Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

វីល្លាមអង្គុយគិត ទាំងចិត្តជ្រួលច្របល់ ក្នុងអំឡុងកិច្ចសន្ទនា នាពិធីប្រជុំ១ នៃសមាជិកបងប្អូនគ្រូគង្វាល។ គ្រូគង្វាលចំណាស់ម្នាក់ គឺលោកគ្រូគង្វាលរ៉ាយលែនដ៍​ធំ (ឪពុកចន រ៉ាយលែនដ៍​ មិត្តរបស់វីល្លាម) យល់ថា គ្រូគង្វាលក្មេងៗ ប្រហែលចង់សម្ដែងទស្សនៈ ទាក់ទងនឹងប្រធានបទ ដែលពួកគេកំពុងជជែកនោះ។ កែវភ្នែកគ្រប់ដួងហាក់សម្លឹង មកវីល្លាម វីល្លាមដែលដឹងថា ខ្លួនត្រូវនិយាយអ្វី តែមិនដឹងថា ត្រូវនិយាយដោយវិធីណា។ ប្រធានបទនោះមានខ្លឹមសារ ទាក់ទងបេសកកម្ម។ កាន់តែអានព្រះគម្ពីរ វីល្លាមកាន់តែជឿជាក់ថា ព្រះជាម្ចាស់ចង់ឱ្យគ្រិស្ដបរិស័ទ ចែកចាយដំណឹងល្អ ជាមួយអ្នកដទៃ រួមទាំងមនុស្ស នៅឯនាយសមុទ្រ នៅតាមដែនកោះ ដែលទើបរុករកឃើញផងដែរ។ នេះមានន័យថា ក្រុមជំនុំនៅអង់គ្លេស មានករណីយកិច្ច ចាត់បញ្ជូនបេសកជន​ (សាសនទូត) ទៅកាន់កន្លែងរកឃើញថ្មីថ្មោងទាំងនេះ។

កាលជំនាន់ឆ្នាំ១៧៨៧ មនុស្សម្នាមិននិយមទស្សនៈនេះឡើយ។ គ្រូគង្វាលភាគច្រើនយល់ថា ព្រះយេស៊ូបានប្រគល់ ការងារចែកចាយសារដំណឹងល្អ ដល់សិស្ស១២នាក់របស់ទ្រង់ លុះពេលពួកគេស្លាប់អស់ទៅ ការងារនោះ ក៏ចប់ត្រឹមនោះដែរ។​ ពេលនេះ ពុំចាំបាច់ឱ្យនរណាម្នាក់ ត្រូវចែកចាយជំនឿខ្លួន ជាពិសេសនៅតាមតំបន់ដែលគ្រោះថ្នាក់ ឬពុំស្គាល់នោះឡើយ។ គ្រិស្ដបរិស័ទជាច្រើននាក់ ថែមទាំងនិយាយថា បើព្រះជាម្ចាស់ ចង់ឱ្យមនុស្សក្រៅសាសនា នៅដែនដីបរទេស បានឮសារដំណឹងល្អដែរ ទ្រង់អាចប្រាប់ដល់ពួកគេ ដោយខ្លួនទ្រង់ផ្ទាល់ មិនចាំបាច់មានជំនួយ​ ពីមនុស្សលោកនោះទេ។ ព្រោះថា​ ទ្រង់ជាព្រះអ្វីក៏ខ្លាំង មិនចឹង?

"លោកគ្រូឃែរី ម៉េចហើយ​? គិតចេញហើយនៅ?" លោកគ្រូរ៉ាយលែនដ៍ធំ សួរមកវីល្លាម។

"បាទ ចេញហើយ" វីល្លាមនិយាយ ទាំងយកដៃចាប់តម្រង់សក់ និងចាត់គំនិតក្នុងចិត្ត ឱ្យត្រឹមត្រូវតាមលំដាប់ រួចហាមាត់និយាយ ដោយសំឡេងដាច់ៗថា "ខ្ញុំបាទយល់ឃើញថា ពេលព្រះយេស៊ូគ្រិស្ដ ផ្ដល់បញ្ជាដល់ពួកសិស្សទ្រង់ ឱ្យទៅប្រកាសដំណឹងល្អ ដល់ចុងផែនដី គឺទ្រង់មិនមែនសំដៅ លើតែពួកសិស្សទ្រង់ ដែលមានជីវិត នៅ​ពេលនោះនោះទេ តែចង់សំដៅលើអស់អ្នក ដែលជឿតាមទ្រង់ នៅសម័យក្រោយៗមកផងដែរ។" 

លោកគ្រូរ៉ាយលែនដ៍ធំ​ សម្លឹងមកវីល្លាម ដោយទឹកមុខខឹងសម្បា រួចគ្រហែម។ "នៅទីនេះ យើងបានក្មេងម្នាក់ ដែលគ្មានដឹងអ្វីសោះ​ ពីផែនការព្រះជាម្ចាស់ហើយតើ" គាត់និយាយ ក្នុងអាការៈម៉ឺងម៉ាត់។ "អង្គអ្វីក៏ខ្លាំង ពុំត្រូវមនុស្ស មកនិយាយជំនួសទ្រង់នោះទេ។ ទ្រង់នឹងបំភ្លឺចិត្តមនុស្សក្រៅសាសនា ដោយវិធីទ្រង់ផ្ទាល់ តាមពេលា ដែលទ្រង់យល់ថាសមស្រប។ យើងមិនអាចជ្រៀតជ្រែក ចូលក្នុងដំណើរការនេះបានទេ។" គាត់សម្លឹងមកវីល្លាម រួចឆ្កាដៃឆ្កាជើង និយាយដោយទឹកមុខមាំកាចថា "លោកគ្រូក្មេងអើយ លោកឯងចង់នេះ ចង់ខុសរឿងហើយ។" 

កិច្ចពិភាគ្សានោះ ក៏បិទបញ្ចប់ទៅ។ វីល្លាមអង្គុយស្ងៀម ហើយគិតពីអ្វី ដែលខ្លួនបាននិយាយអម្បាញ់មិញ។ តើគាត់ពិតជាចង់ខុសរឿង ហើយលូកលាន់ចូលរឿង ដែលខ្លួនមិនដឹងសោះមែនឬ? តើលោកគ្រូគង្វាលរ៉ាយលែនដ៍ធំ និយាយត្រូវមែនឬ? តើគាត់ត្រូវបោះបងចោល គោលបំណងចេញទៅចែកចាយសារដំណឹងល្អ ដល់មនុស្សក្រៅសាសនាមែនឬ? គាត់ត្រូវគិតពីរឿងនេះ ឱ្យបានជ្រៅជ្រះបន្ថែមទៀត។

មតិរបស់លោកគ្រូគង្វាលរ៉ាយលែនដ៍ធំ មានចេតនាបញ្ឈប់វីល្លាមមិនឱ្យគិត ពីមុខងាររបស់គ្រិស្ដបរិស័ទ ទាក់ទងនឹងកិច្ចការផ្សាយដំណឹងល្អ ទៅកាន់ពិភពលោក។ តែផ្ទុយទៅវិញ​ ការណ៍នោះបានជំរុញឱ្យគាត់ កាន់តែគិតថែមទៀត។ កាន់តែគិតដល់ទស្សនៈប្រទាញប្រទង់នោះ វីល្លាមកាន់តែខិតខំសិក្សាស្រាវជ្រាវ ដើម្បីស្វែងអ្វីត្រូវ អ្វីមិនខុស។ ហើយពេលគាត់សិក្សាស្រាវជ្រាវនោះ គាត់បានកត់ត្រាទិន្នន័យទុក យ៉ាងប្រយ័ត្នប្រយែង។ មិនយូរប៉ុន្មាន កំណត់ត្រាទាំងនោះ ក៏ក្លាយជាសារណា១ច្បាប់ ហើយបន្ទាប់មក បានក្លាយជាពង្រៀងសៀវភៅតែម្ដង។

មានរឿងមិនស្មានមិនដល់១ ដែលបានជួយឱ្យវីល្លាម ទទួលបានពេលវេលាបន្ថែមទៀត ដើម្បីព្រៀងសៀវភៅគាត់។ លោកកូច មនុស្សដែលវីល្លាម ចុះកិច្ចសន្យាធ្វើស្បែកជើងឱ្យនោះ ជាសមាជិកក្រុមជំនុំរបស់ អានឌ្រូ ហ៊្វូលល័រ នៅខេថឺរីង។ លោកគ្រូគង្វាលហ៊្វូលល័រ បានប្រាប់លោកកូចថា វីល្លាម ឃែរី នឹងក្លាយជាគ្រូគង្វាលល្អ១រូប។ លោកកូចក៏ចាប់ផ្ដើមគិតថា ជាងស្បែកជើង ដែលចុះកិច្ចសន្យា ធ្វើការឱ្យខ្លួននោះ កំពុងតែខ្ជះខ្ជាយទេពកោសល្យ​ហើយ ដូច្នេះគាត់ក៏សរសេរសំបុត្រ ទៅកាន់ វីល្លាម ឃែរី ថា៖

