សំណួរ
១. បច្ចុប្បន្នវប្បធម៌បរទេសបានហូរចូលមកកម្ពុជាច្រើនណាស់ ។
ក. តើវប្បធម៌នោះជះឥទ្ធិពលយ៉ាងណាចំពោះយុវជនខ្មែរ ?
ខ. តើអ្នកមានវិធានការបែបណា ដើម្បីទប់ស្កាត់ វប្បធម៌ពាលាអាវាសែ ក្នុងជួរយុវជន ?
២. ហេតុអ្វីបានជាការបណ្តុះបណ្តាលគ្រូបង្រៀនចាំបាច់ត្រូវសិក្សាមុខវិជ្ជាចិត្តគរុកោសល្យ ?
៣. តើសីលធម៌សង្គមធ្លាក់ចុះបណ្តាលមកពីកត្តាអ្វីខ្លះ ?
៤. តាមដែលអ្នកសង្កេតឃើញបច្ចុប្បន្ន តើសិស្សដែលទទួលបរាជ័យក្នុងការសិក្សាបណ្តាលមកពីអ្វី ?
៥. ដូចម្តេចដែលហៅថា មនសិការវិជ្ជាជីវៈ ? ដើម្បីបំពេញបានមុខងារជាគ្រូបង្រៀនអ្នកត្រូវមានមនសិការវិជ្ជាជីវៈដូចម្តេចខ្លះ ? ចូរពន្យល់ ។
ចម្លើយ
១. បច្ចុប្បន្នវប្បធម៌បរទេសបានហូរចូលមកកម្ពុជាច្រើនណាស់ ។ វប្បធម៌ទាំងនោះបានជះឥទ្ធិពលយ៉ាងខ្លាំងមកលើ យុវជនខ្មែរ ៖
ក. បញ្ហាជះឥទ្ធិពលដល់យុវជនខ្មែរមាន
- តន្ត្រីញ័រញាក់ ខុសពីលក្ខណៈជាតិខ្មែរ
- ភាពយន្តអាសអាភាស កាប់សម្លាប់ ឆក់ ប្លន់ កេងប្រវ័ញ្ច
- សំលៀកបំពាក់ ម៉ូតសក់ តាមបែបបរទេសនិយម
- អត្តចរិត អាកប្បកិរិយា ប្រាសចាកពីលក្ខណៈរបស់មនុស្សខ្មែរ (ទំនៀមទម្លាប់ ប្រពៃណី ឥរិយាបថនិយាយស្តីដេកដើរ ឈរអង្គុយ)
- សម្ភារៈប្រើប្រាស់ មិនចូលចិត្តប្រើប្រាស់អ្វីជារបស់ជាតិខ្លួន ។
ខ. វិធានការទប់ស្កាត់វប្បធម៌ពាលាអាវាសែក្នុងជួរយុវជន ៖
- បណ្តុះសា្មរតីស្រលាញ់សិល្បៈវប្បធម៌ជាតិខ្មែរក្នុងស្រទាប់យុវជន
- ផ្សព្វផ្សាយសិល្បៈ និងវប្បធម៌បរទេស
- ទប់ស្កាត់វប្បធម៌បរទេសណា ដែលមិនផ្តល់ផលប្រយោជន៍ដល់ជាតិយើង
- បង្កើតស្នាដៃរបស់ខ្មែរឱ្យបានច្រើនហើយមានលក្ខណៈសុក្រឹត្យជាទីពេញនិយមរបស់ប្រជាជាតិខ្មែរ
- ស្រាវជ្រាវស្វែងយល់វប្បធម៌ជាតិ អោយបានស៊ីជម្រៅថែមទៀត
- នាំគ្នាលើកតំកើងសិល្បៈវប្បធម៌ជាតិឱ្យបានព្រមៗគ្នា
- និយមប្រើប្រាស់សិល្បៈវប្បធម៌ជាតិឱ្យបានទូទាំងប្រទេស
- លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជាតិកម្ពុជាទាំងមូលក៏ដូចជាលើកកម្ពស់ផ្នែកជីវភាពសិល្បករជាតិយើងឱ្យមានកម្រិតខ្ពស់ (ការពារកុំឱ្យគេវិញទឹកចិត្តសិល្បករខ្មែរ) ។
