2019-03-23 21:51
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
វីល្លាមពុំដឹងច្បាស់ឡើយ ថានឹងមានអ្វីកើតឡើង ពេលខ្លួនបោះជំហានចូល តាមទ្វារដ៏ទាប នៃសាលប្រជុំនេះ។ គាត់បានឮថា ក្រុមប្រឆាំងមានទម្លាប់ប្លែកៗ ហើយគាត់ប្ដេជ្ញាថា នឹងរក្សាខ្លួនឯង ឱ្យបានល្អបំផុត។ តែពេលកិច្ចប្រជុំដំណើរការទៅមុខ គាត់ក៏មានអារម្មណ៍កក់ក្ដៅ ខុសសព្វមួយដង។ មនុស្សជាច្រើននាក់ ផ្លាស់វេនគ្នានិយាយខ្លីៗ ហើយអ្នកឯទៀត ឈរអានខគម្ពីរ។ វីល្លាមពុំធ្លាប់ចូលរួមជាមួយក្រុមណា ដែលហាក់ជឿ នូវអ្វីខ្លួនអាន យ៉ាងមុតមាំដូច្នេះឡើយ។ បុរសម្នាក់ក្នុងក្រុម គឺលោកឆាធ័រ អ្នកហាក្លេថុន អានខខ្លះ ពីកណ្ឌគម្ពីរហេប្រឺជំពូក១៣ ដែលចែងថា "ដូច្នេះ យើងត្រូវតែចាកចេញពីជុំរុំ ទៅរកព្រះអង្គ ទាំងស៊ូទ្រាំអោយគេប្រមាថមើលងាយ រួមជាមួយព្រះអង្គដែរ។"
ពាក្យនេះចាក់ដោតអារម្មណ៍វីល្លាមណាស់។ គាត់បានគិតថា កន្លងមក ខ្លួនបានទៅក្រុមជំនុំត្រឹមត្រូវ ធ្វើរឿងត្រឹមត្រូវ រស់នៅក្នុងជុរុំ"ទំនើប"ហើយ។ តែអ្វីទាំងនោះ គ្មានអំណាចអ្វី មកផ្លាស់ប្ដូរគាត់សោះ។ ពេលនេះ គាត់ចាប់ផ្ដើមគិតថា ប្រហែលត្រូវនៅ ខាងក្រៅជុំរុំ នៅក្រៅសាសនាចក្ររដ្ឋ ហើយនៅជាមួយក្រុមប្រឆាំងម្ដង។ វាជារឿងគួរភ្ញាក់ផ្អើល១ សម្រាប់គាត់ តែគាត់យល់ថា ត្រឹមត្រូវហើយ។ ពេលប្រជុំអធិស្ឋានចប់ គាត់ក៏និយាយជាមួយ ចន វ៉ូរ អំពីការសម្រេចចិត្តរបស់ខ្លួន។ គឺគាត់ចង់ក្លាយជាអ្នកប្រឆាំងដែរ។
ចនរំភើបចិត្ត ហើយដុតដៃដុតជើងសម្បើមណាស់។ ឥឡូវនេះ ពេលកាត់បាតស្បែកជើង និងដេរមុខតំណម្ដងៗ ពួកគេពិភាក្សាគ្នា យូរជាងមុន។ បើម្នាក់ជាប់ដៃដំដេរស្បែកជើង ម្នាក់ទៀតឆ្លៀតយកព្រះគម្ពីរ មកអានឮៗ ឱ្យគ្នាស្ដាប់។ ពួកគេតែងផ្លាស់វេនគ្នាធ្វើដូច្នោះ ចុះឡើងៗ។
៦ខែមកទៀត គឺរហូតដល់ខែកញ្ញា ឆ្នាំ១៧៧៩ អ្វីៗប្រព្រឹត្តទៅដោយរលូន សម្រាប់វីល្លាម។ លុះក្រោយពីនោះ ក្លាក នីខូលស៍ ជាគ្រូវីល្លាម បានស្លាប់យ៉ាងទាន់ហន់ ធ្វើឱ្យចននិងវីល្លាម ត្រូវអត់ការងារធ្វើ។ ចនហាត់ការចប់ហើយ មិនយូរក៏រកការងារបានធ្វើ តែវីល្លាម ២ឆ្នាំទៀតទើបចប់។ ក្រោយខិតខំស្វែងរក អស់ជាច្រើនសប្ដាហ៍ ថូម៉ាស អូលដ៍ អ្នកហាក្លេថុន ក៏យល់ព្រមទទួលវីល្លាម ឱ្យរៀនបញ្ចប់។