"ខ្ញុំមិនចង់ឱ្យលោកបង្ហិនពេល ជាមួយស្បែកជើងខ្ញុំទៀតទេ។ សូមលោករូតរះរៀនឡាតាំង ក្រិច និងហេប្រឺ ឱ្យបានលឿន អស់ពីលទ្ធភាពចុះ។ ខ្ញុំសូមជូនលោក នូវប្រាក់ចំនួន១០ស៊ីល្លីង ក្នុង​១​សប្ដាហ៍ ពីហោប៉ៅខ្ញុំផ្ទាល់ ទុកជាប្រាក់ឈ្នួល។" 

ដំណឹងជាទីរំភើប នៅក្នុងសំបុត្រនោះ កំពុងរង់ចាំគាត់ហើយ! លោកកូចនឹងបើកប្រាក់ឱ្យគាត់ ដូចពេលគាត់ធ្វើស្បែកជើងដែរ គ្រាន់តែឥឡូវ ប្រាក់នោះជាថ្លៃឈ្នួល ឱ្យគាត់ខំរៀន ដើម្បីបានក្លាយជាគ្រូគង្វាល កាន់តែល្អជាងមុន។ វីល្លាមបន្ដសរសេរនិងរៀន។ បន្ថែមពីលើឡាតាំងនិងក្រិច គាត់បង្រៀនខ្លួនឯង​ ឱ្យចេះភាសាហូឡងដ៍និងហេប្រឺទៀត។ គាត់រីករាយ រកអ្វីផ្ទឹមពុំបានឡើយ។

នៅផ្ទះឯណោះវិញ​ គ្រប់យ៉ាងក៏ដំណើរការទៅល្អដែរ។ ពេលនេះហ្វេលីកស៍ មានប្អូនប្រុសតូចៗ២នាក់ គឺវីល្លាមតូចនិងភីធ័រ ភីធ័រជាឈ្មោះដាក់តាមអ៊ំភីធ័រសំណព្វចិត្តរបស់វីល្លាម។ ជាទូទៅ ដូល្លីក៏មិនអីដែរ ទោះពេលខ្លះនៅតែអង្គុយ សម្លឹងជញ្ជាំងធ្មឹងៗក្ដី។ នាងងាយយំ ហើយពេលខ្លះភ្លេចមើលកូនៗទៀតផង។ វីល្លាមបារម្ភ​ ពីរឿងនេះ តែក៏មិនដឹងថា ត្រូវធ្វើដូចម្ដេចដែរ។ ម្ដាយវីល្លាមស្លាប់ទៅ នៅឆ្នាំ១៧៨៧ ១ឆ្នាំមុខវីល្លាមតូចកើតមក ហើយពេលនេះ គ្រាទាល់ច្រកម្ដងៗ វីល្លាមមិនដឹងថា ត្រូវទៅរកនរណា ឱ្យជួយទៀតទេ។

ទោះវីល្លាមមានពង្រៀងសៀវភៅ បត់បង្រួញស្រួលបួល ទុកក្នុងសំពៀតស្បែក ដាក់នៅក្រោមគ្រែដេកហើយក្ដី តែគាត់គ្មានប្រាក់ ដើម្បីយកវា ទៅបោះពុម្ពឡើយ។ ត្រូវការប្រាក់១០ផោនដ៍ ដែលស្មើ១ភាគ៧ នៃប្រាក់ខែគាត់ រយៈពេល១ឆ្នាំឯណោះ។ គាត់មិនអាចរំលែកប្រាក់ ដែលមានស្ដួចស្ដើងស្រាប់ ទៅធ្វើដូច្នោះបានទេ។ ម្យ៉ាងទៀត​ ក្រោយបោះពុម្ពហើយ គាត់ក៏មិនទាន់ច្បាស់ថា នឹងមានមនុស្សទិញសៀវភៅនោះ យកទៅអាននោះដែរ។ បើមនុស្សជាច្រើននាក់ គិតដូចលោកគ្រូរ៉ាយលែនដ៍ធំដែរ ក្រោយបោះពុម្ពហើយ វីល្លាមច្បាស់ជាឡុងចុងរត់ចោលស្រុកមិនខាន!

