Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

២១- ក្នុងករណីដែលតុលាការអនុវត្តបានចេញដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំលើដី បន្ទាប់មកក៏មានពាក្យសុំឲ្យអនុវត្តហ៊ីប៉ូតែក តើតុលាការអនុវត្តត្រូវធ្វើដូចម្តេច ?

២២- ហេតុអ្វីបានជានៅក្នុងដំណាក់កាលនេះ ការមិនទាន់បញ្ជូនដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំទៅកូនបំណុលនៃការអនុវត្តគឺការល្អជាង ?

២៣- តើលិខិតផ្ទុកផ្ដាក់ឲ្យចុះបញ្ជីត្រូវបង្កើតឡើងដោយរបៀបណា ?

២៤- តើត្រូវបង់សោហ៊ុយ និងពន្ធដែលពាក់ព័ន្ធនឹងការចុះបញ្ជីយ៉ាងដូចម្តេច ?

២៥- តើមន្រ្តីចុះបញ្ជីដែលបានទទួលលិខិតផ្ទុកផ្ដាក់អំពីការចុះបញ្ជី ត្រូវសរសេរអ្វីខ្លះនៅក្នុងសៀវភៅគោលបញ្ជី ?

ចម្លើយ

២១- តុលាការអនុវត្តនឹងធ្វើការពិនិត្យលើពាក្យសុំឲ្យអនុវត្តហ៊ីប៉ូតែក ។ ប្រសិនបើមានភាពត្រឹមត្រូវ នោះតុលាការអនុវត្តនឹងចេញដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំ (ដីកាសម្រេចចាប់ផ្តើមត្រួតគ្នា ក្រមនីតិ/ណី មាត្រា ៥១១ កថា.១) ។ លើសពីនេះ តុលាការអនុវត្តត្រូវជូនដំណឹងអំពីការណ៍ដែលបានចេញដីកាសម្រេចចាប់ផ្តើមត្រួតគ្នាទៅឲ្យម្ចាស់បំណុលនៃការអនុវត្តដែលទាក់ទងនឹងដីកាសម្រេចចាប់ផ្តើមមុន (មាត្រា ៥១១ កថា.១)។ ជាងទៅទៀតនេះ ក្រឡាបញ្ជីត្រូវជូនដំណឹងទៅម្ចាស់បំណុលនៃការអនុវត្តដែលបានដាក់ពាក្យសុំឲ្យអនុវត្តហ៊ីប៉ូតែក ដោយមធ្យោបាយសមរម្យ (ក្រមនីតិ/ណី មាត្រា ៣៣៥ , មាត្រា ២១៣ កថា.១) ហើយត្រូវផ្ទុកផ្ដាក់ឲ្យចុះបញ្ជីអំពីការរឹបអូសដែលពាក់ព័ន្ធនឹងដីកាសម្រេចចាប់ផ្តើមទៅរដ្ឋបាលសុរិយោដី (ក្រមនីតិ/ណី មាត្រា ៤២០) និងត្រូវបញ្ជូនឯកសារចម្លងយថាភូតនៃដីកាសម្រេចចាប់ផ្តើមទៅកូនបំណុលនៃការអនុវត្ត (ក្រមនីតិវជា មាត្រា ៤១៩ កថា.២)។ មកដល់ដំណាក់កាលនេះ តុលាការអនុវត្តមិនបន្តនីតិវិធីបន្ទាប់ពីនេះទេ ដោយបន្តតែនីតិវិធីនៃការលក់ដោយបង្ខំនៃដីកាសម្រេចចាប់ផ្តើមមុនតែប៉ុណ្ណោះ ។ ហើយម្ចាស់បំណុលនៃការអនុវត្តដែលបានដាក់ពាក្យសុំឲ្យអនុវត្តហ៊ីប៉ូតែក ក្រោយក៏អាចទទួលបានចំណែកដែរ (ក្រមនីតិ/ណីមាត្រា ៥១៩, មាត្រា ៤៥៣ ចំណុច ក)។ ប្រសិនបើ នីតិវិធីលក់ដោយបង្ខំនៃដីកាសម្រេចចាប់ផ្តើមមុន ត្រូវបានដកឬត្រូវបានលុបចោល នោះតុលាការអនុវត្តត្រូវបន្តនីតិវិធីអនុវត្តហ៊ីប៉ូតែកនៃដីកាសម្រេចចាប់ផ្តើមក្រោយ(ក្រមនីតិ/ជា មាត្រា ៥១១ កថា.២)។

