សំនួរ
១. តើអ្នកបើកបរត្រូវបន្ថយល្បឿននៅក្នុងករណីណាខ្លះ ?
២. តើប្រទេសកម្ពុជាបានទទួលផលពីការសាង ស្ពាន ថ្នល់ដើម្បីកាត់បន្ថយភាពក្រីក្រដូចម្តេចខ្លះ ?
៣. ចូរនិយាយអំពីសមត្ថកិច្ចដែលគ្រប់គ្រងផ្លូវថ្នល់ ។
៤. តើផ្លូវថ្នល់នៅក្នុងប្រទេសកម្ពុជា ត្រូវបានបែងចែកជាប៉ុន្មានប្រភេទ ?
៥. តើ « មង្គលសូត្រ » មានន័យយ៉ាងដូចម្តេច ? ចូររៀបរាប់បញ្ជាក់ផង ។
ចម្លើយ
១. អ្នកបើកបរត្រូវបន្ថយល្បឿននៅក្នុងករណីដូចខាងក្រោម៖
- នៅពេលជៀសគ្នានៅលើផ្លូវ
- នៅពេលជៀសគ្នាឬជែង រថយន្តដឹកជញ្ជូនអ្នកដំណើរឬរថយន្តដឹកជញ្ជូនកុមារ ដែលកំពុងឈប់ដាក់អ្នកដំណើរឬកុមារឡើងចុះ
- ពេលនៅជិតដល់ស្ពានឬជិតដល់ផ្លូវរថភ្លើងឆឆ្លងកាត់
- នៅពេលអាកាសធាតុមិនល្អដែលមិនអាចមើលឃើញបានឆ្ងាយនិងច្បាស់
- នៅត្រង់បត់ផ្លូវបត់ ផ្លូវកោង ផ្លូវរអិល ផ្លូវប្រសព្វឬរង្វង់មូល
- នៅជិតដល់ទួលខ្ពស់ឬពេលចុះចំនោត
- នៅពេលជៀសឬជែងក្បួនយានកំពុងឈប់ ឬនៅពេលជៀសឬជែងក្បួនដង្ហែផ្សេងៗ
- នៅពេលមានវត្ថុច្រងេងច្រងាងឬមានផ្ទះសង់ច្រើនកៀកជាប់ទ្រូងផ្លូវ
- ក្នុងករណី ដែលមានស្លាកសញ្ញាឲ្យបន្ថយល្បឿនឬ សញ្ញាគ្រោះថ្នាក់
- កាលណាមានយានជំនិះរបស់នគរបាល ឬយោធាកងអាវុធហត្ថ យានពន្លត់អគ្គិភ័យ យានសង្គ្រោះរបស់មន្ទីរពេទ្យ និងយានយន្តដែលមានបន្លឺសូរសព្ទរឬភ្លើងសញ្ញាអ្នកប្រើប្រាស់ផ្លូវទាំងអស់ត្រូវបន្ថយល្បឿន ហើយបើកឯប(អែប) មកខាងស្តាំ បើចាំបាច់ត្រូវឈប់នៅកៀនបំផុត ដែលអាចធ្វើទៅបានដើម្បីសម្រួលផ្លូវឲ្យយានទាំងនេះ ធ្វើដំណើរទៅមុខដោយសវត្ថិភាព
- នៅកន្លែងមានសាលារៀន ដែលមានទីតាំងស្ថិតនៅក្បែរផ្លូវមិនលើសពី៥០ម៉ែត្រ ។
២.គោលនយោបាយកសាង ស្ពាន ថ្នល់ បានរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជាដូចតទៅ៖
- កាត់បន្ថយប្រាក់ចំណាយ ក្នុងការធ្វើដំណើរអស់ជាច្រើនដំណាក់រួមមាន ឆ្លងស្រឡាង ឆ្លងដ ទូក កាណូត ជាដើម
- ចំណេញពេលវេលាឆាប់ដល់គោលដៅប្រជាជនអាចទៅប្រកបរបរដើម្បីរកប្រាក់