១៧៨៩ជាឆ្នាំ ដែលមានបម្លាស់ប្ដូរ១ទៀត សម្រាប់វីល្លាម នោះគឺគាត់ទទួលការអញ្ចើញ ឱ្យទៅធ្វើគ្រូគង្វាល នៅក្រុមជំនុំបាប់ទីស្ដ១​ នៅ​ឡាយសេស្ទ័រ ជាក្រុមជំនុំដែលមានទំហំធំជាងមុន តែមានសភាពរកាំរកូសបន្ដិច។ វីល្លាមយល់ព្រម ទៅធ្វើគ្រូគង្វាល តាមការអញ្ចើញនោះ ទោះគាត់ត្រូវរើទៅនៅផ្ទះតៀមដ៏តូចសែនតូចក្ដី។ កូនប្រុសតូចៗ៣នាក់ មាត់ចេចចាចៗ ហើយប្រពន្ធជិតសម្រាលកូនទី៤ទៀត ដូច្នេះហើយ តៀមថ្មីនោះ ពិតជាចង្អៀតខ្លាំងណាស់ តែពួកគេព្យាយាម អស់ពីលទ្ធភាព។ នៅក្រុមជំនុំថ្មីនោះ វីល្លាមទទួលប្រាក់ខែ បរិមាណដូចគ្នា នឹងកាលនៅមុលថុនដែរ។

ដោយក្នុងផ្ទះមានមនុស្សច្រើនទៅៗ ជាថ្មីម្ដងទៀត វីល្លាមត្រូវរកវិធី ដើម្បីរកប្រាក់បន្ថែម។ គាត់សម្រចចិត្ត បើកបង្រៀន ដូចមុនទៀត។ គាត់មិចង់ធ្វើដូច្នេះទេ តែពេលនោះ នៅឡាយសេស្ទ័រ គ្មានសាលារៀនទេ ហើយគាត់ជឿជាក់ថា នឹងអាចទាក់ទាញសិស្ស ឱ្យមកចូលរៀន តាមផែនការបាន។

ជាការពិតណាស់ បើកបង្រៀន នឹងធ្វើឱ្យវីល្លាម មមាញឹកជាងមុន។ គាត់បង្រៀន ពីម៉ោង៩ព្រឹក ដល់ម៉ោង៥ល្ងាច។ ដើម្បីកុំឱ្យធ្វើ១ចោល១ គាត់ក៏រៀបចំកាលវិភាគលម្អិត១ អំពីកិច្ចការនានា ដែលខ្លួនត្រូវធ្វើ នៅពេលយប់។ កាលវិភាគដែលគាត់ ត្រូវធ្វើតាមនោះ ចែងថាដូច្នេះ៖

យប់ថ្ងៃចន្ទ រៀនភាសាបរទេស និងបកប្រែឯកសារអ្វី១, យប់ថ្ងៃអង្គារ រៀនវិទ្យាសាស្ដ្រ​ ប្រវត្តិសាស្ដ្រ និងវិជ្ជាតែងនិពន្ធ, យប់ថ្ងៃពុធ អធិប្បាយនៅក្រុមជំនុំ, យប់ថ្ងៃព្រហស្បតិ៍ សួរសុខទុក្ខមិត្តភ័ក្ដិ និងសមាជិកក្រុមជំនុំ, យប់ថ្ងៃសុក្រ និងពេញ១ថ្ងៃសៅរ៍ រៀបចំបទអធិប្បាយ, ថ្ងៃអាទិត្យ អធិប្បាយ។

ក្រៅពីនេះ វីល្លាមនៅមានតួនាទី ជាលេខាគណៈកម្មការក្រុមប្រឆាំងថែមទៀត ជាទួនាតី ដែលតម្រូវឱ្យគាត់ ត្រូវទៅអធិប្បាយ តាមទីប្រជុំជនក្បែរខាង និងចូលរួមកិច្ចប្រជុំព័ន្ធកិច្ចគ្រូគង្វាល។ និយាយរួម វីល្លាមជាមនុស្សរវល់មែនទែន!

កូនបន្ទាប់ក្នុងត្រកូលឃែរី គឺកូនស្រី។ ពួកគេដាក់ឈ្មោះឱ្យថាលូស៊ី។ ជួនកាល ពេលលើកកូននេះមកឱប ពេលមើលទៅមុខកូននេះ វីល្លាមពិបាកចិត្តភ្លាម។ កូននេះធ្វើឱ្យគាត់នឹកឃើញដល់អាណ កូនស្រីដំបូង ដែលបានស្លាប់ទៅនោះ។ ជាអកុសក ពេលលូស៊ីអាយុបាន១៨ខែ លូស៊ីក៏ឈឺស្លាប់ទៀត។ វីល្លាមក្រៀមក្រំ នឹងមរណភាពកូនស្រីណាស់ ឯដូល្លី នាងកើតជំងឺធ្លាក់ទឹកចិត្ត កាន់តែធ្ងន់ធ្ងរថែមទៀត។ កន្លងទៅជាច្រើនសប្ដាហ៍ ទើបនាងចាប់ផ្ដើមខ្វល់ខ្វាយ ពីការងារផ្ទះសម្បែងឡើងវិញ។ ភ័ព្វល្អ ឃីធធី ប្អូនស្រីរបស់ដូល្លី បានមកជួយវីល្លាម មើលកូនតូចៗទាំងនោះ។

ទោះគ្រួសារជួនសោកនាដកម្មក្ដី ទោះរវល់ស្ទើរគ្មានពេលដកដង្ហើម នឹងកាលវិភាគប្រចាំថ្ងៃក្ដី វីល្លាមបន្ដចិញ្ចឹមចិត្ត ចង់ប្រាប់ដល់មនុស្ស នៅដែនដីបរទេស អំពីសារដំណឹងល្អជានិច្ច។ គាត់បន្ដកែសម្រួលពង្រៀងសៀវភៅ រហូតដល់ចប់រួចរាល់​១០០​ភាគរយ។ មានទាំងចំណងជើងទៀតផង គឺចំណងជើងថា "សំណើស្ដីពីករណីយកិច្ចនៃគ្រិស្ដបរិស័ទ ក្នុងការប្រើប្រាស់មធ្យោបាយផ្សេងៗ ដើម្បីកែប្រែជំនឿ នៃមនុស្សក្រៅសាសនា ក្នុងសាសនាចក្ររដ្ឋ នៃប្រជាជាតិនានា នៅលើពិភពលោក, ជោគជ័យនៃភារកិច្ចមុនៗ, និងបញ្ហាដែលត្រូវពិចារណា សម្រាប់ប្រតិបត្តិភារកិច្ចក្រោយៗទៀត"។ ទោះបីសម័យនោះ មនុស្សម្នានិយមចំណងជើងសៀវភៅវែងៗក្ដី តែចំណងជើងនេះ នៅតែវែងណាស់។ ពេលអត្ថបទដៃនោះ បោះពុម្ពចេញមកជាសៀវភៅ មនុស្សភាគច្រើន នាំគ្នាហៅថា "សំណើ" ប៉ុណ្ណោះ។

សៀវភៅនោះ មាន៥ជំពូក។ ជំពូក១ ពិភាគ្សាជុំវិញបញ្ហាដែលថា តើគ្រិស្ដបរិស័ទនៅអង់គ្លេស មានករណីយកិច្ច និងទំនួលខុសត្រូវ ប្រាប់មនុស្សនៅដែនដីដទៃ ពីដំណឹងល្អឬអត់? ជំពូក២ និយាយពីកិច្ចការបេសកកម្មទាំងអស់ ដែលបានប្រព្រឹត្តទៅ តាំងពីជំនាន់ព្រះយេស៊ូ។ ជំពូកនេះ តម្រូវឱ្យមានសម្រាវជ្រាវច្រើនណាស់ ហើយមានខ្លឹមសាររួមបញ្ចូល ទាំងប្រវត្តិសាស្ដ្រពិភពលោកផងដែរ។ ជំពូកទី៣ ជាសេចក្ដីពិពណ៌នា អំពីគ្រប់យ៉ាង ដែលប្រជាជនអង់គ្លេសដឹង​ អំពីពិភពលោក។ វីល្លាមបានចំណាយពេលជាច្រើនម៉ោង ក្នុងការប្រមែប្រមូលទិន្នន័យ រួចដាក់បញ្ចូលគ្នា ក្នុងតារាងចំនួន២៣ ដែលនិយាយពីប្រទេសផ្សេងៗ។ តារាងនីមួយៗ បង្ហាញពីឈ្មោះប្រទេស ឬដែនកោះ, បណ្ដោយនិងទទឹង,​ តួលេខប៉ាន់ប្រមាណនៃចំនួនប្រជាជន, ព្រមទាំងសាសនា ទំនៀមទម្លាប់ និងជំនឿ។ វីល្លាមបានចាប់ផ្ដើមមូលដ្ឋានសម្រាវជ្រាវនេះ តាំងពី៨ឆ្នាំមុន តាំងពីកាលគាត់កំពុងគូសផែនទីពិភពលោក ក្នុងថ្នាក់រៀន នៅមុលថុននោះម្ល៉េះ។ ក្រោយធ្វើការស្រាវជ្រាវចប់ វីល្លាមប្រហែលបានប្រែខ្លួនជាមនុស្សម្នាក់ ដែលស្គាល់ពីភូមិសាស្ដ្រពិភពលោក​ ច្បាស់​ជាងនរណាៗទាំងអស់ នៅអង់គ្លេស។ តាមពិតសៀវភៅនេះ ជាសៀវភៅឯកភាគ១ក្បាលគត់ ដែលផ្ទុកដោយទិន្នន័យ ស្ដីពីភូមិសាស្ដ្រ ប្រវត្តិសាស្ដ្រ និងសាសនា ច្រើនជាងសៀវភៅឯទៀត ដែលបោះពុម្ពកន្លងមក។

