ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
១.ទស្សនៈទានទូទៅអំពីគណនេយ្យ
១.១.១ និយមន័យគណនេយ្យ ( Accounting Definition )
គណនេយ្យ គឺជាប្រព័ន្ធពត៌មានដែលរាយការណ៍គ្រប់សកម្មភាពសេដ្ឋកិច្ច និងស្ថានភាពហិរញ្ញវត្ថុរបស់អង្គភាពអាជីវកម្មមួយឬរបស់អង្គភាពផ្សេងៗទៀត ។
គណនេយ្យ គឺជាដំណើរការនៃការកំណត់ ( Identification ), ការវាស់វែង ( Measurement ), ការកត់ត្រា( Recording ), ការបញ្ជូន ( Communicating ) និងការបកស្រាយ ( Interpreting ) នូវប្រតិបត្តិការណ៍សេដ្ឋកិច្ចរបស់អង្គភាព អាជីវកម្មមួយនូវក្នុងកំឡុងពេលវេលាមួយដ៏ជាក់លាក់ ។ រាល់ពត៌មានគណនេយ្យទាំងអស់ (ប្រតិបត្តិការណ៍) ត្រូវពិពណ៌នាអំពីសាច់ប្រាក់ ។
១.១.២ គោលបំណងរបស់គណនេយ្យ ( Purpose of Accounting )
គោលបំណងរបស់គណនេយ្យ គឺផ្ដល់នូវពត៌មានដែលមានប្រយោជន៍ទៅ ដល់មនុស្សទាំងអស់ដែលមានបំណងក្នុងការវិនិយោគ និងការសំរេចចិត្តផ្សេងៗទៀត ។ គោលបំណងគណនេយ្យក៏បានផ្ដល់នូវពត៌មានហិរញ្ញវត្ថុទៅដល់អង្គភាព អាជីវកម្មមួយដើម្បីជួយពូកគេនូវក្នុងការធ្វើផែនការនិងការត្រួតពិនិត្យសកម្មភាព ផ្សេងៗរបស់អង្គភាព។ អ្នកដែលប្រើប្រាស់ពត៌មានគណនេយ្យនោះរួមមានដូចជាៈ
១.១.៣ គុណប្រយោជន៍របស់គណនេយ្យ ( Advantages of Accounting )
គណនេយ្យ ( Accounting ) គឺជាផ្នែកមួយដ៏សំខាន់ និងបានផ្ដល់នៅអត្ថ ប្រយោជន៍យ៉ាងខ្លាំងនៅក្នុងការចាត់ចែងការគ្រប់គ្រងអាជីវកម្ម ពីព្រោះ ៖
១.១.៤ ប្រព័ន្ធគណនេយ្យ ( Accounting System )
ប្រព័ន្ធគណនេយ្យ គឺជាប្រព័ន្ធមួយដែលគេប្រើប្រាស់សំរាប់មកការធ្វើការ បកស្រាយ ការវិភាគ (Analyze) ការត់ត្រា
(Recording) ការវាស់វេង (Measure) ការចាត់ចំណាត់ថ្នាក់ (Classifying) ការសរុប (Summarizing) អំពីទំនាក់ទំនង ពត៌មានដែលមាន អត្ថប្រយោជន៍ដល់អ្នកវិនិយោគ ( Principles of Accounting I. 2012, P1& P2) ។
២. ប្រភេទគណនេយ្យ ( Type of Accounting )
គណនេយ្យគេបែងចែកជាបីប្រភេទគឺៈ គណនេយ្យហិរញ្ញវត្ថុ គណនេយ្យគ្រប់គ្រង និង គណនេយ្យពន្ធដារ។
២.១. គណនេយ្យហិរញ្ញវត្ថុ ( Financial Accounting )
គណនេយ្យហិរញ្ញវត្ថុ គឺជាការផ្ដោតការយកចិត្តទុកដាក់ទៅលើការរាយ ការណ៍ពីសកម្មភាពអាជីវកម្មទៅកាន់អ្នកខាងក្រៅ ឬអ្នកដែលពុំបានចូលរួមដោយ ផ្ទាល់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់អង្គភាពអាជីវកម្ម។ របាយការណ៍នេះជាទូទៅ គឺជារបាយការណ៍ហិរញ្ញវត្ថុ (Statement) ដែលរបាយការណ៍ទាំងរួមមាន ដូចជាៈ តារាងតុល្យការ ( Balance Sheet ), របាយការណ៍លទ្ធផល ( Income Statement ) ជាដើម ។