វីល្លាមត្រូវរើ ទៅហាក្លេថុន ដែលនៅឆ្ងាយពីកន្លែងមុន ៣គីឡូ។ នៅទីនោះ គាត់បានទៅចូលរួម ក្រុមជំនុំនៃពួកប្រឆាំង១កន្លែង ដឹកនាំដោយលោកផ្លាខេត ដែលមានកូនស្រី៣នាក់។ កូនស្រីកណ្ដាលឈ្មោះ ដូល្លី (ឈ្មោះពិតដូរ៉ូស៊ី)។ នាងនិងវីល្លាម ឧស្សាហ៍ចូលរួមកម្មវិធីថ្វាយបង្គំ របស់ក្រុមប្រឆាំងជាមួយគ្នា។ ដូល្លីឧស្សាហ៍ទៅលេងផ្ទះអូលដ៍ផងដែរ ព្រោះបងស្រីនាង បានរៀបការជាមួយ ថូម៉ាស អូលដ៍ ចៅហ្វាយថ្មីរបស់វីល្លាម។ ទោះដូល្លី អាយុបងវីល្លាម ដល់ទៅ៦ឆ្នាំ តែនាងអឹមអៀន មិនសូវមាត់កឡើយ។ វីល្លាមវិញ រឿងអីក៏ដឹងដែរ។ មិនយូរ ទាំង២នាក់ក៏"ចេញក្រៅជាមួយគ្នា" (ជាពាក្យដែលមានន័យថាទាក់ទងគ្នា ឬស្រឡាញ់គ្នា នៅសម័យនោះ) ហើយនៅខែមិថុនា ឆ្នាំ១៧៨១ ក្រោយវីល្លាមរើទៅហាក្លេថុន មិនទាន់គ្រប់២ឆ្នាំផង ពួកគេក៏រៀបការ។ វីល្លាមទើបអាយុ១៩ឆ្នាំ ហើយហាត់ការមិនទាន់ចប់ទៀត តើអាចចិញ្ចឹមប្រពន្ធរស់ទេ?
ជាពិធីរៀបការតូច១។ ឃីធធី ប្អូនស្រីដូល្លី ធ្វើអ្នកកំដរ។ លុះដល់ពេលចុះហត្ថលេខា ដូល្លីនិងឃីធធី នាំគ្នាគូសសញ្ញាខ្វែង។ ពួកគេទាំង២ មិនដែលបានចូលរៀន មិនដែលមាននរណា បង្រៀនឱ្យចេះសរសេរទេ។ នេះជារឿង ដែលកើតឡើងជាទូទៅ សម្រាប់មនុស្សស្រី នៅសម័យនោះ។ វីល្លាមសន្យាថា នឹងបង្រៀនដូល្លី ឱ្យចេះអានចេះសរសេរ ក្រោយរៀបការរួច។
ដំបូង ជីវិតរៀការ ដំណើរការ ដោយរលូន។ ២នាក់ប្ដីប្រពន្ធ រស់ក្នុងតៀមតូច១ ហើយវីល្លាម ប្រើពេលទំនេរទាំងអស់ដែលខ្លួនមាន រៀបចំសួន២កន្លែង ១ទុកដាំបន្លែ ១ទុកដាំផ្កា ដែលគាត់ស្រឡាញ់ខ្លាំងណាស់។ បាន១ឆ្នាំ កូនស្រី ជាកូនដំបូងរបស់ពួកគេ ក៏កើតមក។ វីល្លាមដាក់ឈ្មោះថាអាណ តាមឈ្មោះជីដូនខ្លួន ដែលបានស្លាប់ តាំងពីគាត់នៅក្មេង។ ធ្វើស្បែកជើង បានប្រាក់តិចណាស់ តែពេលនេះ វីល្លាមមិនត្រឹមតែត្រូវផ្គត់ផ្គង់ប្រពន្ធទេ គឺមានទាំងកូនម្នាក់ទៀតផង។
ក្នុងអំឡុងឆ្នាំទី២ ដែលគាត់ទៅនៅហាក្លេថុន វីល្លាមបានក្លាយជាគ្រូអធិប្បាយក្រៅម៉ោង របស់ក្រុមប្រឆាំង ហើយតែងទៅថ្លែងបន្ទូល រៀងរាល់២អាទិត្យម្ដង នៅភូមិអឺលបាថុន ចម្ងាយ១៣គីឡូ ពីទីនោះ។ ច្បាស់ហើយ គាត់ទៅមកដោយដើរ។ មនុស្សក្នុងក្រុមជំនុំ ជាអ្នកចាក់កន្ទេល ដែលមានជីវភាពក្រីក្រ សូម្បីប្រាក់ទិញស្បែកជើងថ្មី១គូជូនគ្រូ ដើម្បីស៊កជំនួស ស្បែកជើងដែលសឹករហែក ដោយការដើរចុះឡើង មកបង្រៀនពួកគេនោះ ក៏គ្មានផង។
