ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៥៦- តើច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារត្រូវបានចូលជាធរមាននៅថ្ងៃខែឆ្នាំណា ? អនុក្រឹត្យស្តីពីការបង្កើតបេឡាជាតិរបបសន្តិសុខសង្គមចូលជាធរមាននៅថ្ងៃខែឆ្នាំណា ? បេឡាជាតិរបបសន្តិសុខសង្គមជាអង្គភាពដូចម្តេច ?
៥៧- តើច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារមានសារៈសំខាន់ដូចម្តេចខ្លះសម្រាប់កម្មករនិយោជិត ?
៥៨- តើតាវកាលិកសំខាន់ៗមានប៉ុន្មានយោងតាមអនុសញ្ញាអន្តរជាតិលេខ ១០២ ស្តីពីរបបសន្តិសុខសង្គមរបស់អង្គការអន្តរជាតិខាងការងារ (ILO) ចូររៀបរាប់ពីតាវកាលិកនីមួយៗ ។
៥៩- យោងតាមច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីការងារ តើតាវកាលិកហានិភ័យការងារមានអ្វីខ្លះ ?
៦០- ដូចម្តេចដែលហៅថា ហានិភ័យការងារ (គ្រោះថ្នាក់ការងារ) ?
ចម្លើយ
៥៦- ច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារត្រូវបានចូលជាធរមាននៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០២ ។ ហើយអនុក្រឹត្យស្តីពីការបង្កើតបេឡាជាតិរបបសន្តិសុខសង្គមចូលជាធរមាននៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០០៧ ។ បេឡាជាតិរបបសន្តិសុខសង្គម គឺជានីតិបុគ្គលសាធារណៈ ដែលមានស្វ័យភាពផ្នែកហិរញ្ញវត្ថុ ហើយត្រូវស្ថិតនៅក្រោមអនុភាព នៃអនុក្រឹត្យលេខ ១៦ អនក្រ.បក ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០០៧ និងត្រូវគោរពតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីរបបសន្តិសុខសង្គម សម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ។
ក្រុមប្រឹក្សាភិបាលមានតួនាទីចេញសេចក្តីសម្រេចនានាតាមគោលការណ៍ ដែលបានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តនានា និងអ្នករៀបចំគោលនយោបាយ លិខិតបទដ្ឋានគតិយុត្តតាមឋានានុក្រមស្របតាមច្បាប់ ដើម្បីស្នើសុំ សេចក្តីសម្រេចពីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាអាណាព្យាបាលបច្ចេកទេស ឬនឹងរដ្ឋមន្ត្រី/ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាអាណាព្យាបាលហិរញ្ញវត្ថុ ឬអន្តរក្រសួង ឬនាយករដ្ឋមនី្រ្ត/បេឡាជាតិរបបសន្តិសុខសង្គមជាអ្នកអនុវត្ត ។
