ភ្នាសសែលុយឡូស គឺជាភ្នាសរឹងមាំ គ្មានជីវិត ដែលរុំព័ទ្ធពីក្រៅភ្នាសកោសិកា ។ ទោះបីភ្នាសសែលុយឡូសរឹងមាំក៏ដោយ ក៏វាអាចឱ្យទឹក អុកស៊ីសែន ឧស្ម័នកាបូនិច និងសារធាតុមួយចំនួនឆ្លងកាត់បានដែរ ។
- ភ្នាសស៊ីតូប្លាស គឺជាភ្នាសមួយស្តើង ហើយទន់ដែលរុំព័ទ្ធពីក្រៅកោសិកា ។ ចំពោះកោសិការុក្ខជាតិ ភ្នាសសែលុយឡូសព័ទ្ធពីក្រៅភ្នាសកោសិកា ។
- ស៊ីតូប្លាស គឺជាសារធាតុខាប់អន្ធិល ដែលស្ថិតនៅចន្លោះណ្វៃយ៉ូនិងភ្នាសស៊ីតូប្លាសហើយមានចលនាជានិច្ច ។
- វ៉ាគុយអូល គឺជាថង់មួយពេញដោយទឹក ខ្យល់ និងចុណ្ណភាពនៃអាហារ ។ វ៉ាគុយអូលអណ្តែតក្នុងស៊ីតូប្លាស ។ កោសិការុក្ខជាតិភាគច្រើននិងកោសិកាសត្វមួយចំនួនមានវ៉ាគុយអូល ។
- ជាលិកា គឺជាបណ្តុំកោសិកាប្រភេទដូចគ្នា ដែលធ្វើការរួបរួមគ្នាដើម្បីបំពេញនាទីមួយ ។ ក្នុងសារពាង្គកាយមានជាលិកាច្រើនប្រភេទដូចជាលិកាអេពីតេល្យូម ជាលិកាសាច់ដុំ ជាលិកាប្រសាទ ជាលិកាសន្ធាន ។
- សរីរាង្គគឺជាទម្រង់មួយដែលបង្កឡើងដោយជាលិកាច្រើនប្រភេទរួមគ្នាដើម្បីបំពេញនាទីរួមមួយ ។