រាល់១ខែម្ដង វីល្លាមអធិប្បាយ នៅផូលែស្ពូរីផងដែរ។ ក្រោយអធិប្បាយចប់ វីល្លាមតែងឆៀងចូលផ្ទះឪពុកម្ដាយគាត់ ដើម្បីស្រស់ស្រូបអាហារថ្ងៃត្រង់។ ម្ដាយវីល្លាមមានមោទកភាព ពេលឮអ្នកជិតខាងប្រាប់គាត់ថា កូនគាត់ពូកែអធិប្បាយ។ តែគ្មានសមាជិកគ្រួសារណាម្នាក់ ហ៊ានទៅស្ដាប់គាត់ ដោយផ្ទាល់នោះឡើយ។ ជារឿងខុសច្បាប់ បើស្មៀនម្នាក់ នៃក្រុមជំនុំអង់គ្លេស ឬនរណាម្នាក់ក្នុងផ្ទះគាត់ លេចមុខលេចមាត់ ក្នុងកម្មវិធីរបស់ក្រុមប្រឆាំង។ ឪពុកវីល្លាមនឹងបាត់បង់ការងារ បើហ៊ានទៅចូលរួម ជាមួយពួកនោះ។
ឪពុកម្ដាយវីល្លាម មិនដែលបានដើរផ្លូវ១៥គីឡូ ទៅមើលវីល្លាម ដល់ផ្ទះថ្មីរបស់គាត់ នៅហាក្លេថុនទេ ដូច្នេះពួកគេ ពុំបានដឹងឡើយ ថាវីល្លាមនិងដូល្លី មានប្រាក់កាសស្ដួចស្ដើងប៉ុណ្ណា។ ពេលខ្លះ គ្រួសារវីល្លាមត្រូវហូបអំបុកស្រូបទឹក ជាប់ៗគ្នា ជាច្រើនថ្ងៃ។ ពេលអាណ កូនស្រីពួកគេ អាយុបាន១៨ខែ ហើយផ្ដើមចេះនិយាយតិចៗ កូននេះក៏ឈឺធ្ងន់។ វីល្លាមនិងដូល្លី ខំអស់ពីលទ្ធភាព ដើម្បីជួយកូន តែកន្លងបន្តិចមក កូនក៏ស្លាប់។ វីល្លាមក៏ធ្លាក់ខ្លួនឈឺខ្លាំង ដូចកូនស្រីខ្លួនដែរ ហើយគាត់ទៅចូលរួចបុណ្យសពរបស់អាណ ពុំរួចឡើយ។ ម្ដាយបានដឹង ហើយបានមកជួយគ្រួសារដ៏អភ័ព្វនេះ។
ពេល អេលីសាបិដ ឃែរី មកដល់ផ្ទះកូនប្រុសខ្លួន នាងស្លោកចិត្តណាស់ ពេលឃើញកន្លែងកន្លុក ដែលវីល្លាមនិងដូល្លីកំពុងរស់នៅនោះ។ អ៊ីចឹងហើយ ទើបកូននោះបានស្លាប់ ហើយវីល្លាមត្រូវធ្លាក់ខ្លួនឈឺជិតស្លាប់នោះ។ តៀមនោះទទឹកសើម ហើយសន្លឹកសៀវភៅវីល្លាម ឡើងទន់រយាក។ ក្នុងទូម្ហូប គ្មានម្ហូប នៅលើគ្រែ គ្មានកម្រាល គ្មានភួយគ្រប់គ្រប់គ្រាន់ ដើម្បីទ្រាប់ ឬរុំដេកឱ្យបានកក់ក្ដៅ នៅយប់ដែលធ្លាក់ព្រិលរងានោះទេ។
អ្នកស្រីឃែរី ខំដុសជូតជញ្ជាំងស្លែកាន់ ហើយស្ងោរស៊ុប១ឆ្នាំងធំ។ ពេលនាងកំពុងធ្វើការនោះ ដូល្លីឯណោះ អង្គុយធ្វើមុខទុយមុយ នៅចែងគ្រែវីល្លាម ដោយមិនជឿថាអ្វី ដែលកំពុងកើតនេះ ជារឿងពិតនោះឡើយ។ ក្នុងពេលតែ១អាទិត្យ តើនាងត្រូវបាត់បង់ ទាំងកូនស្រី ទាំងប្ដីឬ?
