ដើម្បីអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដោះស្រាយបញ្ហាប្រឈមនានា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ( ២០១៤.២០១៨ ) បានដាក់ចេញនូវយុទ្ធសាស្រ្តអាទិភាពជាច្រើន ។ ក្នុងនោះការពង្រឹងសុខដុមរមនាទំនាក់ទំនងវិជ្ជាជីវៈ គឺជាកម្មវិធីមួយក្នុងយុទ្ធសាស្រ្តអភិវឌ្ឍន៍លក្ខខណ្ឌការងារ និងសុខមដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ដែលផ្តោតលើ៖
- ការពង្រឹងគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុភូត នៅតាមគ្រប់មុខសញ្ញា ដើម្បីអាចអន្តរាគមន៍បានទាន់ពេលវេលា
- កិច្ចសហការជាមួយក្រសួង និងស្ថាប័នក្នុងការរៀបចំស្តីពីតុលាការការងារ
- ការពង្រីកក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ ដើម្បីអភិវឌ្ឍន៍វិស័យឯកជន ដែលជាយន្តការសម្របសម្រួលពហុភាគីជាមួយដៃគូពាក់ព័ន្ធក្នុងការដោះស្រាយបញ្ហាទាក់ទងនឹងទំនាក់ទំនងវិជ្ជាជីវៈ
- ការបង្កើតបណ្តាញទូរស័ព្ទបន្ទាន់សម្រាប់ការផ្តល់ប្រឹក្សាយោបល់កម្រិតបឋមផ្នែកច្បាប់
- ការបណ្តុះបណ្តាលគ្រូបង្គោលផ្នែកដោះស្រាយវិវាទការងារ ព្រមទាំងសហការជាមួយដៃគូរពាក់ព័ន្ធក្នុងការកសាងសមត្ថភាពរបស់មន្រ្តីដោះស្រាយវិវាទការងារ និងរៀបចំការផ្សព្វផ្សាយពីការដោះស្រាយវិវាទការងារ
- ការពង្រឹងយន្តការដោះស្រាយវិវាទការងាររួម និងវិវាទបុគ្គល
- ការពង្រឹងកក្រុមប្រឹក្សាអាជ្ញាកណ្តាល និងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តសេចក្តីបង្គាប់ ព្រមទាំងគាំគ្រឲ្យមានមូលនិធិសម្រាប់ដំណើរការបន្ត និងរក្សានិរន្តភាពរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល
- ការរៀបចំ និងពង្រឹងយន្តការតាមដានប្រមូលព័ត៌មាន លើកវិធានការទប់ស្កាត់ និងពន្យល់ដល់ភាគីពាក់ព័ន្ធនិងវិវាទអំពីអត្ថប្រយោជន៍នៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
- ការរៀបចំលិខិតបទដ្ឋាននានាពាក់ព័ន្ធនឹងដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម និងប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាដើម្បីគ្រប់គ្រងទិន្នន័យ
- ការសិក្សាលទ្ធភាពក្នុងការផ្តល់សច្ចាប័នដល់អនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារ ។