Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សម្រេច

ជំពូកទី១

បទបញ្ញតិទូទៅ

មាត្រា ១-

            អនុក្រឹត្យនេះ មានគោលបំណងកំណត់អំពីវិធានគ្រប់គ្រងមគ្គុទេ្ទសក៍ទេសចរណ៍ សម្រាប់បម្រើវិស័យទេសចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

មាត្រា ២-

            អនុក្រឹត្យនេះមានគោលដៅដូចតទៅ ៖

            - ពង្រឹងការគ្រប់គ្រងនិងការអភិវឌ្ឍមគ្គុទេ្ទសក៍ទេសចរណ៍ឲ្យទទួលបាននូវប្រសិទ្ធភាព និងគុណភាព

            - ធានាឲ្យមានការគោរពតាមក្រមប្រតិបត្តិវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈមគ្គុទេ្ទសក៍ទេសចរណ៍

           - ចូលរួមទប់ស្កាត់ផលប៉ះពាល់អវិជ្ជមានក្នុងវិស័យទេសចរណ៍ ព្រមទាំងធានាដល់ការថែរក្សាធនធានធម្មជាតិ ប្រវត្តិសាស្ត្រ បេតិកភណ្ឌ វប្បធម៌ ប្រពៃណី សិល្បៈ និងទំនៀមទម្លាប់ល្អរបស់ព្រះរាជាណាចក្រកម្ពុជា ។

មាត្រា ៣-

            អនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះមគ្គុទេ្ទសក៍ទេសចរណ៍ ដែលប្រកបវិជ្ជាជីវៈមគ្គុទេ្ទសក៍ទេសចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ អ្នកឧទេ្ទសនាមតាមប្រាសាទ ឬតាមសារមន្ទីរនិងអ្នកបកប្រែភាសាមិនត្រូវបានរាប់បញ្ចូលជាមគ្គុទេ្ទសក៍ទេសចរណ៍ទេ ។

មាត្រា ៤-

            វាក្យសព្ទដែលប្រើក្នុងអនុក្រឹត្យនេះ មាននិយមន័យដូចតទៅ ៖

មគ្គុទេ្ទសក៍ទេសចរណ៍ សំដៅដល់បុគ្គលប្រកបអាជីពជាអ្នកទទួលជូន ថែរក្សាភ្ញៀវជាតិ អន្តរជាតិ និងធ្វើអត្ថាធិប្បាយពន្យល់អំពីភូមិសាស្ត្រ ធម្មជាតិ ប្រវត្តិសាស្ត្រ វប្បធម៌ ប្រពៃណី សិល្បៈ ទំនៀមទម្លាប់ និងសេដ្ឋកិច្ចសង្គមនៃទីកន្លែងទស្សនា ។

អាជ្ញាបណ្ណមគ្គុទេ្ទសក៍ទេសចរណ៍ សំដៅដល់អាជ្ញាបណ្ណមគ្គុទេ្ទសក៍ទេសចរណ៍ ដែលផ្តល់ដោយក្រសួងទេសចរណ៍ ឬរដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់មគ្គុទេ្ទសក៍ទេសចរណ៍ ជាអាជ្ញាបណ្ណពេញសិទ្ធិឬអាជ្ញាបណ្ណបណ្តោះអាសន្ន ។

មគ្គុទេ្ទសក៍ទេសចរណ៍ថ្នាក់ពិសេស សំដៅដល់មគ្គុទេ្ទសក៍ទេសចរណ៍ដែលត្រូវបានអនុញ្ញាតឲ្យបំពេញការងារនៅតាមប្រាសាទ ឬតាមសារមន្ទីរដែលជាបេតិកភណ្ឌថ្នាក់ជាតិ ឬថ្នាក់ពិភពលោក ។

