Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ជំពូកទី៤

ស្តង់ដារគណនេយ្យ

មាត្រា ១១-

            ស្តង់ដាគណនេយ្យ ត្រូវសម្រេចដាក់ឲ្យអនុវត្តដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមសំណើរបស់ ក.ជ.គ.

            ស្តង់ដាគណនេយ្យមានអានុភាពអនុវត្តចំពោះស្ថាប័នសាធារណៈ សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ ។

ជំពូកទី ៥

ស្តង់ដាសវនកម្ម

មាត្រាទី ១២-

            ស្តង់ដាសវនកម្ម ត្រូវសម្រេចដាក់ឲ្យអនុវត្តដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតាមសំណើរបស់ ក.ជ.គ.

            ស្តង់ដាសវនកម្មមានអានុភាពអនុវត្តចំពោះសវនករទាំងអស់ ដែលប្រកបវិជ្ជាជីវៈនៅព្រះរាជាណាចក្រកម្ពុជា ។

ជំពូកទី ៦

ក្រមសីលធម៌វិជ្ជាជីវៈ

មាត្រា ១៣-

            គណនេយ្យករមានក្រមសីលធម៌សម្រាប់វិជ្ជាជីវៈរបស់ខ្លួន ដែលត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមសំណើររបស់ ក.ជ.គ.

មាត្រា ១៤-

            សវនករមានក្រមសីលធម៌សម្រាប់វិជ្ជាជីវៈរបស់ខ្លួន ដែលត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមសំណើរបស់ ក.ជ.គ.

មាត្រា ១៥-

            សវនករមិនអាចផ្តល់សេវាសវនកម្មជូនសហគ្រាស ឬអង្គភាពមិនស្វែងរកប្រាក់ចំណេញ ដែលខ្លួនធ្លាប់ផ្តល់សេវាគណនេយ្យឡើយ លើកលែងតែការផ្តល់សេវាគណនេយ្យនោះបានបញ្ចប់ទៅក្នុងរយៈពេលយ៉ាងតិច ៣ ឆ្នាំ ។

            សវនករមិនត្រូវបន្តផ្តល់សេវាកម្មជូនសហគ្រាស ឬអង្គភាពមិនស្វែងរកប្រាក់ចំណេញណាមួយលើសពីប្រាំឆ្នាំបន្តបន្ទាប់គ្នាឡើយ ។

            សវនករមិនត្រូវផ្តល់សេវាសវនកម្មជូនសហគ្រាសដែលខ្លួនទទួលផលប្រយោជន៍ ឬមានសិទ្ធិគ្រប់គ្រង ទោះដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី តាមរយៈសហព័ទ្ធ ញាតិលោហិត ឬញាតិពន្ធ រហូតដល់ថ្នាក់ទី ៣ ។

ជំពូកទី ៧

កាតព្វកិច្ចរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

មាត្រា ១៦-

            របាយការណ៍ហិរញ្ញវត្ថុរួមមានរបាយការណ៍នានាដែលត្រូវកំណត់ក្នុងស្តង់ដាគណនេយ្យ ។

មាត្រា ១៧-

            ក្រៅពីស្ថាប័នសាធារណៈ សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញមានកាតព្វកិច្ចរៀបចំរបាយការណ៍ហិរញ្ញវត្ថុឲ្យបានរួចរាល់ ក្នុងរយៈពេល ៣ (បី) ខែយ៉ាងយូរបំផុតគិតពីកាលបរិច្ឆេទបិទបញ្ជីគណនេយ្យនីមួយៗ ។

            ក្នុងករណីមិនអាចរៀបចំរបាយការណ៍ហិរញ្ញវត្ថុតាមកាលកំណត់ក្នុងកថាខណ្ឌខាងលើ សហគ្រា ឬអង្គភាពមិនស្វែងរកប្រាក់ចំណេញ ត្រូវស្នើសុំពន្យាពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ជាលាយលក្ខណ៍អក្សរទៅ ក.ជ.គ.ឬទៅនិយ័តករពាក់ព័ន្ធ ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដោយបញ្ជាក់ពីមូលហេតុសមស្រប និងច្បាស់លាស់ ។

មាត្រា ១៨-

            របាយការណ៍ហិរញ្ញវត្ថុអាចតម្រូវឲ្យធ្វើសវនកម្មតាមលក្ខខណ្ឌដែល ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតាមសំណើរបស់ ក.ជ.គ.

