ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
ជំពូកទី ៩
គណនេយ្យករ និងសវនករ
មាត្រា ២៧-
បុគ្គលគ្រប់រូបទោះជារូបវន្តបុគ្គលក្តី នីតិបុគ្គលក្តី អាចជាគណនេយ្យករ និង/ឬសវនករបាន លុះត្រាតែបានចុះឈ្មោះជាសមាជិករបស់ស្ថាប័នវិជ្ជាជីវៈគណនេយ្យ និងសវនកម្ម ។
មាត្រា ២៨-
ប្រភេទគណនេយ្យករ និងសវនករដែលជាសមាជិករបស់ស្ថាប័នវិជ្ជាជីវៈគណនេយ្យ និងសវនកម្មត្រូវកំណត់ដោយអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃស្ថាប័នវិជ្ជាជីវៈគណនេយ្យ និងសវនកម្ម ។
ការប្រកបវិជ្ជាជីវៈគណនេយ្យ និង/ឬសវនកម្មមានវិសមិតភាពជាមួយនឹងមុខងារសាធារណៈ និងមុខងារនយោបាយក្នុងអង្គការនីតប្បញ្ញត្តិ និងមុខងារក្នុងអង្គការតុលាការ ។
ជំពូកទី ១០
អាជ្ញាបណ្ណ
មាត្រា ២៩-
បុគ្គលគ្រប់រូបទោះជារូបវន្តបុគ្គលក្តី នីតិបុគ្គលក្តី អាចប្រកបវិជ្ជាជីវៈជាគណនេយ្យករ ឬសវនករបានលុះត្រាតែបានចុះឈ្មោះជាសមាជិករបស់ស្ថាប័នរបស់ស្ថាប័នវិជ្ជាជីវៈគណនេយ្យ និងសវនកម្ម និងទទួលបានអាជ្ញាបណ្ណពី ក.ជ.គ.។
មាត្រា ៣០-
អាជ្ញាបណ្ណចែកចេញជា ២ (ពីរ) ប្រភេទគឺអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈគណេនេយ្យ និងអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈសវនកម្ម ។
លក្ខខណ្ឌ និងនីតិវិធីនៃការផ្តល់អាជ្ញាបណ្ណ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមសំណើរបស់ ក.ជ.គ.។
ជំពូកទី ១១
ទោសប្បញ្ញត្តិ
មាត្រា ៣១-
គណនេយ្យករ ឬសវនករទាំងឡាយណាដែលប្រព្រឹត្តផ្ទុយនឹងក្រមសីលធម៌វិជ្ជាជីវៈ ត្រូវទទួលទណ្ឌកម្មណាមួយដូចខាងក្រោម ៖
មាត្រា ៣២-
បទល្មើសដែលត្រូវផ្តន្ទាទោសពិន័យអន្តរការណ៍ ត្រូវកំណត់ដោយអនុក្រឹត្យ ។
មាត្រា ៣៣-
ជនណាដែលប្រកបវិជ្ជាជីវៈគណនេយ្យ ឬសវនកម្មដោយគ្មានអាជ្ញាបណ្ណ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ (ប្រាំមួយ) ខែទៅ២ (ពីរ) ឆ្នាំនិងពិន័យជាប្រាក់ពី ២,០០០,០០០ (ពីរលាន) រៀល ទៅ៨,០០០,០០០ (ប្រាំបីលាន) រៀល ។
មាត្រា ៣៤-
នីតិបុគ្គលអាចត្រូវប្រកាសថា ត្រូវទទួលខុសត្រូវព្រហ្មទណ្ឌតាមលក្ខខណ្ឌដែលមានចែងក្នុងមាត្រា៤២ (ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល) នៃក្រមព្រហ្មទណ្ឌ ចំពោះបទល្មើសដែលមានចែងក្នុងមាត្រា ៣៣ នៃច្បាប់នេះ ។
នីតិបុគ្គលត្រូវពិន័យជាប្រាក់ពី ៥,000,០០០ (ប្រាំលាន) រៀលទៅ ២០,០០០,០០០ (ម្ភៃលាន) រៀលព្រមទាំងទោសបន្ថែមណាមួយ ឬច្រើនដូចតទៅនេះ ៖
១- ការរំលាយតាមបែបបទកំណត់ដោយមាត្រា ១៧០ (ការរំលាយ និងការជម្រះបញ្ជីនៃនីតិបុគ្គល) នៃក្រមព្រហ្មទណ្ឌ ។
២- ការដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យតាមដានរបស់តុលាការ តាមបែបបទកណត់ដោយមាត្រា ១៧១ (ការដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមដានរបស់តុលាការ) នៃក្រមព្រហ្មទណ្ឌ ។
៣- ការហាមឃាត់ចំពោះការធ្វើសកម្មភាពមួយ ឬច្រើន តាមបែបបទកំណត់ដោយមាត្រា ១៧២ (ការហាមឃាត់ចំពោះការធ្វើសកម្មភាព) នៃក្រមព្រហ្មទណ្ឌ ។
៤- ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោស តាមបែបបទកំណត់ដោយមាត្រា ១៨០ (ការបិទផ្សារសេចក្តីសម្រេច) នៃក្រមព្រហ្មទណ្ឌ ។
