ភារកិច្ចរបស់សហគមន៍ គឺប្រមូលកុមារឱ្យចូលរៀនស្វែងរកចំណូលថវិកា គ្រប់គ្រងថវិកា ថែរក្សាទ្រព្យសម្បត្តិសាលារៀន ចូលរួមសាងសង់ ជួសជុលសាលារៀនបំផុសកូនចៅឱ្យទៅសាលារៀនតាមដានការសិក្សារៀនសូត្ររបស់សិស្ស ចូលរួមតាមដានត្រួតពិនិត្យការអនុវត្តរបស់សាលារៀន ពង្រឹងពង្រីកសមត្ថភាពយល់ដឹងអំពីាការអភិវឌ្ឍសាលារៀន ។
ក. ការប្រមូលកុមារឱ្យចូលររៀន
- គ្រួសារនីមួយៗត្រូវជួយរំឮកគ្នា ដោយឱ្យកូនចៅដែលដល់អាយុសិក្សាទៅសាលារៀនបានទៀងទាត់ (មត្តេយ្យថ្នាក់ដំបូង បឋមសិក្សា)
- ប្រមូលកុមារដែលនៅក្រៅសាលារៀន និងជួយទំនាក់ទំនងជាមួយឪពុកម្តាយ ដែលមិនបានឱ្យកូនចៅទៅរៀនដើម្បីបានទៅរៀន
- ជួយប្រមូល និងជួយបង្កលក្ខណៈងាយស្រួលដើម្បីឱ្យកុមារទីទ័លក្រពិការបានទៅរៀន ។
ខ. ការស្វែងរកចំណូលថវិកា និងគ្រប់គ្រងថវិកា
- សាលារៀនដំណើរការបានល្អ គឺអាស្រ័យដោយមានថវិកាទ្រទ្រង់ ។ សហគមន៍ត្រូវចូលរួមយ៉ាងសកម្មក្នុងការស្វែងរកថវិកាសម្រាប់ឩបត្ថម្ភសាលារៀន ។ ការស្វែងរកថវិកាអាចធ្វើទៅតាមរយៈច្រើនរូបភាព បុណ្យផ្សេងៗ (រស្មីសាមគ្គីជាតិ ផ្កា កំសាន្តផ្សេងៗអង្គាសបច្ច័យ កឋិនទាន) ។សុំវិភាគទាន ជាស្រូវ សម្ភារផ្សេងៗ ការប្រើទុន ឬទុនបង្វិលដោយទំនាក់ទំនង ជាមួយសប្បុរសជន (គណៈកម្មការ អាចារ្យវត្ត មាតាបិតាសិស្សអ្នកមានទ្រព្យសម្បត្តិក្នុង និងក្រៅប្រទេស សហគមន៍ ឯកជនដូចជា ក្រុមហ៊ុនផ្សេងៗ និងទំនាក់ទំនងជាមួយរដ្ឋ អំណាច...) ។ និងតាមរយៈសកម្មភាពផ្សេងៗ ដូចជាបង្កើតកន្លែងរមណីដ្ឋាន ទេសចរណ៍ ធ្វើសិប្បកម្មសកម្មភាពសិល្បៈ និងទំនាក់ទំនងជាមួយអង្គការអន្តរជាតិ និងក្រៅរដ្ឋាភិបាល ។
គ. គ្រប់គ្រងថវិកា
- ថវិកាចំណូលត្រូវមានបញ្ជីកត់ច្បាស់លាស់ ដោយមានបញ្ជាក់នូវប្រភពចំណូល កាលបរិច្ឆេទទទួល ចំនួនថវិកាឈ្មោះអ្នកទទួល ឈ្មោះអ្នកដឹងឮ...។
- បញ្ជីចំណាយត្រូវមានបញ្ជាក់ប្រភេទចំណាយ ចំនួនទឹកប្រាក់ កាលបរិច្ឆេទ និងភ្ជាប់ជាមួយនូវកំណត់ហេតុដែលអង្គប្រជុំបានសម្រេចឱ្យចំណាយ ។
- ថវិកាត្រូវថែរក្សាឆ និងគ្រប់គ្រងដោយជ្រើសរើសដោយសហគមន៍ ឬសហគមន៍ដែលជាបុគ្គលមានស្មារតី និងស្រឡាញ់ការអប់រំ
- ចំណូល និងចំណាយត្រូវផ្សព្វផ្សាយឱ្យគណៈកម្មការសហគមន៍ ឬសហគមន៍ដឹងឮ ។
ឃ. ថែរក្សាទ្រព្យសម្បត្តិសាលារៀន
- សហគមន៍ត្រូវចាត់ទុកសាលារៀនជាទ្រព្យសម្បត្តិរួម
- សហគមន៍ត្រូវគ្រប់គ្រងសត្វពាហនៈកុំឱ្យចូលក្នុងសាលារៀន
- ជួយថែរក្សាការពារយាមកាមទ្រព្យសម្បត្តិសាលារៀននិងជួសជុល
- តាមដានមើលជួយថែរក្សាសម្ភារសិក្សារបស់កូនចៅដែលសាលាបានឱ្យខ្ចីសម្រាប់ការរៀនសូត្រ ដូចជាសៀវភៅសិក្សាជាដើម
- ថែរក្សាទ្រព្យសម្បត្តិដែលសាលារៀនបានឱ្យខ្ចីក្នុងពេលមានរវល់ដូចជា តុ កៅអី ពេលបុណ្យទាន ។
ង. ចូលរួមសាងសង់ ជួសជុលសាលារៀន
- សហគមន៍ជាកម្លាំងមិនចេះរីងស្ងូត
- សហគមន៍ចូលរួមជួយឩបត្ថម្ភ មជ្ឈមណ្ឌលធនធានកម្រងសាលា និងប្រើប្រាស់តាមសេចក្តីត្រូវការ ដើម្បីពង្រីកចំណេះដឹងរបស់គេ និងជួយដល់ការរៀនសូត្ររបស់កូនចៅពួកគេ
- សហគមន៍ចូលរួមតាមកម្លាំងចិត្ត និងកម្លាំងកាយ (បំផុសគំនិតបងប្អូនកូនចៅដែលមានជំនាញខាងសំណង់ឱ្យចូលរួមធ្វើជាង បំផុសបងប្អូនដែលគ្មានជំនាញឱ្យចូលរួមជាពលកម្ម ក្នុងការដឹកជញ្ជូនថ្ម ខ្សាច់ ដែក និងសម្ភារសំណង់ផ្សេងៗ
- សហគមន៍ចូលរួមតាមរយៈសម្ភារ រួមមានការចូលរួមជួយឩបត្ថម្ភផ្តល់ថវិកា ដែលបានមកពីសកម្មភាពផ្សេងៗចូលរួមជាសម្ភារផ្សេងៗ ដូចជាថ្មខ្សាច់ដែលជាសម្ភារមាននៅមូលដ្ឋាន
- ជួយថែរក្សាសម្ភារសំណង់ទាំងអស់ដែលត្រូវដឹកនាំមកដល់ទីកន្លែងសាងសង់
- ជួយកែលំអបរិស្ថានសាលារៀន ។
ច. បំផុសកូនចៅឱ្យទៅសាលារៀន
- ជួយរំឮកជាប្រចាំនូវគ្រួសាណាដែលមានកូនដល់អាយុសិក្សាឱ្យទៅសាលារៀន
- ជួយផ្តល់ព័ត៌មានអំពីកុមារដែលត្រូវចូលរៀន និងចំនួនកុមារដែលនៅសាលារៀន ដោយដោះស្រាយតាមគ្រប់មធ្យោបាយ និងគ្រប់រូបភាពដើម្បីឱ្យបានទៅសាលារៀន
- សហគមន៍ត្រូវជួយផ្សព្វផ្សាយដល់ប្រជាជនឱ្យនៅកូនចៅទៅសាលារៀនតាមរយៈមធ្យោបាយផ្សេងៗដូចជា ៖ ការប្រជុំ ការជួបជុំគ្នានៅវត្តរៀងរាល់ថ្ងៃសីល ថ្ងៃបុណ្យការសំដែងសិល្បៈ ការទស្សនា ការបិទប្រកាស វិទ្យុ ទូរទស្សន៍ សារព័ត៌មានប្រកាសនិងចូលរួមបើកបវេសនកាលរបស់សហគមន៍មាតាបិតាសិស្ស