មាត្រា​ ១៩-

            របាយការណ៍ហិរញ្ញវត្ថុ ត្រូវធ្វើជាមូលដ្ឋានសម្រាប់ការបំពេញកាតព្វកិច្ចសារពើពន្ធ អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ។

មាត្រា ២០-

            សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញមានកាតព្វកិច្ចកាន់បញ្ជីគណនេយ្យ ។

            ស្ថាប័នសាធារណៈមានកាតព្វកិច្ចកាន់បញ្ជីគណនេយ្យ ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន ។

            ប្រតិបត្តិការគណនេយ្យនីមួយៗ ត្រូវសំអាងលើសក្ខីបត្រគណនេយ្យដែលមានសុពលភាព ។

មាត្រា ២១-

            ការិយបរិច្ឆេទគណនេយ្យនីមួយៗ ត្រូវកំណត់រយៈពេលចំនួន ១២ (ដប់ពីរ) ខែដោយគិតចាប់ពីថ្ងៃទី១ ខែមករា រហូតដល់កាលបរិច្ឆេទបិទបញ្ជីគណនេយ្យនៅថ្ងៃទី៣១ ខែធ្នូ នៃឆ្នាំដដែល ។

            ចំពោះសហគ្រាស ឬអង្គភាពមិនស្វែងរកប្រាក់ចំណេញដែលបង្កើតឡើងថ្មីការិយបរិច្ឆេទទី១ត្រូវគិតចាប់ពីកាលបរិច្ឆេទបង្កើតសហគ្រាស ឬអង្គភាពនោះជាផ្លូវការរហូតដល់ថ្ងៃទី៣១ ខែធ្នូ នៃឆ្នាំដដែល ។

            ការិយបរិច្ឆេទគណនេយ្យ អាចត្រូវកំណត់ផ្សេងពីនេះ សម្រាប់សកម្មភាពដែលមានលក្ខណៈពិសេសដែលត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមសំណើរបស់ ក.ជ.គ.

មាត្រា ២២-

            បញ្ជីគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវធ្វើជាភាសាខ្មែរ និងជាប្រាក់រៀល ។

            ក្នុងករណីមានកិច្ចប្រតិបត្តិការអន្តរជាតិជាប្រចាំ បញ្ជីគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុអាចត្រូវបានអនុញ្ញាតឲ្យធ្វើជាភាសាអង់គ្លេស និងជារូបិយបណ្ណបរទេស អមជាមួយបញ្ជីគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុជាភាសាខ្មែរ និងប្រាក់រៀល តាមលក្ខខណ្ឌដែលត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមសំណើរបស់ ក.ជ.គ.

មាត្រា ២៣-

            គ្រប់សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញមានកាតព្វកិច្ចរក្សាទុករាល់ឯកសារគណនេយ្យរបស់ខ្លួនឲ្យបានគង់វង្សនៅក្នុងរយៈពេលយ៉ាងតិច ១០ (ដប់) ឆ្នាំចគិតចាប់ពីកាលបិរច្ឆេទនៃការបង្កើតឯកសារ ។

ជំពូកទី ៨

របាយការណ៍សវនកម្ម

មាត្រា ២៤-

            របាយការណ៍សវនកម្ម រួមមានរបាយការណ៍នានាដែលត្រូវកំណត់ក្នុងស្តង់ដាសវនកម្ម ។

មាត្រា ២៥-

            របាយការណ៍សវនកម្មត្រូវរៀបចំឡើងជាភាសាខ្មែរ ដែលអាចអមដោយភាសាអង់គ្លេសមកជាមួយ ។

មាត្រា ២៦-

            ភស្តុតាងសវនកម្ម ត្រូវរក្សាទុកក្នុងរយៈពេល ១០ (ដប់) ឆ្នាំយ៉ាងតិចគិតចាប់ពីកាលបរិច្ឆេទចេញរបាយការណ៍សវនកម្ម ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login