Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ផ្នែកទី ៣

អំពីការស្វែងរកបិតុភាព ឬមាតុភាព

នៃកូនឥតខាន់ស្លា

មាត្រា ៩៥-

            បើគ្មានលិខិតធ្វើទទួលស្គាល់ ដោយស្ម័គ្រចិត្តនូវកូនឥតខាន់ស្លាទេ នោះតុលាការប្រជាជនអាចតម្រូវឲ្យឪពុក ឬម្តាយទទួលស្គាល់កូននោះបាន ។

មាត្រា ៩៦-

            កូនឥតខាន់ស្លាដែលឪពុក ឬម្តាយមិនបានទទួលស្គាល់ មានសិទ្ធិប្តឹងសុំឲ្យតុលាការប្រជាជនរកឪពុក ឬរកម្តាយឲ្យខ្លួនបាន ។

មាត្រា ៩៧-

            បណ្តឹងសុំឲ្យតុលាការប្រជាជនតម្រូវឲ្យឪពុក ឬម្តាយទទួលស្គាល់នោះ អាចធ្វើឡើងក្នុងរយៈពេល២ឆ្នាំ គិតពីថ្ងៃដែលកូននោះមាននីតិភាព​។

            នីតិភាពត្រូវកំណត់ចាប់ពីអាយុ១៨ឆ្នាំឡើងទៅ ។

            ក្នុងពេលដែលកូនឥតខាន់ស្លា នៅក្នុងអនីតិភាពនៅឡើយ អ្នកអាណាព្យាបាលរបស់កូននោះមានសិទ្ធិប្តឹងជួស សុំឲ្យតុលាការប្រជាជនរកមាតុភាពឲ្យកូននោះ ។

មាត្រា ៩៨-

            តុលាការប្រជាជន អាចតម្រូវឲ្យនារីជាម្តាយទទួលស្គាល់កូនឥតខាន់ស្លាបាន បើមានភស្តុតាងបញ្ជាក់ថា ៖

            ក- នារីនោះបានបង្កើតកូនប្រាកដមែន

            ខ- អត្តសញ្ញាណរបស់កូនដែលនារីនោះបានបង្កើត និងអត្តសញ្ញាណរបស់កូន ដែលប្តឹងទាមទាររកមាតុភាព នោះមិនខុសប្លែកពីគ្នា ។

មាត្រា ៩៩-

            តុលាការប្រជាជន អាចតម្រូវឲ្យបុរសជាឪពុកទទួលស្គាល់កូនឥតខាន់ស្លាបាន ៖

            ១- បើបុរសនោះបាននាំពង្រត់ ឬបានចាប់សេពសន្ថវៈនារីជាម្តាយដោយរំលោភ ហើយបើសម័យនាំពង្រត់ ឬចាប់រំលោភសេពន្ថវៈនោះ ត្រូវគ្នានឹងសម័យដែលនារីនោះមានគត៌ ។

            ២- បើបុរសនោះបានខ្លួននារី ដោយឧបាយកលបោកបញ្ឆោតដោយការរំលោភអំណាច ឬដោយការសន្យាថា និងរៀបអាពាហ៍ពិពាហ៍ជាមួយនារីនោះ ។

            ៣- បើមានភស្តុតាងជាលាយលក្ខណ៍អក្សរពីបុរសនោះ បង្ហាញឲ្យឃើញច្បាស់ថា បុរសនោះពិតជាឪពុករបស់កូននោះ ។

            ៤- បើបុរស និងនារីជាឪពុកម្តាយ និងជាម្តាយរបស់កូននោះ បានរួមរស់និងគ្នាជាអនីតិសង្វាសជាក់ស្តែងក្នុងសម័យនីត្យានុកូលដែលនារីនោះមានគត៌ ។

            ៥- បើបុរសនោះបានផ្គត់ផ្គង់ ឬបានចូលរួមក្នុងការបីបាច់រក្សា និងការអប់រំកូននោះក្នុងឋានៈខ្លួនជាឪពុក ។

មាត្រា ១០០-

            ពាក្យដែលប្តឹងរកបិតុភាពមិនអាចនឹងទទួលបាន ៖

            ១- បើមានភស្តុតាងថា នារីជាម្តាយមានទំនាក់ទំនងកាមគុណនឹងប្រុសដទៃទៀត ក្នុងសម័យនីត្យានុកូលដែលនារីនោះមានគត៌ ។

            ២- បើក្នុងសម័យនីត្យានុកូលដែលនារី មានគត៌បុរសដែលត្រូវប្រកាន់ថា ជាឪពុករបស់កូននោះ គ្មានលទ្ធភាពរួមដំណេកជាមួយនារីជាម្តាយនោះ ដោយរស់នៅឆ្ងាយពីគ្នា ឬដោយមកពីមានគ្រោះថ្នាក់ ដូចមានចែងក្នុងមាត្រា ៨៦ ។

មាត្រា ១០១-

            ក្នុងពេលដែលកូនឥតខាន់ស្លា នៅក្នុងអនីតិភាពនៅឡើយ ម្តាយ ឬអ្នកអាណាព្យា​បាលនៃកូននោះអាចប្តឹងសុំឲ្យរកបិតុភាពបាន ។

            ភស្តុតាងអាចបង្ហាញបានតាមគ្រប់មធ្យោបាយ ។

មាត្រា ១០២-

សាលក្រមដែលកាត់សេចក្តីឲ្យទទួលស្គាល់កូនឥតខាន់ស្លា មានអនុភាពដូចគ្នានឹងលិខិតដែលទទួលស្គាល់កូនដោយស្ម័គ្រចិត្តដែរ ។

មាត្រា ១០៣-

            កូនឥតខាន់ស្លា ត្រូវយកត្រកូលរបស់ឪពុក ឬម្តាយដែលទទួលស្គាល់ខ្លួន ។ ប្រសិនបើឪពុក និងម្តាយទាំងពីរនាក់ទទួលកូននោះ ត្រូវយកត្រកូលរបស់ឪពុក ។

            ប្រសិនបើតុលាការប្រជាជន តម្រូវឲ្យឪពុក ឬម្តាយទទួលស្គាល់កូននោះ ត្រូវយកត្រកូលរបស់អ្នកដែលតុលាការតម្រូវឲ្យទទួលស្គាល់ ។

            ប្រសិនបើតុលាការប្រជាជនតម្រូវឲ្យឪពុក និងម្តាយទាំងពីរនាក់ទទួលស្គាល់ កូននោះត្រូវយកត្រកូលរបស់ឪពុក ។

មាត្រា ១០៤-

            កូនឥតខាន់ស្លា ដែលត្រូវបានទទួលស្គាល់មានករណីយកិច្ច និងមានសិទ្ធិដូចគ្នានឹងកូនមានខាន់ស្លាដែរ ។

មាត្រា ១០៥-

            តុលាការប្រជាជន ត្រូវបង្គាប់ឲ្យឪពុក ឬម្តាយផ្តល់អាហារកិច្ចឲ្យកូនជាដរាប តាមសមាមាត្រានៃធនធានរបស់ឪពុក ឬម្តាយនោះ ។

            អាហារកិច្ចនេះ ត្រូវផ្តល់ឲ្យកូនតាមការកំណត់នៃសាលក្រមរហូតដល់កូននោះ មាននីតិភាព ។

            ឪពុក ឬម្តាយអាចត្រូវឲ្យរួចពីកាតព្វកិច្ចកនេះបាន បើខ្លួនព្រមទទួលយកកូននោះទៅចិញ្ចឹមបីបាច់រក្សា ។

មាត្រា ១០៦-

            សាលក្រមដែលកាត់សេចក្តីឲ្យទទួលស្គាល់កូនឥតខាន់ស្លា អាចនឹងបង្ខំឲ្យឪពុកសងសោហ៊ុយសម្រាលកូន និងប្រាក់ចំណាយចិញ្ចឹមបីបាច់រក្សាកូនតាំងពីថ្ងៃដែលកូននោះកើតមក ទៅម្តាយនៃកូននោះបាន ។

មាត្រា ១០៧-

            កំណត់ដៃមួយច្បាប់នៃសាលក្រមស្ថាពរដែលកាត់សេចក្តីឲ្យទទួលស្គាល់កូនឥតខាន់ស្លា ត្រូវផ្ញើទៅមន្ត្រីអត្រានុកូលដ្ឋាន នៃទីកន្លែងដែលកូននោះកើត ដើម្បីនិទ្ទេសអំពីបុគ្គភាពនោះ នៅរឹមទំព័រនៃសំបុត្រកំណើត ។

