ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១៣១- នៅពេលដែលតុលាការកំពូលចេញសាលដីកាសម្រេចហើយ អ្នកចាញ់ក្តីមិនសុខចិត្ត តើអ្នកចាញ់ក្តីនោះត្រូវប្តឹងទៅស្ថាប័នណា? តាមរយៈអ្នកណា? តើស្ថាប័នណាដែលជាអ្នកត្រួតពិនិត្យនូវសកម្មភាពតុលាការ? ហើយនៅពេលតុលាការធ្វើខុស តើស្ថាប័នណាជាអ្នកដាក់ពិន័យស្ថាប័នតុលាការ ? ដោយរបៀបណា?
១៣២- អំណាចតុលាការជាអំណាចឯករាជ្យ ។ អំណាចទាំងបីបែងចែកដាច់ពីគ្នា ។ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមជាស្ថាប័នធានាឯករាជ្យភាពរបស់អំណាចតុលាការដោយមានព្រះមហាក្សត្រជាប្រធាន ។ ហេតុអ្វីបានជាស្ថាប័ននេះមានរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជាសមាជិក ? ដែលរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជាសមាជិករាជរដ្ឋាភិបាលផងនោះ តើអំណាចតុលាការធានាឯករាជ្យបានដូចម្តេចទៅ ?
១៣៣- ហេតុអ្វីបានជាព្រះរាជាណាចក្រកម្ពុជា ពុំបង្កើតឱ្យមានតុលាការដោះស្រាយវិវាទរដ្ឋបាល ។
១៣៤- តើអំណាចទាំងបីបានចែងក្នុងរដ្ឋធម្មនុញ្ញអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ ហេតុអ្វីបានគេឱ្យអំណាចតុលាការឯករាជ្យទៅវិញ ពីព្រោះថាស្ថាប័នតុលាការរស់ក្រោមរដ្ឋធម្មនុញ្ញដែរ ?
១៣៥- ក្នុងករណីដែលប្រធានតុលាការកំពូលប្រព្រឹត្តខុសអ្វីមួយ តើនរណាជាអ្នកមានសមត្ថកិច្ច ដោយយើងដឹងហើយថា ប្រធានតុលាការកំពូលជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ។
ចម្លើយ
១៣១- មិនអាចប្ដឹងទៅណាទៀតទេ ពីព្រោះសេចក្តីសម្រេចរបស់តុលាការកំពូលជាសេចក្តីសម្រេចបិទផ្លូវតវ៉ា ប៉ុន្តែគេអាចប្ដឹងសើរើបាននៅតុលាការកំពូល ក្នុងករណីដែលគេរកឃើញភស្តុតាងផ្ទុយ ក្រោយការចេញសាលដីកានោះ។ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជាអ្នកត្រួតពិនិត្យនូវសកម្មភាពតុលាការ ហើយនៅពេលដែ ចៅក្រមធ្វើខុស ស្ថាប័ននេះជាអ្នកដាក់វិន័យចៅក្រម ។
១៣២- រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមដូចព្រះមហាក្សត្រដែរ ប៉ុន្តែព្រះមហាក្សត្រក្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ក្តី លោកមិនចូលប្រជុំក្នុងក្រុមប្រឹក្សាវិន័យនៃអង្គចៅក្រមទេ ដើម្បីធានាឯករាជភាព ។
១៣៣- ថ្ងៃនេះមិនទាន់មាន ថ្ងៃអនាគតយើងនឹងបង្កើតតុលាការរដ្ឋបាល តុលាការពាណិជ្ជកម្ម និងតុលាការ ការងារ ។
១៣៤- អំណាចតុលាការ គឺសម្រាប់រកយុត្តិធម៌ជូនរូបវន្តបុគ្គលក្តី នីតិបុគ្គលក្តី ដែលស្របនឹងលក្ខណៈអន្តរជាតិ ព្រោះតុលាការនៅស្រុកណាក៏ដោយត្រូវតែឯករាជ្យ និងអព្យាក្រឹត ។
១៣៥- គឺក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ។ បើប្រធានតុលាការកំពូលធ្វើខុស ប្រធានតុលាការកំពូលអត់មានសិទ្ធិចូលប្រជុំក្នុងក្រុមប្រឹក្សាវិន័យទេ អីចឹងគឺឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមជាអ្នកដាក់វិន័យ លើប្រធានតុលាការកំពូល ។