ដោយមានការមើលថែពិសេសពីម្ដាយ វីល្លាមក៏សះស្បើយឡើងវិញសន្សឹមៗ តែមិនទាន់សះស្បើយទាំងស្រុងទេ។ ក្នុង១ជីវិតគាត់ វីល្លាមឧស្សាហ៍ក្អក ផ្ដាសាយ និងឈឺទ្រូងណាស់ ពិសេសពេលអាកាសធាតុចុះត្រជាក់ និងមានសំណើម។ ជំងឺនេះ ធ្វើឱ្យវីល្លាម ជួបបញ្ហា១ទៀត។ នោះគឺ ពេលគាត់ងើបពីគ្រែមក ក្បាលគាត់ផ្នែកខាងលើ ទៅជាទំពែកទាំងអស់។ នៅសល់តែរោមប្រ៉ុយៗ និងសក់នៅជុំវិញត្រចៀកប៉ុណ្ណោះ។ គាត់បានរង់ចាំសក់ដុះវិញ អស់ជាច្រើនថ្ងៃ តែទីបញ្ចប់គាត់ក៏ចុះញ៉ម ហើយបញ្ជាទិញសក់ក្លែងក្លាយ ពីលោកវីលសុន អ្នកអូលនី ដែលជាជាងធ្វើសក់ និងអ្នកប្រឆាំងដូចគាត់ដែរ។ វីល្លាមទើបអាយុ២៣ឆ្នាំ វីល្លាមខ្មាសណាស់ ដែលត្រូវទំពែកក្បាលដូច្នោះ ជាពិសេសពេលទៅអធិប្បាយ នៅកន្លែងថ្មីថ្មោងម្ដងៗ។
ក្រោយឈឺលើកនោះមក វីល្លាមត្រូវទំពែកក្បាលនិងឈឺទ្រូង តែដូល្លីធ្ងន់ធ្ងរជាងនេះទៀត។ នាងមានអាការៈភាំងស្លន់ ដោយសារកូនស្រីស្លាប់ចោល។ ទោះមួយរយៈក្រោយមក ជួនកាលឃើញនាងចេញមក ជួយបោសជូតនិងដាំស្លពិតមែន តែបេះដូងនាងស្លាប់បាត់ហើយ។ កែវភ្នែកនាងលែងមានពន្លឺហើយ។
កន្លងមកជាច្រើនសប្ដាហ៍ ទើបវីល្លាមជា អាចចេញទៅធ្វើការ ពេញៗម៉ោងវិញរួច។ បើគាត់មិនធ្វើការ គ្រួសារគ្មានប្រាក់ទិញអាហារឡើយ។ ថូម ប្អូនប្រុសវីល្លាម តែងផ្ញើប្រាក់ ដែលខ្លួនរកបាន សន្សំបានតិចតួចនោះ មកជួយបង មិនដែលដាច់។ ប្រាក់នោះ ជួយវីល្លាមនិងដូល្លី មិនឱ្យដាច់ពោះស្លាប់។ ពេលអ្នកស្រីឃែរី ត្រឡប់ទៅផូលីស្ពែរីវិញ ហើយពន្យល់ស្ថានភាពពួកគេ ដល់មិត្តភ័ក្ដិនិងអ្នកជិតខាងនាង មនុស្សជាច្រើនបានរៃប្រាក់គ្នា ឱ្យវីល្លាម ជាប្រាក់មានចំនួនគ្រប់គ្រាន់ អាចឱ្យពួកគេ ទិញបានតៀមតូច១ នៅភីឌឌីងថុនបាន។ តៀមនេះនៅខ្ពស់ជាងតៀមមុន ហើយមិនសូវសើម មិនសូវទទឹកទេ។ ដូល្លីរីករាយចិត្ត ដែលបានរើមកផ្ទះថ្មី។ គ្រប់យ៉ាងនៅតៀមចាស់ ធ្វើឱ្យនាងនឹកឃើញតែកូនស្រីនាង ដែលពួកគេទើបបញ្ចុះថ្មីៗនោះ។ វីល្លាមសង្ឃឹមថា ផ្ទះថ្មីនេះ នឹងនាំមកនូវ ចំណាប់ផ្ដើមដ៏ថ្មីសន្លាង១ សម្រាប់រូបពួកគេទាំង២។ តែតាំងពីដូល្លីរើមក ដូល្លីនៅតែមិនអាចភ្លេច រូបភាពមរណភាពកូនស្រីបានឡើយ។ រូបភាពនោះ តាមអន្ទងញាំញីរនាង ទាំងថ្ងៃទាំងយប់។
