោះស្ម័គ្រ​ ហើយ​គេ​ក៏​មិន​ដែល​មាន​បំណង​កេង​ចំណេញ​ពី​មិត្ត​ភក្តិ​ណា​ម្នាក់​ឡើយ ផ្ទុយ​ទៅ​វិញ​​ យាយ​នួន​ ដែល​ជា​ម្ដាយ​នាង វិធាវី ស្រឡាញ់​តែ​បុណ្យស័ក្ដិ​ មើល​មនុស្ស​តែ​សម្បក​ក្រៅ​ ហ៊ាន​ក្បត់​សន្យា​​ហើយ​​ពង្រាត់បង្រាស​​​កូន​របស់​ខ្លួន​ពី​ប៊ុន​ ធឿន​ ដោយ​គ្មាន​ក្ដី​មេត្តា​ ​រួច​ក៏​លើក​កូន​ឲ្យ​ណៃ ស៊ត​ ដែល​ជា​មនុស្ស​បាត​ផ្សារ ព្រហើន​កោងកាច​ ​មិន​គោរព​ចាស់​ទុំ​ ទី​បំផុត​យាយ​នួន​មានតែ​វិប្បដិសារី​ប៉ុណ្ណោះ​ គឺ​នាង​វិធាវី​ត្រូវ​ទទួល​មរណភាព​ទាំង​​​ក្មេង​ខ្ចី​។ ចំណុច​នេះ​ គឺ​ពុំបាន​ផ្ដល់​សេចក្ដី​សុខ​ផ្លូវ​ចិត្ត​ឲ្យ​នាង​ឡើយ​ ​មាន​តែ​បន្ថែម​ទម្ងន់​ទុក្ខ​ឲ្យ​នាង​ថែម​ទៀត រហូត​មិន​អាច​ទ្រាំទ្រ​បាន​។ ក្រៅ​ពី​​នេះ​ នៅ​ក្នុង​អក្សរសិល្ប៍​ខ្លះ​បាន​បង្ហាញ​ពី​ការ​ជិះជាន់​របស់​ពួក​អ្នក​មាន​អំណាច​មក​លើ​ប្រជាជន​តូចតាច​ ដែល​បង្កើត​បាន​ជា​ការ​រើ​បម្រះ​នៅ​ក្នុង​សង្គម​ ​ជាក់​ស្ដែង​នៅ​ក្នុង​រឿង​ភូមិ​តិរច្ឆាន​ បាន​លាត​ត្រដាង​នូវ​​ស្ថានភាព​ប្រជាជន​ខ្មែរ​ទូទាំង​​ប្រទេស​ រួម​ទាំង​អ្នក​ភូមិ​ក្រាំងលាវ​ ក្នុង​ខេត្ត​កំពង់​ឆ្នាំង​ផង​ដែរ​ ពួក​អាណានិគមនិយម​បារាំង​បាន​ជំរិត​ទារ​ពន្ធដារ​​គ្រប់​សព្វ​បែប​យ៉ាង​​ពី​រាស្ត្រ​ រហូត​ប្រជាពលរដ្ឋ​នៅ​ភូមិ​ក្រាំងលាវ​ ប្រឆាំង​តវ៉ា ហើយ​ក៏​មាន​ការ​បង្ក្រាប​ ដោយ​ទប់​កំហឹង​មិន​បាន​ក៏​នាំ​គ្នាបះបោរ​ប្រឆាំង​បារាំង​ ហើយ​ក៏​បាន​​​សម្លាប់​បាដែស​ ​បាន​ជោគជ័យ​។ ចំណុច​នេះ​គឺ​បណ្ដាល​មក​ពី​​ការគ្រប់គ្រង​ដ៏​អយុត្តិធម៌​ និង​ពោរពេញ​ទៅ​ដោយ​ការជិះជាន់​ឥត​មេត្តា នរណាទ្រាំ​​រស់នៅ​បាន​។ ​យ៉ាង​ណា​មិញ​ នៅ​ក្នុង​ស្នាដៃ​រឿង​គូលី​កំណែន​ ក៏​មិន​ខុស​អី​ពី​រឿង​ភូមិ​តិរច្ឆាន​ប៉ុន្មាន​ឡើយ​ គឺ​សុទ្ធ​តែ​បង្ហាញ​ពី​ការ​តស៊ូ​ប្រឆាំង​នឹង​ចក្រពត្តិ​និយម​ដែល​ចូលចិត្ត​ឈ្លានពាន​និង​កេងប្រវ័ញ្ច​លើ​អ្នក​ទន់​ខ្សោយ តួយ៉ាង​ដូច​តួ​អង្គ​ លឹម​ នូ ដូង​ ម៉ឹង​ និង​​អ្នក​គ្រូ​គូ រស់​ ជាដើម​ គឺ​សុទ្ធ​តែ​មាន​បេះដូង​ស្រឡាញ់​ភាព​ត្រឹមត្រូវ​យុត្តិធម៌​និង​សង្គម​ប្រជាធិបតេយ្យ​ ហើយ​រួម​គ្នា​ដេញ​បារាំង​ចេញ​ពី​ទឹកដី​ខ្លួន​។ ​បន្ថែម​ពី​នេះ​នៅ​ក្នុង​រឿង​ព្រះ​​វេស្សន្ដរ​ ​ព្រះ​វេស្សន្ដរ​បាន​បាន​លះ​បង់​អ្វី​ៗ​គ្រប់​បែប​យ៉ាង​ ដែល​គេ​ហៅ​ថា បញ្ច​បរិច្ចាគ​ ដូចជា ធន​បរិច្ចាគ កាយ​បរិច្ចាគ​ ជីវិត​បរិច្ចាគ​ បុត្ត​បរិច្ចាគ​ និង​ភរិយា​បរិច្ចាគ​ ទោះ​ជា​ដំបូង​ អ្នក​នគរ​ស្រីពិរាស្ត្រ​ខឹង​សម្បា​នឹង​ព្រះ​អង្គ​ក្ដី​ ក៏​ទី​បំផុត​មាន​តែ​ព្រះ​អង្គ​ទេ​ដែល​ធ្វើ​ឲ្យ​ប្រជាជន​មាន​សេចក្ដី​សុខ​ ​​ហើយ​ស្រឡាញ់​ពេញ​ចិត្ត​ទ្រង់​ជា​ខ្លាំង​ គ្មាន​នរណា​ម្នាក់​មាន​ចិត្ត​ចង់​បះបោរ​ឬ​ធ្វើ​សង្គ្រាម​នឹង​ទ្រង់​ឡើយ​ ​និយាយ​រួម​នគរ​ស្រី​ពិរាស្ត្រ​ពោរពេញ​ទៅ​ដោយ​សន្តិភាព​ និង​ភាព​សុខសាន្ត​យ៉ាង​ក្រៃលែង​។ ដោយឡែក​នៅ​ក្នុង​ស្នាដៃ​រឿង​ទុំទាវ​ ភិក្ខុ​សោម​បាន​លាត​ត្រដាង​នូវ​សង្គម​សក្ដិភូមិ​ អំណាច​ស្ដេច​ត្រាញ់ ​អរជួន​ បាន​គាប​សង្កត់​ រួម​ដៃ​ជាមួយ​ម្ដាយ​ទាវ​ ពង្រាត់​ទុំ​នឹង​ទាវ​ឲ្យ​ឃ្លាត​ពី​​គ្នា ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​ស្លាប់​យ៉ាង​អាណោចអាធ័ម​បំផុត ​ដំណោះ​ស្រាយ​បែប​គឺ​មែន​មែន​បែប​សន្តិវិធី​ទេ​ គឺ​ច្បាប់​ព្រៃ​សុទ្ធសាធ​ ទី​បំផុត ​អរជួន​​ មិន​ត្រឹម​តែ​បង្ក​ផល​លំបាក​ដល់​ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ប្រជាជន​នៅ​ខេត្ត​ត្បូង​ឃ្មុំ​ទាំង​ត្រូវ​ក្លាយ​ជា​អ្នក​ងារ​ រី​ឯ​បក្សពួក​អរជួន​ក៏​ត្រូវ​កាត់​ទោស​ប្រហារ​ជីវិត​ដោយ​​​ភ្ជួរ​នឹង​រនាស់​ទៀត​ផង​ ហើយ​អ្នក​អាន​អ្នក​សិក្សា​ពិត​ជា​មិន​ពេញ​ចិត្ត​ទង្វើ​របស់​ អរជួន​និង​ ​យាយ​ម្ដាយ​ទាវ​នេះ​ឡើយ​ គេ​អាច​និយាយ​បាន​ថា​ទឹក​ឡើង​កម្ដៅ​ហើយ ត្រី​ប្រាកដ​ជា​សម្លាប់​ឬ​ហែល​ទៅ​រក​ជម្រក​ថ្មី​ទៀត​ដែល​ល្អ​ជាង​នេះ​។
    
សរុប​មក​ ទីណា​មាន​សន្តិភាព​ទី​នោះ​មា​ន​ភាព​សុខសាន្ត​ ប្រជាជន​សម្បូរសប្បាយ​ ​រស់​នៅ​ដោយ​គ្មាន​ភាព​ភ័យ​ខ្លាច​ ប៉ុន្តែ​បើ​សង្គម​នោះ​ពោរពេញ​ទៅ​ដោយ​​ការ​កេងប្រវ័ញ្ច​ ប្រើ​អំណាច​ផ្ដាច់ការ​ នោះ​នឹង​មាន​សង្គ្រាម​ ហើយ​នឹង​មាន​ការ​កាប់​សម្លាប់​និង​ការ​ចង​គំនុំ​គ្នា​ជា​មិន​ខាន​ ​នោះ​នឹង​គ្មាន​ភាព​ស្ងប់​ស្ងាត់​ឡើយ រី​ឯ​ប្រជាជន​នឹង​រត់​ចេញ​ពី​ប្រទេស​របស់​ខ្លួន​ ក្លាយ​ទៅ​ជា​ជន​ភៀស​សឹក​ជាក់​ជា​មិន​ខាន​។​
    ​​​ យោង​តាម​ការ​បក​ស្រាយ​យ៉ាង​ក្បោះក្បាយ​ដូច​ខាង​លើ​នេះ គេ​អាច​វាយតម្លៃ​បាន​ថា សុភាសិត​នេះ​ពិត​ជា​មាន​តម្លៃ​អប់រំ​យ៉ាង​ពិសេស​ និង​បាន​បង្កប់​នូវ​ឧត្ដមគតិ​ដ៏​ជ្រាល​ជ្រៅ​​ ដើម្បី​អប់រំ​បណ្ដា​ប្រជាជន​គ្រប់​ស្រទាប់​វណ្ណៈ​ឲ្យ​ចេះ​កសាង​តែ​អំពើ​ល្អ​និង​ឲ្យ​ចេះ​ស្រឡាញ់​សច្ចធម៌​។ ក្នុង​នាម​ខ្ញុំ​ជា​អ្នក​សិក្សា​មួ​យ​រូប​ ក៏​ដូចជា​ប្រជាជន​កម្ពុជា​ឬ​ទូទាំង​សកលលោក គួរ​គប្បី​ប្រតិបត្តិ​ឲ្យ​បាន​ត្រឹមត្រូវ​ និង​ខិតខំ​កសាង​ខ្លួន​ឲ្យ​សម​ជា​ពលរដ្ឋ​ល្អ​ ដើម្បី​ស្វែង​រក​សន្តិភាព​ជូន​ជាតិ​មាតុភូមិ​​និង​ពិភព​លោក​ទាំង​មូល​ផង​ដែរ​។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login