2020-03-20 16:06
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៤៦- តើបដិគ្គាហក ឬបដិគ្គាហកៈសំដៅដល់អ្វី ?
៤៧- តើបដិទានសំដៅដល់អ្វី ?
៤៨- តើប័ណ្ណសម្គាល់សិទ្ធិកាន់កាប់សំដៅដល់អ្វី ?
៤៩- តើបរិហារកេរ្តិ៍សំដៅដល់អ្វី ?
៥០- តើបុគ្គលឯកជនសំដៅដល់អ្វី ?
ចម្លើយ
៤៦- បដិគ្គាហក ឬបដិគ្គាហកៈ សំដៅដល់អ្នកទទួលយកទាន (អំណោយ) ។ តាមក្រមរដ្ឋប្បវេណី មានន័យថា ភាគីម្ខាងនៃកិច្ចសន្យាប្រទានកម្ម ដែលយល់ព្រមទទួលយកនូវទ្រព្យសម្បត្តិពីទាយក ដោយមិនផ្តល់តម្លៃតបស្នង ។
៤៧- បដិទាន សំដៅដល់ការស្តារឡើងវិញនូវស្ថានភាពដើម ឬការប្រគល់ត្រឡប់វិញ ។ ឧទាហរណ៍ ការបង្វិលសងវត្ថុ ដែលកូនបំណុលបានប្រគល់ ឬសងប្រាក់ដែលកូនបំណុលបានបង់ ឬបង្វិលសងវត្ថុ ដែលម្ចាស់បំណុលកំពុងប្រើប្រាស់ ឬថែរក្សាគ្រប់គ្រង ទៅកូនបំណុលវិញ ឬការបង្វិលសងវិញនូវទ្រព្យមរតក ដែលអ្នកគ្មានសិទ្ធិខាងសន្តតិកម្មបានទទួលជាដើម ។
៤៨- ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ សំដៅដល់លិខិតដែលមានរូបមន្តយថាភូត ចេញដោយអាជ្ញាធរមានសមត្ថកិច្ចសម្រាប់បញ្ជាក់អំពីសិទ្ធិកាន់កាប់របស់បុគ្គល ឬក្រុមណាមួយ ។
៤៩- បរិហារកេរ្តិ៍ សំដៅដល់ការលើកឡើងនូវទឡីករណ៍ ឬការទម្លាក់កំហុសដោយអសុទ្ធចិត្ត ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយស ឬដល់កិត្តិស័ព្ទនៃបុគ្គល ឬស្ថាប័នដោយសំដី ទោះជាប្រភេទណាក៏ដោយ ដែលបញ្ចេញនៅទីសាធារណៈ ឬនៅក្នុងពេលប្រជុំសាធារណៈ ឬតាមលិខិត ឬគំនូរ ទោះជាប្រភេទណាក៏ដោយ ដែលផ្សព្វផ្សាយនៅក្នុងសាធារណជន ឬដាក់តាំងឲ្យសាធារណជនមើល ឬតាមគ្រប់មធ្យោបាយគមនាគមន៍សោតទស្សន៍ ដែលសម្រាប់សាធារណជន ។
៥០- បុគ្គលឯកជន សំដៅដល់បុគ្គលដែលមានសិទ្ធិ និងកាតព្វកិច្ចនៅក្នុងទំនាក់ទំនងគតិយុត្ត និងដែលត្រូវគ្រប់គ្រងដោយនីតិឯកជន ។