ជំពូក៤ ក្នុងសៀវភៅវីល្លាម និយាយពីវិធីសាស្ដ្រ ដែលគ្រិស្ដបរិស័ទអាចប្រើ ក្នុងកិច្ចការអធិប្បាយសារដំណឹងល្អ នៅដែនដីបរទេស។ មានសេចក្ដីពន្យល់ត្រួសៗ អំពីគ្រោះថ្នាក់ និងកត្តាលំបាកផ្សេងៗ ដែលបេសកជនអាចប្រឈមមុខ និងមានសេចក្ដីពន្យល់ អំពីវិធីល្អបំផុត ក្នុងការធ្វើដំណើរ ទៅទឹកដីបរទេស ព្រមទាំងវិធីរំដោះជីវិត ឱ្យរួចពីការកាប់សម្លាប់ ពីសំណាក់មនុស្សក្រៅសាសនា ពេលបេសកជន ដាក់ជើងជាន់ទឹកដីនោះផងដែរ។ មានសេចក្ដីពន្យល់ អំពីម្ហូបដែលហូបទៅមានសុុុវត្ថិភាព របៀបស្វែងរកទីស្នាក់អាស្រ័យ និងវិធីរៀនភាសាបរទេស ឱ្យឆាប់ចេះផងដែរ។ វីល្លាមអានសៀវភៅបន្ថែមច្រើនណាស់ ដើម្បីរៀបរៀងខ្លឹមសារក្នុងជំពូកនេះ ទោះខ្លួនគាត់ផ្ទាល់ មានបទពិសោធរៀនភាសាបរទេស ជាច្រើនហើយក្ដី។

ជំពូក៥ និងជាជំពូកចុងក្រោយ និយាយពីរបៀបរៃអង្គាសប្រាក់ សម្រាប់ឱ្យបេសកជន ទៅធ្វើការ នៅប្រទេសដៃ។ នៅសម័យនោះសៀវភៅ"សំណើ"នេះ ជាអត្ថបទស្រាវជ្រាវបែបគ្រិស្ដៀន ដែលមានទិន្នន័យស្រាវជ្រាវច្រើនបំផុត ហើយវីល្លាម​ពិតជាចង់ យកវាទៅបោះពុម្ពខ្លាំងណាស់។ តែបញ្ហាដែលចោទគឺ ដោយវិធីណា?

នៅឆ្នាំ១៧៩១ ភ្លាមៗក្រោយពីធ្វើលំនាំពង្រៀងចុងក្រោយរួច វីល្លាមបានទៅចូលរួម កិច្ចប្រជុំគ្រូគង្វាល នៅក្រុងបឺមីងហាំ ជាទីដែលមានមនុស្សណែនាំ ឱ្យគាត់ស្គាល់បុរសម្នាក់ឈ្មោះ ថូម ផូតស៍។ ថូមទើបមកពីអាម៉េរិក។ វីល្លាមចង់ដឹង ពីការធ្វើដំណើររបស់ថូមខ្លាំងណាស់។ វីល្លាមចាប់អារម្មណ៍ជាខ្លាំង ទៅលើពាក្យពេចន៍ពិពណ៌នារបស់ថូម អំពីសកម្មភាពទិញលក់ទាសករដ៏យង់ឃ្នង ដែលថូមបានឃើញ ពេលស្នាក់នៅអាម៉េរិក។ បាន១ស្របក់ ២នាក់នេះ ក៏ផ្ដើមជជែគ្នា គ្រប់រឿងតែម្ដង ហើយវីល្លាម បានផ្ដើមនិយាយ ពីតម្រូវការនៃការចាត់បញ្ជូនបេសកជន។

