Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១០៦- សូមឯកឧត្តម មេត្តាជួយពន្យល់មាត្រា ៧៩ នៃរដ្ឋធម្មនុញ្ញ ?

១០៧- បើតំណាងរាស្ត្រម្នាក់១ រដ្ឋធម្មនុញ្ញមិនបានចែងពីកម្រិតសញ្ញាបត្រទេ តើគាត់មានសមត្ថភាពខាងធ្វើច្បាប់ដែរឬទេ ? នៅពេលដែលគាត់ចូលកាន់តំណែងជាតំណាងរាស្ត្រក្នុងរដ្ឋសភា ?

១០៨- រដ្ឋសភាអាចទម្លាក់គណៈរដ្ឋមន្ត្រី ឬរាជរដ្ឋាភិបាលពីតំណែង ។ យោងតាមខ្លឹមសារនេះ តើសមាជិករដ្ឋសភាអាចអនុវត្តទៅបានដោយប្រសិទ្ធភាពដែរឬទេ បើសមាជិកភាគច្រើននៃរដ្ឋសភាកើតចេញពីគណបក្សកាន់អំណាច ?

១០៩- តើថវិកាស្វយ័តសម្រាប់ដំណើរការរដ្ឋសភាបានមកពីកញ្ចប់ថវិកាខ្ពង់ណា ? ចំនួនប៉ុន្មានក្នុងមួយឆ្នាំ ?

១១០- តើមានច្បាប់ចំនួនប៉ុន្មានហើយដែលរដ្ឋសភាបានអនុម័ត ? អ្វីខ្លះ ?

ចម្លើយ

១០៦- មាត្រា ៧៩ នៃរដ្ឋធម្មនុញ្ញបានចែងថា " អាណត្តិនៃសមាជិករដ្ឋសភា មានវិសមិតភាពជាមួយការបំពេញមុខងារសាធារណៈជាសកម្ម និងជាមួយមុខងារជាសមាជិកនៃស្ថាប័នដទៃទៀតដែលមានចែងក្នុងរដ្ឋធម្មនុញ្ច វៀរលែងតែទៅបំពេញមុខងារក្នុងគណៈរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល ។ ក្នុងករណីនេះ សមាជិករដ្ឋសភារូបនោះ មានឋានៈជាសមាជិករដ្ឋសភាធម្មតា ប៉ុន្តែមិនត្រូវមានមុខតំណែងអ្វីទាំងអស់ក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍ និងក្នុងគណៈកម្មការផ្សេងៗនៃរដ្ឋសភា ។" ។ ម្ចាស់សំណួរប្រហែលមានន័យថា ចង់ឱ្យពន្យល់លើវិសមិតភាពក្នុងមុខងាររបស់តំណាងរាស្ត្រ ។ សមាជិករដ្ឋសភាមិនអាចជាសមាជិកសកម្មនៃស្ថាប័នដទៃ ឧទាហរណ៍ ប្រធាន អាជ្ញាធរសវនកម្ម ឬប្រធាន គ.ជ.ប ឬជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញនោះទេ ។ ចំពោះឃ្លាដែលថា “ សមាជិករដ្ឋសភារូបនោះ មានឋានៈជាសមាជិករដ្ឋសភាធម្មតា ប៉ុន្តែមិនត្រូវមានមុខតំណែងអ្វីទាំងអស់ក្នុងគណៈកម្មាធិការ អចិន្ត្រៃយ៍ និងក្នុងគណៈកម្មការផ្សេងៗនៃរដ្ឋសភា“ គឺយើងអាចឃើញហើយ នាយករដ្ឋមន្ត្រី លោកមិនមានតួនាទីក្នុងគណៈកម្មការណាមួយក្នុងរដ្ឋសភានោះទេ គឺលោកជាសមាជិកសភាធម្មតា។ យើងអាចនិយាយបានថា សមាជិករដ្ឋសភាមិនអាចជាអ្នកធ្វើច្បាប់ផង ហើយអនុវត្តច្បាប់ផងនោះទេ ។ ពាក្យ វិសមិតភាព ជាពាក្យច្បាប់រដ្ឋធម្មនុញ្ញ គឺមានន័យថា ក្នុងពេលតែមួយសមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា មិនអាចទៅបំពេញមុខងារដទៃទៀត ឬយើងអាចថាធ្វើត្រួតគ្នាដែលច្បាប់បានហាមនោះទេ ប៉ុន្តែអាចដាក់ពាក្យសុំច្បាប់ឈប់ពិសេសណាមួយ ដើម្បីទៅធ្វើការងារផ្សេង ឬលាឈប់ពីមុខតំណែងរបស់ខ្លួនជាមុនសិន។ ឧទាហរណ៍ ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត បេក្ខជនសមាជិករដ្ឋសភាត្រូវដាក់ពាក្យសុំច្បាប់ឈប់ពិសេសមួយខែមុន ទើបមានសិទ្ធិចុះទៅឃោសនាបោះឆ្នោត ។ ចំពោះបុគ្គលណាដែលមានក្របខ័ណ្ឌ ហើយបានជាប់ឈ្មោះជាតំណាងរាស្ត្រត្រូវព្យួរក្របខ័ណ្ឌ ដើមរបស់ខ្លួននៅ ពេលចប់អាណត្តិតំណាងរាស្ត្រ បុគ្គលនោះអាចវិលមកចូលក្នុងក្របខណ្ឌដើមវិញបាន ។