២.២. គណនេយ្យគ្រប់គ្រង ( Management Accounting )
គណនេយ្យគ្រប់គ្រង គឺត្រូវបានផ្ដោតសំខាន់ជាមួយនឹងការផ្តល់នូវពត៌មាន ជាសម្ងាត់សំរាប់អ្នកប្រើប្រាស់ខាងក្នុងក្រុមហ៊ុនដូចជា អ្នកគ្រប់គ្រងក្រុមហ៊ុន និង ប្រធានប្រតិបត្តិការរបស់ក្រុមហ៊ុនឬអ្នកគ្រប់គ្រងដទៃទៀត ។ គណនេយ្យគ្រប់គ្រង អាចផ្ទុយពីគណនេយ្យហិរញ្ញវត្ថុ ពីព្រោះវាបានផ្ដល់ពត៌មានទៅដល់ម្ចាស់បំណុល និងអ្នកប្រើប្រាស់ខាងក្រៅផ្សេងទៀត ។
គណនេយ្យគ្រប់គ្រង វាបានផ្ដល់នូវពត៌មានដល់អ្នកសំរេចចិត្តខាងក្នុងក្រុម ហ៊ុនក្នុងការសំរេចគោលដៅប្រាក់ចំណេញរបស់អង្គភាព ដូចជាពត៌មានអំពីការធ្វើ ហិរញ្ញប្បទានវិនិយោគនិងសកម្មភាពប្រតិបត្តិការផ្សេងៗ ។
២.៣. គណនេយ្យពន្ធដារ (Tax Accounting )
គណនេយ្យពន្ធដារ គឺជាដំណើការនៃការរៀបចំនូវចំណូលត្រឡប់ពីការ បង់ពន្ធដោយផ្អែកទៅលើមូលដ្ឋានពត៌មានគណនេយ្យហិរញ្ញវត្ថុ ។ ជាទូទៅគណ នេយ្យពន្ធដារ គឺផ្ដោតសំខាន់លើបញ្ហាបង់ពន្ធ រួមទាំងការដាក់លិខិតប្រកាសពន្ធ និងការធ្វើផែនការសំរាប់ទទួលខុសត្រូវពន្ធដារនាពេលអនាគត ។ បើទោះជាយ៉ាង ណាក៏ដោយពត៌មានគណនេយ្យទាំងនោះគឺ ត្រូវបានគេធ្វើការកត់ត្រា និងធ្វើជារបាយការណ៍អំពីចំណូលសំរាប់បង់ពន្ធ ។
៣. ទស្សនៈទានទូទៅនៃរបាយការណ៍ហិរញ្ញវត្ថុ
៣.១ និយមន័យរបាយការណ៍ហិរញ្ញវត្ថុ (Definition of Financial Statement)
របាយការណ៍ហិរញ្ញវត្ថុ គឺជារបាយការណ៍ផលសម្រេចមួយនៃដំណើការ គណនេយ្យដែលគេរៀបចំឡើងនៅចុងការិយបរិច្ឆេទ ។ របាយការណ៍ហិរញ្ញវត្ថុគឺ រាយការណ៍រាល់សកម្មភាព ដែលទាក់ទងទៅនឹងការប្រើប្រាស់ពត៌មានហិរញ្ញវត្ថុ ហើយវាក៏បង្ហាញពីលទ្ធផលមួយ ដែលក្រុមហ៊ុនសំរេចបាននូវក្នុងពេលវេលាជាក់ លាក់ណាមួយ ។ វាក៏ជាមធ្យោបាយមួយនៃការបញ្ជូននូវរូបភាពពិតនៃ ចំណេញ-ខាត និង ស្ថានភាពហិរញ្ញវត្ថុទៅអ្នកចាត់ចែងនិងអ្នកខាងក្រៅដែលមានចំណាប់ អារម្មណ៍ ។ គេប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ ដើម្បីបង្ហាញពីគោលបំណង និង ដំណើការផ្សេងៗដែលកើតមានឡើងនូវក្នុងអង្គភាពហើយវា គឺជាឧបករណ៍មួយសំរាប់វាស់វែង និង វាយតំលៃលើដំណើរការនៃស្ថានភាពហិរញ្ញវត្ថុរបស់អង្គភាព សំរាប់ធ្វើការព្យាករណ៍ និង ការធ្វើផែនការយុទ្ធសាស្រ្តរបស់អង្គភាពសំរាប់ពេល អនាគត ។
៣.២ គោលបំណងរបាយការណ៍ហិរញ្ញវត្ថុ ( The Purpose of Financial Statement )