៥៧- ច្បាប់ស្តីពីរបបសន្តិសុខសង្គម គឺជាយន្តការដែលមានសារៈសំខាន់បំផុតហើយត្រូវបានរៀបចំ គ្រប់គ្រង និង ចាត់ចែងឡើងដោយរដ្ឋ ដើម្បីធានានូវសន្តិសុខប្រាក់ចំណូល នៅពេលជួបហានិភ័យសង្គមនានា ដោយទទួលបាន តាវកាលិកជរាភាព តាវកាលិកទុព្វលភាព តាវកាលិកមរណៈភាព តាវកាលិកហានិភ័យការងារ តាវកាលិកថែទាំព្យាបាលវេជ្ជសាស្ត្រ តាវកាលិកជំងឺ តាវកាលិកគ្មានការងារធ្វើ និងតាវកាលិកគ្រួសារ ។
របបនេះផ្តោតសំខាន់ទៅលើរបបសន្តិសុខសង្គម ៥ ផ្នែកសំខាន់ៗ មានជាអាទិ៍ ៖
១- ផ្នែកប្រាក់សោធនេះ៖ នៅពេលដែលពួកគេចាស់ជរា ឬធ្លាក់ក្នុងទុព្វលភាព ឬមរណៈភាពរបស់មេគ្រួសារ ដែល ត្រូវទទួលបានប្រាក់សោធនជរាភាព ឬប្រាក់សោធនទុព្វលភាព ឬសោធនចំពោះអ្នកនៅក្នុងបុន្ទកមានបី្តឬប្រពន្ធ និងកូននៅក្នុងបន្ទុកដែលមិនទាន់មានលទ្ធភាពរកប្រាក់ចំណូល ។
២- ធានារ៉ាប់រងហានិភ័យការងារ ៖ នៅពេលដែលពួកគេមានគ្រោះថ្នាក់នៅកន្លែងធ្វើការ ឬពេលធ្វើដំណើរពីលំនៅស្ថានឆ្ពោះទៅកន្លែងធ្វើការ ឬវិលមកវិញ ដោយគ្មានវាងជាប្រយោជន៍ផ្ទាល់ខ្លួន ឬមានជំងឺវិជ្ជាជីវៈ ពួកគេត្រូវ ទទួលបានតាវកាលិកដែលកើតឡើងដោយគ្រោះថ្នាក់ការងារ ឬជំងឺវិជ្ជាជីវៈដែលទាក់ទងនឹងការងារនោះ ។
៣- របបថែទាំសុខភាព ៖ នៅពេលដែលពួកគេមានជំងឺ ឬគ្រោះថ្នាក់ជាយថាហេតុ ពួកគេត្រូវទទួលបានការព្យាបាល និងថែទាំវេជ្ជសាស្ត្រ ប្រាក់បំណាច់ប្រចាំថ្ងៃក្នុងឱកាសមានជំងឺ ឬគ្រោះថ្នាក់ជាយថាហេតុ និងទទួលបាន ប្រាក់បំណាច់ប្រចាំថ្ងៃក្នុងឱកាសសម្រាកមាតុភាព ព្រមទាំងទទួលបានការអប់រំនិងការបង្ការសុខភាព
៤- របបនិកម្មវេលា ៖ ត្រូវទទួលបានអត្ថប្រយោជន៍ពីរបបនេះនៅពេល ដែលពួកគេពុំមានការងារធ្វើដោយ ទទួលបានប្រាក់ឧបត្ថមក្នុងឱកាសគ្មានការងារ បណ្តុះបណ្តាលមុខជំនាញថ្មី ឬជួយស្វែងរកការងារធ្វើ ។
៥- របបគ្រួសារ ៖ របបនេះច្រើនតែអនុវត្តនៅពេលដែលសេដ្ឋកិច្ចរីកចម្រើន ហើយររដ្ឋលើកទឹកចិត្តជួយផ្គត់ផ្គង់ដល់គ្រួសារណាដែលមានបន្ទុកកូនច្រើន ។ ការលើកទឹកចិត្តនេះ ច្រើនតែអនុវត្តនៅលើប្រទេសជឿនលឿនដែលពុំចង់បានកូនច្រើន ក្នុងគោលបំណងធានានូវស្ថេរភាព និងស្ថានភាពសេដ្ឋកិច្ចសង្គមតាមរយៈកំណើនប្រជាជនស្រប តាមសូចនាករប្រជាសាស្ត្រ ។
៥៨- របបសន្តិសុខសង្គមមានតាវកាលិក ៩ សំខាន់ៗគឺ ៖
តាវកាលិករបបសន្តិសុខសង្គមនីមួយៗមានដូចតទៅ ៖
១- តាវកាលិកជរាភាព ៖ ផ្តល់ជូនចំពោះអ្នកដែលបានបំពេញលក្ខខណ្ឌដើម្បីទទួលបានប្រាក់សោធនជរាភាព ឬបានបំពេញលក្ខដើម្បីទទួលបានប្រាក់សោធនកាលាទិករណ៍ដោយសារការចុះខ្សោយខាងស្មារតី ឬកម្លាំងកាយ ។
២- តាវកាលិកទុព្វលភាព ៖ ផ្តល់ជូនចំពោះអ្នកដែលបានបំពេញលក្ខខណ្ឌ ដើម្បីទទួលបានប្រាក់សោធនទុព្វលភាពនៅពេលដែលធ្លាក់ក្នុងទុព្វលភាពដោយសារការចុះខ្សោយខាងស្មារតី និងកម្លាំងកាយ ។