២២- ប្រសិនបើដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំត្រូវបានបញ្ជូនទៅឲ្យកូនបំណុលនៃការអនុវត្ត នោះកូនបំណុលនៃការអនុវត្តនឹងដឹងអំពីការណ៍នៃការចាប់ផ្តើមលក់ដោយបង្ខំ ហេតុនេះ គេបារម្ភថាកូនបំណុលនៃការអនុវត្ត នឹងធ្វើអនុប្បទានអចលនវត្ថុហ៊ីប៉ូតែកទៅឲ្យតតិយជន ក្នុងគោលបំណងរារាំងការអនុវត្តនោះ ។ ប្រសិនបើអចលនវត្ថុ នោះត្រូវបានចុះបញ្ជីផ្ទេរកម្មសិទ្ធិនៅមុនពេលការចុះបញ្ជីរឹបអូស នោះគេមិនអាចចុះបញ្ជីអំពីការរឹបអូសនៅលើអចលនវត្ថុហ៊ីប៉ូតែកបានទេ ហេតុនេះតុលាការអនុវត្តត្រូវលុបចោលនីតិវិធីនៃការលក់ដោយបង្ខំ ( ក្រមនីតិ/ណី មាត្រា ៤២៧)។ បន្ទាប់ពីម្ចាស់បំណុលនៃការអនុវត្តទទួលបាននូវរូបមន្តអនុវត្តពិសេស (ក្រមនីតិ/ណី មាត្រា ៣៥៦ កថា.២) នោះវាមានភាពចាំបាច់ក្នុងការដាក់ពាក្យសុំឲ្យអនុវត្តហ៊ីប៉ូតែកម្តងទៀត ចំពោះអនុប្បទាយីនៃអចលនវត្ថុហ៊ីប៉ូតែក ។ នីតិវិធី ដែលបានធ្វើដូចបានរៀបរាប់ខាងលើនេះមានលក្ខណៈលំបាកហេតុដូច្នេះ វាជាការល្អដែលតុលាការអនុវត្តធ្វើការបញ្ជូនដីកាសម្រេចចាប់ផ្តើមលក់ដោយបង្ខំទៅឲ្យកូនបំណុលនៃការអនុវត្ត បន្ទាប់ពីបានធ្វើការបញ្ជាក់អំពីការចុះបញ្ជីឲ្យរឹបអូសរួច ។

២៣- របៀបនៃការសរសេរលិខិតផ្ទុកផ្ដាក់ឲ្យចុះបញ្ជី គឺមានកំណត់នៅក្នុងប្រកាសអន្តរក្រសួងស្តីពីការចុះបញ្ជីអចលនវត្ថុទាក់ទងនឹងក្រមនីតិវិធីរដ្ឋប្បវេណី ប្រការ ៥, ប្រការ ១០ និង មានភ្ជាប់នៅក្នុងឧបសម្ព័ន្ធទី ៤ នៃប្រកាសអន្តរក្រសួងស្តីពីការចុះបញ្ជីអចលនវត្ថុទាក់ទងនឹងក្រមនីតិវិធីរដ្ឋប្បវេណីនេះដែរ ។

កម្មវត្ថុ ៖ ឧទាហរណ៍ គេសរសេរថា ផ្ទុកផ្ដាក់ឲ្យចុះបញ្ជីអំពីការរឹបអូសកម្មសិទ្ធិលើអចលនវត្ថុផ្អែកតាមការអនុវត្តសិទ្ធិ ប្រាតិភោគ” ។