- កាត់បន្ថយការចំណាយទៅលើការជួសជុលយានជំនិះដែលបណ្តាលមកពីផ្លូវមិនល្អ យានយន្តងាយខូច ដែលត្រូវទិញគ្រឿងបន្លាស់
- កាត់បបន្ថយការចំណាយ ទៅលើប្រេងឥន្ធនៈផ្លូវល្អល្បឿនថេរប្រើប្រេងអស់តិច ឯតម្លៃឈ្នួលរថយន្តថោក
- ប្រជាជនមានសុខភាពល្អ កាត់បន្ថយជំងឺផ្សេងៗឬគ្រោះថ្នាក់ផ្សេងៗធានាសុវត្ថិភាពក្នុងការធ្វើដំណើរ
- សេវាកម្មសង្គ្រោះបន្ទាន់បានទាន់ពេលវេលា អគ្គិភ័យរថយន្តសង្គ្រោះអ្នកជំងឺ
- សេវាកម្មសុខាភិបាលល្អ នៅជនបទ
- ផលិតផលទំនិញសំបូរបែបតម្លៃថោក ចរាចរណ៍ទាន់ពេលវេលា និងរក្សាគុណភាពបានក្នុងការដឹកជញ្ជូន
- វិស័យទេសចរណ៍ ដំណើរការល្អ
- ជនបទក្លាយជាទីក្រុង ដោយសារគមនាគមន៍រីកចម្រើនសេដ្ឋកិច្ចរីកលូតលាស់ជីវភាព ប្រជាពលរដ្ឋបានធូរនិងលើកកម្ពស់អាចកាត់បន្ថយភាពក្រីក្របាន ។
៣. សមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ រួមមាន៖
- ក្រសួងសាធារណការនិងដឹកជញ្ជូន មានសមត្ថកិច្ចគ្រប់គ្រងលើផ្លូវល្បឿនលឿន ផ្លូវជាតិផ្លូវខេត្ត និងផ្លូវផ្សេងទៀតដែលរាជរដ្ឋាភិបាលប្រគល់ឲ្យ
- រដ្ឋបាលថ្នាក់ក្រោមជាតិ មានសមត្ថកិច្ចគ្រប់គ្រងលើផ្លូវរាជធានី ផ្លូវក្រុង ផ្លូវទីប្រជុំជននានាក្នុងខេត្ត ដែលត្រូវបានកសាងជួសជុលថែទាំ ដោយប្រើប្រាស់ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិនិងថវិកា ដែលបានកៀរពីប្រភពផ្សេងទៀតនិងផ្លូវនិងផ្លូវផ្សេងទៀត តាមការផ្ទេរមុខងារពីក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទទៅរដ្ឋបាលថ្នាក់ក្រោមជាតិព្រមទាំងផ្លូវផ្សេងទៀតក្រោយពីមានការសម្រេចឯកភាពពីរាជរដ្ឋាភិបាល ។
៤. ផ្លូវថ្នល់នៅប្រទេសកម្ពុជា ត្រូវបានបែងចែកដូចតទៅ៖
- ផ្លូវល្បឿនលឿន
- ផ្លូវជាតិ
- ផ្លូវខេត្ត
- ផ្លូវជនបទ
- ផ្លូវរាជាធានី ផ្លូវក្រុង និងផ្លូវទីប្រជុំជនជននានាក្នុងខេត្ត
- ប្រភេទផ្លូវផ្សេងៗទៀត ដែលកំណត់ដោយរាជរដ្ឋាភិបាល ។