២. បានជាការបណ្តុះបណ្តាលគ្រូបង្រៀនចាំបាច់ត្រូវសិក្សាមុខវិជ្ជាចិត្ត គរុកោសល្យពីព្រោះ ៖
+ ចិត្តវិទ្យាមានសារៈប្រយោជន៍សំរាប់មុខវិជ្ជាជីវៈជាគ្រូបង្រៀន ៖
- ស្គាល់ការលូតលាស់របស់ចិត្តទៅតាមដំណាក់កាលវ័យរបស់សិស្ស និងមូលដ្ឋានសរីរៈនៃបាតុភូតចិត្ត និងច្បាប់ទាំងឡាយរបស់ចិត្តវិទ្យា ។
- យល់ស៊ីជម្រៅលើបាតុភូតចិត្ត អាកប្បកិរិយា ឥរិយាបថដើម្បីងាយស្រួលដល់ការបង្រៀន អប់រំ គ្រប់គ្រង និងរង្វាយតម្លៃ ។
- សម្រាប់យកធ្វើជាមូលដ្ឋានឱ្យគរុកោសល្យ ដែលជាមុនវិជ្ជាស្រាយបំភ្លីពីវិធីសាស្រ្ត បច្ចេកទេស បទពិសោធន៌សិល្បៈគរុកោសល្យ ក្នុងការបង្រៀន អប់រំ និងគ្រប់គ្រងសិស្ស ។
- សម្រាប់បង្កលក្ខណៈងាយស្រួលដល់ការប្រើប្រាស់វិធីនិងល្បិចសម្រាប់កសាងខ្លឹមសារបង្រៀន និងអប់រំសិស្សក្នុងវិស័យអប់រំគ្រប់កម្រិតសិក្សាទាំងអស់ គ្រូបង្រៀននិងសាស្រ្តចារ្យ គប្បីស្គាល់ចិត្ត និងយល់ដឹងច្បាស់ពីស្ថានភាពរស់នៅរបស់កុមារ សិស្ស និងយុវសិស្សឱ្យបានគ្រប់ជ្រុងជ្រោយ សំដៅលើកម្ពស់គុណភាពអប់រំនិងទទួលបានលទ្ធផលល្អ ។ ដូច្នេះច្បាប់ទាំងឡាយរបស់ចិត្តវិទ្យា ក្នុងវិស័យអប់រំសម្រាប់មូលដ្ឋានគ្រឹះរបស់គរុកោសល្យវិទ្យាក្នុងការបណ្តុះបណ្តាលគ្រូបបង្រៀន និងសាស្រ្តចារ្យគ្រប់កំរតសិក្សា ។
+ ការសិក្សាគរុកោសល្យផ្តល់នូវអត្ថប្រយោជន៍ដូចតទៅ ៖
- យល់ដឹងនិងអនុវត្តឱ្យបានសំរេចវត្ថុបំណង ភារកិច្ចតួនាទីនៃការអប់រំ និងបង្រៀន ។
- ចេះជ្រើសរើសខ្លឹមសារនៃការបង្រៀន អប់រំសីលធម៌ អប់រំបញ្ញានិងអប់រំពលកម្ម) ។
- បណ្តុះ និងពង្រឹងចំណេះដឹង ចំណេះធ្វើ បំនិនប្រសប់ក្នុងការបង្រៀន និងគ្រប់គ្រងសមូហភាពសិស្ស ។
៣. សីលធម៌សង្គមធ្លាក់ចុះដោយសារកត្តាជាច្រើនដូចជា ៖
- ជាទូទៅអាជ្ញាធរ គ្រួសារ សាលារៀន មិនទាន់បានឯកភាពគ្នា ដោយឈរលើគោលការណ៍អប់រំសីលធម៌ដល់ប្រជាពលរដ្ឋ ឬកូនប្រុស ស្រី ។
- ការហូរចូលនៃវប្បធម៌បរទេស ដែលជាអំពើពាលាអាវ៉ាសែ ។
- បណ្តោញព័ត៌មានដូចជា ភាពយន្ត ស៊ីចស៊ី ទស្សនាវដ្តីអាសអាភាស ល្បែងស៊ីសង ហ្គេម ខារ៉ាអូខេ ។