"លោកគួរសរសេរជាសៀវភៅតែម្ដង!" ថូម ផូតស៍ ឧទានឡើង ក្រោយបានឮវីល្លាម និយាយពីមូលហេតុ ដែលត្រូវចាត់បញ្ជូនបេសកជន ទៅកាន់ដែនដីបរទេស។ "គ្រិស្ដៀនគ្រប់រូប ត្រូវមានឱកាសស្ដាប់ឮ ច្បាស់លាស់ ពីហេតុផល ដែលត្រូវចាត់បញ្ជូនបេសកជន ដូចដែលលោក បានប្រាប់ខ្ញុំមិញហ្នឹងចឹង។"

"តាមពិតទៅ ខ្ញុំបានសរសេររួចហើយ" វីល្លមនិយាយ ដោយអាការៈអឹមអៀន។

"ខ្ញុំចង់បាន១ក្បាលដែរ។ ត្រូវទៅទិញនៅណា? សៀវភៅហ្នឹងចំណងជើងថាម៉េច?" ថូម ផូតស៍ សួរវីល្លាម ដោយអាករៈអន្ទះអន្ទែង។

វីល្លមក៏សារភាពថា សៀវភៅមិនទាន់បោះពុម្ពចេញមកទេ ដោយសារខ្វះមូលនិធិ។

"មនុស្សម្នា ត្រូវមានឱកាស បានឃើញសារសេចក្ដី ក្នុងសៀវភៅនោះ" ថូម ផូត៍ ឧទានឡើង។ "ជាកិត្តិយសណាស់ បើលោកអនុញ្ញាតឱ្យខ្ញុំ ចំណាយប្រាក់ផ្ទាល់ខ្លួនរបស់ខ្ញុំ ដើម្បីបោះពុម្ពសៀវភៅនោះចេញមក។"

ម៉ាត់ណាម៉ាត់ហ្នឹងមែន ថូម ផូតស៍ បានចំណាយប្រាក់ផ្ទាល់ខ្លួន សម្រាប់ការបោះពុម្ពលើកទី១ នៃសៀវភៅ"សំណើ"នោះ នៅថ្ងៃ១២ខែឧសភា ឆ្នាំ១៧៩២ ហើយគេលក់វា ១ក្បាល តម្លៃ​១​ស៊ីល្លីង​២០ផិនស៍។

៣សប្ដាហ៍ ក្រោយសៀវភៅនោះបោះពុម្ព វីល្លាមត្រូវឡើងនិយាយ ក្នុងកិច្ចប្រជុំគ្រូគង្វាលបាប់ទីស្ដ១។ ដូច​សព្វ​ដង គាត់បាននិយាយ ពីតម្រូវការនៃការចាត់បញ្ជូនបេសកជន តែពេលនេះ មានអ្វីម្យ៉ាង ខុសពីលើកមុនៗ។ គ្រូ​គង្វាលរួមអាជីពជាច្រើនរូប បានអានសៀវភៅគាត់ ហើយចាប់ផ្ដើមយល់ ពីអ្វីដែលគាត់ បានប្រាប់ដល់ពួកគេ អស់ពេលជាយូរមកហើយនោះ។ វីល្លាម ឃែរី បញ្ចប់បឋកថារបស់ខ្លួន ដោយពាក្យ២ឃ្លា៖ "ចូរសង្ឃឹមការធំពីព្រះជាម្ចាស់។ ចូរប៉ុនប៉ងការធំថ្វាយព្រះជាម្ចាស់។"

