2020-06-08 14:42
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
ផ្នែកទី ២
ការប្រតិបត្តិវិជ្ជាជីវៈមគ្គុទេ្ទសក៍ទេសចរណ៍
មាត្រា ១៣-
គ្មានបុគ្គលណាម្នាក់អាចប្រកបអាជីវកម្មជាមគ្គុទេ្ទសក៍ទេសចរណ៍បានទេ ប្រសិនបើបុគ្គលនោះមិនបានទទួលការផ្តល់អាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ ពីក្រសួងទេសចរណ៍ឬពីរដ្ឋបាលថ្នាក់ក្រោមជាតិ ។
មាត្រា ១៤-
មគ្គុទ្ទេសក៍ទេសចរណ៍ត្រូវមានកាតព្វកិច្ចដូចតទៅ ៖
ក- គោរព អនុវត្តឲ្យបានត្រឹមត្រូវនូវក្រមប្រតិបត្តិវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ ព្រមទាំងប្រតិបត្តិស្របតាមក្រមសីលធម៌វិជ្ជាជីវៈរបស់អង្គការទេសចរណ៍ពិភពលោកឲ្យបានល្អ ។
ខ- ប្រតិបត្តិត្រឹមត្រូវតាមវិជ្ជាជីវៈមគ្គុទេ្ទសក៍ទេសចរណ៍ ដោយមិនដើរតួនាទីជាការីទេសចរណ៍ ឬភ្នាក់ងារទេសចរណ៍ ។
គ- មិនត្រូវទាមទារកម្រៃ ឬផលប្រយោជន៍ពីអ្នកលក់ ឬពីអ្នកផ្តល់សេវាកម្មទេសចរណ៍ផ្សេងៗ ។
ឃ- មិនត្រូវធ្វើសកម្មភាពដែលប៉ះពាល់ជាអវិជ្ជមានដល់គោលនយោបាយជាតិលើវិស័យទេសចរណ៍ ។
ង- ការពារប្រយោជន៍ជាតិនិងប្រយោជន៍ទេសចរ និងចូលរួមចំណែកនៅក្នុងការថែរក្សា និងគ្រប់គ្រងធនធានធម្មជាតិ លម្ហបៃតង មិនបំពុលឬមិនបំផ្លាញបរិស្ថាន ការពារនិងអភិរក្ស មរតកវប្បធម៌ ការពារសម្បត្តិវប្បធម៌ សិល្បៈ ប្រពៃណី ទំនៀមទម្លាប់របស់ប្រជាពលរដ្ឋខ្មែរក្នុងរាល់សកម្មភាពទេសចរណ៍របស់ខ្លួន ។
ច- ផ្តល់ដល់ទេសចរនូវព័ត៌មានពិតច្បាស់លាស់ និងទទួលខុសត្រូវផ្តល់សេវាកម្មដែលបានសន្យាព្រមទាំងមានវិធានការសមស្រប ដើម្បីថែទាំទ្រព្យសម្បត្តិ ការពារសន្តិសុខ និងសុវត្ថិភាពដល់ទេសចរក្នុងពេលដែលទេសចរស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន ។
ឆ- ប្តឹងឬរាយការណ៍ជាបន្ទាន់ទៅនគរបាលទេសចរណ៍ អាជ្ញាធរមានសមត្ថកិច្ច ឬសមត្ថកិច្ចទេសចរណ៍ ដែលនៅជិតបំផុតក្នុងករណីដឹង ឬមានសង្ស័យថាមានការប្រព្រឹត្តបទល្មើស ការជួញដូរវត្ថុបុរាណ និងបទល្មើសបេតិកភណ្ឌ ការជួញដូរនិងការប្រើប្រាស់គ្រឿងញៀន ការជួញដូរនិងការបង្ខាំងមនុស្ស ការជួញដូរកុមារ ការធ្វើអាជីវកម្មផ្លូវភេទ ការផ្សព្វផ្សាយរូបភាពនិងសម្ភារៈអាសអាភាស ឬប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌផ្សេងទៀត ។
មាត្រា ១៥-
មគ្គុទេ្ទសក៍ទេសចរណ៍ត្រូវស្លៀកពាក់ឯកសណ្ឋាន ពាក់អត្តលេខ និងពាក់អាជ្ញាបណ្ណមគ្គុទេ្ទសក៍ទេសចរណ៍ក្នុងពេលបំពេញភារកិច្ចរបស់ខ្លួន ។
