ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
២៨៦- សូមគោរពឯកឧត្តមប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ឯកឧត្តមមានប្រសាសន៍ថា ការតាក់តែង ការសរសេរច្បាប់វាពិបាក ហើយយកមកអនុវត្តកាន់តែពិបាកទៅទៀត តើមូលហេតុអ្វី ?
២៨៧- ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជក្រម ខ្លឹមសារទាំងពីរនេះមួយណាធំជាងគេ និងសុំការបំភ្លឺបន្ថែមអំពីអត្ថន័យ "ព្រះរាជក្រម" ។
២៨៨- សូមមេត្តាពន្យល់ពាក្យ "ធម្មនុញ្ញ" ឱ្យងាយស្តាប់ និងពាក់ព័ន្ធនឹងជំពូកទី៧ ជាអនុសាសន៍ បេក្ខជនតំណាងរាស្ត្រ គួរតែឆ្លងកាត់ការបោះឆ្នោតផ្ទៃក្នុងមុននឹងឈរឈ្មោះបោះឆ្នោតជាសកល ។
២៨៩- សូមជួយពន្យល់ពាក្យឆន្ទានុសិទ្ធិ និងបុព្វសិទ្ធិ ។
២៩០- ក្នុងការបញ្ជាក់ពីការស្របនៃរដ្ឋធម្មនុញ្ញរបស់ច្បាប់មួយ គេតែងឃើញមាន "បានទ្រង់យល់ រដ្ឋធម្មនុញ្ញ” ចុះចំណែកក្រឹត្យច្បាប់លេខ ៣៨ ដែលយើងកំពុងប្រើសព្វថ្ងៃ ?
ចម្លើយ
២៨៦- ឯកឧត្តម អស់លោក លោកស្រី ដែលអញ្ជើញមកនេះសុទ្ធតែជាអ្នកអនុវត្តច្បាប់ តើពិបាកទេ? គឺពិបាក ដូច្នេះវាទាមទារឱ្យអ្នកអនុវត្តច្បាប់ហ្នឹងចេះច្បាប់ឱ្យអស់ ។ យើងជាអ្នកគ្រប់គ្រងប្រជារាស្ត្រ ប៉ុន្តែតាមពាក្យសម័យសកលភាវូបនីយកម្ម យើងជាអ្នកផ្តល់សេវាជូនប្រជារាស្ត្រ ។ ឧទាហរណ៍ នគរបាល គឺសេវាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ គ្រូបង្រៀន គឺសេវាអប់រំ សេវាបង្រៀនសិស្ស អ៊ីចឹងម្នាក់ៗសុទ្ធតែមានភារកិច្ច សួរថាស្រួល ឬពិបាក ? ដូច្នេះ ទាមទារត្រូវពន្យល់ត្រូវប្រើវិធីអប់រំធ្វើម៉េចឱ្យគេយល់ ។
២៨៧- ព្រះរាជក្រម គឺជាឯកសារគតិយុត្តមួយសម្រាប់ប្រកាសឱ្យប្រើច្បាប់ ហើយដែលមានឋានានុក្រមនៅលើច្បាប់។
២៨៨- កាលណាគេប្រើត្រឹម "ធម្មនុញ្ញ” ហ្នឹងវាជាគុណនាមប្រើសម្រាប់ភ្ជាប់នឹងពាក្យមួយទៀត ឧទាហរណ៍ សភាធម្មនុញ្ញ ច្បាប់ធម្មនុញ្ញ ។ ខ្ញុំមិនដឹងថា នៅព្រះវិហារគេធ្វើយ៉ាងម៉េចទេ ប៉ុន្តែគណបក្សប្រជាជននៅព្រៃវែង ស្វាយរៀង និង ខេត្តមួយចំនួនទៀត បោះឆ្នោតរកបេក្ខជនផ្ទៃក្នុងបក្សបេក្ខជនណានៅលើគេបានឈរទី១។ តំណាងសមាជិក គណបក្សឡើងពីមូលដ្ឋានភូមិ ឃុំ បោះឆ្នោតថា តើមន្ត្រីរបស់គណបក្សក្នុងខេត្តហ្នឹងបានការគាំទ្រពីមូលដ្ឋានប៉ុន្មាន រួចហើយទើបគណបក្សឧទ្ទេសនាមបេក្ខជន អ្នកណាឈរលេខ១ អ្នកណាឈរលេខ២ ឬ ឈរលេខ៣ ឧទាហរណ៍ ខេត្តព្រះវិហារ មាន០១កៅអី បេក្ខជនពេញសិទ្ធិ ០១ បេក្ខជនបំរុងអាចដាក់ ០៣ ។
២៨៩- ពាក្យបុព្វសិទ្ធិ (Prérogative) ចង់និយាយថា សិទ្ធិផ្សេងៗ មានរបបបេសកកម្មអី ។ ចំណែកពាក្យឆន្ទានុសិទ្ធិ ជាសិទ្ធិរបស់ចៅក្រម ។
២៩០- គេប្រើក្រឹត្យនៅសម័យរដ្ឋកម្ពុជា កាលណាក្រមនីតិវិធីថ្មីចូលជាធរមាន នោះក្រឹត្យច្បាប់ លេខ ៣៨ នឹងនិរាករណ៍ដោយឯកឯងឥតមានអានុភាពអនុវត្តទៀតទេ ។