យោងតាមម៉ាក្រូសេដ្ឋកិច្ច គេចែកប្រព័ន្ធសេដ្ឋកិច្ចជា៤គឺ ៖
- សេដ្ឋកិច្ចតាមបែបប្រពៃណី ៖ មានលក្ខណៈបុរាណ ទីផ្សារដោះដូរទំនិញគ្នាទៅវិញទៅមកមានលក្ខណៈមិនទូលំទូលាយ ។
- សេដ្ឋកិច្ចទីផ្សារ ៖ ជាប្រព័ន្ធសេដ្ឋកិច្ច ដែលកម្មសិទ្ធិ ឬកត្តាផលិតកម្មមួយភាគធំស្ថិតនៅក្នុងរង្វង់ការគ្រប់គ្រង និងការសម្របសម្រួលដែលផ្នែកទាំងស្រុងលើយន្តការសេដ្ឋកិច្ចទីផ្សារតាមទ្រឹស្តីក្លាស៊ីក ហៅថាសេដ្ឋកិច្ចដែលធ្វើនិយ័តកម្មដោយខ្លួនឯង ។
- សេដ្ឋកិច្ចបញ្ជា ឬសេដ្ឋកិច្ចផែនការ ៖ ជាប្រព័ន្ធសេដ្ឋកិច្ច ដែលកម្មសិទ្ធិ ឬកត្តាផលិតកម្មស្ទើរតែទាំងអស់ជាកម្មសិទ្ធិរបស់រដ្ឋ ហើយរាល់ប្រតិបត្តិការអាជីវកម្ម សព្វបែបយ៉ាងរដ្ឋជាអ្នកគ្រប់គ្រង ។ ដំណោះស្រាយបញ្ហាធំៗទាក់ទងទៅនឹងផលិតកម្ម ការប្រើប្រាស់ ការបែងចែកធនធានផ្សេងៗត្រូវស្ថិតនៅក្រោមការកំណត់របស់រដ្ឋ ។
- សេដ្ឋកិច្ចចម្រុះ ៖ ជាប្រព័ន្ធសេដ្ឋកិច្ច ដែលមានលាយបញ្ចូលគ្នារវាងសេដ្ឋកិច្ចទីផ្សារសេរី និងសេដ្ឋកិច្ចផែនការ ។ យន្តការរដ្ឋ និងយន្តការទីផ្សារ មានតួនាទីសំខាន់ដូចគ្នាក្នុងការដោះស្រាយបញ្ហា តើត្រូវផលិតអ្វី ? ផលិតយ៉ាងដូចម្តេច ? សម្រាប់អ្នកណា ? ។ ក្នុងការអនុវត្តកន្លងមក ប្រព័ន្ធសេដ្ឋកិច្ចចម្រុះច្រើនស្ថិតនៅចន្លោះរវាងសេដ្ឋកិច្ចចម្រុះបែបទីផ្សារសេរី និងសេដ្ឋកិច្ចចម្រុះបែបសេដ្ឋកិច្ចបញ្ជា ។