ឯកសណ្ឋានរបស់មគ្គុទេ្ទសក៍ទេសចរណ៍ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ។
មាត្រា ១៦-
មគ្គុទេ្ទសក៍ទេសចរណ៍ណាម្នាក់ដែលគិតថាបានទទួលរងគ្រោះដោយសារសេចក្តីសម្រេចរបស់ក្រសួងទេសចរណ៍ ឬរបស់រដ្ឋបាលថ្នាក់ក្រោមជាតិអំពីការបដិសេធ ការព្យួរ ការបញ្ចុះថ្នាក់ ឬការសម្រេចដែលមានការពាក់ព័ន្ធផ្សេងៗ ដូចមានចែងក្នុងមាត្រា២៣ មាត្រា២៤ និងមាត្រា២៥នៃអនុក្រឹត្យនេះ មានសិទ្ធិធ្វើលិខិតតវ៉ាទៅរដ្ឋមន្ត្រីក្រសួងទេសចរណ៍៍ ឬទៅរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងរយៈពេល៣០ (សាមសិប) ថ្ងៃ បន្ទាប់ពីបានទទួលសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរ ស្តីពីការសម្រេចណាមួយដូចរៀបរាប់ខាងលើ ។ បន្ទាប់ពីបានទទួលលិខិតតវ៉ា ក្រសួងទេសចរណ៍ ឬរដ្ឋបាលថ្នាក់ក្រោមជាតិ អាចធ្វើការព្យួរសេចក្តីសម្រេចរបស់ខ្លួន ហើយធ្វើការសម្រេចជាថ្មីឡើងវិញក្នុងរយៈពេល៦០(ហុកសិប)ថ្ងៃ ។
មាត្រា ១៧-
ក្រសួងទេសចរណ៍ត្រូវបំផុស និងជួនរៀបចំបង្កើតសមាគមមគ្គុទេ្ទសក៍ទេសចរណ៍នៅថ្នាក់ពិសេស ថ្នាក់ជាតិ ថ្នាក់តំបន់ ថ្នាក់ក្រោមជាតិ និងថ្នាក់សហគមន៍ព្រមទាំងបង្កលក្ខណៈឲ្យសមាគមនេះរៀបចំបង្កើតក្រមប្រតិបត្តិវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ។ សមាគមមគ្គុទេ្ទសក៍ទេសចរណ៍ត្រូវដាក់ឆ្លងសេចក្តីព្រាងក្រមប្រតិបត្តិវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈនេះទៅក្រសួងទេសចរណ៍ ដើម្បីពិនិត្យនិងយល់ព្រម ។
ផ្នែកទី ៣
ការបណ្តុះបណ្តាលមគ្គុទេ្ទសក៍ទេសចរណ៍
មាត្រា ១៨-
ការបណ្តុះបណ្តាលមគ្គុទេ្ទសក៍ទេសចរណ៍ត្រូវឆ្លងកាត់ការប្រឡងជ្រើសរើស ។
មុខវិជ្ជាក្នុងការប្រឡងជ្រើសរើស ដើម្បីទទួលបានការបណ្តុះបណ្តាលជាមគ្គុទេ្ទសក៍ទេសចរណ៍ ដែលត្រូវតែមានជាការចាំបាច់រួមមាន ៖
ក- ភាសាបរទេសមួយ ។
ខ- ភូមិសាស្រ្តប្រទេសកម្ពុជា ។
គ- ប្រវត្តិសាស្រ្តប្រទេសកម្ពុជា ។
ឃ- ចំណេះដឹងទូទៅអំពីទេសចរណ៍ សេដ្ឋកិច្ច នយោបាយ វប្បធម៌ និងសង្គមរបស់កម្ពុជា ។
ក្រសួងទេសចរណ៍អាចបំពេញបន្ថែមមុខវិជ្ជាមួយចំនួនទៀតស្របតាមការចាំបាច់ ឬការតម្រូវដែលមានកំណត់ក្នុងផែនការអភិវឌ្ឍទេសចរណ៍ ។
លក្ខខណ្ឌនិងនីតិវិធីនៃការប្រឡងជ្រើសរើស ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ។
មាត្រា ១៩-