១០៧- ពាក់ព័ន្ធនឹងរឿងតំណាងរាស្ត្រនេះ គឺជាសិទ្ធិអំណាចរបស់ប្រជាពលរដ្ឋ កាលណាលោកពេញចិត្តនឹងបុគ្គលណា លោកនឹងបោះឆ្នោតឱ្យ ដូច្នេះគេមិននិយាយអំពីសញ្ញាបត្រទេ ប៉ុន្តែពុំមែនមានន័យថាសញ្ញាបត្ររបស់តំណាងរាស្រ្តមិនសំខាន់នោះទេ កាលដែលមិនមានចែងអំពីសញ្ញាបត្រនេះវាគឺជាស្មារតីរបស់ច្បាប់ ។ ម្យ៉ាងទៀត អ្នកតំណាងរាស្ត្រ គឺជាអ្នកនយោបាយ លោកមិនមែនស្ថិតក្នុងក្របខ័ណ្ឌមន្ត្រីរាជការដែលចាំបាច់ត្រូវតែមានសញ្ញាបត្រ ដើម្បីប្រឡងយកក្របខណ្ឌនោះទេ ។ ដូច្នេះចំណុចសំខាន់របស់អ្នកនយោបាយ គឺប្រជាប្រិយភាព សមត្ថភាព និង បទពិសោធន៍ដែលអាចធ្វើឱ្យរាស្ត្រទុកចិត្តបាន ប៉ុន្តែបើលោកមានសញ្ញាបត្របន្ថែមទៀត វាកាន់តែធ្វើឱ្យអ្នកតំណាងរាស្ត្រនោះមានភាពលេចធ្លោ ។

១០៨- ដើម្បីទម្លាក់គណៈរដ្ឋមន្រ្តីចេញពីតំណែងបាន យើងត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញ ។ វាផ្តើមចេញពីការដាក់ជាសំណួរ-ចម្លើយ ការដាក់ញត្តិបន្ទោសដែលតម្រូវឱ្យមានតំណាងរាស្ត្រយ៉ាងតិច៣០នាក់ និងការអនុម័តទទួល ឬមិនទទួលញត្តិបន្ទោស ។

១០៩- ពាក្យ “ថវិកាស្វយ័ត " មានន័យថាប្រភពចំណូលបានមកពីថវិកាជាតិ ។ ប្រហែលជា ១៦ ពាន់លានរៀលក្នុងមួយឆ្នាំៗ (សូមមើលច្បាប់ថវិកាប្រចាំឆ្នាំ) ។

១១០- ខ្ញុំសូមជម្រាបតែអ្វីដែលខ្ញុំបានដឹងទេ ពីព្រោះនេះគឺជាសមត្ថកិច្ចរបស់រដ្ឋសភាទៅវិញទេ ។ ក្នុងអាណត្តិទី១ ឆ្នាំ១៩៩៣-១៩៩៨ រដ្ឋសភាបានអនុម័ត ៩០ច្បាប់ អាណត្តិទី២ ឆ្នាំ១៩៩៨-២00៣ បានអនុម័ត ៨៨ច្បាប់ អាណត្តិទី៣ ឆ្នាំ២០០៣-២០០៨ បានអនុម័ត ១៤៥ច្បាប់ អាណត្តិទី៤ ឆ្នាំ២០០៨-២០១៣ ខ្ញុំពុំមានតួលេខនៅឡើយទេ ប៉ុន្តែរដ្ឋសភាបានអនុម័តច្បាប់សំខាន់ៗមួយចំនួន រួមមាន ក្រមរដ្ឋប្បវេណី ក្រមនីតិវិធី រដ្ឋប្បវេណី ក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ ហើយយើងនៅមានច្បាប់ជាច្រើនទៀតដែលត្រូវអនុម័ត ជាពិសេសច្បាប់ទាក់ទងទៅនឹងវិស័យតុលាការសម្រាប់ចៅក្រម ព្រះរាជអាជ្ញា មានច្បាប់ស្តីពីរចនាសម្ព័ន្ធចាត់តាំងតុលាការ ច្បា ស្តីពីលក្ខន្តិកៈចៅក្រមនិងព្រះរាជអាជ្ញាជាដើម ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login