សំណួរ
១. ដូចម្តេចដែលហៅថា អត្តសញ្ញាណជាតិ ? តើទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាមានអត្ថន័យដូចម្តេចខ្លះ ?
២. ចូរឱ្យនិយមន័យអំពើពុករលួយ ។ តើយើងទាំងអស់គ្នាត្រូវធ្វើដូចម្តច ដើម្បីលុបបំបាត់អំពើពុករលួយ ?
៣. តើកត្តាអ្វីខ្លះដែលបង្កឱ្យមានប្រែប្រួលអាកាសធាតុ ? តើយើងទាំងអស់គ្នាត្រូវមានវិធានការយ៉ាងដូចម្តេចដើម្បីកាត់បន្ថយការប្រែប្រួលអាកាសធាតុ ?
៤. ជីវិតជាវត្ថុមានតម្លៃបំផុត ។តើយុវជនស្វែងរកការថែទាំជីវិតឱ្យល្អប្រសើរតាមលក្ខខណ្ឌអ្វីខ្លះ ?
៥. តើបុណ្យកឋិនមានរយៈពេលប៉ុន្មានថ្ងៃ ? ហើយចាប់ផ្តើមពីថ្ងៃណា ខែណា ដល់ថ្ងៃណាខែណា ? ចូរបង្ហាញលក្ខណៈពិសេសរបស់បុណ្យកឋិន ?
ចម្លើយ
១. ដែលហៅថាអត្តសញ្ញាណជាតិ គឺជាគ្រឿងសម្គាល់ ឬលក្ខណៈសម្គាល់ជាពិសេសផ្ទាល់របស់ជាតិ ។ ទង់ជាតិបង្ហាញឱ្យឃើញជាតិសាសន៍មួយ ជាតិសាសន៍មួយ ។ ទង់ជាតិជានិមិត្តរូបនៃជំនឿបទពិសោធន៍ និងបំណងប្រាថ្នាដ៏ជ្រាលជ្រៅរបស់ប្រជាពលរដ្ឋ ។ ទង់ជាតិដែលកំពុងបក់រវិចៗលើវេហាស៍តំណាងសេរីភាពដែលរួចផុតពីការជិះជាន់ ការគាបសង្កត់ពីសំណាក់បរទេស និងជាតំណាងនៃឆន្ទៈរបស់ប្រជាពលរដ្ឋដើម្បីនិរន្តន៍ភាពស្ថេរភាព សន្តិភាពនៅក្នុងប្រទេសខ្លួន ។ ទង់ជាតិនៃព្រះរាជាណាចក្រកម្ពូជាមានបីពណ៌ខៀវ ផ្នែកកណ្តាលពណ៌ក្រហម និងមានរូបប្រាសាទអង្គរវត្តពណ៌ស នៅចំកណ្តាល ។
- ពណ៌ខៀវ ៖ តំណាងឱ្យសាមគ្គីភាព ភាតរភាព មេត្តា ករុណា សន្តិភាព អហិង្សា ដែលស្ថិតនៅក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះមហាក្សត្រ ។
- ពណ៌ក្រហម ៖ តំណាងឱ្យសា្មរតីអង់អាចក្លាហាន ពុះពារគ្រប់ឧបសគ្គ ហ៊ានពលីកម្មគ្រប់បែបយ៉ាងដើម្បីជាតិមាតុភូមិ ។
- រូបប្រាសាទអង្គរវត្តពណ៌ស ៖ តំណាងឱ្យអរិយធម៌ខ្មែរដ៏រុងរឿងនាសម័យមហានគរ តំណាងសាសនា សីលធម៌ ចរិយាធម៌ ។ សាសនារបស់ជាតិយើងគឺព្រះពុទ្ធសាសនា ។ សរុបមក ទង់ជាតិទាំងមូលមានខ្លឹមសារ “ជាតិសាសនា ព្រះមហាក្សត្រ” ។
