Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-10-07 09:00

នៅក្នុងករណីម្ចាស់បំណុលដែលទទួលការចែកចំណែកមានតែម្នាក់ ឬប្រាក់ដែលត្រូវចែកចំណែកទៅឲ្យម្ចាស់បំណុលលើសពី ២នាក់ អាចសងសិទ្ធិលើបំណុលរបស់ម្ចាស់បំណុលនីមួយៗ និងសោហ៊ុយសម្រាប់ការអនុវត្តទាំងអស់បាននៅកាលបរិច្ឆេទនៃការចែកចំណែកតុលាការអនុវត្តត្រូវធ្វើការចែកចំណែក និងបង់សោហ៊ុយសម្រាប់ការអនុវត្តទៅឲ្យម្ចាស់បំណុលទាំងអស់នោះ ។ ប្រសិនបើមានប្រាក់ដែលនៅសេសសល់ តុលាការអនុវត្តត្រូវប្រគល់ទៅឲ្យកូនបំណុលនៃការអនុវត្ត (ក្រមនីតិ/ណី មាត្រា ៤៨៩ កថា.១ វាក្យខណ្ឌទី២, កថា. ២)។ ចំពោះករណីក្រៅពីនេះ តុលាការអនុវត្តត្រូវបង្កើតតារាងចែកចំណែក (ក្រមនីតិ/ណី មាត្រា ៤៩០ កថា. ១)។ ចំណុចដែលត្រូវសរសេរនៅក្នុងតារាងចែកចំណែកត្រូវបានបញ្ញត្តនៅក្នុងក្រមនីតិវិធីរដ្ឋប្បវេណី មាត្រា ៤៩០ កថាខណ្ឌទី ៤។ ការបង្កើតតារាងចែកចំណែកមានដំណើរការដូចខាងក្រោម ៖

         (១) ការបង្ហាញ និង ការកែតម្រូវសេចក្តីព្រាងដើមនៃតារាងចែកចំណែក

តុលាការអនុវត្ត ត្រូវយកសេចក្តីព្រាងដើមនៃតារាងចែកចំណែកដែលបានបង្កើតរួចមកបង្ហាញ រួចសួរយោបល់ម្ចាស់បំណុលនីមួយៗ និងកូនបំណុលនៃការអនុវត្ត ។ បើមានភាពចាំបាច់ តុលាការអនុវត្តអាចធ្វើការពិនិត្យភស្តុតាងជាឯកសារ ដែលអាចធ្វើការពិនិត្យភ្លាមៗបាន (ក្រមនីតិ/ណី មាត្រា ៤៩០ កថា. ៣)។ ផ្អែកលើព័ត៌មានដែលទទួលបានតុលាការអនុវត្តត្រូវធ្វើការកែតម្រូវសេចក្តីព្រាងដើមនៃតារាងចែកចំណែកបើមានភាពចាំបាច់ ។

         (២) ការបង្កើតតារាងចែកចំណែក បន្ទាប់ពីតុលាការអនុវត្តបានបញ្ចប់ការកែតម្រូវសេចក្តីព្រាងដើមនៃតារាងចែកចំណែក និងបានចេញនូវលទ្ធផលចុងក្រោយរួច តុលាការអនុវត្តត្រូវធ្វើការកំណត់លំដាប់នៃម្ចាស់បំណុលនីមួយៗ និងចំនួនទឹកប្រាក់នៃចំណែកដែលម្ចាស់បំណុលនីមួយៗត្រូវទទួលបាន រួចបង្កើតតារាងចែកចំណែក យោងតាមការកំណត់នៃក្រមរដ្ឋប្បវេណី ច្បាប់ដែលទាក់ទងនឹងពាណិជ្ជកម្ម ឬច្បាប់ផ្សេងទៀត (ក្រមនីតិ/ណី មាត្រា ៤៩០ កថា, ៥)។ ប៉ុន្តែ នៅក្នុងករណីដែលម្ចាស់បំណុលទាំងអស់បង្ហាញខ្លួននៅកាលបរិច្ឆេទនៃការចែកចំណែក ហើយបានព្រមព្រៀងគ្នាអំពីការចែកចំណែក នោះវាក៏អាចមានករណីដែលខ្លឹមសារនៅក្នុងតារាងចែកចំណែកអំពីលំដាប់នៃម្ចាស់បំណុលនីមួយៗ និងចំនួនទឹកប្រាក់នៃចំណែកដែលម្ចាស់បំណុលនីមួយៗត្រូវទទួលបាន មានភាពខុសទៅនឹងអ្វីដែលមានចែងនៅក្នុងក្រមរដ្ឋប្បវេណី ជាដើមដែរ (ក្រមនីតិ/ណី មាត្រា ៤៩០ កថា. ៥)។