ឆ. តាមដានការសិក្សារៀនសូត្ររបស់សិស្ស
- ការអប់រំមិនមែនជាបន្ទុកសាលារៀនតែម្នាក់ឯងទេប៉ុន្តែជាការចូលរួមចំណែករបស់សហគមន៍ផងដែរ ។ ដូច្នេះមាតាបិតាត្រូវ ៖
- ជួយអប់រំកូនបន្ថែម និងជំរុញឱ្យខិតខំរៀនសូត្រ និងបង្កលក្ខណៈទាំងសម្ភារ និងពេលវេលា ពិសេសកូនស្រី
- ទំនាក់ទំនងជាមួយលោកគ្រូ / អ្នកគ្រួឱ្យបានញឹកញាប់ដោយផ្ទាល់មាត់ ឬតាមលិខិត និងលោកនាយកសាលារៀន ដើម្បីកាត់បន្ថយអត្រាត្រួតថ្នាក់ និងករណីសិស្សបោះបង់ការសិក្សា
- ចូលរួមប្រជុំដើម្បីទទួលព័ត៌មានពីការសិក្សារបស់កូនចៅ
- ជួយផ្តល់មតិយោបល់ ដែលមានប្រយោជន៍ដល់សាលារៀន ជាពិសេសជាមួយគណៈគ្រប់គ្រងសាលារៀន
- ជួយផ្តល់បទពិសោធដល់ការបង្រៀនសិស្ស
- ជួយឩបត្ថម្ភដល់កុមារលំបាក
- ជួយអប់រំផ្លូវចិត្ត អាកប្បកិរិយា និងការអប់រំវិជ្ជាជីវៈដល់កុមារ ។
ង. ចូលរួមកសាង អនុវត្តផែនការ តាមដានត្រួតពិនិត្យការអនុវត្តរបស់សាលារៀន ៖ ដើម្បីឱ្យសាលារៀនទទួលបាននូវការអភិវឌ្ឍទៅមុនជាលំដាប់រាល់ផែនការការងាររបស់សាលារៀន ត្រូវតែមានការចូលរួមពីសហគមន៍ដែលជាកម្លាំងមិនចេះរីងស្ងួតដូចជាការចូលរួមកំណត់បញ្ហា កំណត់គោលបំណងសកម្មភាព និងកម្មវិធីផ្សេងៗ រួមបញ្ចូលទាំងពេលវេលា ។
ឈ. ចូលរួមកសាង អនុវត្តផែនការ តាមដានត្រួតពិនិត្យ ការអនុវត្តរបស់សាលារៀន
ដើម្បីឱ្យសាលារៀនទទួលបាននូវការអភិវឌ្ឍទៅមុខជាលំដាប់ រាល់ផែនការការងាររបស់សាលារៀនត្រូវតែមានការចូលរួមពីសហគមន៍ ដែលជាកម្លាំងមិនចេះរីងស្ងួតដូចជាការចូលរួមកំណត់បញ្ហា កំណត់គោលបំណងសកម្មភាព និងកម្មវិធីផ្សេងៗរួមបញ្ចូលទាំងពេលវេលា ។ ចូលរួមចំណែកអនុវត្តផែនការរបស់សាលារៀន និងតាមដានត្រួតពិនិត្យ និងវាយតម្លៃលើសមត្ថភាពសាលារៀន ។ ស្រង់ស្ថិតិកុមារពីអាយុ ០.១៥ឆ្នាំ ពិសេសកុមារដល់អាយុសិក្សា និងអនក្ខរជន (ព្រោះស្ថិតិជាកត្តាមូលដ្ឋានក្នុងការធ្វើផែនការអប់រំក្នុងសហគមន៍)។