2019-10-05 04:59
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សេចក្តីអធិប្បាយ
ជុំវិញការសិក្សាស្នាដៃអក្សរសិល្ប៍នានា សង្កេតឃើញថា កវិនិពន្ធបានលើកយកបញ្ហាសង្គមមនុស្សមកចោទ និងដោះស្រាយទៅតាមសិល្ប៍វិធីរៀងៗខ្លួន ។ ក្នុងនោះបញ្ហាវណ្ណៈភាព ក៏ជាប្រធានបទសំខាន់មួយផងដែរ ។ វិលជុំវិញបញ្ហានេះ ទើបបានជាបន្ទាន់ពីបានឃើញការបញ្ចប់រឿង តេជោយ៉ត របស់លោកទីជីហួត មានមតិខ្លះលើកឡើងថា « ការបញ្ចប់រឿងដោយអោយជំទាវស្រែន និងតេជោយ៉តជួបគ្នាជាប្តីប្រពន្ធដូច្នេះ គឹជាមធ្យោបាយដ៏ប្រសើរ មួយក្នុងការលុបបំបាត់បញ្ហាវណ្ណៈភាពក្នុងសង្គមមនុស្ស » ។
តើមានខ្លឹមសារបែបណា ?
មុននឹងធ្វើការបកស្រាយពន្យល់មតិប្រធានខាងលើនេះ អោយកាន់តែច្បាស់លាស់ន័យសេចក្តីត្រូវយល់ន័យរបស់ពាក្យគន្លឹះប្រធានជាមុនសិន ។ ពាក្យ « លុបបំបាត់ » សំដៅទៅដល់អ្វីដែលធ្វើអោយជ្រះស្រឡះ កម្ចាត់ចោល បោះបង់ចោល ។ ចំណែកពាក្យ « វណ្ណភាព » មានន័យថា សភាវៈទាំងឡាយណាដែលទ្រទ្រង់ដោយការប្រកាន់ពណសម្បុរ ។ ដូចនេះន័យរួមដែលប្រធានចង់បាននូវតំរូវការបកស្រាយពន្យល់ ដើម្បីអោយឃើញ ពីមធ្យោបាយក្នុងការលុបបំបាត់បញ្ចាវណ្ណភាពតាមរយៈការបញ្ចប់រឿងដោយអោយជំទាវស្រែននិងតេជោយ៉តបានជួបគ្នាជាប្តីប្រពន្ធ ។
មតិប្រធានបានបញ្ចាក់យ៉ាងច្បាស់លាស ថាការបញ្ចប់រឿងដោយអោយជំទាវស្រែន និងតេជោយ៉តបានជួបគ្នាជាប្តីប្រពន្ធ ដូច្នេះគឹជាមធ្យោបាយដ៏ប្រសើរមួយក្នុងការលុបបំបាត់បញ្ហាវណ្ណភាពក្នុងសង្គម ។ និយាយពីជំទាវស្រែន និងតេជោយ៉តមានភាពខុសគ្នាស្រឡះ ។ ជំទាវស្រែនជាស្រ្តីដែលស្ថិតក្នុងត្រកូលខ្ពង់ខ្ពស់ ឪពុកម្តាយជាអ្នករាជការ មានឋានៈតួនាទីក្នុងសង្គម ។ ជំទាវស្រែនមានស្វាមីប្រកបដោយលក្ខណៈសម្បត្តិល្អ ខ្លំាងពូកែ ជាមេទ័ពល្បាញល្បីទើបបានទទួលទំនុកចិត្តពីព្រះរាជា ។ ចំណែកតេជោយ៉តគ្រាន់តែជាកូនរបស់ជនជាតិភាគតិច កំព្រីកំព្រាត្រូវបានប្តីជំទាវស្រែនរើសយកមកចិញ្ចឹមចាត់ទុកបាននឹងបាវព្រាវក្នុងផ្ទះដែរ ។ ការបញ្ចប់រឿងអ្នកនិពន្ធអោយអ្នកទាំងពីរជួបគ្នា ក្នុងគោលបំណងដើម្បីចូលរួមចំណែកលុបបំបាត់នូវការការរើសអើង រវាងការរស់នៅរបស់មនុស្សក្នុងសង្គម ធ្វើយ៉ាងណាអោយមនុស្សកាន់តែយល់ពីការរស់នៅ ទោះបីជាក្នុងកាលៈទេស