ក្រសួងទេសចរណ៍អាចធ្វើសហការជាមួយសាលាវិជ្ជាជីវៈទេសចរណ៍រដ្ឋ ឬឯកជនក្នុងការបណ្តុះបណ្តាលមគ្គុទេ្ទសក៍ទេសចរណ៍ថ្នាក់ពិសេស ថ្នាក់ជាតិ ថ្នាក់តំបន់ ថ្នាក់ក្រោមជាតិ និងថ្នាក់សហគមន៍ ។ ការរៀបចំកម្មវិធីសិក្សានិងគ្រូសម្រាប់ការបណ្តុះបណ្តាលមគ្គុទេ្ទសក៍ទេសចរណ៍ត្រូវបានពិនិត្យ និងទួទលស្គាល់ដោយក្រសួងទេសចរណ៍ ។
មាត្រា ២០-
ក្រសួងទេសចរណ៍ត្រូវរៀបចំផែនការជ្រើសរើស ការបណ្តុះបណ្តាល និងវក្រឹតការមគ្គុទេ្ទសក៍ទេសចរណ៍ថ្នាក់ពិសេស ថ្នាក់ជាតិ ថ្នាក់តំបន់ ថ្នាក់ក្រោមជាតិ និងថ្នាក់សហគមន៍ ស្របតាមផែនការអភិវឌ្ឍទេសចរណ៍ ។
គម្រោងការងារជ្រើសរើស ការបណ្តុះបណ្តាល និងវិក្រឹតការមគ្គុទេ្ទសក៍ទេសចរណ៍ ថ្នាក់ពិសេស ថ្នាក់ជាតិ ថ្នាក់តំបន់ ថ្នាក់ក្រោមជាតិ និងថ្នាក់សហគមន៍ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ។
ជំពូកទី ៤
បទប្បញ្ញត្តិដោយឡែក
មាត្រា ២១-
ក្រសួងទេសចរណ៍អាចអនុញ្ញាតឲ្យមានអ្នកបកប្រែភាសាបំពេញភារកិច្ចជាមួយនឹងមគ្គុទេ្ទសក៍ទេសចរណ៍បាន ដើម្បីដោះស្រាយជាបណ្តោះអាសន្ននូវបញ្ហាមគ្គុទេ្ទសក៍ទេសចរណ៍ដែលពុំចេះភាសារបស់ភ្ញៀវ ។
ការគ្រប់គ្រងអ្នកបកប្រែភាសា ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ។
មាត្រា ២២-
អ្នកឧទ្ទេសនាមតាមប្រសាទ ឬតាមសារមន្ទីរស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់ក្រសួង ឬស្ថាប័នសាមីដោយមានកិច្ចសហការជាមួយក្រសួងទេសចរណ៍ក្នុងការបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ចនិងទេសចរណ៍ ។
មគ្គុទេ្ទសក៍ទេសចរណ៍ត្រូវបានទទួលស្គាល់ជាមគ្គុទេ្ទសក៍ទេសចរណ៍ថ្នាក់ពិសេស ដោយមានវិញ្ញាបនបត្រជំនាញដែលទទួលស្គាល់ដោយក្រសួងទេសចរណ៍និងក្រសួងស្ថាប័នសាមី ។ មគ្គុទេ្ទសក៍ទេសចរណ៍ថ្នាក់ពិសេសនេះ ត្រូវបានអនុញ្ញាតឲ្យបំពេញការងារបន្ថែមនៅតាមប្រសាទ ឬតាមសារមន្ទីរដែលជាបេតិកភណ្ឌថ្នាក់ជាតិ ឬថ្នាក់ពិភពលោក ។
ជំពូកទី ៥
ទណ្ឌកម្ម
មាត្រា ២៣-
ក្រសួងទេសចរណ៍ ឬរដ្ឋបាលថ្នាក់ក្រោមជាតិអាចធ្វើការលុបចោលអាជ្ញាបណ្ណមគ្គុទេ្ទសក៍ទេសចរណ៍ ចំពោះមគ្គុទេ្ទសក៍ទេសចរណ៍ណាដែលត្រូវបានតុលាការសម្រេចជាស្ថាពរថាមានទោសពីបទឧក្រិដ្ឋឬពីបទមជ្ឈិម ។
មាត្រា ២៤-
ក្រសួងទេសចរណ៍ឬរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវធ្វើការព្យួរអាជ្ញាបណ្ណមគ្គុទេ្ទសក៍ទេសជាបន្ទាន់ ក្នុងករណីដែលមគ្គុទេ្ទសក៍ទេសចរណ៍មានបញ្ហាកាយសម្បទា ឬអសមត្ថភាពផ្នែកបញ្ញាសម្បទា ឬមានជំងឺឆ្លងធ្ងន់ធ្ងរដែលមានលក្ខណៈអាចប៉ះពាល់ដល់សុខភាពទេសចរក្នុងរយៈពេលសុពលភាពនៃអាជ្ញាបណ្ណ ។