២. ដែលហៅថាអំពើពុករលួយគឺជា ការស៊ីសំណូក ការសូកប៉ាន់ ការគៃបំបាត់ ការកិបកេង ការប្រើអំណាច តួនាទីគាបសង្កត់យកប្រយោជន៌ពីអ្នកដទៃ ការរំលោភអំណាចដែលត្រូវបានផ្តល់ឱ្យដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ។ ដើម្បីលប់បំបាត់អំពើពុករលួយយើងត្រូវ ៖
- ជ្រើសរើសអ្នកដឹកនាំ ដែលមានចរិយាធម៌ត្រឹមត្រូវ និងជាគំរូដល់អ្នកនៅក្រោមបង្គាប់
- សមាជិកម្នាក់ៗក្នុងសង្គមពង្រឹង និងតម្កើងកម្ពស់ចរិយារបស់ខ្លួន
- ស្ថាប័ន អង្គការ ឬពាណិជ្ជកម្មធំៗណាដែល មានអំណាច និងចង់បានកិត្តិស័ព្ទ ស្ថាប័ននោះមុនជាទាញមនុស្សល្អៗមកជិតខ្លួនឱ្យធ្វើការងារហើយច្រានចោលមនុស្សពុករលួយឱ្យឃ្លាតឆ្ងាយ ។
៣. កត្តាដែលបង្កឱ្យមានប្រែប្រួលអាកាសធាតុគឺ ៖
ក. កត្តាមនុស្ស
- កាប់បំផ្លាញព្រៃឈើ ធនធានធម្មជាតិ
- ប្រើប្រាស់យានយន្ត រោងចក្របញ្ចេញផ្សេងពុលបង្កឱ្យកង្វក់បរិយាកាស
- ប្រើប្រាស់ថ្នាំគីមីខ្វះការត្រួតពិនិត្យត្រឹមត្រូវ
- បម្រើបម្រាស់គ្រឿងបរិក្ខាត្រជាក់ផ្សេងៗដូចជាម៉ាស៊ីនត្រជាក់ ទូរទឹកកក ជាដើម
- គ្មានការគ្រប់គ្រងផ្នែកកាកសំណល់ ដូចជាកាកសំណល់ផ្នែកវេជ្ជសាស្រ្ត រោងចក្រឧស្សាហកម្មឱ្យបានល្អត្រឹមត្រូវ
- ការបញ្ចេញឧស្ម័នផ្ទាំងកញ្ចក់ ឬឧស្ម័នពុលឧស្សាហកម្ម
- ការប្រើប្រាស់យ៉ាងខ្ជះខ្ជាយនូវបរិយាកាសពិភពលោក
- ការរីកសាយយ៉ាងលឿននូវវប្បធម៌ប្រើប្រាស់និយម
- កំណើនកំហាប់ឧស្ម័ននៃផ្ទះកញ្ចក់នៅលើបរិយាកាសបានធ្វើឱ្យកើនកម្ពៅនៅលើផែនដី
- បម្រែបម្រួលនៃការប្រើប្រាស់ដី ។
ខ. កត្តាធម្មជាតិ
- បន្ទុះភ្នំភ្លើងដែលបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតទៅលើបរិយាកាស
- រញ្ជួយដី
- ព្យុះធ្យូណាមី
- រោងចក្រផលិតអាវុធនុយក្លេអ៊ែរ និងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ
- ការប្រែប្រួលទឹកសមុទ្រ ដើម្បីកាត់បន្ថយការប្រែប្រួលអាកាសធាតុយើងត្រូវមានវិធានការដូចខាងក្រោម ៖
- បង្កើតច្បាប់ទប់ទល់ និងអនុវត្តឱ្យបានមតឹងរ៉ឹងចំពោះការកាប់បំផ្លាញព្រៃឈើ ធនធានធម្មជាតិនិងការធ្វើអាជីវកម្មរ៉ែគ្រប់ប្រភេទ