ៈណាក៏ដោយ ការរើសអើងមិនមែនជាមធ្យោបាយល្អប្រសើរនោះទេ ។ ជាងនេះទៅទៀតការបញ្ចប់រឿងបែបនេះ ដើម្បីមើលអោយឃើញពីការអោយតម្លៃមនុស្សស្មើគ្នា នៅក្នុងសង្គមដោយមិនមានការបែងចែកខ្ពស់ទាប តូចធំអ្វីឡើយ ។ តាមរយៈនេះក៏ជាមធ្យោបាយមួយក្នុងការលុបបំបាត់នូវអតីតកាលរបស់មនុស្សលែងមើលគ្នាក្នុងផ្លូវអាក្រក់លែងមានទស្សនៈទុទិដ្ឋិនិយម ចំពោះមនុស្សដូចគ្នា ។ តាមរយៈនេះក៏ធ្វើអោយលែងមានការបែងចែកការស់នៅ ចេះរស់នៅជាសហគមន៍មនុស្សជាមួយគ្នា ចែករំលែកគ្នាលែងមានការជិះជាន់ សង្កត់សង្កិន លែងមានការប្រមាថមើលងាយ ហើយថែមទាំងនាំមនុស្សទៅកាន់វឌ្ឍភាពក្នុងការរស់នៅទៀតផង ។ ជាក់ស្តែងក្នុងរឿងតេជោយ៉តនេះជាភស្តុតាងស្រាប់ លោក ទី ជីហួត បានបញ្ចប់ទៅដោយអោយជំទាវស្រែន និងតេជោយ៉ត ដែលស្ថិតក្នុងស្រទាប់វណ្ណៈផ្សេងគ្នា អោយជួបគ្នាជាប្តីប្រពន្ធគឺជាការផ្សះផ្សារបញ្ហាវណ្ណៈមួយរវាងអ្នកមាននិងអ្នកក្រធ្វើយ៉ាងណាអោយមានតុល្យភាពគ្នា រវាងការរស់នៅក្នុងសង្គម ។ ក្នុងរឿងកុលាបប៉ៃលិនមលោក ញ៉ុក ថែម លោកបានបញ្ចប់រឿងដោយអោយចៅចិត្រដែលជាកម្មករត្បូង បានជួបប្រសព្វជាមួយនាង ឃុន នារី ដែលជាសេដ្ឋីត្បូងនៅប៉ៃលិន ។ ការជួបគ្នានេះបានភ្ជាប់បញ្ហារវាងអ្នកមាន និងអ្នកក្រអោយខិតជិតគ្នា ។ នៅក្នុងសង្គមជាក់ស្តែងបញ្ហាវណ្ណភាពនេះក៏ត្រូវបានកាត់បន្ថយតាមរយៈផ្នត់គំនិតមនុស្សដែលចេះអោយតំលៃមនុស្សដូចគ្នា មិនប្រមាថកាតទានមិនស្អប់ខ្ពើមមិនរើសអើង ហើយសុខចិត្តព្រមទទួលយកគ្នាជាគូអនាគតរវាងអ្នកមានទ្រព្យធន និង អ្នកកម្សត់ទុរគតតិកយ៉ាក ។
សរុបសេចក្តីមកអាចនិយាយបានថា ការបញ្ចប់រឿងដោយអោយជំទាវស្រែននិងតេជោយ៉យ បានជួបគ្នាជាប្តីប្រពន្ធនេះគឹមធ្យោបាយយ៉ាងសំខាន់នៅក្នុងការលុបបំបាត់វណ្ណៈភាពនៅក្នុងសង្គមមនុស្សយ៉ាងពិតប្រាកដ ។
ឆ្លងកាត់តាមការបកស្រាយពន្យល់មតិប្រធានខាងលើរួចមក អាចសន្និដ្ឋានបានថាការលើកឡើងនេះបានផ្តល់នូវសារសំខាន់ព្រោះបានបង្ហាញពីការចូលរួមចំណែកក្នុងការលុបបំបាត់វណ្ណភាពីសង្គមមនុស្សតាមរយៈស្នាដៃសអក្សរសិល្ប៍ ។ ដូចនេះគម្បីលុបបំបាត់នូវការរើសអើង ការប្រកាន់ពូជសាសន៍ ពណ៌សម្បុររួចហើយចេះរួបរួមគ្នាក្នុងនាមជាមនុសុសរស់នៅក្នុងពិភពលោកតែមួយ ។