- ការប្រើប្រាស់គ្រឿងញៀន ថ្នាំសំរើប ចាប់ជម្រិតជួញដូរផ្លូវភេទ អំពើឆក់ប្លន់ បោកប្រាស ឃាតកម្ម....។
- ប្រជាពលរដ្ឋភាគច្រើនមានកម្រិតវប្បធម៌ទាប ជីវភាពក្រីក្រ ។
- ពួកគេមិនយកចិត្តទុកដាក់រៀនមុខវិជ្ជាសីលធម៌ ពលរដ្ឋឬវប្បធម៌ អរិយធម៌ខ្មែរទេ ព្រោះគេមិនឱ្យតម្លៃ ។
- ការប្រើប្រាស់បក្សពួក និងអំពើពុករលួយមាននៅគ្រប់ស្រទាប់វណ្ណៈនៃមជ្ឈដ្ឋានសង្គម ។
- មានសង្រ្គាមរុំារ៉ៃយូរអង្វែង
- បានបន្សល់ទុកពីមនោគមវិជ្ជានៃបនប្រល័យពូជសាសន៍
- សង្គមទាំងមូលមិនឱ្យតម្លៃ ឬមិនលើកតំកើង ពីខ្លឹមសារអប់រំសីលធម៌នៅគ្រប់កម្រិតសិក្សាឡើយ
- របត់សង្គមធ្វើឱ្យអ្នកមាន និងអ្នកក្រ មានគម្លាតឆ្ងាយពីគ្នាខ្លាំងពេក
- កង្វះមនសិការទទួលខុសត្រូវ ដូចជាការទប់ចិត្តអារម្មណ៍ស្រើបស្រាលរហូតហ៊ានប្រព្រឹត្តអំពើអាណាចារ ខុសសីលធម៌ ពិសេសចាប់រំលោភកូនឯងជាដើម ។
៤. តាមដែលអ្នកសង្កេតឃើញបច្ចុប្បន្ន សិស្សដែលទទួលបរាជ័យក្នុងការសិក្សា បណ្តាលមកពី ៖
ក. កត្តាសង្គម ៖
- អំពើពាលាអាវ៉ាសែក្នុងសង្គម (ឆក់ប្លន់ កាប់សម្លាប់ល្បែងស៊ីសង គ្រឿងញៀន)
- ការសេពគប់មិត្តភក្តិមិនល្អ
- វប្បធម៌ពាលាអាវ៉ាសែរបស់បរទេស
- អំពើពុករលួយក្នុងសង្គម
- ភាពអត់ការងារធ្វើ ធ្វើឱ្យសិស្សបាក់ទឹកចិត្តក្នុងការសិក្សា
ខ. កត្តាគ្រួសារ
- កង្វះខាតនូវជីវភាពក្នុងគ្រួសារ
- គ្រួសារខ្វះការអប់រំ ឪពុកម្តាយគ្មានចំណេះដឹងនាំឱ្យគ្មានសមត្ថភាពអប់រំកូន
- ស្ថានភាព និងបរិយាកាសមិនចុះសំរុងក្នុងគ្រួសារ
- គ្រួសារគ្មានភាពកក់ក្តៅ ឪពុកម្តាយគិតតែពីការងារមុខរបរ ឃ្លាតឆ្ងាយពីកូន ការយកចិត្តទុកដាក់តាមដាននិងផ្តល់លទ្ធភាព ទាំងផ្នែកស្មាររតី និងសម្ភារៈក្នុងការសិក្សា និងការលូតលាស់បុគ្គលិកលក្ខណៈរបស់កុមារមិនបានសមស្រប
- ឪពុកម្តាយគ្មានមុខរបរច្បាស់លាស់ បង្ខំឱ្យកូនជួយធ្វើការងារចិញ្ចឹមជីវិត
- អំពើហឹង្សាការឈ្លោះទាស់ទែងគ្នា វាយកូនចៅ
- ការលែងលះគ្នានាំឱ្យប៉ះពាល់ដល់ការសិក្សារបស់កូន ។
គ. កត្តាសាសារៀន
- គ្រូបង្រៀន បរិយាកាសក្នុងម៉ោងបង្រៀនមិនគួរជាទីចាប់អារម្មណ៍របស់សិស្ស សមត្ថភាពនៃការបណ្តុះបណ្តាលនិងអប់រំមានកំរិតទាប ខ្វះសមត្ថភាពក្នុងការគ្រប់គ្រង
- បរិយាកាសថ្នាក់រៀន ការរៀបចំថ្នាក់រៀនមិនគោរពទៅតាមនិយាមគរុកោសល្យ (ថ្នាក់រៀនមានសិស្សច្រើនលើសលុប) ខ្វះខាតសម្ភារៈបង្រៀន ។
ឃ. កត្តាសកម្មភាពផ្ទាល់ខ្លួន ៖
- មិនខិតខំរៀន (ខ្ចិលច្រអូស) + មានបញ្ញាអន់
- ការរីកលូតលាស់បុគ្គលិកលក្ខណៈមិនល្អ
- មានជម្ងឺប្រចាំកាយ ។
៥. ដែលហៅថាមនសិការវិជ្ជាជីវៈ គឺទឹកចិត្តស្រលាញ់និងមានឆន្ទៈចង់បំពេញការងាររបស់ខ្លួនអោយបានល្អ ។ ដើម្បីបំពេញបានមុខងារជាគ្រូបង្រៀនត្រូវមានមនសិការដូចតទៅ ៖
- ការស្រលាញ់ថ្នាក់ថ្នមសិស្ស ៖ គឺជាករណីដែលធ្វើឱ្យគ្រូឈានទៅស្រលាញ់មុខរបរ និងចង់បំពេញការងារមានមនសិការតស៊ូ ព្យាយាម អំណត់អត់ធន់ក្នុងការបង្រៀននិងអប់រំ ។
- ស្មារតីទទួលខុសត្រូវចំពោះខ្លួនឯង និងចំណេះសិស្សានុសិស្ស ចំពោះពលរដ្ឋ និងសង្គម ។
- រាល់គ្រប់សកម្មភាពសុទ្ធតែប្រកបដោយស្មារតីភ្ញាក់រលឹកពោរពេញដោយឆន្ទៈចង់ធ្វើឱ្យបានជោគជ័យ ។
- ចំណង់ចំណូលចិត្តក្នុងការបំពេញការងារ ៖ បំពេញការងារដោយមិនខ្ជីខ្ជា ធ្វើអ្វីឱ្យរួចពីដៃត្រូវមានភាពវាងវៃ តែមិនរឹងស្តូក មានគំនិតផ្តួចផ្តើម និងរិះរកគ្រប់វិធីដើម្បីបំពេញការងារឱ្យបានល្អ និងទទួលជោគជ័យ ។
- និយ័តភាពក្នុងការងារ ៖ គោរពពេលវេលាទៅបង្រៀនឱ្យទាន់ម៉ោងកំណត់ និងទៀងទាត់គ្មានអវត្តមាន និងជៀសវាងអត្តមានដោយគ្មានមូលហេតុ ចាំបាច់ បើសិនជាមានករណីចាំបាច់ត្រូវជូនដំណឹងដល់ទីចាត់ការ ឬក៏ដល់សិស្សានុសិស្ស ។
- ធ្វើកិច្ចតែងការបង្រៀនឱ្យបានទៀងទាត់ និងផ្ចិតផ្ចង់ត្រៀមសម្ភារៈឧបទេស និងចេះប្រើ សម្ភារៈទាំងអស់នេះដោយប៉ិនប្រសព្វផ្តល់កិច្ចការឱ្យសិស្សអនុវត្ត និងកែកិច្ចការឱ្យបានទៀងទាត់ ទាន់ពេលវេលា និងយុត្តិធម៌ ។
- តាមដាន និងអនុវត្ត គ្រប់ពេលវេលារាល់បទបញ្ញាតិ និងរាល់ការណែនាំរបស់ថ្នាក់លើ ។
- រៀបចំសៀវភៅតាមដាន បញ្ជី តារាងឱ្យបានគ្រប់គ្រាន់និងទាន់ពេលវេលា ។