សំណួរ
១- តើគណៈកម្មាធិការជាតិវាយតម្លៃសេវាសាធារណៈ (គ.ជ.វ.ស.) ជាសេនាធិការឲ្យរាជរដ្ឋាភិបាលមានតួនាទីនិងភារកិច្ចអ្វីខ្លះ ?
២- តើលេខាធិការដ្ឋាននៃ គ.ជ.វ.ស. មានតួនាទីនិងភារកិច្ចអ្វីខ្លះ ?
៣- តើស្តង់ដារសេវាសាធារណៈគឺជាអ្វី ?
៤- តើគុណភាពព័ត៌មានមានលក្ខណៈវិនិច្ឆ័យមានអ្វីខ្លះ ?
៥- តើដំណើរការផ្តល់សេវាសាធារណៈរបស់ក្រសួង ស្ថាប័នមានបង្ហាញនូវព័ត៌មានអ្វីខ្លះ ?
ចម្លើយ
១- គណៈកម្មាធិការជាតិវាយតម្លៃសេវាសាធារណៈ (គ.ជ.វ.ស.) ជាសេនាធិការឲ្យរាជរដ្ឋាភិបាលមានតួនាទីនិងភារកិច្ចដដូចជា ៖
- ជំរុញក្រសួង ស្ថាប័នទាំងអស់ឲ្យបន្តអនុវត្តគោលនយោបាយស្តីពីការផ្តល់សេវាសាធារណៈ
- អនុម័តវិធីសាស្រ្តនិងគោការណ៍ដើម្បីវាយតម្លៃសេវាសាធារណៈ
- អនុម័តផែនការយុទ្ធសាស្ត្រស្តីពីការកំណត់និងការអនុវត្តស្តង់ដារសេវាសាធារណៈ
- ណែនាំនិងជំរុញក្រសួង ស្ថាប័នឲ្យរៀបចំផែនការសកម្មភាពកែលម្អសេវាសាធារណៈប្រចាំឆ្នាំរបស់ក្រសួងស្ថាប័នសាមី
- ណែនាំនិងជំរុញក្រសួង ស្ថាប័នឲ្យផ្សព្វផ្សាយឯកសារណែនាំស្តីពីស្តង់ដារសេវាសាធារណៈឲ្យបានដល់គ្រប់មជ្ឈដ្ឋាន
- កំណត់លក្ខណវិនិច្ឆ័យនិងនីតិវិធីនៃការដាក់ពិន្ទុដើម្បីផ្តល់វិញ្ញាបនបត្រនិងផ្តល់ពានរង្វាន់
- លើកសំណើរជូនរាជរដ្ឋាភិបាលដើម្បីធ្វើការកែសម្រួលឬធ្វើបច្ចុប្បន្នកម្មស្តង់ដារសេវាសាធារណៈទៅតាមការចាំបាច់
- វាយតម្លៃការអនុវត្តសូចនាករគោលរបស់ក្រសួង ស្ថាប័នដោយផ្អែកលើឯកសារណែនាំស្តីពីស្តង់ដារសេវាសាធារណៈ
- ផ្តល់វិញ្ញាបនបត្រទទួលស្គាល់គុណភាពសេវាសាធារណៈដែលសម្រេចបានតាមសូចនាករគោលរបស់ក្រសួង ស្ថាប័នសាមី
- ផ្តល់ពានរង្វាន់ជូនក្រសួង ស្ថាប័នដែលទទួលបានវិញ្ញាបនបត្រទទួលស្គាល់គុណភាពសេវាសាធារណៈ និងផ្តល់សេវាសាធារណៈបានល្អប្រសើរជាងគេ
- ណែនាំនិងតម្រង់ទិសក្រសួង ស្ថាប័នដែលពុំទាន់ទទួលបានវិញ្ញាបនបត្រទទួលស្គាល់គុណភាពសេវាសាធារណៈ
- ពិនិត្យនិងសម្រេចលើរបាយការណ៍របស់លេខាធិការដ្ឋាននៃ គ.ជ.វ.ស. ស្តីពីវឌ្ឍនភាពនៃការអនុវត្តស្តង់ដាសេវាសាធារណៈនិងបូកសរុបលទ្ធផលជូនរាជរដ្ឋាភិបាល
- អនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនរបស់រាជរដ្ឋាភិបាល ។
២- លេខាធិការដ្ឋាននៃ គ.ជ.វ.ស. មានតួនាទីនិងភារកិច្ចដូចជា ៖