         ក- អត្តសញ្ញាណនៃអចលនវត្ថុ ៖ ត្រូវសរសេរលេខក្បាលដី ឬលេខប័ណ្ណ និងទីតាំងដី ។ ក្រឡាបញ្ជី ត្រូវអានដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំ និងឯកសារចម្លងដែលមានសេចក្តីបញ្ជាក់នៃសៀវភៅចុះបញ្ជី អចលនវត្ថុឲ្យបានច្បាស់លាស់ ហើយត្រូវសរសេរតាមអត្តសញ្ញាណទាំងនេះ ។

         ខ- ឈ្មោះ និងអាសយដ្ឋានរបស់កម្មសិទ្ធិករ (ម្ចាស់សិទ្ធិជួលអចិន្ត្រៃយ៍ ឬ ផលុបភោគី) នៃអចលនវត្ថុ ៖ ក្រឡាបញ្ជីត្រូវអានដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំ និងឯកសារចម្លងដែលមានសេចក្តីបញ្ជាក់នៃសៀវភៅចុះបញ្ជីអចលនវត្ថុឲ្យបានច្បាស់លាស់ ហើយត្រូវសរសេរតាមអត្តសញ្ញាណទាំងនេះ ។

         គ- គោលបំណងនៃការចុះបញ្ជី ៖ ឧទាហរណ៍ គេសរសេរថា “ រឹបអូសកម្មសិទ្ធិលើអចលនវត្ថុចំណុច “ក” ។

         ឃ- មូលហេតុ ៖ ឧទាហរណ៍ គេសរសេរថា “ដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំ លេខ ១២៣៤ ចុះថ្ងៃទី 0១ ខែ សីហា ឆ្នាំ ២០១៥ របស់សាលាដំបូងខេត្តកំពត” ។

         ង- ឈ្មោះ និងអាសយដ្ឋានរបស់ម្ចាស់បំណុលនៃការអនុវត្ត៖ ក្រឡាបញ្ជីត្រូវអានដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំឲ្យបានច្បាស់លាស់ ហើយត្រូវសរសេរឲ្យដូចអត្តសញ្ញាណដែលមានកំណត់នៅក្នុងដីកាសម្រេចនោះ ។

         ច- ឈ្មោះ និងអាសយដ្ឋានរបស់កូនបំណុលនៃការអនុវត្ត ៖ ក្រឡាបញ្ជី ត្រូវអានដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំ និងឯកសារចម្លងដែលមានសេចក្តីបញ្ជាក់នៃសៀវភៅចុះបញ្ជីអចលនវត្ថុឲ្យបានច្បាស់ ហើយត្រូវសរសេរឲ្យដូចអត្តសញ្ញាណដែលមានកំណត់នៅក្នុងឯកសារទាំងនោះ។ ប្រសិនបើ ឈ្មោះដែលបានសរសេរក្នុងដីកាសម្រេចចាប់ផ្តើមឲ្យលក់ដោយបង្ខំ និងឈ្មោះដែលបានសរសេរនៅក្នុងឯកសារចម្លងដែលមានសេចក្តីបញ្ជាក់នៃសៀវភៅចុះបញ្ជីអចលនវត្ថុខុសគ្នា នោះវានឹងមានបញ្ហា ។ ក្រមនីតិវិធីរដ្ឋប្បវេណីមិនបានកំណត់អំពីករណីនេះ ហេតុដូច្នេះ ដំណោះស្រាយគឺអាស្រ័យទៅតាមការអនុវត្តជាក់ស្តែងដែលមានលក្ខណៈសមស្រប ។ ប្រសិនបើមានកំហុសក្នុងការសរសេរនៅក្នុងដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំ តុលាការអនុវត្តគប្បីធ្វើការកែតម្រូវមុនពេលផ្ទុកផ្ដាក់ឲ្យចុះបញ្ជី។ ប្រសិនបើមានកំហុសចំពោះការចុះបញ្ជីអចលនវត្ថុ តុលាការអនុវត្ត គប្បីសរសេរអក្ខរាវិរុទ្ធឲ្យបានត្រឹមត្រូវនៅលើលិខិតផ្ទុកផ្ដាក់។ ប៉ុន្តែ ក្នុងករណីដែលអក្ខរាវិរុទ្ធនៃលិខិតផ្ទុកផ្ដាក់ខុសពីអក្ខរាវិរុទ្ធនៃការចុះបញ្ជីអចលនវត្ថុនោះការផ្ទុកផ្ដាក់ឲ្យចុះបញ្ជីនឹងត្រូវបានលើកចោល ។ ហេតុនេះ គេសរសេរអក្ខរាវិរុទ្ធនៃឈ្មោះទាំងពីរនៅលើលិខិតផ្ទុកផ្ដាក់ ។ ជនដែលពាក់ព័ន្ធចាំបាច់ត្រូវរកមធ្យោបាយផ្សេងៗដើម្បីបន្តការអនុវត្តទៅមុខ ។ ឯកសារដែលត្រូវតែភ្ជាប់ជាមួយនឹងលិខិតផ្ទុកផ្ដាក់ឲ្យចុះបញ្ជី