មគ្គុទេ្ទសក៍ទេសចរណ៍ថ្នាក់ជាតិ សំដៅដល់មគ្គុទេ្ទសក៍ទេសចរណ៍មានអាជ្ញាបណ្ណមគ្គុទេ្ទសក៍ទេសចរណ៍ថ្នាក់ជាតិ ដែលផ្តល់ដោយក្រសួងទេសចរណ៍ ហើយអាចនាំភ្ញៀវទៅគ្រប់គោលដៅទេសចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

មគ្គុទេ្ទសក៍ទេសចរណ៍ថ្នាក់តំបន់ សំដៅដល់មគ្គុទេ្ទសក៍ទេសចរណ៍មានអាជ្ញាបណ្ណមគ្គុទេ្ទសក៍ទេសចរណ៍ថ្នាក់តំបន់ ដែលផ្តល់ដោយក្រសួងទេសចរណ៍ ហើយអាចនាំភ្ញៀវទៅតាមគោលដៅទេសចរណ៍នៅក្នុងតំបន់មួយចំនួននៃព្រះរាជាណាចក្រកម្ពុជា ។

មគ្គុទេ្ទសក៍ទេសចរណ៍ថ្នាក់ក្រោមជាតិ សំដៅដល់មគ្គុទេ្ទសក៍ទេសចរណ៍មានអាជ្ញាបណ្ណមគ្គុទេ្ទសក៍ទេសចរណ៍ ដែលផ្តល់ដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយអាចនាំភ្ញៀវទៅតាមគោលដៅទេសចរណ៍ តែនៅក្នុងដែនដីនៃរាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជាតែប៉ុណោ្ណះ ។

មគ្គុទេ្ទសក៍ទេសចរណ៍ថ្នាក់សហគមន៍ សំដៅដល់មគ្គុទេ្ទសក៍ទេសចរណ៍មានអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ ដែលផ្តល់ដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយអាចនាំភ្ញៀវតែនៅក្នុងសហគមន៍ប៉ុណោ្ណះ ។

អ្នកទេ្ទសនាម សំដៅដល់បុគ្គលដែលត្រូវបានប្រគល់ភារកិច្ចឲ្យពន្យល់ អធិប្បាយជូនភ្ញៀវនៅតាមប្រាសាទឬតាមសារមន្ទីរ ។

ជំពូកទី ២

សមត្ថកិច្ចគ្រប់គ្រង

មាត្រា ៥-

            ក្រសួងទេសចរណ៍ជាស្ថាប័នមានសមត្ថកិច្ចក្នុងការគ្រប់គ្រងមគ្គុទេ្ទសក៍ទេសចរណ៍ ។

            ក្រសួងទេសចរណ៍និងក្រសួង ស្ថាប័នសាមី មានសមត្ថកិច្ចក្នុងការផ្តល់អាជ្ញាបណ្ណមគ្គុទេ្ទសក៍ទេសចរណ៍ថ្នាក់ពិសេសដល់មគ្គុទេ្ទសក៍ទេសចរណ៍ថ្នាក់ពិសេស ។

            ក្រសួងទេសចរណ៍មានសមត្ថកិច្ចក្នុងការផ្តល់អាជ្ញាបណ្ណមគ្គុទេ្ទសក៍ទេសចរណ៍ថ្នាក់ជាតិ និងថ្នាក់តំបន់ដល់មគ្គុទេ្ទសក៍ទេសចរណ៍ ។

រដ្ឋបាលថ្នាក់ក្រោមជាតិមានសមត្ថជាតិក្នុងការផ្តល់អាជ្ញាបណ្ណមគ្គុទេ្ទសក៍ទេសចរណ៍ថ្នាក់ក្រោមជាតិ និងថ្នាក់សហគមន៍ដល់មគ្គុទេ្ទសក៍ទេសចរណ៍ ដោយមានមន្ទីរទេសចរណ៍រាជធានី ខេត្ត ជាសេនាធិការ ។

