អង្គភាពប្រឆាំងអំពើពុករលួយមានភារកិច្ចដូចជាៈ
- អនុវត្តច្បាប់ បទបញ្ជានិងបទបញ្ញត្តិពាក់ព័ន្ធនឹងបទល្មើសពុករលួយជាធរមានរៀបចំផែនការសកម្មភាពប្រយុទ្ធប្រឆាំងអំពើពុករលួយស្របតាមយុទ្ធសាស្រ្តនិងនយោបាយរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ
- ដឹកនាំការទប់ស្កាត់និង បង្រាបអំពើពុករលួយ
- តាមដានស៊ើបអង្កេតត្រួតពិនិត្យនិងធ្វើការសិក្សាស្រាវជ្រាវព្រមទាំងលើកវិធានការនានាពាក់ព័ន្ធនឹងបទល្មើសពុករលួយនៅតាមក្រសួង ស្ថាប័ន អង្គភាពសាធារណៈនិងឯកជនទាំងអស់ស្របតាមនីតិវិធីជាធរមាន
- ទទួលនិងពិនិត្យរាល់ពាក្យបណ្តឹងដែលពាក់ព័ន្ធនឹងអំពើពុករលួយព្រមទាំងចាត់វិធានការទៅតាមនីតិវិធីធរមាន
- ស្វែងរកពិនិត្យនិងរៀបចំឯកសារនិងព័ត៌មានពាក់ព័ន្ធលនឹងអំពើពុករលួយ
- រក្សាការសម្ងាត់ជាដាច់ខាតចំពោះប្រភពព័ត៌មានទាក់ទងនឹងអំពើពុករលួយ
- ចាត់វិធានការចាំបាច់ដើម្បីរក្សាសន្តិសុខដល់បុគ្គលដែលផ្តល់ព័ត៌មានទាក់ទងនឹងអំពើពុករលួយ
- ធ្វើការគ្រប់គ្រងប្រព័ន្ធការប្រកាស ទ្រព្យសម្បត្តិនិងបំណុលដូចមានបញ្ញត្តិក្នុងច្បាប់នេះ
- ដឹកនាំការងារឃោសនា ការអប់រំមហាជនអំពីផលវិបាកនៃអំពើពុករលួយនិងលើកទឹកចិត្តឲ្យមហាជនចូលរួមក្នុងការបង្ការទប់ស្កាត់និងកម្ចាច់អំពើពុករលួយ
- ពិនិត្យ និងលើកគម្រោងថលវិកាប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយនិងរបស់អង្គភាពប្រឆាំងអំពើពុករលួយ
- ទទួលឆ្លើយបំភ្លឺដោយផ្ទាល់ ឬជាលាយលក្ខណ៍អក្សរចំពោះរាល់សំណួរដែលលើកឡើងដោយសមាជិកក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយនិងសមាជិរដ្ឋសភា
- បម្រើសេវាការងារជូនក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ
- តែងតាំងផ្លាស់ប្តូរនិងគ្រប់គ្រងឬលើកសំណើរតែងតាំងផ្លាស់ប្តូរមន្រ្តីរាជការក្រោមឱវាទក្នុងអង្គភាពប្រឆាំងអំពើពុករលួយ
- ធ្វើសហប្រតិបត្តិការជាមួយអង្គភាពជាតិ អង្គការតំបន់ អង្គការអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយឆ្លងដែន
- ធ្វើរបាយការណ៍ សកម្មភាពទាំងឡាយរបស់អង្គភាពប្រឆាំងអំពើពុករលួយជូនក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ
- មានសិទ្ធិធ្វើការព្រមានចំពោះមុខសញ្ញាដែលក្នុងដំណាក់កាលដំបូងមានការខកខានមិនបានអនុវត្តច្បាប់និងបទបញ្ញត្តិជាធរមានក្នុងគោលដៅបង្ការនឹងទប់ស្កាត់អំពើពុករលួយ ។