Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សេចក្ដីពន្យល់៖  ដើម្បី​បង្កើត​ប្រទេស​មួយ​បាន​ លុះ​ត្រា​តែ​មាន​ទឹកដី ប្រជាជន​ វប្បធម៌​នេះ​ឯង​ បើ​សិន​ជា​ គ្មាន​​មនុស្ស​ ក៏​គ្មាន​វប្បធម៌​ដែរ​ ​​គេ​អាច​និយាយ​បាន​​ថា​វប្បធម៌​ជា​អត្តសញ្ញាណ​សម្រាប់​សម្គាល់​ជាតិ​សាសន៍​នីមួយ​ៗ ​​បើ​សង្គម​​មួយ​សុខ​ចិត្ត​ទទួល​យក​វប្បធម៌​របស់​អ្នក​ដទៃ​ហើយ​ នោះ​នឹង​ធ្វើ​ឲ្យ​ជាតិសាសន៍​ខ្លួន​​ឈាន​ទៅ​រក​ការ​​បាត់​បង់​អត្តសញ្ញាណ​​ជាក់​ជា​មិន​ខាន។ សម​ដូច​សុភាសិត​មួយ​លើក​ឡើង​ថា «​វប្បធម៌​រលត់​ ជាតិ​រលាយ​ វប្បធម៌​ពណ្ណរាយ​ ជាតិ​​​ថ្កើង​ថ្កាន»​។
    តើ​សុភាសិត​បង្កប់​នូវ​ឧត្ដម​គតិ​ដូចម្ដេច​ខ្លះ​? ​

​   ​ ដើម្បី​ឲ្យ​ការ​បកស្រាយ​កាន់​តែ​ងាយ​ស្រួយ​ ជាបឋម​គួរ​គប្បី​យល់​នូវ​ពាក្យ​គន្លឹះ​មួយ​ចំនួន​ជា​មុន​សិន​ «​វប្បធម៌​»​ «​ជាតិ​»​ «​ពណ្ណរាយ​»​ និង​ «​ថ្កើងថ្កាន​»​។ «​វប្បធម៌»​ ​សំដៅ​ដល់​ការ​សាបព្រោះ​បណ្ដុះ​វិជ្ជា វា​កើត​ឡើង​ពី​មនុស្ស​ ដូចជា​ទម្លាប់​នៃ​ការ​រស់​នៅ​ ការ​ស្លៀកពាក់​ ការ​គោរព​ជំនឿ​ ​​ការ​ប្រើប្រាស់​ភាសា និង​ផ្នត់​គំនិត​​ជាដើម​ ចំណែក «​ជាតិ​»​ មាន​ន័យ​ថា ជាតិ​សាសន៍​ឬ​ប្រទេស​ជាតិ​ណា​មួយ​ រី​ឯ​ពាក្យ​ «​ពណ្ណរាយ» ​​បាន​ន័យ​ថា​ ដែល​ភ្លឺ​ត្រចះ​ ឬ​ដែល​មាន​ពន្លឺ​រស្មី​រុងរឿង​ចាំង​ព្រោងព្រាយ​ ហើយ​ពាក្យ​មួយ​ទៀត​គឺ​ «ថ្កើងថ្កាន​» សំដៅ​ដល់​ ភាព​ខ្ពង់ខ្ពស់​ ឧត្ដុង្គឧត្ដម​។ ​សុភាសិត​ខាង​លើ​ចង់​និយាយ​ថា បើ​ជាតិ​សាសន៍​មួយ​បាត់បង់​នូវ​វប្បធម៌​ដែល​ជា​ព្រលឹង​របស់​ខ្លួន​ ​ប្រាកដ​ជា​រលាយ​ដូច​អំបិល​ត្រូវ​ទឹក​ តែ​បើ​គេ​ខំ​លើក​តម្កើង​និង​ថែ​រក្សា​វប្បធម៌​ឲ្យ​បាន​រីក​ចម្រើន​វិញ​ ជាតិ​សាសន៍​​នោះ​ក៏​កាន់​តែ​មាន​គេ​ស្គាល់​ច្រើន និង​មាន​កេរ្តិ៍ឈ្មោះ​ល្បី​សុះសាយ​លើ​ឆាក​អន្តរជាតិ​ទៀត​ផង​ និង​​មិន​ងាយ​រលាយ​សាបសូន្យ​ឡើយ​។​

