ការទទួលខុសត្រូវរបស់អ្នកជាប់ពន្ធមានដូចជា ៖
- អ្នកជាប់ពន្ធជាអ្នកទទួលខុសត្រូវតាមផ្លូវច្បាប់ ចំពោះរាល់កិច្ចការរបស់ខ្លួន ។
- អ្នកជាប់ពន្ធត្រូវទទួលខុសត្រូវចំពោះការថែរក្សាឯកសារនានា និងត្រូវផ្តល់ព័ត៌មានត្រឹមត្រូវដល់រដ្ឋបាលសារពើពន្ធ ។
- ទោះបីជាអ្នកជាប់ពន្ធជួលទីប្រឹក្សាឲ្យរៀបចំការប្រកាសសារពើពន្ធ ឬឯកសារផ្សេងៗក៏ដោយ អ្នកជាប់ពន្ធនៅតែត្រូវទទួលខុសត្រូវ ចំពោះភាពត្រឹមត្រូវរបស់ព័ត៌មានទាំងនោះតាមផ្លូវច្បាប់ ។
- ប្រសិនបើអ្នកជាប់ពន្ធជួលទីប្រឹក្សាឲ្យរៀបចំការប្រកាសសារពើពន្ធ អ្នកជាប់ពន្ធត្រូវតែរក្សាឯកសារចាំបាច់ និងត្រូវផ្តល់ជូនព័ត៌មានត្រឹមត្រូវ និងពេញលេញទៅឲ្យទីប្រឹក្សារបស់អ្នកជាប់ពន្ធ ដើម្បីឲ្យទីប្រឹក្សានោះរៀបចំលិខិតប្រកាសសារពើពន្ធបានត្រឹមត្រូវ ។
- មុនពេលអ្នកជាប់ពន្ធចុះហត្ថលេខាលើឯកសារណាមួយ អ្នកជាប់ពន្ធត្រូវពិនិត្យថាព័ត៌មានទាំងនេះត្រឹមត្រូវ ទោះជាទីប្រឹក្សារបស់អ្នកជាប់ពន្ធជាអ្នករៀបចំក៏ដោយ ។ អ្នកជាប់ពន្ធមិនត្រូវចុះហត្ថលេខាលើឯកសារដែលនៅចំហទេ ។
- ទោះជាអ្នកជាប់ពន្ធជួលទីប្រឹក្សាឲ្យរៀបចំការប្រកាសសារពើពន្ធ ឬឯកសារពាក់ព័ន្ធនឹងកិច្ចការសារពើពន្ធផ្សេងៗក៏ដោយ អ្នកជាប់ពន្ធត្រូវតែចុះហត្ថលេខានៅលើលិខិតប្រកាសនេះ ។
- ប្រសិនបើទីប្រឹក្សារបស់អ្នកជាប់ពន្ធមិនបានយកចិត្តទុកដាក់រៀបចំការប្រកាសត្រឹមត្រូវ អ្នកជាប់ពន្ធអាចបង់ពន្ធមិនត្រឹមត្រូវតាមច្បាប់ ។ រដ្ឋបាលសារពើពន្ធនឹងតម្រូវឲ្យអ្នកជាប់ពន្ធបង់បន្ថែមនូវប្រាក់ពន្ធ ដែលបង់ខ្វះព្រមទាំងប្រាក់ពន្ធបន្ថែម និងទោសទណ្ឌផ្សេងៗទៀត ដូចមានរៀបរាប់ក្នុងផ្នែកកាតព្វកិច្ចរបស់អ្នកជាប់ពន្ធ ។ ទោសទណ្ឌអាចនឹងធ្ងន់ធ្ងរ ប្រសិនបើទីប្រឹក្សារបស់អ្នកជាប់ពន្ធធ្វើការធ្វើធ្វេសប្រហែល ឬមិនគោរពច្បាប់ដោយចេតនា ។