         - ឯកសារចម្លងយថាភូតនៃដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំ

         + មិនមានភាពចាំបាច់ដែលត្រូវភ្ជាប់ប័ណ្ណកម្មសិទ្ធិនៃអចលនវត្ថុទេ ។

២៤- ក្រឡាបញ្ជីត្រូវបង់សោហ៊ុយ និងពន្ធដែលទទួលបានពីម្ចាស់បំណុលនៃការអនុវត្ត ដែលបានបង់សោហ៊ុយជាមុនទៅតុលាការអនុវត្ត ។ ក្រមនីតិវិធីរដ្ឋប្បវេណីមិនមានកំណត់អំពីវិធីនៃការបង់នេះទេ ដូច្នេះ ដំណោះស្រាយគឺអាស្រ័យទៅលើការអនុវត្តជាក់ស្តែងដែលមានលក្ខណៈសមស្រប។ ឧទាហរណ៍ដូចជា វិធីដែលក្រឡាបញ្ជីធ្វើការបញ្ជូនលិខិតផ្ទុកផ្ដាក់ឲ្យចុះបញ្ជីទៅរដ្ឋបាលសុរិយោដីដោយភ្ជាប់ជាមួយនឹងសោហ៊ុយ និងពន្ធដែលទទួលបានពីម្ចាស់បំណុលនៃការអនុវត្ត ដែលបានបង់សោហ៊ុយជាមុនជាអាទិ៍ ។

២៥- របៀបនៃការចុះបញ្ជី ត្រូវបានកំណត់នៅក្នុងប្រកាសអន្តរក្រសួងស្តីពីការចុះបញ្ជីអចលនវត្ថុទាក់ទងនឹងក្រមនីតិវិធីរដ្ឋប្បវេណី ប្រការ ២៦ ។ យោងតាមប្រការនេះ ជាឧទាហរណ៍នៅក្នុង “ខ្ទង់បន្ទុកនៃអចលនវត្ថុ” នៃសៀវភៅគោលបញ្ជីត្រូវសរសេរដូចខាងក្រោម។ វាមានភាពចាំបាច់ក្នុងការប្រើប្រាស់ពាក្យពេចន៍ឲ្យស្របទៅនឹងការអនុវត្តជាក់ស្តែង ។

         “ត្រូវបានរឹបអូសកម្មសិទ្ធិតាមដីកាសម្រេចចាប់ផ្តើមលក់ដោយបង្ខំលេខ ១២៣៤ ចុះថ្ងៃទី ១ ខែ សីហា ឆ្នាំ២០១៥ ដោយតុលាការអនុវត្តនៃសាលាដំបូងខេត្តកំពត ល.រ Aj 5678 “ ។ (សរសេរជាទឹកក្រហម)។ បោះត្រាលេខាចារឹកនៅ ថ្ងៃទី១០ ខែសីហា ឆ្នាំ ២០១៥ (សរសេរជាទឹកខៀវ ឬ ទឹកខៅ្ម) ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login