- ជួយ គ.ជ.វ.ស. ក្នុងការសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តស្តង់ដាសេវសាធារណៈស្របតាមឯកសារណែនាំស្តីពីស្តង់ដាសេវាសាធារណៈ
- រៀបចំវិធីសាស្ត្រនិងគោលការណ៍ដើម្បីវាយតម្លៃសេវាសាធារណៈជូន គ.ជ.វ.ស. ពិនិត្យនិងសម្រេច
- រៀបចំផែនការយុទ្ធសាស្រ្តស្តីពីការកំណត់និងការអនុវត្តស្តង់ដាសេវាសាធារណៈជូន គ.ជ.វ.ស. ពិនិត្យនិងសម្រេច
- សម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីរៀបចំកំណត់សូចនាករគោលនៃសេវានីមួយៗជូន គ.ជ.វ.ស. ពិនិត្យនិងសម្រេច
- សហការជាមួយក្រសួង ស្ថាប័ន ផ្នែកឯកជន និងដៃគូអភិវឌ្ឍពាក់ព័ន្ធទាំងអស់ដើម្បីកៀរគរធនធាននិងមធ្យោបាយសម្រាប់ពង្រឹងប្រសិទ្ធភាពនិងគុណភាពសេវាសាធារណៈ
- ចងក្រងនិងផ្សព្វផ្សាយសេវាសាធារណៈទាំងឡាយណាដែលទទួលបានវិញ្ញាបនបត្រឬពានរង្វាន់
- ធ្វើរបាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តស្តង់ដាសេវាសាធារណៈរបស់ក្រសួង ស្ថាប័នជូន គ.ជ.វ.ស. ពិនិត្យនិងសម្រេច
- តាមដាននិងត្រួតពិនិត្យការអនុវត្តផែនការសកម្មភាពរបស់ក្រសួង ស្ថាប័នធៀបនឹងសូចនាករគោលដែលកំណត់ដោយក្រសួង ស្ថាប័នសាមី
- អនុការងារផ្សេងៗទៀតតាមការប្រគល់ជូនរបស់ គ.ជ.វ.ស. ។
៣- ស្តង់ដារសេវាសាធារណៈ គឺជាម៉ែត្រវាស់កម្រិតនៃគុណភាពនិងចរិតលក្ខណៈក្នុងការផ្តល់សេវាសាធារណៈ ដើម្បីទទួលបាននូវការពេញចិត្តពីសំណាក់អ្នកប្រើប្រាស់សេវាសាធារណៈតាមលក្ខខណ្ឌកំណត់ (ដូចជានីតិវិធីពេលវេលា តម្លៃ និងទីកន្លែង) និងឆ្លើយតបទៅនឹងតម្រូវការនិងផលប្រយោជន៍របស់អ្នកប្រើប្រាស់សេវាសាធារណៈ ។
៤- គុណភាពព័ត៌មានមានលក្ខណៈវិនិច្ឆ័យមានដូចជា ៖
- ព័ត៌មានពាក់ព័ន្ធនឹងបទដ្ឋានគតិយុត្ត
- ព័ត៌មានត្រូវផ្សព្វផ្សាយជាសាធារណៈឲ្យបានទូលំទូលាយ
- មធ្យោបាយនៃការផ្សព្វផ្សាយ ។
៥- ដំណើរការផ្តល់សេវាសាធារណៈរបស់ក្រសួង ស្ថាប័នមានបង្ហាញនូវព័ត៌មានដូចជា ៖
- ប្រភេទសេវាសាធារណៈនីមួយៗដែលផ្តល់ដោយក្រសួង ស្ថាប័ន
- អាសយដ្ឋាននិងមធ្យោបាយទំនាក់ទំនងជាមួយក្រសួង ស្ថាប័ន
- រយៈពេលនៃការទទួលបានសេវាសាធារណៈ បន្ទាប់ពីអ្នកផ្តល់សេវាសាធារណៈបានទទួលពាក្យស្នើសុំដែលមានភ្ជាប់ឯកសារតម្រូវពីអ្នកប្រើប្រាស់សេវាសាធារណៈរួចជាស្រេច
- ពេលម៉ោងបំពេញការងារនិងថ្ងៃឈប់សម្រាក ។