​     កាល​ណា​និយាយ​​ដល់​វប្បធម៌​ ​គឺ​​វា​មាន​ន័យ​ទូលំទូលាយ​ណាស់​ ​ដែល​ក្ដោប​លើ​ចំណុច​ជាច្រើន​ដូចជា​ ការ​រស់នៅ​ ទំនៀមទម្លាប់​ ជំនឿ​ ផ្នត់​គំនិត​ សិល្បៈ​ ភាសា​ និង​​​ប្រវត្តិ​នៃ​ការ​​រីកចម្រើន​របស់​ជាតិ​សាសន៍​នោះ​​ជាដើម​​ ហើយ​បើ​ចំណុច​ទាំង​នេះ​ត្រូវ​បាត់​បង់​ ជាតិ​សាសន៍​នោះ​ក៏​​​ជិត​ដាច់​ពូជ​ផង​ដែរ​ ហេតុ​ដូច្នេះ​ហើយ​ទើប​គេ​​ឃើញ​ប្រទេស​ខ្លះ​ខិតខំ​​ផ្សព្វផ្សាយ​វប្បធម៌​របស់​ខ្លួន​ទៅ​ពាសពេញ​ពិភពលោក​​។​ ជាក់​ស្ដែង​ ពួក​បស្ចិមប្រទេស​​ដូច​ជា​​ អង់គ្លេស​ អាមេរិក​ ព័រទុយហ្គាល់ អេស្ប៉ាញ​ និង​បារាំង​ សុទ្ធ​តែ​មាន​អារ្យធម៌​ វប្បធម៌​ ជឿនលឿន​ ដែល​ធ្វើ​ឲ្យ​ប្រទេស​នានា​យក​តម្រាប់​តាម​។ តាម​ធម្មតា ទឹក​ហូរ​ពី​ខ្ពស់​ទៅ​ទាប​ រី​ឯ​ប្រទេស​ដែល​មាន​វប្បធម៌​ទាប​ តែងតែ​ទទួល​រង​នូវ​ឥទ្ធិពល​នៃ​ប្រទេស​ដែល​មាន​វប្បធម៌​ខ្ពង់​​ខ្ពស់​។​​ នៅ​ក្នុង​ចក្រភព​អង្គរ​ ព្រះមហាក្សត្រ​ខិត​ខំ​​ផ្សព្វផ្សាយ​អក្សរសាស្ត្រ​ បង្កើត​សាកលវិទ្យាល័យ​ ការ​កសាង​ប្រកប​ដោយ​សិល្បៈ​ ​ហើយ​ប្រជាជន​រស់​នៅ​ដោយ​ចេះ​សាមគ្គី​គ្នា​​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ព្រះបាទ​ជ័យវរ្ម័ន​ទី​ប្រាំពីរ​ មិន​ព្រម​ឲ្យ​ជនជាតិ​ចាម​គ្រប់គ្រង​អង្គរ​​ឡើយ​ ដោយ​ទ្រង់​​បារម្ភ​​ខ្លាច​​វប្បធម៌​ខ្មែរ​ត្រូវ​រលាយ​ ហើយ​ជនជាតិ​ខ្មែរ​ក៏​ត្រូវ​សាបសូន្យ​ដែរ ហេតុ​នេះ​ហើយ​ទើប​ទ្រង់​លើក​ទ័ព​ដើម្បី​បណ្ដេញ​ពួកគេ​ចេញ​ពី​ទឹក​ដី​យើង សូម​បញ្ជាក់​ថា​​គ្រា​នោះ​ ចក្រភព​ខ្មែរ​ល្បី​ល្បាញ​អស្ចារ្យ​ ហើយ​វប្បធម៌​ខ្មែរ​ក៏​លាតសន្ធឹង​សឹង​តែ​ពេញ​អាស៊ីអាគ្នេយ៍​ដី​គោក​ទាំង​មូល​។ បន្ថែម​ពី​នេះ​ ​បើ​គេ​សង្កេត​មើល​​ពិធី​អាពាហ៍ពិពាហ៍​នៅ​ក្នុង​សង្គម​មុន​ គឺ​ខុស​ពី​បច្ចុប្បន្ន​ច្រើន​ណាស់​ ពី​មុន​ដើម្បី​រៀបការ​បាន​ គេត្រូវ​​ចំណាយ​ពេល​ច្រើន តែ​សព្វថ្ងៃ​បាន​កាត់​យក​ត្រឹម​តែ​កន្លះ​ថ្ងៃ​ប៉ុណ្ណោះ​ ក្រៅ​ពី​នេះ​ គេ​ឃើញ​មាន​បញ្ចូល​នូវ​ពិធី​កាត់​នំ​ខេក​ និង​ការ​បោះ​ផ្កា​​ទៀត​ ដោយ​ឡែក​​ កាល​ពី​បុរាណ ខ្មែរ​យើង​​ស្លៀក​ក្បិន​ ប៉ុន្តែ​ក្រោយ​ពី​បារាំង​ចូល​មក​ ខ្មែរ​យើង​ចេះ​ស្លៀក​ខោអាវ​បែប​អឺរ៉ុប​ ចេះ​ប្រើ​គ្រឿង​ម៉ាស៊ីន​ដូច​អឺរ៉ុប​ដែរ​។ ​ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត​នោះ​ គឺ​យើង​ចេះ​តែ​រក្សា​ប្រពៃណី​ ទំនៀមទម្លាប់​ និង​ភាសា​របស់​យើង​កុំ​ឲ្យ​បាត់​បង់​។ ជា​ការពិត​ណាស់​ នៅ​ក្នុង​​សម័យ​ឧដុង្គ​ ប្រទេស​អណ្ណាម​ឬ​យួន​បាន​ដាក់​អាណានិគម​លើ​ប្រទេស​ខ្មែរ​ ហើយ​​ព្យាយាម​​​លុប​បំបាត់​វប្បធម៌​របស់​ខ្មែរ ដោយ​បង្ខំ​ឲ្យ​ខ្មែរ​​​និយាយ​តែ​ភាសា​យួន​ គោរព​ព្រះពុទ្ធសាសនា​បែប​មហាយាន​ ​និង​ស្លៀកពាក់​អាវ​ផាយ​តាម​បែប​យួន​ដែរ ពួកគេ​ធ្វើ​បែប​​នេះ​ដើម្បី​ឲ្យ​ខ្មែរ​យើង​ភ្លេច​វប្បធម៌​ដែល​ជា​អត្តសញ្ញាណ​ជាតិ​ខ្លួន​ ហើយ​​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​ ពួកវា​នឹង​បំបាត់​ជាតិសាសន៍​ខ្មែរ​ ហើយ​លេប​ត្របាក់​យក​ទឹកដី​របស់​យើង​តែ​ម្ដង​ ​ប៉ុន្តែ​ខ្មែរ​យើង​មិន​បាន​នៅ​ស្ងៀម​ទេ ក៏​នាំ​គ្នា​បះបោរ​ឡើង​ ​ហើយ​ទាមទារ​នូវ​សិទ្ធិ​ជា​ម្ចាស់​ស្រុក​វិញ​ រហូត​របូត​ចេញ​ពី​ក្រញាំ​បិសាច​យួន​។ ជាក់​ស្ដែង​ ​នៅ​ក្នុង​សម័យ​​ឧដុង្គ​​ដដែល​ ព្រះ​សង្ឃ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិរក្ស​វប្បធម៌​​របស់​ជាតិ​ខ្មែរ​ កូន​ប្រុស​ត្រូវ​ទៅ​បួស​រៀន​ក្នុង​ដើម្បី​រៀន​សូត្រ​ភាសា​ជាតិ​ជាដើម​។ ហេតុ​នេះ​ទើប​គេ​ឃើញ​ថា​ នៅ​សម័យ​នោះ​ពោរពេញ​ទៅ​ដោយ​អ្នក​ប្រាជ្ញ​កវី​គ្រប់​ទិសទី​ ទោះ​បី​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​យ៉ាង​ណា​ក៏​ដោយ​ ក៏​ខ្មែរ​យើង​មិន​ភ្លេច​វប្បធម៌​ជាតិ​ខ្លួន​ឡើយ​។​ យ៉ាង​ណា​មិញ​ ទោះ​បី​​ខ្មែរ​រស់​នៅ​ប្រទេស​ណា​ក៏​ដោយ​ ក៏​ខ្មែរ​នៅ​តែ​ប្រកាន់​​យ៉ាង​ខ្ជាប់​ខ្ជួន​នូវ​អត្តសញ្ញាណ​របស់​ខ្លួន​ជានិច្ច​ ​មិន​ថា​ខ្មែរ​លើ​ ខ្មែរ​ក្រោម​ ឬ​ខ្មែរ​នៅ​អឺរ៉ុប​​ ឫ​ខ្មែរ​​នៅ​ឯណា​ទេ​ ក៏​នៅ​តែ​និយាយ​​និង​រៀន​ភាសា​ខ្មែរ​ ​ហើយ​ពួក​គេ​​ក៏​រក្សា​នូវ​ប្រពៃណី​របស់​ខ្លួន​ដូចជា បុណ្យ​ភ្ជុំបិណ្ឌ​ បុណ្យ​ចូលឆ្នាំ​ខ្មែរ​ បុណ្យ​កឋិន​ ​​ការ​ស្លៀក​ពាក់​ហូល​ផាមួង​​ជាដើម​ ​ទង្វើ​ទាំង​នេះ​ហើយ​ទើប​គេ​ស្គាល់​ខ្មែរ​ ហើយ​ខ្មែរ​នៅ​តែ​ជា​ខ្មែរ​ ​​គ្មាន​នរណា​អាច​បំបាត់​ពូជសាសន៍​ខ្មែរ​បាន​ឡើយ​ ដោយ​សារ​តែ​វប្បធម៌​​ខ្មែរ​នៅ​​រស់​នេះ​ឯង​។ ​ រហូត​មក​ទល់​សព្វថ្ងៃ​នេះ​ ភាសា​ខ្មែរ​ត្រូវ​បាន​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​គោរព​​ព្រះ​ពុទ្ធ​សាសនា​បែប​ហីនយាន​ និង​​ប្រកាន់​ខ្ជាប់​នូវ​សីលធម៌​ គុណធម៌​ និង​ចរិយា​ធម៌​ល្អ​ប្រពៃ​ទៀត​ផង​​ ​ព្រម​ទាំង​មាន​អ្នក​ប្រាជ្ញ​ជា​ច្រើន​ខិត​ខំ​បង្កើត​ពាក្យ​ថ្មី​ៗ​​​​ដើម្បី​​បម្រើបម្រាស់​ពាក្យ​ខ្មែរ​ឲ្យ​បាន​កាន់​តែ​ទូលំទូ​លាយ​​ជាង​មុន​ ប៉ុន្តែ​បើ​យើង​ស្អប់​ភាសា​ខ្លួន​ឯង​​ និយម​តែ​ភាសា​​បរទេស​ ​នោះ​តម្លៃ​ជាតិ​ខ្លួន​ឯង​ក៏​នឹង​​បាត់បង់​ផង​ដែរ​។ ​​​​ជាក់ស្ដែង​នៅ​ក្នុង​អក្សរសិល្ប៍​ខ្មែរ​ខ្លះ​ អ្នក​និពន្ធ​បាន​បញ្ចូល​នូវ​ទស្សនៈ​និង​បណ្ដុះ​មនសិការ​ស្នេហា​ជាតិ​ ដើម្បី​ឲ្យ​អ្នក​អាន​អ្នក​សិក្សា​ជំនាន់​ក្រោយ​ចេះ​ស្រឡាញ់​ការពារ​ទឹកដី​មាតុភូមិ​របស់​ខ្លួន​ ដូចជា​រឿង​គូលី​កំណែន​​ ជាដើម​ តួអង្គ​ លឹម​ នូ ដូង អ្នក​គ្រូ​ គូ រស់​ សុទ្ធ​តែ​ជា​តួអង្គ​តំណាង​ឲ្យ​អ្នក​ស្នេហា​ជាតិ​​ស្មោះ​ត្រង់​និង​ដើម្បី​ការពារ​អត្តសញ្ញាណ​របស់​ខ្លួន​ ហ៊ាន​​ប្រឆាំង​នឹង​បារាំង​ជប៉ុន​ដែល​ជា​ចក្រពត្តិ​​មហា​អំណាច​ឈ្លាន​ពាន​លើ​ប្រទេស​តូចតាច​។ បន្ថែម​ពី​នេះ​​ ​​នៅ​ក្នុង​រឿង​មាលា​ដួង​ចិត្ត​ តួអង្គ​​ទីឃាវុធ​ សុខ​ចិត្ត​លះបង់​ស្នេហា​ចោល​ ដើម្បី​ជាតិ​ គឺ​យក​ទឹកដី​ជាតិសាសន៍​ខ្លួន​ជា​ធំ​ គេ​បាន​សច្ចា​ថា បើ​សៀម​មិន​ប្រគល់​ខេត្ត​បាត់ដំបង និង​ខេត្ត​មួយ​ចំនួន​ទៀត​មក​ឲ្យ​ខ្មែរ​វិញ​ទេ គេ​ប្រាកដ​ជា​មិន​ស្រឡាញ់​នាង​ចន្ទ​មណី​ឡើយ​ ​នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា​ តួអង្គ​នេះ​ឲ្យ​តម្លៃ​លើ​​ជាតិ​សាសន៍​ខ្លួន​ ហើយ​ក៏​ជា​ការ​ស្ដារ​នូវ​​វប្បធម៌​ជាតិ​ខ្មែរ​ផង​ដែរ​។ ក្រៅ​ពី​នេះ​ ទោះ​បី​អក្សរសិល្ប៍​ខ្លះ​មិន​បាន​និយាយ​ដល់​​មនសិការ​ស្នេហា​ជាតិ​ក្ដី ​ប៉ុន្តែ​ក៏​មាន​បញ្ចូល​នូវ​លក្ខណៈ​នៃ​វប្បធម៌​ខ្មែរ​ផង​ដែរ​ ដូច​ជា​រឿង​កុលាប​ប៉ៃលិន​ជាដើម​ លោក​ ញ៉ុក​ ថែម​ បាន​ឲ្យ​តួអង្គ​ចៅចិត្រ​ គោរព​ដល់​នារី​ និង​ចេះ​គោរព​ចាស់​ទុំ​ ចំណុច​ទាំង​នេះ​អ្នក​និពន្ធ​មិន​បាន​បំភ្លេច​ចោល​ឡើយ​។​ យ៉ាង​ណា​មិញ​ ក្នុង​រឿង​ផ្កា​ស្រពោន​ បាន​បង្ហាញ​ពី​​ផ្នត់​គំនិត​ខ្មែរ​ដែល​ស្រឡាញ់​នារី​ដែល​មាន​ចរិត​ស្លូតបូត​សុភាពរាបសារ​ ឬ​អាច​ហៅ​ថា​នារី​គ្រប់​លក្ខណ៍ ជាក់​ស្ដែង​ដូចជា​តួអង្គ​នាង​ វិធាវី​ ជាដើម​ ហើយ​ក្នុង​រឿង​នោះ​ទៀត​សោត​បាន​បង្ហាញ​ពី​ជីវភាព​ប្រជាជន​ ​​និង​គោរព​សាសនា​ព្រះពុទ្ធ​ និង​ជំនឿ​របស់​ខ្មែរ​ផង​ដែរ​។ អ្វី​ដែល​បាន​រៀបរាប់​ក្នុង​ចំណុច​ទាំង​នេះ​សុទ្ធ​សឹង​តែ​ឆ្លុះ​បញ្ចាំង​នូវ​ការ​រក្សា​នូវ​វប្បធម៌​របស់​ជាតិ​ខ្លួន​ ទោះ​បី​ជា​តាម​រយៈ​អក្សរសិល្ប៍​ក្ដី​ ក៏​អាច​ផ្សព្វផ្សាយ​បាន​ផង​ដែរ​។​​ ​​