ឱ្យតែមានពេល វីល្លាមតែងព្យាយាមរៀនភាសាក្រិចនិងភាសាឡាតាំង និងអានសៀវភៅជាច្រើនក្បាល។ គាត់ជួបប្រទះសៀវភៅ ដ៏មានប្រយោជន៍ជាពិសេស១ក្បាល មានចំណងជើងថា «មគ្គុទេសន៍សម្រាប់អ្នកធ្វើដំណើរទៅស៊ីយ៉ូនៈ តើគេអាចរើចេញ នូវរនាំងទទឹងផ្លូវ នៃបញ្ហាគោលលទ្ធិ បញ្ហាដកពិសោធ និងកិច្ចបដិបត្តិ នៅក្នុងគ្រិស្ដសាសនា ដោយវិធីណា?» (សម័យនោះ សៀវភៅចំណងជើងវែងៗ លក់ដាច់ណាស់!)។ ក្រោយវីល្លាមអានម្ដងហើយម្ដងទៀត គាត់ក៏ផ្ដើមជឿជាក់ថា គាត់ត្រូវទទួលពិធីជ្រមុជម្ដងទៀត ក្នុងឋានៈជាមនុស្សធំ។ កាលនៅជាទារក គាត់បានទទួលពិធីជ្រមុជម្ដងហើយ នៅក្រុមជំនុំវិសុទ្ធជនយ៉ាកុបមហាបុរស តែពេលនេះ គាត់ចង់បានពិធីជ្រមុជ ដែលកើតចេញពីជម្រើសផ្ទាល់ខ្លួន ពុំមែនឪពុកម្ដាយសម្រេចចិត្តជំនួស ដូចកាលមុននោះឡើយ។ នៅថ្ងៃ៥ ខែតុលា ឆ្នាំ១៧៨៣ វីល្លាមបានទទួលពិធីជ្រមុជ ក្នុងទន្លេណេន នៅណូសាមថុនសឺ។ គាត់បានទទួលពិធីជ្រមុជ ពីគ្រូគង្វាល ចន រ៉ាយលែនដ៍ នៅពេលព្រឹកព្រលឹម នារដូវរំហើយ ដ៏ស្រស់ប្រិមប្រិយ ហើយគាត់បានកត់ត្រាទុក ក្នុងកំណត់ហេតុគាត់ថា «ថ្ងៃេនះ ជនត្រាច់ចរ និងជាងស្បែកជើងក្រីក្រម្នាក់ បានទទួលពិធីជ្រមុជហើយ។» ចន រ៉ាលែនដ៍ ពុំបានដឹងសោះឡើយថា ម្នាក់ដែលគាត់បានធ្វើពិធីជ្រមុជឱ្យនោះ នឹងក្លាយជាសាសនទូត ល្បីល្បាញបំផុត១រូប ក្នុងប្រវត្តិសាស្ដ្រពិភពលោក។
៣ខែក្រោយពិធីជ្រមុជនោះ ថូម៉ាស អូលដ៍ ជាថៅកែនិងបងថ្លៃវីល្លាមស្លាប់ទៅ។ វីល្លាមត្រូវស្នងរបរធ្វើស្បែកជើងពីគាត់ ហើយត្រូវរ៉ាប់រងផ្គត់ផ្គង់អ្នកស្រីអូលដ៍ និងកូន៤នាក់របស់នាងផង។ វីល្លាមពុំបាច់ធ្វើដូច្នេះក៏បាន តែគាត់មានចិត្តល្អ ហើយឈឺឆ្អាលនឹងពួកគេ។ បើប្រៀបធៀប នឹងរឿងលំបាក ដែលគាត់បានឆ្លងកាត់ ក្នុងជីវិតកន្លងមក រឿងលំបាកលើកនេះ មានលក្ខណៈធ្ងន់ធ្ងរមែនទែន។ អង់គ្លេសបានបរាជ័យ ក្នុងសង្រ្គាមបដិវត្តន៍អាម៉េរិក ធ្វើឱ្យមនុស្សម្នាក់ៗនៅអង់គ្លេស ជួបវិបត្តិហិរញ្ញវត្ថុ។ វាមិនមែនជាពេលាល្អ ក្នុងការផ្ដើមបើកមុខរបររកស៊ីនោះឡើយ ពិសេសេសម្រាប់មនុស្សមានបទពិសោធធ្វើការតិចតួច ដូចយ៉ាងវីល្លាម។
តែវីល្លាមវ័យ២៣ឆ្នាំរូបនេះ ត្រូវរកប្រាក់ឱ្យបានគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់អ្នកស្រីអូលដ៍ កូនៗ៤នាក់របស់នាង និងដូល្លី ឱ្យខាងតែបាន។ បន្ថែមលើនេះ គាត់នៅខែខំប្រឹងរៀនព្រះគម្ពីរ និងអធិប្បាយ តាមក្រុមជំនុំនៃពួកប្រឆាំង ដែលកំពុងស្ថិតក្នុងស្ថានភាពផុតដៃផុតជើងដែរ។ ជាអម្រែកធ្ងន់១ ដែលមនុស្សក្មេងៗច្រើនតែរារែក មិនហ៊ានទទួលឡើយ តែវីល្លាមមិនដូច្នោះទេ។