ផ្នែកទី ៤

អំពីស្មុំកូន

មាត្រា ១០៨-

            ស្មុំកូន គឺជាកិច្ចសន្យា ដែលចងបុគ្គលពីរនាក់ គឺម្នាក់ហៅថា ឪពុកចិញ្ចឹម ឬម្តាយចិញ្ចឹម ហើយម្នាក់ទៀតហៅថា កូនចិញ្ចឹមឲ្យមានចំណងនឹងគ្នា ដូចជាបុគ្គភាពមានខាន់ស្លា ។

មាត្រា ១០៩-

            ឪពុក ឬម្តាយចិញ្ចឹមត្រូវមានអាយុលើសពី២៥ឆ្នាំ ហើយត្រូវមានអាយុច្រើនជាងកូនចិញ្ចឹមយ៉ាងតិច២០ឆ្នាំ ។ ឪពុក ឬម្តាយចិញ្ចឹមអាចជាពលរដ្ឋកម្ពុជា ឬជនបរទេស ។

មាត្រា ១១០-

            គេអាចសុំកូនបានត្រឹម២នាក់ប៉ុណោ្ណះ ។ ប្រសិនបើកូនដែលសុំមកនោះមានមួយណាស្លាប់គេអាចសុំកូនមួយនាក់ទៀតបាន ។

            កូនចិញ្ចឹមត្រូវមានអាយុតិចជាង៨ឆ្នាំ ។

មាត្រា ១១១-

            សហព័ន្ធណាមួយអាចនឹងសុំកូនយកមកចិញ្ចឹមបាន លុះត្រាតែមានការយល់ព្រមពីសហព័ន្ធរបស់ខ្លួន ។

            ក្នុងករណីនេះ កូនចិញ្ចឹមត្រូវទុកជាកូនចិញ្ចឹមរបស់សហព័ន្ធទាំងពីរនាក់ ។

មាត្រា ១១២-

            ដើម្បីឲ្យការសុំកូនសម្រេចទៅបានត្រូវមានការព្រមព្រៀងពីឪពុកម្តាយ ឬអ្នកអាណាព្យាបាលនៃកូនដែលសុំនោះ ។

            បើជាទារកដែលគេបោះបង់ចោល ត្រូវមានការយល់ព្រមពីរដ្ឋអំណាចឃុំ ឬសង្កាត់ ។

មាត្រា ១១៣-

            កិច្ចសន្យាសុំកូន ត្រូវធ្វើជាលាយលក្ខណ៍អក្សរ ហើយបញ្ជាក់ដោយគណៈកម្មាធិការប្រជាជនឃុំ ឬសង្កាត់ខាងលំនៅនៃអ្នកសុំ ឬខាងលំនៅនៃកូនចិញ្ចឹម ។ សេចក្តីនៃកិច្ចសន្យាសុំកូននោះ ត្រូវចុះក្នុងបញ្ជីអាត្រានុកូលដ្ឋាន ។

            តុលាការប្រជាជន អាចបដិសេធកិច្ចសន្យាខាងលើនេះបាន តាមពាក្យប្តឹងសុំរបស់កូនចិញ្ចឹមរបស់ជនទាំងឡាយ ឬរបស់អង្គការផ្សេងៗ ដែលធ្វើឡើងដើម្បីផលប្រយោជន៍របស់កូនចិញ្ចឹមនោះ ។

មាត្រា ១១៤-

            កូនចិញ្ចឹមត្រូវយកនាមត្រកូលនៃអ្នកសុំហើយមានសិទ្ធិ និងករណីយកិច្ចដូចគ្នានឹងកូនបង្កើត ។

ផ្នែកទី ៥

អំពីទំនាក់ទំនងរវាងឪពុក ម្តាយ និង កូន

មាត្រា ១១៥-

            ឪពុកម្តាយមានករណីយកិច្ចត្រូវស្រឡាញ់កូន ចិញ្ចឹមបីបាច់រក្សាកូន និងយកចិត្តទុកដាក់អប់រំកូន គឺបណ្តុះគំនិតកូនឲ្យស្រឡាញ់ការរៀនសូត្រ ស្នេហាមាតុភូមិ មានស្មារតី សាមគ្គីអន្តរជាតិ ស្រឡាញ់ពលកម្ម គោរពទ្រព្យសម្បត្តិរដ្ឋ គោរពសិទ្ធិ និងទ្រព្យសម្បត្តិ របស់អ្នកដទៃ ។

            កូនមានករណីយកិច្ចត្រូវស្រឡាញ់ និងគោរពឪពុកម្តាយថែទាំរក្សា ឪពុក ម្តាយ និងផ្គត់ផ្គង់ សេចក្តីត្រូវការរបស់ឪពុក ម្តាយ ។