ចុងបញ្ចប់ គ្រូគង្វាលរួមអាជីពជាច្រើននាក់ ក៏មានជំនឿជាក់ថា ប្រហែលដល់ពេល ដែលត្រូវធ្វើអ្វី សម្រាប់ព្រះជាម្ចាស់ហើយ! នៅថ្ងៃ១២ខែតុលាឆ្នាំ១៧៩២ ក្រុមគ្រូគង្វាល១២រូប បានប្រជុំគ្នា ដើម្បីរៀបចំផែនការ។ ក្នុងនោះ មានមិត្តភ័ក្ដិរបស់វីល្លាម ដូចជា ចន រ៉ាយលែនដ៍, អានឌ្រូ ហ៊្វូលល័រ, និង ចន ស៊ូតគ្លីហ្វ ផងដែរ។ ពួកគេសុទ្ធតែជាគ្រូគង្វាល នៅក្រុមជំនុំតូចៗ ដែលសមាជិក សុទ្ធតែជាកសិករនិងកម្មករ។ អ្នកខ្លះបានប្រាក់ខែគ្រូគង្វាល ល្មមផ្គត់ផ្គង់គ្រួសារបាន តែអ្នកខ្លះ ជាអាទិ៍វីល្លាម ត្រូវរកការងារបន្ថែម ទើបទៅរួច។ គ្រប់គ្នា សុទ្ធតែចង់ធ្វើអ្វីម្យ៉ាង ដើម្បីពង្រឹងបុព្វហេតុបេសកកម្ម តែត្រូវធ្វើម៉េចទៅ? នៅទីបញ្ចប់ ពួកគេក៏សម្រេចិត្ត បង្កើតសមាគម​បាប់ទីស្ដចំពោះកិច្ចដើម្បីផ្សព្វផ្សាយដំណឹងល្អ។ សមាជិកក្រុមម្នាក់ៗ សន្យថា នឹងផ្ដល់ប្រាក់ ច្រើនតាមលទ្ធភាព ដល់សមាគមថ្មីនេះ។ ក្រោយសន្យាដូច្នោះហើយ ពួកគេក៏ប្រមូលប្រាក់ សរុបបាន​១៣​ផោនដ៍។ វីល្លាមសន្យាថា នឹងផ្ដល់ប្រាក់ទាំងអស់​ ដែែល បានពីលក់សៀវភៅ ដល់សមាគម។ សម្រាប់រូបវីល្លាម ក្នុងកិច្ចប្រជុំនោះ មានអ្វីម្យ៉ាងបានកើតឡើង ដែលសំខាន់ជាងរឿងលុយកាក់នោះទៅ​ទៀត។ នៅទីបញ្ចប់ ក្រោយប្រើពេលរាប់ឆ្នាំ អធិប្បាយពីតម្រូវការ នៃការចាត់បញ្ជូនបេសកជន សៀវភៅរបស់វីល្លាម ក៏អូសទាញ បានមនុស្ស១ក្រុម ដែលទទួលការកោះហៅ យ៉ាងអស់ពីចិត្តពីថ្លើម។ បន្ទាប់ទៅទៀត តើនឹងមានអ្វីកើតឡើងទៅ? វីល្លាមអន្ទះអន្ទែង ចង់មើលចង់ឃើញខ្លាំងណាស់!

សំណួរជាច្រើន ត្រូវបានចោទសួរឡើង ក្នុងកិច្ចប្រជុំជាផ្លូវការលើកទី១ នៃសមាគមបាប់ទីស្ដចំពោះកិច្ចដើម្បីផ្សព្វផ្សាយដំណឹងល្អនោះ។ តើបេសកជន ត្រូវមានគុណសម្បត្តិអ្វីខ្លះ? តើមាននរណាស្គាល់ឬទេថា នរណាទៅ ដែលមានគុណសម្បត្តិគ្រប់គ្រាន់ ហើយស្ម័គ្រចិត្ត ទទួលការចាត់បញ្ជូន ទៅធ្វើជាបេសកជននោះ? តើត្រូវបញ្ជូនបេសកជននោះ ទៅកន្លែងណាទើបល្អ? ពេលទៅដល់ទីនោះហើយ តើអ្នកនោះត្រូវធ្វើអ្វី? តើអ្នកនោះ ត្រូវយកគ្រួសារ ទៅជាមួយទេ? តើអ្នកនោះ ត្រូវធ្វើដំណើរ មកអង់គ្លេសវិញ ដើម្បីរាយការណ៍ ពីវិវឌ្ឍនភាពនៃការងារខ្លួនទេ?​ គិតសព្វៗទៅ នៅអង់គ្លេស មិនដែលមានសមាគមបេសកកម្មដូច្នោះឡើយ ដូច្នេះគ្មានអ្វី ដែលគេអាចយក មកធ្វើជាគំរូជាឧទាហរណ៍បានឡើយ។

ពិតណាស់ មានច្រើនរឿងដែលត្រូវគិត មុននឹងចាត់បញ្ជូនបេសកជនដំបូងឱ្យចេញទៅ។ ខណៈបណ្ដាគ្រូគង្វាលទាំងនេះ កំពុងដាក់ផែនការលម្អិត មានសំណួរ១ កំពុងកឿង លើអាកាសឯណោះ។ សំណួរនោះគឺ នរណាទៅ ជាបេសកជន ដំបូងគេនោះ?



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login