៣- តាវកាលិកមរណៈភាព ៖ ផ្តល់ជូនចំពោះអ្នកនៅក្នុងបន្ទុកមានប្រពន្ធឬប្តី និងកូនតាមលក្ខខណ្ឌដូចខាង ក្រោម ៖
- នៅពេលសាមីជនទទួលមរណៈភាពហើយនៅក្នុងកាលបរិច្ឆេទនៃមរណៈភាពនោះគាត់បានបំពេញលក្ខ ខណ្ឌ ដើម្បីទទួលបានសោធនជរាភាព ឬសោធនកាលាទិករណ៍ ឬសោធនទុព្វលភាព ។
- នៅពេលដែលសាមីជនកំពុងទទួលប្រាក់សោធនជរាភាព ឬសោធនកាលាទិករណ៍ ឬសោធនទុព្វលភាព ហើយគាត់ទទួលមរណៈភាព ។
៤- តាវកាលិកហានិភ័យការងារ ៖ ផ្តល់ជូនចំពោះអ្នកមានគ្រោះថ្នាក់ការងារគឺគ្រោះថ្នាក់នៅកន្លែងធ្វើការ គ្រោះថ្នាក់ពេលធ្វើដំណើរពីលំនៅស្ថាន និងត្រលប់មកវិញដោយគ្មានវាងជាប្រយោជន៍ផ្ទាល់ខ្លួន និងជំងឺវិជ្ជាជីវៈ ។
៥- តាវកាលិកការព្យាបាលថែទាំវេជ្ជសាស្ត្រ ៖ ផ្តល់ជូនចំពោះការព្យាបាល និងថែទាំវេជ្ជសាស្ត្រ ។
៦- តាវកាលិកជំងឺ ៖ ផ្តល់ជូនសាមីជននូវប្រាក់បំណាច់ប្រចាំថ្ងៃក្នុងឱកាសមានជំងឺ ឬជួបឧបទ្ទវហេតុជាយថាភាព ។
៧- តាវកាលិកមាតុភាព ៖ ផ្តល់ជូនសាមីជននូវប្រាក់បំណាច់ប្រចាំថ្ងៃ ក្នុងឱកាសសម្រាកលំហែមាតុភាព ។
៨- តាវកាលិកនិកម្មវេលា ៖ គឺជាតាវកាលិកផ្តល់ជូនក្នុងឱកាសគ្មានការងារ មានដូចជា ប្រាក់ឧបត្ថមពេល គ្មានការងារ ការបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញ និងការជួយស្វែងរកការងារធ្វើ ។
៩- តាវកាលិកគ្រួសារ ៖ គឺជាការឧបត្ថមសម្រាប់ការលើកទឹកចិត្តដល់គ្រួសារ ដែលមានកូនច្រើន ក្នុងគោល បំណងធានាបាននូវស្ថេរភាពនៃកត្តាប្រជាសាស្ត្រ និងស្ថេរភាពចំណូលគ្រួសារ េះ។
៥៩- យោងតាមច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពី ការងារ តាវកាលិកហានិភ័យការងារមាន ៖
៦០- ត្រូវចាត់ទុកជាគ្រោះថ្នាក់ការងារ គឺគ្រោះថ្នាក់ដែលធ្លាក់លើរូបកាយកម្មករនិយោជិតដោយធ្វើការ ឬពេលធ្វើការ ទោះដោយហេតុយ៉ាងណាក៏ដោយ ហើយទោះមានកំហុសពីកម្មករនិយោជិត ឬគ្មានក៏ដោយ ។ ម្យ៉ាងវិញទៀង ត្រូវចាត់ ទុកជាគ្រោះថ្នាក់ការងារដែរ ចំពោះគ្រោះថ្នាក់ណាដែលធ្លាក់លើរូបកាយកម្មករនិយោជិតក្នុងពេលដែលសាមីខ្លួនធ្វើដំណើរពីលំនៅស្ថានខ្លួនត្រង់ឆ្ពោះទៅកន្លែងធ្វើការ ឬវិលមកវិញដោយគ្មានឈប់ ឬដោយគ្មានវាងទៅផ្លូវផ្សេងជាប្រយោជន៍ផ្ទាល់ខ្លួន ឬក្រៅពីការងារដែលគេតម្រូវឱ្យ ទៅ។ ម្យ៉ាងទៀតជំងឺទាំងឡាយណា ដែលកើតឡើងទាក់ទងទៅនឹងការងារ (ជំងឺវិជ្ជាជីវៈ) ក៏ត្រូវចាត់ទុកជាហានិភ័យការងារដែរមានជាអាទិ៍មុខរបរដែលប៉ះពាល់ជាតិពុល ឬមានទំនាក់ទំនងទៅនឹងការងារ ។