មាត្រា ១១៦-

            ឪពុក ម្តាយ មិនត្រូវធ្វើបាបកូនរបស់ខ្លួន កូនប្រសា កូនចិញ្ចឹម ឬកូនរបស់ប្តី ឬរបស់ប្រពន្ធមុនឡើយ ។

មាត្រា ១១៧-

            កូនប្រសា និងកូនស្រីមានសិទ្ធិ និងករណីយកិច្ចដូចគ្នាក្នុងគ្រួសារ ។

មាត្រា ១១៨-

            កូនមាននីតិភាព ដែលរស់នៅជាមួយឪពុកម្តាយ មានសេរីភាពក្នុងការជ្រើសរើសមុខរបររបស់ខ្លួន មានសេរីភាពក្នុងការចូលរួមសកម្មភាពនយោបាយ និងសកម្មភាពសង្គម មានសេរីភាពក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិផ្ទាល់ខ្លួន ម្យ៉ាងវិញទៀតក៏ត្រូវមានករណីយកិច្ចត្រូវមើលខុសត្រូវដោះស្រាយជីវភាពរួមរបស់គ្រួសារ ។

ផ្នែកទី ៦

អំពីការដកហូតអំណាចមេបា

មាត្រា ១១៩-

            អាចនឹងដកហូតអំណាចមេបា ហើយប្រគល់ទៅអង្គការណាមួយ ឬញាតិលោហិតណាមួយចំពោះឪពុកម្តាយ ដែលមានកំហុសដូចខាងក្រោម ៖

            - ឪពុក ម្តាយ មានការខ្វះខាតក្នុងការអប់រំ

            - ឪពុក ម្តាយ ប្រើអំណាចដោយរំលោភទៅលើកូនដោយប្រើឧបាយផ្សេងៗ ដើម្បីបង្ខំកូនឲ្យប្រព្រឹត្តបទល្មើស ឬអំពើណាមួយប៉ះពាល់ដល់សង្គម ។

            - ឪពុក ម្តាយ ប្រពឹ្រត្តផ្ទុយពីសីលធម៌បណ្តាលឲ្យមានឥទ្ធិពលអាក្រក់ដល់កូន ។

មាត្រា ១២០-

            តុលាការប្រជាជន អាចនឹងសម្រេចដកហូតអំណាចមេបាពីឪពុកម្តាយ ដែលមានកំហុសបាន លុះត្រាតែមានពាក្យសប្តឹងសុំរបស់អង្គការរដ្ឋ អង្គការមហាជន រដ្ឋអាជ្ញាអមតុលាការប្រជាជន ឬញាតិលោហិតណាមួយនៃឪពុកម្តាយនោះ ។

មាត្រា ១២១-

            ការហូតអំណាចមេបា បណ្តាលឲ្យឪពុកម្តាយ លែងមានសិទ្ធិដែលខ្លួនធ្លាប់មានពីមុនចំពោះកូនរបស់ខ្លួន ប៉ុន្តែនៅមានកាតព្វកិច្ចចិញ្ចឹមកូនតទៅទៀត រហូតដល់កូននេះចូលនីតិភាព ។

            ក្នុងករណីនេះ តុលាការប្រជាជនត្រូវកំណត់កម្រិតអាហារកិច្ច ដែលឪពុកម្តាយត្រូវផ្តល់ទៅឲ្យអង្គការ ឬញាតិហោហិតដែលទទួលបន្ទុកចិញ្ចឹមកូននោះ ។

មាត្រា ១២២-

            ដើម្បីផលប្រយោជន៍របស់កូន ច្បាប់អនុញ្ញាតឲ្យតុលាការប្រជាជនប្រគល់ ទៅឪពុកម្តាយដែលត្រូវបានដកហូតអំណាចមេបានូវអំណាចមេបានេះឡើងវិញប្រសិនបើឪពុកម្តាយនោះបានកែប្រែគំនិតមារយាទរបស់ខ្លួនបានល្អឡើងវិញគួរឲ្យទទួលបន្ទុកអប់រំកូនបានលើកលែងតែចំពោះកូនចិញ្ចឹម ។

            ច្បាប់នេះ រដ្ឋសភានៃរដ្ឋកម្ពុជាបានអនុម័ត នៅថ្ងៃទី១៧ ខែកក្ដដា ឆ្នាំ១៩៨៩ នាសម័យប្រជុំសាមញ្ញលើកទី១៧ នីតិកាលទី១ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login