សំណួរ
៨១- តើមុខងារនៃនីតិព្រហ្មទណ្ឌមានអ្វីខ្លះ ?
៨២- តើនីតិព្រហ្មទណ្ឌត្រូវបានចែកចេញជាប៉ុន្មានសណ្ឋាន ?
៨៣- តើសាលាជម្រះក្តីនៅព្រះរាជាណាចក្រកម្ពុជាចែកចេញជាប៉ុន្មាន ?
៨៤- ចូរឲ្យនិយមន័យបទល្មើស (តាមក្រមព្រហ្មទណ្ឌឆ្នាំ២០១០) ។
៨៥- ទោសមានចរិតលក្ខណៈប៉ុន្មានយ៉ាង ?
ចម្លើយ
៨១- នីតិព្រហ្មទណ្ឌមានមុខងារសំខាន់ៗជាច្រើនដូចជា ៖
- ការពារសិទ្ធិសេរីភាព កិត្តិយស សេចក្តីថ្លៃថ្ន ផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ ជាពិសេសផលប្រយោជន៍សាធារណៈ
- ស្តានីតិសម្បទារបស់ជនល្មើស
- ទប់ស្កាត់ និងបញ្ឈប់ជាបន្ទាន់នូវការប្រព្រឹត្តបទល្មើសទាំងបច្ចុប្បន្ន និងអនាគត
- រក្សារបៀបរៀបរយសាធារណៈ និងសណ្តាប់ធ្នាប់សង្គម
- ធ្វើឲ្យសង្គមមានយុត្តិធម៌
- បញ្ចូលទណ្ឌិតចូលទៅក្នុងសង្គមវិញ ។
៨២- នីតិព្រហ្មទណ្ឌត្រូវបានចែកចេញជាបីសណ្ឋានគឺ ៖
- នីតិព្រហ្មទណ្ឌទូទៅ ជាកម្រងអត្ថបទច្បាប់ដែលសិក្សាអំពីគោលការណ៍ទូទៅ ដូចជា ការសិក្សាលើបទល្មើស ចំណាត់ថ្នាក់នៃបទល្មើស ចរិតលក្ខណៈនៃបទល្មើស ដំណាក់កាលនៃការប្រព្រឹត្តបទល្មើស ធាតុផ្សំនៃបទល្មើស និងជាពិសេសសិក្សាលើគោលការណ៍ការអនុវត្តទោស ។ល។
- នីតិព្រហ្មទណ្ឌពិសេស ជាកម្រងអត្ថបទច្បាប់ដែលសិក្សា អំពីបទល្មើស ប្រភេទបទល្មើស និងអំពីទោស ប្រភេទនៃទោស ដូចជាទោសក្នុងបទឧក្រិដ្ឋ បទមជ្ឈិម និងបទលហុជាដើម ។ អត្ថបទច្បាប់នេះសិក្សាលើនិយមន័យអត្ថន័យ និងធាតុផ្សំនៃបទល្មើសនីមួយៗ ។ ឧទាហរណ៍ បទរំលោភ សេពសន្ថវៈ បទបង្ករបួសស្នាម ។
- នីតិវិធីព្រហ្មទណ្ឌ ជាកម្រងអត្ថបទច្បាប់ដែលសិក្សាអំពីវិធានទាំងឡាយស្ដីពីការរៀបចំ ការប្រព្រឹត្តទៅនៃស្ថាប័នតុលាការព្រហ្មទណ្ឌគ្រប់ជាន់ថ្នាក់ និងកំណត់នូវវិធានស្តីពីនីតិវិធីចោទប្រកាន់ នីតិវិធីស៊ើបអង្កេត នីតិជំនុំជម្រះ ព្រមទាំងកំណត់អំពីសិទ្ធិអំណាចទាំងឡាយនៃអង្គចៅក្រម មេធាវី មន្ត្រីនគរបាល មន្ត្រីយុត្តិធម៌ គូភាគី សាក្សី អ្នកជំនាញ ។ល។
៨៣- សាលាជម្រះក្តីនៅព្រះរាជាណាចក្រកម្ពុជាចែកចេញជាពីរថ្នាក់គឺ ៖
- តុលាការជាន់ទាប ៖ សាលាដំបូងរាជធានី ខេត្ត និង តុលាការយោធា ។
- តុលាការជាន់ខ្ពស់ ៖ សាលាឧទ្ធរណ៍ និង តុលាការកំពូល ។
៨៤- បទល្មើស ជាអំពើប្រព្រឹត្តដោយចេតនាក្តី ឬ អចេតនាក្តីដែលបង្កគ្រោះថ្នាក់ដល់សង្គម ហើយត្រូវផ្តន្ទាទោសតាមការកំណត់ទុកជាមុននៃច្បាប់ព្រហ្មទណ្ឌ ។
៨៥- ទោសមានចរិតលក្ខណៈ៣យ៉ាងគឺ ៖
- នីត្យានុកូលភាពនៃទោស ៖ ទោសទាំងអស់ត្រូវតែមាននៅក្នុងច្បាប់ ហើយកំពុងតែស្ថិតនៅជាធរមានទៀតផង បើគ្មានច្បាប់ចែងទេនោះ ចៅក្រមមិនអាចយកទោសនោះមកធ្វើការប្រកាសបានឡើយ ។
- សមភាពនៃទោស ៖ ក្នុងការដាក់ទោសតែមិនត្រូវគិតអំពីតួនាទី ឋានៈ នៅក្នុងសង្គមរបស់អ្នកត្រូវបានផ្តន្ទាទោសនោះទេ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៣១។
- ឯកត្តកម្មនៃទោស ៖ បុគ្គលម្នាក់ៗត្រូវទទួលខុសត្រូវព្រហ្មទណ្ឌតែចំពោះអំពើផ្ទាល់របស់ខ្លួនប៉ុណ្ណោះ ។ តាមគោលការណ៍នេះ ចៅក្រមមិនអាចធ្វើការប្រកាសទោសនៅលើក្រុមគ្រួសារ ឬមិត្តភក្ត័របស់ជនល្មើសបានឡើយ ។
តភាគ