សំណួរ
១. តើកត្តាអ្វីខ្លះដែលបណ្តាលឱ្យកើតមានអំពើហិង្សាក្នុងគ្រួសារ ?
២. តើប្រភេទ ឬទម្រង់នៃអំពើហិង្សាក្នុងគ្រួសារមានដូចម្តេចខ្លះ ? ប្រសិនបើមានអំពើហិង្សាបែបនេះតើអ្នកអាចរកនរណាខ្លះមកជួយអន្តរាគមន៍ ?
៣. តើអំពើហិង្សាក្នុងគ្រួសារនាំមកនូវផលវិបាកអ្វីខ្លះចំពោះសាមីគ្រួសារ និងសង្គមជាតិ ? ដើម្បីកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ តើយើងត្រូវធ្វើដូចម្តេចខ្លះ ?
ចម្លើយ
១. កត្តាដែលបណ្តាលឱ្យកើតមានអំពើហិង្សាក្នុងគ្រួសារគឺ
ក. កត្តាផ្ទាស់ខ្លួន ឬកត្តាបុគ្គល
- អត្តចរិតពីកំណើត កាចសាហាវ យង់ឃ្នង ក្រេវក្រោធ ប្រចណ្ឌ័ ។
- អវិជ្ជាគ្មានចំណេះដឹង ៖ ល្ងង់ យល់សថាខ្លៅ មិនចេះពិចារណា គំនិតទុទិដ្ឋិនិយម ។
- ចូលចិត្តសេព្វគ្រឿងស្រវឹង ៖ ផឹកស្រាស្រវឹងភ្លេចភ្លាំងស្មារតីប្តូរចរិតស្លូតមកកាច ។
- ចូកចិត្តប្រព្រឹត្តសារជាតិគ្រឿងញៀន ៖ បាត់បង់ស្មារតីទប់អារម្មណ៍មិនបាន ។
- ចូលចិត្តលេងល្បែងស៊ីសង ៖ ពេលចាញ់មួរម៉ៅក្តៅក្រហាយតប់ប្រម៉ល់ ។
- ការរើសអើង ៖ ទស្សនៈផ្ទុយគ្នា ប្រកាន់យល់ថាគេមិនដល់ខ្លួន ។
- ចាញ់បោកគេ ៖ ចាញ់បោកមិត្តភ័ក្រ្តធ្វើអំពើអបាយមុន (ល្បែងស៊ីសង ផឹកស្រាជ្រុលពេក លេងស្រី)
- កិលេលតណ្ហា ៖ មមៃទៅលើការបម្រើផ្លូវភេទ ។
- សា្មរតី ៖ មិននឹងនរ មានរោគចិត្ត អារម្មណ៍វើរវាយស្មុគស្មាញ ។
- នីកម្មភាព ៖ ត្រូវបណ្តេញចេញពីការងារ គ្មានប្រាក់ចំណូល ។
- អាពាហ៍ពិពាហ៍វ័យក្មេង នៅឆេវឆាវ ប្រកាន់អស្មិមានៈមិនយល់ចិត្តគ្នា ។
- ជីវភាពគ្រួសារក្រីក្រ ៖ សមាជិកច្រើនចំណាយច្រើនការរកប្រាក់មកផ្គត់ផ្គង់គ្រួសារមិនគ្រប់ ។
- កង្វះសីលធម៌
- ឥរិយាបថមិនសមរម្យ (ច្រង៉េង ច្រង៉ាង)
ខ. កត្តាសង្គម
- អសន្តិសុខ (ឆក់ ប្លន់ ចាប់ជម្រិត) នាំឱ្យក្រីក្រ
- ស៊ីសំណូក ពុករលួយ (ខូចចិត្តមួម៉ៅ)
- គ្រោះទុរភិក្ស (រាំងស្ងួត ទឹកជំនន់ ព្យុះ) នាំឱ្យក្រីក្រ
- ការមិននគោរពប្រពៃណី (រត់តាមគ្នា ដោយមិនបានរៀបការត្រឹមត្រូវ) ។
២. ក. ទម្រង់ ឬប្រភេទនៃអំពើហិង្សាក្នុងគ្រួសារមាន ៖
- ផ្លូវកាយ ៖ វាយដំ ច្រំធាក់ បង្ករបួសស្លាកស្នាម ។
- ផ្លូវចិត្ត ៖ បង្កការឈឺចាប់ បញ្ឈី ផ្គើន មានរឹងតឹង ជេរបញ្ចោរ ដៀមដាម ប្រមាថ រើសអើង ។
