ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
២១- តើតម្រាយផ្លូវស្របច្បាប់គឺជាអ្វី ?
២២- តើប្រវេសន៍កាលិកគឺជាអ្វី ?
២៣- តើការឆ្លងកាត់គឺជាអ្វី ?
២៤- តើការផ្ទេរមធ្យោបាយដឹកជញ្ជូនគឺជាអ្វី ?
២៥- តើការដឹកជញ្ជូនត្រង់គឺជាអ្វី ?
ចម្លើយ
២១- តម្រាយផ្លូវស្របច្បាប់ គឺជាផ្លូវគោក ផ្លូវដែក ផ្លូវទឹក និងផ្លូវផ្សេងទៀតណាមួយដែលគយកំណត់ឲ្យប្រើប្រាស់ សម្រាប់ការដឹកជញ្ជូនទំនិញនាំចេញ ឬនាំចូលក្រោមការគ្រប់គ្រងនិងត្រួតពិនិត្យរបស់គយ ។
២២- ប្រវេសន៍កាលិក គឺជានីតិវិធីគយដែលអាចអនុញ្ញាតឲ្យទំនិញនាំចូលបានក្នុងដែនគយក្រោមលក្ខខណ្ឌរួចផុតពីការបង់ពន្ធ និងអាករទាំងស្រុងឬភាគខ្លះ ។ ទំនិញទាំងនោះត្រូវបាននាំចូលក្នុងគោលបំណងច្បាស់លាស់ ហើយត្រូវនាំចេញទៅវិញក្នុងកម្រិតពេលវេលាជាក់លាក់មួយ និងមិនធ្វើការ កែច្នៃ ឬផ្លាស់ប្តូរលើកលែងតែការរំលស់ជាធម្មតាតាមការប្រើប្រាស់ ។
២៣- ការឆ្លងកាត់ គឺជានីតិវិធីគយ ដែលអនុញ្ញាតឲ្យដឹកជញ្ជូនទំនិញពីការិយាល័យគយមួយទៅការិយាល័យគយមួយទៀត ក្រោមការត្រួតពិនិត្យរបស់គយ ។
២៤- ការផ្ទេរមធ្យោបាយដឹកជញ្ជូន គឺជានីតិវិធីគយដែលអនុញ្ញាតឲ្យផ្ទេរទំនិញពីមធ្យោបាយដឹកជញ្ជូននាំចូល ទៅមធ្យោបាយដឹកជញ្ជូននាំចេញ ក្រោមការត្រួតពិនិត្យរបស់គយនៅក្នុងរង្វង់ការិយាល័យគយតែមួយ ដែលជាការិយាល័យនៃការនាំចូល និងការនាំចេញ ។
២៥- ការដឹកជញ្ជូនត្រង់ គឺជាការដឹកជញ្ជូនជាអន្តរជាតិនូវទំនិញពីប្រទេសដើមកំណើតទំនិញនោះទៅប្រទេសនាំចូល ដោយមិនមានការឆ្លងកាត់ប្រទេសដទៃ ក្រៅពីប្រទេសដើមកំណើតទំនិញ និងប្រទេសគម្យដ្ឋាន លើកលែងតែការឆ្លងកាត់នេះត្រូវបានធ្វើដោយសារលក្ខណៈភូមិសាស្ត្រ ឬចលនូបត្ថម្ភ ហើយទំនិញទាំងនោះមិនស្ថិតនៅក្នុងពាណិជ្ជកម្ម ឬការប្រើប្រាស់ និងមិនត្រូវរងនូវប្រតិបត្តិការណាមួយក្រៅពីការលើកដាក់ ឬប្រតិបត្តិការ ដើម្បីថែរក្សាទំនិញនោះឲ្យបានប្រសើរនៅប្រទេសដែលបានឆ្លងកាត់នោះ ។