មាត្រា ៦-

            ការគ្រប់គ្រង ការផ្តល់អាជ្ញាបណ្ណ និងការបែងចែកកម្រិតមគ្គុទេ្ទសក៍ទេសចរណ៍ ដើម្បីឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានសិទ្ធិផ្តល់អាជ្ញាបណ្ណមគ្គុទេ្ទសក៍ទេសចរន៍ថ្នាក់ក្រោមជាតិ និងថ្នាក់សហគមន៍ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ។

មាត្រា ៧-

ក្រសួងទេសចរណ៍មានសិទ្ធិចាត់តាំងមន្រ្តីជំនាញឲ្យចុះធ្វើអធិការកិច្ចត្រួតពិនិត្យសកម្មភាពមគ្គុទេ្ទសក៍ទេសចរណ៍តាមគោលដៅទេសចរណ៍នានានៅក្នុងរាជធានី ខេត្តនៃព្រះរាជាណាចក្រកម្ពុជា ។

            ក្នុងការធ្វើអធិការកិច្ច មន្រ្តីជំនាញនៃក្រសួងទេសចរណ៍អាចសហការ និងសម្របសម្រួលជាមួយនគរបាលទេសចរណ៍ មន្រ្តីនៃក្រសួង ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗទៀត ។ ទំនាក់ទំនងរវាងមន្ត្រីអធិការកិច្ចទេសចរណ៍ និងនគរបាលទេសចរណ៍ត្រូវកំណត់ដោយប្រកាសអន្តរក្រសួងរវាងមន្រ្តីក្រសួងទេសចរណ៍ និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។

ជំពូកទី ៣

វិធានគ្រប់គ្រងមគ្គុទេ្ទសក៍ទេសចរណ៍

ផ្នែកទី ១

អាជ្ញាបណ្ណមគ្គុទេ្ទសក៍ទេសចរណ៍

មាត្រា ៨-

            លក្ខណវិនិច្ឆ័យសម្រាប់ការពិនិត្យវាយតម្លៃ និងការផ្តល់អាជ្ញាបណ្ណមគ្គុទេ្ទសក៍ទេសចរណ៍ឲ្យមគ្គុទេ្ទសក៍ទេសចរណ៍ត្រូវមានដូចខាងក្រោម ៖

ក- ត្រូវតែជាបុគ្គលដែលមានសញ្ជាតិខ្មែរ និងមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ។

ខ- មានវិញ្ញាបនបត្រជំនាញមគ្គុទេ្ទសក៍ទេស​ចរណ៍ ដែលការបណ្តុះបណ្តាលត្រូវបានទទួលស្គាល់ដោយក្រសួងទេសចរណ៍​។

គ- លិខិតបញ្ជាក់កិរិយាមារយាទ ដែលចេញដោយរដ្ឋបាលឃុំ សង្កាត់ ដែលខ្លួនរស់នៅសម្រាប់ការសុំអាជ្ញាបណ្ណទេសចរណ៍ ។

ឃ- វិញ្ញាបនបត្រពិនិត្យសុខភាព និងកាយសម្បទាចេញដោយនាយកដ្ឋានពេទ្យការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬមន្ទីរសុខាភិបាលរាជធានី ខេត្ត ឬមន្ទីរពេទ្យដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល និងមានការឯកភាពពីក្រសួងទេសចរណ៍ ។

