ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១១១- តើព្រឹទ្ធសភា និងរដ្ឋសភា ប្រើអំណាចនីតិប្បញ្ញត្តិដូចម្តេច ?
១១២- បច្ចុប្បន្នសៀមបានឈ្លានពានវត្តកែវសិក្ខាគិរីស្វារៈ (ហៅវត្តប្រាសាទ ) និង ៤.៦Km2 តំបន់ប្រាសាទព្រះវិហារ ថាទឹកដីរបស់ពួកវា ។ បើពិនិត្យទៅលើមាត្រា ១៥២ថ្មី និងមាត្រា ៨៦ ប្រទេសជាតិមិនស្ថិតក្នុងភាពអាសន្ន តើស្ថិតក្នុងភាពអ្វី ?
១១៣- មាត្រា ៧៦ បានបញ្ជាក់ថា ប្រជាពលរដ្ឋមានសិទ្ធិឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ លុះត្រាតែមានសញ្ជាតិជាខ្មែរពីកំណើត ។ ប៉ុន្តែពលរដ្ឋខ្មែរមានសញ្ជាតិខ្មែរពីកំណើតតែបានទៅនៅបរទេស ហើយបានចូលសញ្ជាតិបរទេស តើពលរដ្ឋនោះអាចឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្របានដែរឬទេ ?
១១៤- សូមជួយពន្យល់អំពីភាពខុសគ្នារវាងភារកិច្ចសភាធម្មនុញ្ញ និងសមាជិករដ្ឋសភា ?
១១៥- មាត្រា ៧៦ មូលហេតុអ្វីបានជាតំណាងរាស្ត្រស្រុកខ្មែរច្រើនម្ល៉េះ បើប្រជាជនតិច ?
ចម្លើយ
១១១- តាមរដ្ឋធម្មនុញ្ញ ស្ថាប័នទាំងពីរនេះ មានអំណាចនីតិប្បញ្ញត្តិ មានន័យថាមានអំណាចធ្វើច្បាប់ពិភាក្សា និងអនុម័តច្បាប់។ ក្រោយពីរដ្ឋសភាបានពិភាក្សា និងអនុម័តច្បាប់ហើយ ត្រូវបញ្ជូនអត្ថបទច្បាប់នោះមកឱ្យព្រឹទ្ធសភាដើម្បីពិនិត្យ និងឱ្យយោបល់ ។ ភាពខុសគ្នារវាងស្ថាប័នទាំងពីរនេះនៅត្រង់ថា ព្រឹទ្ធសភាពុំមានសិទ្ធិក្នុងការផ្តួចផ្តើមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដូចរដ្ឋសភាទេ ។ នៅពេលណា ដែលរាជរដ្ឋាភិបាល និងរដ្ឋសភាមានបញ្ហាមិនចុះសម្រុងនឹងគ្នានោះ ព្រឹទ្ធសភានៅមានអំណាចមួយទៀតក្នុងការសម្របសម្រួលស្ថាប័នទាំងពីរនេះ ។ ម្យ៉ាងវិញទៀត ខុសគ្នាត្រង់ថាព្រឹទ្ធសភាពុំមានអំណាចក្នុងការបោះឆ្នោតជ្រើសតាំងរាជរដ្ឋាភិបាល ការត្រួតពិនិត្យរាជរដ្ឋាភិបាល ការធ្វើញ្ញត្តិបន្ទោស និងការបោះឆ្នោតដកសេចក្តីទុកចិត្តពីរាជរដ្ឋាភិបាលដូចរដ្ឋសភាទេ ។
១១២- អត់ទាន់មានភាពអាសន្នទេ ដើម្បីប្រកាសភាពអាសន្នបានទាល់តែរដ្ឋសភា ព្រឹទ្ធសភាប្រជុំ ហើយព្រះមហាក្សត្រទ្រង់ជាអ្នកប្រកាស ។
១១៣- ឱ្យតែគាត់កើតមកបានសញ្ជាតិខ្មែរ គឺគាត់អាចឈរឈ្មោះបាន អត់មានបែងចែកសញ្ជាតិពីរមិនអាចឈរបាននោះទេ ។
១១៤- សភាធម្មនុញ្ញ គឺមានភារកិច្ចសរសេរ តាក់តែង ពិភាក្សា និងអនុម័តរដ្ឋធម្មនុញ្ញ ។ សភាជាតិមានភារកិច្ចធ្វើច្បាប់ ។ ឋានានុក្រមនៃច្បាប់ខ្ពស់ជាងគេ គឺរដ្ឋធម្មនុញ្ញក្រោមរដ្ឋធម្មនុញ្ញ គឺច្បាប់ក្រោមច្បាប់ គឺអនុក្រឹត្យក្រោមអនុក្រឹត្យ គឺសេចក្តីសម្រេច ប្រកាស ដីកា ។ល ។
១១៥- អត់ច្រើនទេ គណបក្សសិទ្ធិមនុស្ស គណបក្សសមរង្ស៊ី កំពុងទាមទារបង្កើនអាសនៈថែមទៀត ព្រោះបើគិតជាអត្រាមធ្យម តំណាងរាស្ត្រម្នាក់ តំណាងឱ្យប្រជាពលរដ្ឋទាំងក្មេងទាំងចាស់ប្រហែលឡើងដប់ប្រាំម៉ឺននាក់ជាងហើយ ដូច្នេះ១២៣រូប លើចំនួនប្រជាជនសរុបទាំងក្មេងទាំងចាស់ដប់បួនលាននាក់វាអត់ច្រើនទេ ។