- ផ្លូវសេដ្ឋកិច្ច វាយបំផ្លាញទ្រព្យសម្បត្តិ សម្ភារៈលួចទ្រព្យសម្ភារៈរបស់របរក្នុងផ្ទះយកទៅលក់ បង្ខាំមិនឱ្យចេញទៅប្រកបមុខរបរ ។
- ផ្លូវភេទ បង្ខំចាប់រំលោភផ្លូវភេទ មិនរវល់ផ្លូវភេទសោះអង្គើយ ។ សន្និដ្ឋាន អំពើហិង្សាធ្វើឱ្យសង្គមច្របូកច្របល់ បាត់សណ្តាប់ធ្នាប់ បង្កើនបញ្ហាស្មុគស្មាញដល់សង្គម ធ្វើឱ្យគ្រួសារបែកបាក់ លែងលះ កូនបាត់ភាពកក់ក្តៅចាកចេញពីគ្រួសារ គេចវេះសាលារៀន ខ្វះការអប់រំសេពគប់មិត្តខិលខូច ជាក្រុមក្មេងទំនើង បង្កចលាចលដល់សង្គម ។
ខ. អ្នកជួយអន្តរាគមន៍មាន ៖
- ឪពុកម្តាយ អាណាព្យាបាល ព្រឹទ្ធាចារ្យ និងមិត្តភក្តិ
- ក្រុមប្រឹក្សា ឃុំ សង្កាត់ (រដ្ឋអំណាច)
- គ្រូពេទ្យ
- ចៅក្រម ប៉ូលីស មេធាវី
- អង្គការរក្រៅរដ្ឋាភិបាល
- ព្រះសង្ឃ ។ រួមមកអំពើហិង្សាក្នុងគ្រួសារពុំមែនត្រឹមតែជាបញ្ហាផ្ទៃក្នុងគ្រួសារប៉ុណ្ណោះទេ ។ វាគឺជាបញ្ហាសង្គមដែលយើងត្រូវចូលរួមជួយដោះស្រាយ ។
៣. អំពើហិង្សាក្នុងគ្រួសារនាំមកនូវផលវិបាកចំពោះសាមីគ្រួសារ និងសង្គមជាតិដូចតទៅ ៖
ក. ចំពោះសាមីគ្រួសារ
- ខាតបង់ប្រាក់កាសសម្រាប់ទិញថ្នាំព្យាបាលរបួសនិងថ្លៃសេវាព្យាបាល
- ខាតបង់ពេលវេលា
- ខាតបង់សម្ភារៈនានា
- បាត់បង់កិត្តិយស សេចក្តីថ្លៃថ្នូរបស់មនុស្ស (អាម៉ាស)
- បាត់បង់ភាពសិ្នទ្ធស្នាលនៅក្នុងគ្រួសារ
- បាត់បង់សមាជិកគ្រួសារ (ព្រាត់ប្រាស់កូន ប្រពន្ធប្តីឬសាច់ញាតិ)
- អាចបាត់បង់អាយុជីវិត ប្រសិនបើករណីធ្ងន់ធ្ងរ
- កូនខ្វះភាពកក់ក្តៅពីឪពុកម្តាយឬអាណាព្យាបាល
- ធ្វើអោយកូនខ្វះចំណេះដឹង (រៀនបានតិច ឬរៀនខ្សោយ)
- គ្រួសារគ្មានសុភមង្គល ។
ខ. ចំពោះសង្គមជាតិ
- បាត់នូវធនធានមនុស្ស
- ធ្វើអោយសង្គមមានភាពអាម៉ាស
- អំពុលដល់រដ្ឋាភិបាលជួយដោះស្រាយបញ្ហាអស់ទាំងនេះ
- ធ្វើអោយប្រទេសជាតិមានការអភិវឌ្ឍយឺត ។ ដើម្បីជៀសវាងអំពើហិង្សាក្នុងគ្រួសារមនុស្សម្នាក់ៗត្រូវ ៖
- ចេះអត់ធ្មត់យោគយល់អធ្យាស្រ័យគ្នា តែបើកើតមានអំពើនេះ យើងត្រូវដើរចេញដើម្បីអោយកំហឹងបានរសាយ ឬលេងកីឡាដើម្បីរំសាយ ។
- លើកទឹកចិត្តអោយស្រ្តីមានការទទួលខុសត្រូវ និងទទួលជោគជ័យក្នុងវិជ្ជាជីវៈ ។
- ផ្តល់សិទ្ធិទៅអោយស្រ្តីក្នុងការធ្វើផែនការ និងធ្វើសេចក្តីសម្រេចចិត្តដូចជា នយោបាយ សេដ្ឋកិច្ចវប្បធម៌ ។
- ផ្តល់អោយស្រ្តីទទួលការអប់រំស្មើនឹងបុរស ដើម្បីបំពេញសេចក្តីត្រូវការសំខាន់ៗ ក្នុងការរស់នៅ ។