ង- ប្រវត្តិរូបសង្ខេបដែលមានបិទរូបថត ។

មាត្រា ៩-

            អាជ្ញាបណ្ណមគ្គុទេ្ទសក៍ទេសចរណ៍រួមមាន ៖

- អាជ្ញាបណ្ណមគ្គុទេ្ទសក៍ទេសចរណ៍ថ្នាក់ពិសេស

- អាជ្ញាបណ្ណមគ្គុទេ្ទសក៍ទេសចរណ៍ថ្នាក់ជាតិ

- អាជ្ញាបណ្ណមគ្គុទេ្ទសក៍ទេសចរណ៍ថ្នាក់តំបន់

- អាជ្ញាបណ្ណមគ្គុទេ្ទសក៍ទេសចរណ៍ថ្នាក់ក្រោមជាតិ

- អាជ្ញាបណ្ណមគ្គុទេ្ទសក៍ទេសចរណ៍ថ្នាក់សហគមន៍ ។

មាត្រា ១០-

            មគ្គុទេ្ទសក៍ទេសចរណ៍ដែលមានបំណងប្រកបអាជីវកម្មជាមគ្គុទេ្ទសក៍ទេសចរណ៍ ត្រូវមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណមគ្គុទេ្ទសក៍ទេសចរណ៍នៅក្រសួងទេសចរណ៍ ឬនៅរដ្ឋបាលថ្នាក់ក្រោមជាតិទៅតាមប្រភេទនៃអាជ្ញាបណ្ណមគ្គុទេ្ទសក៍ទេសចរណ៍​។

            ទម្រង់បែបបទនៃការដាក់ពាក្យស្នើសុំ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ។

មាត្រា ១១-

            អាជ្ញាបណ្ណមគ្គុទេ្ទសក៍ទេសចរណ៍មានសុពលភាពអប្បបរមា០១ (មួយ)ឆ្នាំ គិតពីថ្ងៃចេញអាជ្ញាបណ្ណ ។ សុពលភាពជាក់លាក់នៃអាជ្ញាបណ្ណមគ្គុទេ្ទសក៍ទេសចរណ៍ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ។

អាជ្ញាបណ្ណមគ្គុទេ្ទសក៍ទេសចរណ៍មិនអាចធ្វើការផ្ទេរ ឬការលក់បានទេ ដោយសារតែអាជ្ញាបណ្ណ នេះផ្អែកលើគុណវឌ្ឍុបុគ្គល និងបទពិសោធបរស់ម្ចាស់អាជ្ញាបណ្ណ ។

មាត្រា ១២-

            នៅពេលមានការខូចខាត ឬការបាត់បង់អាជ្ញាបណ្ណមគ្គុទេ្ទសក៍ទេសចរណ៍ មគ្គុទេ្ទសក៍ទេសចរណ៍ត្រូវធ្វើសំណើជាលាយលក្ខណ៍អក្សរ ដោយមានមូលហេតុច្បាស់លាស់ និងមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច ដើម្បីសុំអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ទុតិយតាឡើងវិញក្នុងរយៈពេល៣០(សាមសិប)ថ្ងៃ គិតពីថ្ងៃដែលខូចខាតឬបាត់បង់ ។ ក្នុងករណីនេះ មគ្គុទេ្ទសក៍ទេសចរណ៍ត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ចដែលនៅជិតបំផុត អំពីមូលហេតុនៃការខូចខាត ឬការបត់បង់ដើម្បីទទួលបាននូវលិខិតបញ្ជាក់ដឹងឮពិសមត្ថកិច្ចសម្រាប់កាន់តាមខ្លួន ពេលធ្វើអាជីវកម្មមុនពេលទទួលអាជ្ញាបណ្ណមគ្គុទេ្ទសក៍ទេសចរណ៍ទុតិយតា ។

            នៅពេលអាជ្ញាបណ្ណមគ្គុទេ្ទសក៍ទេសចរណ៍ ត្រូវបានលុបឬព្យួរ ឬពេលមគ្គុទេ្ទសក៍ទេសចរណ៍ឈប់ប្រកបអាជីពជាមគ្គុទេ្ទសក៍ទេសចរណ៍ មគ្គុទេ្ទសក៍ទេសចរណ៍ត្រូវប្រគល់អាជ្ញាបណ្ណមគ្គុទេ្ទសក៍ទេសចរណ៍ជូនក្រសួងទេសចរណ៍ ឬរដ្ឋបាលថ្នាក់ក្រោមជាតិវិញ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login