រដូវរងា ឆ្នាំ១៧៨៤ ជារដូវរងា ដែលដែលត្រជាក់បំផុត ក្នុងប្រវត្តិកំណត់ត្រានៃអង់គ្លេស។ ព្រិលធ្លាក់គរក្រាស់ឃ្មឹក នៅលើផ្ទៃដី ពេញៗ១ថ្ងៃ អស់រយៈពេល៩សប្ដាហ៍។ ពេលយកស្បែកជើងធ្វើរួច ដើរបោះឱ្យម៉ូយម្ដងៗ វីល្លាមរងាស្ទើរស្លាប់។ តែនៅទីបញ្ចប់ ពុំមានគ្រោះភ័យអ្វីកើតឡើងទេ។ រដូវរងាឆ្នាំបន្ទាប់ មានសភាពគ្រាន់ជាងឆ្នាំមុនបន្ដិច។ វីល្លាមមិននៅស្ងៀមឡើយ។ គាត់ធ្វើការផង រៀនផង ផ្ដល់កម្លាំងចិត្តដល់ដូល្លីផង តែគាត់ពុំដឹងថា គ្រប់យ៉ាងនឹងប្រសើរឡើងវិញ ឬយ៉ាងណានោះទេ។
ទីបញ្ចប់ នៅឆ្នាំ១៧៨៥ ក្រោយ ថូម៉ាស អូលដ៍ ស្លាប់ជិត១ឆ្នាំ ស្ថានភាពវីល្លាម ក៏ផ្ដើមប្ដូរ។ បងស្រីថ្លៃរបស់វីល្លាម រៀបការម្ដងទៀត ដូច្នេះវីល្លាម ពុំចាំបាច់មើលថែនាង និងកូនៗនាងទៀតឡើយ។ បន្ទាប់មក ក្រុមជំនុំបាប់ទីស្ដតូច១ នៅមុលថុន ចម្ងាយ១៤គីឡូពីទីនោះ បានអញ្ជើញវីល្លាម ឱ្យទៅធ្វើជាគ្រូអធិប្បាយរបស់ពួកគេ។ ក្រុមជំនុំគ្មានអ្វីច្រើនជូនដល់វីល្លាមទេ ពួកគេជូនគាត់ បានត្រឹមប្រាក់ខែ១៥ផោនដ៍ ក្នុង១ឆ្នាំ និងផ្ទះប្រជុំទ្រុឌទ្រោម១ខ្នងប៉ុណ្ណោះ។ បើគិតពីផ្នែកលុយកាក់ របរធ្វើស្បែកជើង រកបានច្រើនជាងនេះ តែព្រឹត្តិការណ៍ផ្លាស់ប្ដូរវិជ្ជាជីវៈនេះ បានជួយឱ្យវីល្លាមបោះជំហាន ទៅកាន់ទិសដៅ ដែលវីល្លាមចង់បាន។ ក្រៅពីនេះ ឥឡូវ វីល្លាមនឹងមានពេលរៀនព្រះគម្ពីរ និងភាសាដែលខ្លួនចង់រៀន ដោយគ្មានកត្តាបន្ទច់បង្អាក់ទៀតឡើយ។
ជាគ្រូគង្វាលថ្មីថ្មោង វីល្លាមមានចិត្តឆេះឆួល ក្នុងការសង់ឡើងវិញនូវក្រុមជំនុំ ដែលខូតខាត ស្ទើរគ្មានសល់អ្វី ក្នុងអំឡុងពេល១០ឆ្នាំ តាំងពីគ្រូគង្វាលមុន បានចាកចេញទៅនោះ។ ហើយដោយសារគ្រូបង្រៀនចាស់ ចាកចេញពីមុលថុនទៅហើយ វីល្លាមក៏មានឱកាស ទៅបង្រៀននៅសាលា រកប្រាក់ចំនូលបន្ថែម ឱ្យគ្រួសារទៀតផង។
វីល្លាមរីករាយបង្រៀនក្មេងៗទាំងនោះ តែគាត់ក៏សង្កេតឃើញថា ធ្វើនាយកសាលា មិនមែនរឿងងាយទេ។ គាត់ស្លូតពេក។ ជួនកាលកូនសិស្សលួចចម្លង គាត់ពុំដាក់ពិន័យហើយ ញញឹមដាក់ពួកគេទៀត។
វីល្លាមចូលចិត្តបង្រៀនមុខវិជ្ជាភូមិវិទ្យា ហើយវីល្លាមបានព្យាយាមទាញចំណាប់អារម្មណ៍ពួកគេ ឱ្យខំស្វែងយល់ ហួសពីភូមិសាស្ដ្រប្រទេសអង់គ្លេសទៅទៀត។ នេះជារឿងពិបាក ព្រោះគ្មានកូនសិស្សណាម្នាក់ ធ្លាប់ទៅឆ្ងាយ ហួស១ជិះរទេះនោះឡើយ។ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពួកគេ វីល្លាមគូរផែនទីពិភពលោកធំ១ផ្ទាំង។ គាត់យកក្រដាសច្រើនសន្លឹកបិទបញ្ចូលគ្នា រួចចាប់ផ្ដើមគូសវាស និងផ្ដិតចម្លងរូបភាពទ្វីបនីមួយៗ នៅលើពិភពលោក ដាក់លើក្រដាសនោះ។ គាត់បានប្រើសៀវភៅ១ក្បាល ជាជំនួយ គឺសៀវភៅដែលសរសេរ អំពីរបកគំហើញរបស់ចេមស៍ ឃុក។ ឃុកត្រូវបានសម្លាប់ ដោយជនជាតិដើម នៅកោះស៊ែនឌ្វីចអាយលែនដ៍ (សព្វថ្ងៃហៅហាវ៉ាយ) កាលពី៦ឆ្នាំមុន។ តែមុននោះ គាត់បានធ្វើដំណើររុករក ចំនួន៣លើក នៅមហាមុទ្រប៉ាស៊ីហ្វ៊ិក។ តាមរយៈដំណើររុករកទាំងនោះ គាត់បានគូរផែនទី អំពីកោះនិងឆ្នេររកឃើញថ្មីៗ ចាប់ពីតំបន់អង់តាក់ទិក ដល់តំបន់អាឡាស្កា។
ក្បែររូបទ្វីបនិងកោះ លើផែនទីខ្លួននោះ វីល្លាមសរសេរព័ត៌មាន ដែលមនុស្សដឹងពីកន្លែងទាំងនោះ នៅសម័យនោះ។ នៅជិតដែនដី ដែលយើងសព្វថ្ងៃហៅថាអូស្ដ្រាលីនោះ គាត់សរសេរថា «ហូឡង់ដ៍ថ្មី ជនក្រៅសាសនា ១២ ០០០ ០០០ នាក់»។ ជិតកោះអ៊ីស្ដឺរអាយលែនដ៍ គាត់សរសេរថា «សម្បូរចោរ។ រូបចម្លាក់ធំៗ។ គ្មានព្រៃ។ មានចេកប្លង់តង់ ដំឡូងជ្វា ដំឡូងបារាំង អំពៅ»។ ជិតចិន គាត់សរសេរថា «ជនជាតិចិនមាឌមិនធំមិនតូច មុខក្រអាញ។ ភ្នែកខ្មៅតូច ច្រមុះទាល ឆ្អឹងថ្ពាល់ខ្ពស់ បបូរមាត់ធំ។ ចៅអធិរាជនិងមហេសីស្លៀកលឿង។ មន្ដ្រីខ្លះស្លៀកខ្មៅ ខ្លះស្លៀកក្រហម។ ប្រជាជនសាមញ្ញស្លៀកខៀវ។ ពេលកាន់ទុក ស្លៀកស។» ជិតឥណ្ឌា គាត់សរសេរថា «ឥណ្ឌូស្ថាន។ ប្រជាជន ១១០ ០០០ ០០០ នាក់ ខ្លះកាន់លទ្ធិមោហាម័ទ ខ្លះជាជនក្រៅសាសនា ខ្លះកាន់លទ្ធិព្រាហ្មណ៍និយម ខ្លះកាន់លទ្ធិស៊ីទ្រី ខ្លះកាន់លទ្ធិបេអ៊ី ខ្លះកាន់លទ្ធិស៊ូបដេរ។ មានស្រូវ ទទឹម ក្រូច ។ល។ មានឫសពោធិ ដំឡុងជ្វា ឆៃថាវ។ ជនជាតិឥណ្ឌា ៨ ០០០ ០០០ នាក់ជាជនក្រៅសាសនា តឹងតែង ឃោរឃៅ ល្មោភសង្គ្រាម។»
ជាញឹកញាប់ វីល្លាម ឃែរី រំជួលចិត្ត នឹងមេរៀនភូមិវិទ្យាទាំងនោះ ជាងកូនសិស្សខ្លួនទៀតផង។ ជួនកាល ពេលកំពុងចង្អុល ទៅផែនទីនោះ គាត់ត្រូវឈប់ ដកដង្ហើមធំ១សិន មុននឹងបង្រៀនបន្ដ។ គាត់ចង់ចេញទៅ ចែកចាយសារដំណឹងល្អ នៅកាន់ពូជសាសន៍នានា នៅលើផែនទីនោះណាស់។ ទោះតួលេខលើផែនទីនោះ មិនសូវសុក្រឹតក្ដី តែវាបានធ្វើឱ្យវីល្លាម ដេកមិនលក់បក់មិនល្អើយ អស់ជាច្រើនយប់ ព្រោះចិត្តគាត់ចេះតែបន្ដស្រមើស្រមៃថា រស់នៅកន្លែង ដែលមនុស្សមិនដែលដឹងឮ ពីនាមព្រះយេស៊ូសោះ នឹងមានសភាពយ៉ាងម៉េចទៅហ្ន៎?។
