ពេលរៀបមង្គលការតាមរបៀបជនជាតិខ្មែរយើង ត្រូវតែមានភ្លេងជានិច្ច ពុំអាចអត់បានទេ ។ បើគ្មានភ្លេងនោះការរៀបការពុំពេញលក្ខណៈ តាមប្រពៃណីរបស់ជនជាតិខ្លួនបានឡើយ ។ បទភ្លេងខ្មែរ ដែលគេលេងនៅក្នុងពិធីរៀបមង្គលការមានអត្ថន័យថា ៖
- គឺជាលក្ខណៈមួយ ឆ្លើយតបទៅនឹងទឹកចិត្តប្រពៃណីជាតិរបស់ខ្លួន ។
- គឺជាការដាស់សតិស្មារតី អោយរំលឹកឃើញ នូវប្រវត្ថិសាស្រ្តទឹកដីរបស់ខ្លួន ដែលឆ្លងកាត់តាំងពីសម័យអតីតកាល ។
- គឺជាការពញ្ញាក់ស្មារតីគូរស្វាមីភរិយាថ្មីអោយមានក្តីសង្វេកត្រិះរិះពិចារណាដល់ភាពរបស់ខ្លួន ដែលបានចូលដល់ជីវិតមួយទៀត គឺជីវិតមានគ្រួសារប្តីសី ដែលពុំមែនជា យុវជន ឬជាអ្នកនៅលីវទៀតទេ គឺជាជីវិតដែលត្រូវតែតស៊ូ ដើម្បីជីវិតបន្តកូនចៅពូជពង្សតទៅមុខទៀត ។
- ភ្លេងខ្មែរបានអប់រំ រំលឹកដល់កូនប្រុសស្រី អោយនឹកគុណមាតាបិតា អាណាព្យាបាល និងគ្រូបាអាចារ្យ ដែលបានបីបាច់ថែរក្សា និងអប់រំ អោយរៀនសូត្រតាំងពីតូចក្រូចឆ្មារ ហើយតទៅមុខទៀត ខ្លួនឯងជាអ្នកមានភារកិច្ចជំនួសអ្នកទាំងអស់នោះដើម្បីចិញ្ចឹមជីវិតកូនចៅជំនាន់ក្រោយទៀត ។ ដោយសារលក្ខណៈពិសេស គូបផ្សំ និងអត្ថន័យរបស់ភ្លេងខ្មែរ ដូចយើងបានរៀបរាប់ខាងលើនេះហើយ បានជានៅពេលរៀបមង្គលការគេសង្កេតឃើញមានកូនប្រុស ស្រី យំសំរក់ទឹកភ្នែកជាញឹកញាយ ជាពិសេសចំពោះកូនប្រុសស្រី ដែលគ្មានឪពុកម្តាយ ។ យុវជន យុវតីខ្លះ មិនសុខចិត្តជាដាច់ខាត បើការរៀបមង្គលការរបស់ខ្លួនពុំមានភ្លេងខ្មែរ ។ ភ្លេងខ្មែរប្រៀបបានទៅនឹងទឹកមន្តមួយ ដែលបានធ្វើអោយខ្លួនគេប្តូរពីយុវជនទៅភាពមួយទៀត ជាអ្នកមានគ្រួសារប្តីសី ។ ចំពោះអ្នកនៅបរទេស ភ្លេងខ្មែរក៏មានអត្ថន័យខ្លាំងណាស់ដែរ ។ អ្នកខ្លះគ្រាន់តែឮភ្លេងខ្មែរ ត្រូវសំរក់ទឹកភ្នែក ត្រូវតែនឹកឃើញស្រុកទេស នឹកឃើញដល់វាលស្រែដ៏ធំល្វឹងល្វើយនឹកឃើញ ដើមត្នោត ដើមអំពិល ដើមក្រសាំង ទន្លេបឹងបួរនៃទឹកដីរបស់ខ្លួន ។