៥- ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនៅក្នុងសារព័ត៌មានសរសេរ ឬការផ្សាយតាមគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍ តាមបែបបទកំណត់ដោយមាត្រា ១៨១ (ការផ្សាយសេចក្តីសម្រេចតាមមធ្យោបាយទូរគមនាគមន៍សោតទស្សន៍ ជាអាទិ៍) នៃក្រមព្រហ្មទណ្ឌ ។
មាត្រា ៣៥-
ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៨,០០០,០០០ (ប្រាំបីលាន) រៀលទៅ ២០,០០០,០០០ (ម្ភៃលាន) រៀល ចំពោះសវនករដែលក្លែងរបាយការណ៍សវនកម្ម ។
មាត្រា ៣៦-
នីតិបុគ្គលអាចត្រូវប្រកាសថា ត្រូវទទួលខុសត្រូវព្រហ្មទណ្ឌតាមលក្ខខណ្ឌដែលមានចែងក្នុងមាត្រា ៤២ (ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល) នៃក្រមព្រហ្មទណ្ឌ ចំពោះបទល្មើសដែលមានចែងក្នុងមាត្រា ៣៥ នៃច្បាប់នេះ ។
នីតិបុគ្គលត្រូវពិន័យជាប្រាក់ពី ១០,០០០,០០០ (ដប់លាន) រៀលទៅ ៥០,០០០,០០០ (ហាសិបលាន) រៀលព្រមទាំងទោសបន្ថែមណាមួយ ឬច្រើន ដូចតទៅនេះ ៖
១- ការរំលាយតាមបែបបទកំណត់ដោយមាត្រា ១៧០ (ការរំលាយ និងការជម្រះបញ្ជីនៃនីតិបុគ្គល) នៃក្រមព្រហ្មទណ្ឌ ។
២- ការដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យតាមដានរបស់តុលាការ តាមបែបបទកណត់ដោយមាត្រា ១៧១ (ការដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមដានរបស់តុលាការ) នៃក្រមព្រហ្មទណ្ឌ ។
៣- ការហាមឃាត់ចំពោះការធ្វើសកម្មភាពមួយ ឬច្រើន តាមបែបបទកំណត់ដោយមាត្រា ១៧២ (ការហាមឃាត់ចំពោះការធ្វើសកម្មភាព) នៃក្រមព្រហ្មទណ្ឌ ។
៤- ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោស តាមបែបបទកំណត់ដោយមាត្រា ១៨០ (ការបិទផ្សារសេចក្តីសម្រេច) នៃក្រមព្រហ្មទណ្ឌ ។
៥- ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនៅក្នុងសារព័ត៌មានសរសេរ ឬការផ្សាយតាមគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍ តាមបែបបទកំណត់ដោយមាត្រា ១៨១ (ការផ្សាយសេចក្តីសម្រេចតាមមធ្យោបាយទូរគមនាគមន៍សោតទស្សន៍ ជាអាទិ៍) នៃក្រមព្រហ្មទណ្ឌ ។
មាត្រា ៣៧-
សវនករដែលមនិប្តឹងបរិហារពីបទល្មើសនៅក្នុងក្របខ័ណ្ឌនៃមុខងារ ឬនៅក្នុងឱកាសនៃការបំពេញមុខងាររបស់ខ្លួន ត្រូវផ្តន្ទាទោសតាមបញ្ញត្តិនៃមាត្រា ៥២៨ (បទមិនប្តឹងបរិហារបទឧក្រឹដ្ឋ ឬបទមជ្ឈិមដោយអ្នករាជការសាធារណៈ ជាអាទិ៍) នៃក្រមព្រហ្មទណ្ឌ ។
ជំពូកទី ១២
អន្តរប្បញ្ញត្តិ
មាត្រា ៣៨-
លិខិតបទដ្ឋានគតិយុត្តទាំងឡាយដែលត្រូវបានដាក់ឲ្យអនុវត្ត ដោយផ្អែកលើមូលដ្ឋាននៃច្បាប់ស្តីពីគណនេយ្យសហគ្រាស សវនកម្មគណនេយ្យសហគ្រាស និងវិជ្ជាជីវៈគណនេយ្យដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៧០២/០១១ ចុះថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០០២ ត្រូវបន្តអានុភាពគតិយុត្ត រហូតដល់មានបទប្បញ្ញត្តិថ្មីមកជំនួស ។
មាត្រា ៣៩-
ច្បាប់ស្តីពីគណនេយ្យសហគ្រាសសវនកម្មគណនេយ្យសហគ្រាស និងវិជ្ជាជីវៈគណនេយ្យដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៧០២/០១១ ចុះថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០០២ និងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងច្បាប់នេះ ត្រូវទុកជានិរាករណ៍ ។