មាត្រា ២៥-
ក្រសួងទេសចរណ៍ ឬរដ្ឋបាលថ្នាក់ក្រោមជាតិ អាចធ្វើការលុបចោល ការព្យួរ ឬការបញ្ចុះថ្នាក់អាជ្ញាបណ្ណមគ្គុទេ្ទសក៍ទេសចរណ៍មកជាអាជ្ញាបណ្ណបណ្តោះអាសន្ន ក្នុងករណីដែលមគ្គុទេ្ទសក៍ទេសចរណ៍បានផ្តល់ព័ត៌មានមិនពិតទាក់ទងទៅនឹងការដាក់ពាក្យសុំ ឬខកខានក្នុងការអនុវត្តតាមលក្ខខណ្ឌទាំងអស់ ឬលក្ខខណ្ឌណាមួយនៃអាជ្ញាបណ្ណ ។ ក្នុងករណីនេះក្រសួងទេសចរណ៍ ឬរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរ៣០(សាមសិប)ថ្ងៃជាមុន ទៅកាន់ម្ចាស់អាជ្ញាបណ្ណ និងត្រូវមានបញ្ជាក់ហេតុផលច្បាស់លាស់ ។
មាត្រា ២៦-
លក្ខខណ្ឌនិងនីតិវិធិនៃការលុប ការព្យួរ ឬការបញ្ចុះថ្នាក់អាជ្ញាបណ្ណមគ្គុទេ្ទសក៍ទេសចរណ៍មកជាអាជ្ញាបណ្ណបណ្តោះអាសន្ន ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ។
មាត្រា ២៧-
ការលុបចោល ការព្យួរ ឬការបញ្ចុះថ្នាក់អាជ្ញាបណ្ណមគ្គុទេ្ទសក៍ទេសចរណ៍មកជាអាជ្ញាបណ្ណបណ្តោះអាសន្ន ឬការពិន័យអន្តរការណ៍មិនធ្វើឲ្យមគ្គុទេ្ទសក៍ទេសចរណ៍ ដែលប្រព្រឹត្តបទល្មើសរួចផុតពីាការទទួលខុសត្រូវរដ្ឋប្បវេណីនិង/ឬការទទួលខុសត្រូវព្រហ្មទណ្ឌចែងក្នុងច្បាប់ និងបទប្បញ្ញត្តិជាធរមានឡើយ ។
មាត្រា ២៨-
បុគ្គលណាដែលប្រកបអាជីវកម្មមគ្គុទេ្ទសក៍ទេសចរណ៍ ដោយគ្មានអាជ្ញាបណ្ណមគ្គុទេ្ទសក៍ទេសចរណ៍ ត្រូវទទួលពិន័យអន្តរការណ៍ស្របតាមមាត្រា៦៥នៃច្បាប់ស្តីពីទេសចរណ៍ ។
មាត្រា ២៩-
ជនណាដែលក្លែងអាជ្ញាបណ្ណមគ្គុទេ្ទសក៍ទេសចរណ៍ ឬឯកសារសាធារណៈផ្សេងៗ ត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន ។
ជំពូកទី ៦
អន្តរប្បញ្ញត្តិ
មាត្រា ៣០-
អាត្រាបណ្ណមគ្គុទេ្ទសក៍ទេសចរណ៍ដែលចេញដោយក្រសួងទេសចរណ៍ ឬមន្ទីរទេសចរណ៍រាជធានី ខេត្ត កន្លងមកដែលនៅមានសុពលភាព ត្រូវនៅបន្តអនុវត្តរហូតដល់អស់សុពលភាព ។
មគ្គុទេ្ទសក៍ទេសចរណ៍ ដែលមានបំណងប្រកបអាជីវកម្មជាមគ្គុទេ្ទសក៍ទេសចរណ៍បន្តទៀតត្រូវមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ ស្របតាមលក្ខខណ្ឌដូចមានចែងក្នុងច្បាប់ស្តីពីទេសចរណ៍និងអនុក្រឹត្យនេះ ។
ជំពូកទី ៧
អវសានប្បញ្ញត្តិ
មាត្រា ៣១-
បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះត្រូវទុកជានិរាករណ៍ ។
មាត្រា ៣២-
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រដ្ឋមន្រ្តី រដ្ឋលេខាធិការគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខតទៅ ។