អង្គភាពប្រឆាំងអំពើពុករលួយមានភារកិច្ចដូចជា ៖
- អនុវត្តច្បាប់ បទបញ្ជា និងបទប្បញ្ញត្តិជាធរមានពាក់ព័ន្ធនឹងបទល្មើសពុករលួយ
- រៀបចំកសាងផែនការសកម្មភាពប្រយុទ្ធប្រឆាំងអំពើពុករលួយស្របតាមយុទ្ធសាស្ត្រ និងនយោបាយរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ
- ដឹកនាំការងារទប់ស្កាត់ និងបង្ក្រាបអំពើពុករលួយ
- តាមដាន ស៊ើបអង្កេត ត្រួតពិនិត្យ និងធ្វើការស្រាវជ្រាវ ព្រមទាំងលើកវិធានការនានាពាក់ព័ន្ធនឹងបទល្មើសពុករលួយនៅតាមក្រសួង ស្ថាប័ន អង្គភាពសាធារណៈ និងឯកជនទាំងអស់ស្របតាមនីតិវិធីជាធរមាន
- ទទួល និងពិនិត្យរាល់ពាក្យប្តឹងដែលពាក់ព័ន្ធនឹងអំពើពុករលួយ ព្រមទាំងចាត់ការទៅតាមនីតិវិធីជាធរមាន
- ទទួល និងពិនិត្យពាក្យប្តឹងដែលពាក់ព័ន្ធនឹងការមិនអនុវត្តកម្រងព័ត៌មាន សេវាសាធារណៈ
- ស្វែងរក ពិនិត្យ និងរៀបចំឯកសារ និងព័ត៌មានពាក់ព័ន្ធនឹងអំពើពុករលួយ
- រក្សាការសម្ងាត់ជាដាច់ខាតចំពោះប្រភពព័ត៌មានទាក់ទងនឹងអំពើពុករលួយ
- ចាត់វិធានការចាំបាច់ដើម្បីរក្សាសន្តិសុខដល់បុគ្គលដែលផ្តល់ព័ត៌មានទាក់ទងនឹងអំពើពុករលួយ
- ធ្វើការគ្រប់គ្រងប្រព័ន្ធនៃការប្រកាសទ្រព្យសម្បត្តិ និងបំណុលដូចមានបញ្ញត្តិក្នុងច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ
- ដឹកនាំការងារឃោសនាអប់រំមហាជនអំពីផលវិបាកនៃអំពើពុករលួយ និងលើកទឹកចិត្តឲ្យមហាជនចូលរួមក្នុងការបង្ការ ទប់ស្កាត់ និងកម្ចាត់អំពើពុករលួយ
- ពិនិត្យ និងលើកគម្រោងថវិកាប្រចាំឆ្នាំ របស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងរបស់អង្គភាពប្រឆាំងអំពើពុករលួយ
- ទទួលឆ្លើយបំភ្លឺដោយផ្ទាល់មាត់ ឬជាលាយលក្ខណ៍អក្សរចំពោះរាល់សំណួរដែលលើកឡើង ដោយសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ឬសមាជិករដ្ឋសភា
- បម្រើសេវាការងារជូនក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ
- តែងតាំង ផ្លាស់ប្តូរ និងគ្រប់គ្រង ឬលើកសំណើតែងតាំង ផ្លាស់ប្តូរ មន្ត្រីរាជការក្រោមឱវាទក្នុងអង្គភាពប្រឆាំងអំពើពុករលួយ
- ធ្វើសហប្រតិបត្តិការជាមួយនឹងអង្គការជាតិ អង្គការតំបន់ អង្គការអន្តរជាតិនានាដើម្បីប្រឆាំងអំពើពុករលួយឆ្លងដែន
- ធ្វើរបាយការណ៍អំពីសកម្មភាពទាំងឡាយរបស់អង្គភាពប្រឆាំងអំពើពុករលួយ ជូនក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ
- មានសិទ្ធិធ្វើការព្រមានចំពោះមុខសញ្ញាដែលក្នុងដំណាក់កាលដំបូងមានការខកខានមិនបានអនុវត្តច្បាប់ និងបទប្បញ្ញត្តិជាធរមានក្នុងគោលដៅបង្ការ និងទប់ស្កាត់អំពើពុករលួយ
- បំពេញភារកិច្ចផ្សេងៗទៀតតាមការបញ្ញត្តិរបស់ច្បាប់ជាធរមាន និងតាមការប្រគល់ជូនរបស់រាជរដ្ឋាភិបាល ។