គោលបំណងនៃរបាយការណ៍ហិរញ្ញវត្ថុ គឺផ្ដល់ពត៌មានអំពីស្ថានភាពហិរញ្ញវត្ថុ, ការប្រើប្រាស់ពត៌មាន និងការប្រែប្រួលនូវស្ថានភាពហិរញ្ញវត្ថុរបស់អង្គភាព មួយដែលមានប្រយោជន៍សំរាប់អ្នកប្រើប្រាស់ទូទៅ ក្នុងការធ្វើការសម្រេចចិត្តផ្នែកសេដ្ឋកិច្ច ។ របាយការណ៍ហិរញ្ញវត្ថុនេះក៏បង្ហាញអំពី លទ្ធផលនៃការគ្រប់គ្រងធនធានរបស់អង្គភាពនូវក្នុងការរិយបរិច្ឆេទមួយផងដែរ ពោលគឺផ្ដល់ពត៌មានហិរញ្ញវត្ថុ ដែលមានប្រយោជន៍ដល់អ្នកវិនិយោគ និង ការរកភាពមិនច្បាស់លាស់នៃចលនាសាច់ប្រាក់ និងទង្វើផ្សេងៗរបស់អ្នកគ្រប់គ្រង ។ ដើម្បីសំរេចបាននូវគោលបំណងទាំងនេះរបាយការណ៍ហិរញ្ញវត្ថុ គឺត្រូវផ្ដល់នូវពត៌មានអំពីអង្គភាពដូចជាៈ
៣.៣ សារៈសំខាន់នៃរបាយការណ៍ហិរញ្ញវត្ថុ (Important Of Financial Statement)
របាយការណ៍ហិរញ្ញវត្ថុ គឺមានសារៈសំខាន់ខ្លាំងណាស់សំរាប់អ្នកវិនិយោគ ម្ចាស់បំណុល និង អ្នកប្រើប្រាស់ផ្សេងៗទៀតពីព្រោះរបាយការណ៍ទាំងនោះវាផ្ដល់ ពត៌មានដែលអ្នកចង់ដឹង ថាតើមានសាច់ប្រាក់ប៉ុន្មាន ? ហើយត្រូវទទួលសាច់ប្រាក់ទាំងនោះទទួលបានមកពីប្រភពណាខ្លះ ហើយទទួលបានវានៅពេលណា ?
នូវក្នុងការវិភាគហិរញ្ញវត្ថុ វាអាចជួយយើងក្នុងការ ៖
៣.៤ អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ ( Users Of Financial Statement)
របាយការណ៍ហិរញ្ញវត្ថុ គឺមានសារៈសំខាន់ជាច្រើនក្នុងការផ្ដល់នូវពត៌មាន សំរាប់អ្នកប្រើប្រាស់និងគ្រប់គ្រងក្នុងការធ្វើការសំរេចចិត្ត ។ ហើយគ្រប់អាជីវកម្ម ទាំងអស់តែងតែរក្សាទុកនៅការកត់ត្រាគណនេយ្យ ឬឯកសារផ្សេងៗដើម្បីធ្វើជា ជំនួយដល់ការធ្វើសេចក្ដីសំរេចចិត្តរបស់ពួកគេ ។ អ្នកដែលប្រើប្រាស់របាយការណ៍ ហិរញ្ញវត្ថុរួមមាន ៖
អ្នកគ្រប់គ្រងប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ សំរាប់គ្រប់គ្រងលើកិច្ចការ ប្រតិបត្តិការរបស់ក្រុមហ៊ុនដោយធ្វើការវាយតំលៃលទ្ធផលហិរញ្ញវត្ថុ ដើម្បីឆ្ពោះទៅរកគោលដៅអនាគត និងការសំរេចចិត្តសំខាន់ៗក្នុងសកម្មភាពអាជីវកម្ម ។
ភាគទុននិកប្រើប្រាស់របាយការហិរញ្ញវត្ថុ ដើម្បីវាយតំលៃហានិភ័យនិងការ ទទួលបាននូវការវិនិយោគក្នុងក្រុមហ៊ុនរបស់ពួកគេ និងធ្វើការសំរេចចិត្តវិនិយោគ ដោយផ្អែកលើការវិភាគ ។