         (៣) ការតវ៉ាចំពោះការសរសេរលើតារាងចែកចំណែក

ម្ចាស់បំណុល ឬកូនបំណុលដែលមានឧបាស្រ័យចំពោះតារាងចែកចំណែកដែលតុលាការអនុវត្ត បានបង្កើតអាចជ្រែងសេចក្តីតវ៉ាបាន (ក្រមនីតិ/ណី មាត្រា ៤៩១ កថា.១) ។ តុលាការអនុវត្ត មិនចាំបាច់ធ្វើការកែប្រែតារាងចែកចំណែកទេ និងមិនត្រូវធ្វើការចែកចំណែកចំពោះផ្នែកដែលត្រូវបានតវ៉ានោះឡើយ ។ យ៉ាងណាមិញម្ចាស់បំណុល ឬកូនបំណុលនៃការអនុវត្តដែលបានថ្លែងសេចក្តីតវ៉ា ត្រូវដាក់ពាក្យបណ្ដឹងតវ៉ាចំពោះការសរសេរលើតារាងចែកចំណែក ឬពាក្យបណ្តឹងតវ៉ាចំពោះការទាមទារទៅតុលាការអនុវត្ត ហើយត្រូវបញ្ជាក់ថាបានដាក់ពាក្យបណ្តឹងក្នុងអំឡុងពេល ១ (មួយ) សប្ដាហ៍ ព្រោះបើមិនបានដាក់ពាក្យបណ្តឹងក្នុងអំឡុង ពេលកំណត់នេះទេគេនឹងចាត់ទុកថាការតវ៉ានោះចំពោះការសរសេរលើតារាងចែកចំណែកត្រូវបានដកវិញ (ក្រម នីតិ/ណី មាត្រា ៤៩២ កថា.៣, មាត្រា ៤៩៣ កថា.៤)។ ដូច្នេះ ម្ចាស់បំណុល ឬកូនបំណុលនៃការអនុវត្ត ដែលបានថ្លែងសេចក្តីតវ៉ា ត្រូវធ្វើសកម្មភាពឲ្យបានឆាប់រហ័សស្របតាមក្រមនីតិវិធីរដ្ឋប្បវេណី មាត្រា ៤៩២ ឬ មាត្រា ៤៩៣ ។

         (៤) ការអនុវត្តការចែកចំណែក

តុលាការអនុវត្ត ត្រូវធ្វើការចែកចំណែកតែផ្នែកដែលគ្មានការតវ៉ា ដោយផ្អែកលើតារាងចែកចំណែក (ក្រម នីតិ/ណី មាត្រា ៤៩១ កថា.២) ។ ចំពោះផ្នែកដែលត្រូវបានតវ៉ា ប្រសិនបើមិនមានការបញ្ជាក់ថា បានដាក់ពាក្យបណ្តឹងក្នុងអំឡុងពេល ១ សប្តាហ៍ គិតចាប់ពីកាលបរិច្ឆេទនៃការចែកចំណែកទេ នោះគេនឹងចាត់ទុកថាការតវ៉ា នោះចំពោះការសរសេរលើតារាងចែកចំណែកត្រូវបានដកវិញ ហេតុនេះ ផ្នែកដែលត្រូវបានតវ៉ានោះ ក៏ត្រូវធ្វើការចែកចំណែកដែរ ។

         យ៉ាងណាមិញ ចំពោះផ្នែកដែលមិនមានការតវ៉ាក៏ដោយ ផ្នែកដែលមានមូលហេតុដូចដែលបានបញ្ញត្តនៅក្នុងក្រមនីតិវិធីរដ្ឋប្បវេណី មាត្រា ៤៩៤ មិនត្រូវធ្វើការចែកចំណែកទេ ហើយតុលាការអនុវត្តត្រូវផ្អាកទុកទឹកប្រាក់នោះសិន ។ នៅក្នុងករណីដែលមិនមានមូលហេតុក្នុងការផ្លាកទុកទេ តុលាការអនុវត្តត្រូវអនុវត្តការចែកចំណែក ដោយផ្អែកតាមមាត្រា ៤៩៥ នៃក្រមនីតិវិធីរដ្ឋប្បវេណី ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login