- ដាំដើមឈើបន្ថែម
- បណ្តុះស្មារតីមនុស្សឱ្យបានស្វែងយល់ឱ្យកាន់តែច្បាស់អំពីការប្រាស់ថ្នាំគីមី
- បណ្តាប្រទេសទាំងអស់ក្នុងពិភពលោកត្រូវលប់បំបាត់នូវការផលិត របង្កើតអ្វីៗដែលធ្វើឱ្យមានការប៉ះពាល់ដល់បរិសា្ថន ។
៤. ជីវិតជាវត្ថុមានតម្លៃបំផុត ។ លក្ខខណ្ឌយុវជនស្វែងរកការថែទាំជីវិតឱ្យល្អប្រសើរគឺ ៖
- ត្រូវចេះរៀបចំផែនការគ្រួសារ
- មិនត្រូវរៀបការនៅវ័យក្មេងពេក និងការរួមភេទដោយគ្មានការពិចារណាដែលនាំឱ្យមានការទទួលផលវិបាកធ្ងន់ធ្ងរ
- ត្រូវសម្រេចចិត្តឱ្យបានត្រឹមត្រូវមុខនឹងរៀបអាពាហ៍ពិពាហ៍ព្រោះជាជម្រើសនៃសុភមង្គល
- មានទំនួលខុសត្រូវច្បាស់លាស់អំពីចំនួនកូនដើម្បីធានាសុវត្ថិភាព
- ចៀសវាងការមានផ្ទៃពោះឆាប់ ញឹកញាប់ ឬច្រើនដងពេកព្រោះនាំឱ្យគ្រោះថ្នាក់ដល់ជីវិត
- បំបាត់អំពើហិង្សាគ្រប់យ៉ាងលើស្រ្តី
- បំប៉នចំណីអាហារដល់ស្រ្តីពេលមានផ្ទៃពោះនិងអំឡុងពេលបំបៅដោះ
- មិនប្រព្រឹត្តអំពើពាលា អាវាសែ ស្រីស្រាល្បែងស៊ីសង និងថ្នាំញៀន
- មានលំហាត់ប្រាណជាប្រចាំ
- រក្សាអនាម័យឱ្យល្អ ។
៥. បុណ្យកឋិន ជាកុសលដែលធ្វើឡើងដោយនាំសំពត់ ចីវរទៅប្រគេនព្រះសង្ឃ ដែលបានគង់ចាំព្រះវស្សាអស់កាលត្រៃមាសក្នុងអាវាសណាមួយ ។ បុណ្យកឋិនមានរយៈកាល ២៩ថ្ងៃ គឺចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ ថ្ងៃ ១៥កើត ខែកក្តិក ។ លក្ខណៈពិសេសរបស់កឋិនទានគឺមានដូចតទៅ ៖
- មិនអាចធ្វើបានរាល់ថ្ងៃរាល់ខែបានទេគឺក្នុងមួយឆ្នាំមួយវត្តធ្វើក្នុងថ្ងៃណាក៏បានឱ្យតែស្ថិតនៅក្នុងរដូវកាលកឋិន ។
- វត្ថុគឺសំពត់ដែលជាកឋិនវត្ថុ បានតែស្បង់ ឬចីវរ ឬសង្ឃដី ក្រៅពីនេះពុំបានសូម្បីតែវត្ថុទាំងបីរួមគ្នាក៏ពុំបានដែរ ។
- អ្នកធ្វើ និងសង្ឃក្រាលគ្រង គប្បីធ្វើឱ្យបានត្រឹមត្រូវតាមវិន័យបញ្ញត្តិ ។
- បុគ្គលអ្នកធ្វើបានអានិសង្ឃប្រាំយ៉ាងមានចែងក្នុងវិន័យបិដកភាគ៩ ។
- អ្នកទទួលបានតែភិក្ខុក្រៅពីនេះពុំបានទេហើយភិក្ខុនោះលុះត្រាតែបាននៅចាំព្រះវស្សាអស់កាលបីខែទើបបាន ។