   ​​ សរុប​មក​ ​ឃើញ​ថា​គ្រប់​ជាតិ​សាសន៍​តែង​តែ​ខិតខំ​ថែរក្សា​ការពារ​​វប្បធម៌​របស់​គេ​មិន​ឲ្យ​សាបសូន្យ​​ឡើយ ហើយ​​ពួកគេ​សុខ​ចិត្ត​ពលី​ជីវិត​ដើម្បី​បណ្ដេញ​ខ្មាំង​​ឈ្លានពាន​ ដើម្បី​ឲ្យ​កុលបុត្រ​កុលធីតា​ជំនាន់​ក្រោយ​បាន​ស្គាល់​វប្ប​ធម៌​ជាតិ​ខ្លួន ជាក់ស្ដែង​ ព្រះបាទ​ជ័យ​វរ្ម័ន​ ជាដើម​ ចំណែក​ឯ​​ប្រទេស​អឺរ៉ុប​គេ​ខំ​ផ្សព្វផ្សាយ​វប្បធម៌​របស់​គេ​ជា​ខ្លាំង​ លើស​​ពី​នេះ​ទៅ​ទៀត​ នៅ​ក្នុង​អក្សរសិល្ប៍​រឿង​ ​គូលី​កំណែន​និង​រឿង​មាលា​ដួងចិត្ត​ សុទ្ធ​សឹង​តែ​បណ្ដុះ​ឲ្យ​កូន​ខ្មែរ​ស្រឡាញ់​ជាតិ​និង​វប្បធម៌​របស់​ខ្លួន ​ហើយ​អក្សរសិល្ប៍​ខ្លះ​ទៀត​ក៏​បាន​ជួយ​ផ្សព្វផ្សាយ​វប្បធម៌​ខ្លួន​ដែល​បង្កប់​នៅ​ខាង​ក្នុង​សាច់​រឿង​នោះ​​ទៀត​ផង​​។​
     យោង​តាម​ការ​បកស្រាយ​ខាង​លើ​ សុភាសិត​នេះ​ពិត​ជា​មាន​តម្លៃ​យ៉ាង​មហា​សាល​ ដោយ​មិន​អាច​កាត់​ថ្លៃ​បាន​ ក្នុង​ការ​បណ្ដុះ​ឲ្យ​កូន​ខ្មែរ​យល់​ពី​តម្លៃ​វប្បធម៌​ និង​ឲ្យ​ចេះ​ថែរក្សា​ និង​ការពារ​ឲ្យ​បាន​គង់វង្ស​ទៅ​គ្រប់​ជំនាន់​។ ក្នុង​នាម​ជា​យុវជន​ជា​ទំពាំង​ស្នង​ឫស្សី​​ គួរ​​គប្បី​ខិតខំ​ស្វ័យ​សិក្សា​បន្ថែម​ពី​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​​អ្វី​ដែល​ជា​របស់​ខ្លួន​​ត្រូវ​បាត់បង់​ ហើយ​ត្រូវ​ចងចាំ​​នូវ​សុភាសិត​​ «​វប្បធម៌​រលត់​ ជាតិ​រលាយ វប្បធម៌​ពណ្ណរាយ ជាតិ​ថ្កើងថ្កាន​»​ ក្នុង​​ចិត្ត​ជានិច្ច​​ កុំ​បី​ធ្វេសប្រហែស​ឡើយ​។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login