មុខរបរជានាយកសាលារបស់វីល្លាម បន្ដមិនបានយូរទេ។ នាយកចាស់ ត្រឡប់មកមុលថុនវិញ ហើយក្នុងពេលតែ១យប់ កូនសិស្សវីល្លាមទាំងអស់ ក៏ទៅចូលរៀនសាលាដើមវិញ។ ការណ៍នេះ ធ្វើឱ្យវីល្លាម ពុំមានប្រាក់គ្រប់គ្រាន់ ដើម្បីចិញ្ចឹមដូល្លី និងហ្វេលីកស៍ ជាកូនទើបកើតថ្មីនោះឡើយ។ វីល្លាមក៏វិលទៅការងារ ដែលខ្លួនជំនាញបំផុតនោះវិញ — ធ្វើស្បែកជើង។ តែលើកនេះ គាត់មិនមែនបើកធ្វើ ដោយខ្លួនឯងទេ។ គាត់បានចុះកិច្ចសន្យា ធ្វើការឱ្យលោកកូច ជាជាងធ្វើស្បែកជើងម្នាក់ ដែលផ្គត់ផ្គង់ស្បែកជើង ឱ្យកងរាជយោធិន និងកងរាជនាវិក។ នេះមានន័យថា ក្នុង១សប្ដាហ៍ វីល្លាមត្រូវធ្វើដំណើរវិលជុំ ចម្ងាយ១៧គីឡូ ទៅកាន់ខេថឺរីង ដើម្បីយកស្បែកជើងធ្វើហើយថ្មីៗ ទៅឱ្យហាង ហើយយកស្បែក ពីទីនោះមកវិញ ដើម្បីធ្វើស្បែកជើងថ្មីទៀត។ វីល្លាមទទួលបានប្រាក់ឈ្នួល៥ស៊ីល្លីង ក្នុង១សប្ដាហ៍ៗ ពីការងារនេះ។ ផ្សែផ្សំជាមួយប្រាក់ខែជាគ្រូគង្វាលបាប់ទីស្ដ នៅតែមិនចង់គ្រប់ សម្រាប់ទិញម្ហូបអាហារ ចិញ្ចឹមគ្រួសារផង។
រហូតមកដល់ពេលនេះ វីល្លាមមិនទាន់ក្លាយជាគ្រូគង្វាលបាប់ទីស្ដពេញសិទ្ធិ (ផ្លូវការ) នៅឡើយទេ។ ក្រុមជំនុំទទូចឱ្យគាត់ ក្លាយជាគ្រូគង្វាលផ្លូវការ។ ក្រោយឆ្លងកាត់ការប្រឡង និងអធិប្បាយ នៅពីមុខគ្រូគង្វាលបាប់ទីស្ដសំខាន់ៗ នៅសម័យនោះ ជាច្រើនលើកច្រើនសា វីល្លាម ឃែរី ក៏ក្លាយជាគ្រូគង្វាលបាប់ទីស្ដពេញសិទ្ធិ នៅថ្ងៃទី៣ ខែមិនា ឆ្នាំ១៧៨៧។ ពេលនោះ គាត់អាយុ២៦ឆ្នាំ។
គ្រូគង្វាល៣រូប ដែលរៀបចំពិធីបំពេញសិទ្ធិនោះ គឺចន ស៊ូតគ្លីហ្វ, ចន រ៉ាយលែនដ៍ (ជាអ្នកដែលធ្វើពិធីជ្រមុជឱ្យគាត់), និងអានឌ្រូ ហ៊្វូលល័រ។ ជាលើលទី១ហើយ ដែលពួកគេទាំង៣ បានជួបគ្នា តែនោះមិនមែនជាលើកចុងក្រោយនោះទេ។ ទាំង៤រូប មានឧបនិស្ស័យ ត្រូវទាក់ទងគ្នា ពេញ១ជីវិតតែម្ដង។
គុណប្រយោជន៍ នៃការក្លាយជាគ្រូគង្វាលពេញសិទ្ធិ គឺពេលនេះ វីល្លាមអាចចូលរួច កិច្ចប្រជុំបងប្អូនគ្រូគង្វាល នៅសមាគមណូសាមថុនបាន ជាកិច្ចប្រជុំ ដែលនឹងផ្ដល់ដល់គាត់ នូវឱកាសបានឮបានស្ដាប់ ពីគ្រូគង្វាលដែលមានវ័យចំណាស់ និងមានចំណេះដឹងច្រើនជាង។ ពេលចូលរួមប្រជុំដំបូងៗ វីល្លាមអៀន មិនហ៊ាននិយាយឡើយ តែគាត់ទ្រាំ មិនបានយូរឡើយ ព្រោះកិច្ចពិភាគ្សានោះ រស់រវើកពេក! យ៉ាងណាមិញ មិនយូរប៉ុន្មាន គាត់ក៏សង្កេតឃើញថា គ្រូគង្វាលច្រើនរូប នៅទីនោះ មានទស្សនៈ ខុសពីគាត់ឆ្ងាយណាស់ ហើយមិនចង់ ឱ្យមានគ្រូគង្វាយក្មេងខ្ចីថ្មីថ្មោង មកផ្ចាញ់ផ្ចាលពួកគេនោះឡើយ។