កិច្ចសន្យាជាលាយលក្ខណ៍អក្សរត្រូវមានចំណុចសំខាន់ៗដូចជា ៖
- ចំណងជើងនៃកិច្ចសន្យា ៖ ទោះបីជាកិច្ចសន្យាមិនចាំបាច់មានចំណងជើង ដើម្បីឲ្យស្របតាមលក្ខខណ្ឌតម្រូវជាលាយលក្ខណ៍អក្សរក៏ដោយ ក៏ប៉ុន្តែវាជាគំនិតមួយដ៏ល្អប្រសិនបើមាន ដោយចំណងជើងនោះជួយបញ្ជាក់ភ្លាមៗអំពីថាតើនោះជាកិច្ចសន្យាអ្វី ? ជាកិច្ចសន្យាជួល ឬជាកិច្ចសន្យាលក់ ឬជាកិច្ចសន្យាខ្លី ។ល។
- អត្តសញ្ញាណរបស់គូភាគ ៖ វាជាផ្នែកមួយចាំបាច់នៃកិច្ចសន្យា ។ វាចាំបាច់ណាស់ក្នុងការសម្គាល់ភាគីទាំងនោះតាមវិធីដូច្នេះ ដែលមិនធ្វើឲ្យមានការសង្ស័យ ថាតើភាគីមានឈ្មោះអ្វី មានអាយុគ្រប់ ១៨ ឆ្នាំហើយឬនៅ មានសញ្ជាតិអ្វី និងមានអាសយដ្ឋាននៅឯណា ពីព្រោះបុគ្គលអាចមានឈ្មោះដូចគ្នា ខ្លាចមានការភាន់ច្រឡំ ។ នៅក្នុងកិច្ចសន្យាភាគីនៃកិច្ចសន្យាត្រូវបានគេពិពណ៌នានៅខាងដើមនៃកិច្ចសន្យា ប៉ុន្តែនៅពេលក្រោយមក គេមិនរៀបរាប់ឈ្មោះទៀតទេ គេជំនួសដោយការបង្ហាញណាមួយ ដែលពិពណ៌នាអំពីតួនាទីរបស់គេនៅក្នុងកិច្ចសន្យា ដូចជា អ្នកលក់ ឬ អ្នកទិញ ឬអ្នកជួល ឬអ្នកទទួលជួល ឬភាគី “ក” ឬភាគី “ខ” ។ល។ នេះជារបៀបមួយដែលគេប្រើជាប្រចាំក្នុងការសរសេរកិច្ចសន្យា ជៀសវាងការសរសេរច្រំដែល និងជៀសវាងការលំបាកនៃការពិពណ៌នាសព្វគ្រប់ភាគីទាំងឡាយដដែលៗ ។
- កម្មវត្ថុនៃកិច្ចសន្យា ៖ វាបង្ហាញពីគោលបំណងរបស់គូភាគីក្នុងការចង់បង្កើតប្រតិបត្តិការគតិយុត្តអ្វី ។ ឧទាហរណ៍ ការលក់ ឬការជួល ឬការប្តូរ...។
- លក្ខខណ្ឌនានានៃកិច្ចសន្យា ៖ វាជាផ្នែកមួយសំខាន់ណាស់ដែលគូភាគីត្រូវចែងឲ្យបានច្បាស់លាស់ និងជាក់លាក់ ដើម្បីកុំឲ្យមានភាពមិនច្បាស់លាស់អំពីបំណងរបស់ភាគី តើភាគីមានសិទ្ធិ និងកាតព្វកិច្ចអ្វីខ្លះចំពោះគ្នាទៅវិញទៅមក ។ ឧទាហរណ៍ បើកិច្ចសន្យាលក់ តើកម្មវត្ថុនៃការលក់ជាអ្វី គុណភាព បរិមាណ តម្លៃ ហើយតើអ្នកលក់ និងអ្នកទិញមានសិទ្ធិ និងកាតព្វកិច្ចអ្វីខ្លះ ?
- ទណ្ឌកម្មអំពីការមិនគោរពតាមកិច្ចសន្យា ៖ ប្រសិនបើភាគីណាមួយមិនប្រតិបត្តិតាមអ្វីដែលមានចែងក្នុងកិច្ចសន្យាទេនោះ អ្នកប្រព្រឹត្តកំហុសនឹងត្រូវទទួលខុសត្រូវចំពោះការខូចខាតរបស់ភាគីម្ខាងទៀតយ៉ាងដូចម្តេចខ្លះ ? ឧទាហរណ៍ កិច្ចសន្យាលក់ បើអ្នកលក់មិនប្រគល់ទំនិញទាន់ពេលវេលា នាំឲ្យត្រូវទទួលខុសត្រូវចំពោះការខូចខាតរបស់អ្នកទិញ ដោយសារការយឺតយ៉ាវនោះ ។
- ការដោះស្រាយជម្លោះ ៖ គូភាគីត្រូវចែងអំពីវិធីក្នុងការដោះស្រាយវិវាទដែលកើតឡើង ដោយសារការមិនប្រតិបត្តិ ឬការប្រតិបត្តិមិនពេញលេញ ឬបញ្ហាផ្សេងៗទៀត ដែលនាំឲ្យកើតជាទំនាស់ក្នុងកិច្ចសន្យា ។ ឧទាហរណ៍ ការដោះស្រាយទំនាស់ដោយចរចារគ្នាជាមុនសិន មុននឹងប្តឹងទៅតុលាការ ។ តើតុលាការណាជាអ្នកមានសមត្ថកិច្ច ?
- កាលបរិច្ឆេទ និងទីកន្លែងធ្វើកិច្ចសន្យា ៖ គប្បីចុះកាលបរិច្ឆេទតាមប្រតិទិនសុរិយាគតិ និងតាមកាលបរិច្ឆេទ នៃទីកន្លែងដែលបានចុះហត្ថលេខាលើកិច្ចសន្យានោះ ។ មិនគួរចុះហត្ថលេខាទុកមុននោះទេ ឬចុះកាលបរិច្ឆេទខុសពីកាលបរិច្ឆេទពិតប្រាកដនោះទេ ។
- ហត្ថលេខា ឬស្នាមមេដៃគូភាគី ឬត្រាក្រុមហ៊ុន ៖ នេះជាផ្នែកសំខាន់បំផុតនៃកិច្ចសន្យា គឺបន្ទាត់សម្រាប់ចុះហត្ថលេខា ។ ពីព្រោះហត្ថលេខាតែងតែមិនអាចអានបាន វាជាគំនិតល្អបើធ្វើការផ្តិតស្នាមមេដៃ ឬសរសេរឈ្មោះភាគីនៅពីក្រោមហត្ថលេខាដោយដៃផ្ទាល់ ។ នៅពេលធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុន ត្រូវមានត្រារបស់ក្រុមហ៊ុនផងដែរ ។ វាជាការប្រសើរបំផុតបើមានហត្ថលេខារបស់សាក្សីជានីតិជន ចាប់ពី០២នាក់ឡើងទទួលស្គាល់ផងនោះ ។