៥. មង្គលសូត្រ គឺជាឈ្មោះព្រះសូត្រមួយ ជាសុភាសិតសម្តែងអំពីមង្គល៣៨ប្រការពួកពុទ្ធសាសនិក តែងសូត្រក្នុងវេលាធ្វើកិច្ចជាមង្គល ( អាវាហ៍វិវាហ៍ ) ណាមួយ ។
មង្គលសូត្រមាន៣៨ប្រការគឺ៖
- មង្គលទី១៖ មិនសេពគប់ បុគ្គល ពាល
- មង្គលទី២៖ សេពគប់ បុគ្គល ជាបណ្ឌិត
- មង្គលទី៣៖ បូជាចំពោះបុគ្គលដែលគួរគោរពប្រតិបត្តិបូជា
- មង្គលទី៤៖ រស់នៅក្នុងទីកន្លែងដ៏សមគួរប្រកបដោយផាសុកភាព
- មង្គលទី៥៖ បានធ្វើបុណ្យទុក
- មង្គលទី៦៖ តម្កល់ខ្លួនក្នុងអំពើល្អ
- មង្គលទី៧៖ ជាពហុស្សូត
- មង្គលទី៨៖ ប៉ិនប្រសប ក្នុងកិច្ចការងារ
- មង្គលទី៩៖ ត្រូវមានវិនិ័យ
- មង្គលើទី១០៖ វាចាជាសុភាសិត
- មង្គលទី១១៖ ត្រូវបម្រើមាតា ( ម្តាយ )
- មង្គលទី១២៖ ត្រូវបម្រើបិតា( ឪពុក )
- មង្គលទី១៣៖ សង្គ្រោះបុត្តនិងភរិយា
- មង្គលទី១៤៖ ការងារមិនច្របូកច្របល់
- មង្គលទី១៥៖ កិរិយាបរិច្ចាគទាន
- មង្គលទី១៦៖ ការប្រព្រឹត្តនូវធម៌
- មង្គលទី១៧៖ ការសង្គ្រោះញាតិ
- មង្គលទី១៨៖ ការងារមិនទោស
- មង្គលទី១៩៖ កិរិយាវៀរចាកនូវបាប
- មង្គលទី២០៖ មិនផឹកនូវទឹកស្រវឹង
- មង្គលទី២១៖ មិនប្រមាថក្នុងធម៌
- មង្គលទី២២៖ គោរពបុគ្គលដែលគួរនិងគោរព
- មង្គលទី២៣៖ មានកិរិយាបន្ទាបខ្លួន
- មង្គលទី២៤៖ សន្តោសចំពោះរបស់តាមមានតាមបាន
- មង្គលទី២៥៖ ភាពជាអ្នកកតញ្ញូ
- មង្គលទី២៦៖ កិរិយាស្តាប់នូវតាមកាល
- មង្គលទី២៧៖ សេចក្តីអត់ធន់
- មង្គលទី២៨៖ ភាពជាអ្នកប្រដៅងាយ
- មង្គលទី២៩៖ ការឃើញនូវសមណៈ
- មង្គលទី៣០៖ ការសន្ទនាធម៌តាមកាល
- មង្គលទី៣១៖ ព្យាយាមដុតនូវបាបធម៌
- មង្គលទី៣២៖ កិរិយាប្រព្រឹត្តនូវព្រហ្មចរិយធម៌ ( ធម៌ដ៏ប្រសើរក្រៃលែង )
- មង្គលទី៣៣៖ កិរិយាឃើញនូវអរិយសច្ច
- មង្គលទី៣៤៖ កិរិយាធ្វើឲ្យដាក់ច្បាស់នូវព្រះនិពា្វន(ឋានបរមសុខរបស់ព្រះពុទ្ធសាសនា )
- មង្គលទី៣៥៖ ចិត្តដែលមិនកម្រើក ញាប់ញ័រដោយលោកធម៌
- មង្គលទី៣៦៖ មិនមានសេចក្តីសោក
- មង្គលទី៣៧៖ មិនមាននូវកិលេស
- មង្គលទី៣៨៖ មានចិត្តក្សេមក្សាន្ត ។