អ្នកវិនិយោគិនប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ គឺដើម្បីវាយតំលៃអំពីលទ្ធភាពជោគជ័យនៃការវិនិយោគក្នុងក្រុមហ៊ុន ។ ហើយអ្នកវិនិយោគិនក៏អាចទស្សន៍ទាយអំពីភាគលាភអនាគត ដោយផ្អែកលើប្រាក់ចំណេញ ដែលបានបង្ហាញនូវក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។ លើសពីនេះទៅទៀតរបាយការណ៍ហិរញ្ញវត្ថុបានផ្សាភ្ជាប់ជាមួយនឹងកំរិតហានិភ័យនៃការវិនិយោគ ដែលអាចទទួលបានមកពីរបាយការណ៍ហិរញ្ញវត្ថុនេះ ។ (ហេតុដូច្នេះមានន័យថា ប្រសិនបើប្រាក់ចំណេញធ្លាក់ចុះបង្ហាញថាហានិភ័យខ្ពស់ តែប្រសិនបើប្រាក់ចំណេញកើនឡើងនោះហានិភ័យទាប) ។ ដូច្នេះរបាយការណ៍ហិរញ្ញវត្ថុបានផ្ដល់នៅមូលដ្ឋានមួយសំរាប់ការសំរេចិត្តការវិនិយោគ របស់វិនិយោគិនសក្ដានុពល។
ស្ថាប័នហិរញ្ញវត្ថុប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ គឺដើម្បីធ្វើការវាយតំលៃ ថាតើគួរផ្ដល់ប្រាក់កម្ចីឬឥណទានអោយអាជីវកម្មមួយនោះដែរឬទេ ? ពីព្រោះមុន នឹងផ្ដល់កម្ចីធនាគារត្រូវប្រមើលមើលលទ្ធភាពហិរញ្ញវត្ថុរបស់អ្នកខ្ចី ដើម្បីប្រឈម មុខនឹងការសងត្រឡប់មកវិញ ។ ការវាយតំលៃនោះរួមមាន ការធ្វើរបាយការណ៍ហិរញ្ញវត្ថុរបស់អ្នកខ្ចី និងការព្យករណ៍ពីប្រតិបត្តិការនាពេលអនាគតរបស់អ្នកខ្ចី ។
អាជ្ញាធរពន្ធដារ គឺប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុក្នុងគោលបំណងដើម្បីកំណត់នូវមូលដ្ឋានគិតពន្ធ ។ ពន្ធលើប្រាក់ចំណេញ គឺផ្អែកលើតួរលេខជាក់ស្ដែង ដែលកើតឡើងនៅក្នុងពត៌មានគណនេយ្យដែលបានបង្ហាញ ។
អ្នកផ្គត់ផ្គង់ គឺប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុក្នុងគោលបំណងដើម្បីវាយ តំលៃពីភាពសាកសមនៃបំណុលរបស់អាជីវកម្ម ហើយកំណត់សំគាល់មើលថាតើ គួរផ្គត់ផ្គង់ទំនិញជំពាក់ឬអត់? អ្នកផ្គត់ផ្គង់ចំបាច់ត្រូវដឹងអោយបានច្បាស់ ប្រសិនបើគេនឹងសងត្រឡប់មកវិញ ។
អតិថិជន គឺប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុដើម្បីវាយតំលៃថាតើ ក្រុមហ៊ុនផ្គត់ផ្គង់មានធនធាន ដើម្បីធានាអោយបាននូវស្ថិរភាពនៃការផ្គត់ផ្គង់ទំនិញសម្រាប់នាពេលអនាគត ។ នេះគឺជាចំនុចមួយដ៏សំខាន់ដែលអតិថិជនពឹងផ្អែកលើក្រុមហ៊ុនផ្គត់ផ្គង់សម្រាបជាសមាសភាគឯកទេសមួយ ។
និយោជិកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ សម្រាប់ធ្វើការវាយតំលៃពីប្រាក់ចំណេញរបស់ក្រុមហ៊ុន និងលទ្ធផលរបស់ខ្លួនលើប្រាក់ខែ និងសុវត្ថិភាពការងារ របស់ពួកគេនាពេលអនាគត ។
គូប្រកួតប្រជែង គឺប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុក្នុងការប្រៀបធៀបជាមួយក្រុមហ៊ុនដែលជាគូប្រជែង តាមរយៈការរៀននិងអភិវឌ្ឍន៍យុទ្ធសាស្រ្ដ ដើម្បីកែលម្អរការប្រកួតប្រជែងរបស់ខ្លួន ។