Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ច្បាប់

ស្តីពី

កាតព្វកិច្ចយោធា

មាត្រា ១-

            ច្បាប់នេះមានគោលដៅកំណត់បែបបទការអនុវត្តកាតព្វកិច្ច រួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ ដូចមានចែងក្នុងមាត្រា៤៩ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។

            កាតព្វកិច្ចយោធា ជាករណីយកិច្ចចាំបាច់ និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា ។

            កាតព្វកិច្ចយោធា ជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិ និងការអភិវឌ្ឍន៍កាយសម្បទា ដែលជាតម្រូវការរបស់ប្រទេសជាតិ ។

មាត្រា ២-

            ប្រជាពលរដ្ឋខ្មែរគ្រប់រូបទាំងពីរភេទ ដែលមានអាយុពី១៨ឆ្នាំដល់៣០ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធា តាមការកំណត់នៃច្បាប់នេះ ។

            ការបំពេញកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋខ្មែរជាស្រ្តីភេទគ្រប់រូប ត្រូវផ្អែកតាមការស្ម័គ្រចិត្ត ។

            ប្រជាពលរដ្ឋខ្មែរ ដែលមានសញ្ជាតិពីរ ហើយដែលរស់នៅជាអចិន្រ្តៃយ៍ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបំពេញកាតព្វកិច្ចយោធាក្នុងព្រះរាជាណាចក្រកម្ពុជា ។

មាត្រា ៣-

            ចំនួនប្រជាពលរដ្ឋ និងលក្ខខណ្ឌទាំងលាយក្នុងការចូលបំពេញកាតព្វកិច្ចយោធាសម្រាប់វគ្គនីមួយៗរៀងរាល់ឆ្នាំ ត្រូវកំណត់ដោយអនុក្រឹត្យតាមសំណើរបស់ក្រសួងការពារជាតិ ។

ជំពូកទី ២

រយៈពេលចូលបំពេញកាតព្វកិច្ចយោធា

និងក្របខណ្ឌយោធិនបម្រុង

មាត្រា ៤-

            ការបំពេញកាតព្វកិច្ចយោធា មានកំណត់ពេល១៨ខែ គិតពីថ្ងៃចូលបំពេញកាតព្វកិច្ច ។

មាត្រា ៥-

            យោធិនដែលបានបញ្ចប់កាតព្វកិច្ចយោធាហើយត្រូវអនុញ្ញាតឲ្យទៅកាន់ជីវភាពស៊ីវិលវិញ ប៉ុន្តែត្រូវស្ថិតក្នុងក្របខណ្ឌយោធិនបម្រុង ។ យោធិននេះ ក៏អាចស្ថិតនៅក្នុងអាជីពយោធាបន្តទៅទៀតបាន ទៅតាមតម្រូវការរបស់ក្រសួងការពារជាតិ និងដោយឈរលើមូលដ្ឋានស្ម័គ្រចិត្ត ។

            ក្នុងស្ថានភាពជាយោធិនបម្រុងនេះ សាមីជនត្រូវបានទទួលការអញ្ជើញគ្រប់ពេលវេលាមកបំពេញភារកិច្ច តាមការចាំបាច់របស់ប្រទេសជាតិ ក្នុងកងទ័ពតាមគ្រប់រូបភាព តាមកាលៈទេសៈតម្រូវ ។

មាត្រា ៦-

            លក្ខន្តិកៈដោយឡែកនៃយោធិនបម្រុង ត្រូវកំណត់ដោយព្រះរាជក្រឹត្យ ។

ជំពូកទី ៣

ការចុះបញ្ជី ការអញ្ជើញ ការពន្យារពេល

និងអនុញ្ញាតឲ្យរួចផុតពីកាតព្វកិច្ចយោធា

មាត្រា ៧-

            ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលដល់អាយុត្រូវបំពេញកាតព្វកិច្ចយោធាត្រូវអញ្ជើញ ទៅចុះឈ្មោះក្នុងបញ្ជីជំរឿនកាតព្វកិច្ចយោធា ។

            ប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីតម្រូវឲ្យចូលបំពេញកាតព្វកិច្ចយោធា ត្រូវទទួលបាននូវការជូនដំណឹងអំពីកាលបរិច្ឆេទ និងទីកន្លែងនៃការចុះឈ្មោះចូលបំពេញកាតព្វកិច្ចយោធា ។

            ការអញ្ជើញទៅចុះឈ្មោះ និងការចូលបំពេញកាតព្វកិច្ចយោធាត្រូវធ្វើឡើងតាមរយៈអាជ្ញាធរដែនដី ។

លក្ខខណ្ឌ និងបែបបទនៃការធ្វើជំរឿន ការជ្រើសរើស ការអញ្ជើញនិងការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ត្រូវកំណត់ដោយអនុក្រឹត្យ ។

មាត្រា ៨-

            ការព្យារពេលនៃការអញ្ជើញមកបំពេញកាតព្វកិច្ចយោធា ត្រូវអនុវត្តតាមករណីដូចខាងក្រោម ៖

            - ប្រជាពលរដ្ឋដែលកំពុងជាប់បំពេញការងារជំនាញក្នុងសហគ្រាសសាធារណៈ ឬឯកជនអាចដាក់ពាក្យសុំពន្យារពេលមួយឆ្នាំម្តងៗ ប៉ុន្តែការសុំពន្យារពេលនេះមិនអាចលើសពី៣ឆ្នាំឡើយ

            - ប្រជាពលរដ្ឋជាប់ពាក់ព័ន្ធបទល្មើស ដែលកំពុងស្ថិតក្នុងសមត្ថកិច្ចតុលាការ

            - ប្រជាពលរដ្ឋជាប់ពាក់ព័ន្ធក្នុងរឿងព្រហ្មទណ្ឌដែលសមត្ថកិច្ចកំពុងតាមដាន ។

            លក្ខខណ្ឌពន្យារពេលនៃការអញ្ជើញមកបំពេញកាតព្វកិច្ចយោធានៃយុវជនកំពុងជាប់ការសិក្សា និងប្រជាពលរដ្ឋដែលស្ថិតក្នុងករណីពិសេសត្រូវកំណត់ដោយអនុក្រឹត្យ ។

មាត្រា ៩-

            ការអនុញ្ញាតឲ្យរួចផុតពីកាតព្វកិច្ចយោធាត្រូវអនុវត្តចំពោះ ៖

            - ប្រជាពលរដ្ឋចដែលបានបញ្ចប់សេវាជាយោធិនជាប់កិច្ចសន្យា

            -​ អ្នកឯកទេសជំនាញ ដែលបានចុះកិច្ចសហប្រតិបត្តិការបំពេញបេសកកម្មស្រាវជ្រាវ ឬអនុវត្តផ្ទាល់នូវកិច្ចការដែលជាប្រយោជន៍ផ្នែកសាធារណៈនៃកងយោធពលខេមរភូមិន្ទ ដែលមានរយៈពេលស្មើនឹងស្ថានភាពកាតព្វកិច្ចយោធាចំនួន១៨ខែ

            - ព្រះសង្ឃ បព្វជិត នៃសាសនាផ្សេងៗដែលមានការទទួលស្គាល់ពីក្រសួងធម្មការ និងកិច្ចការសាសនា

            - ប្រជាពលរដ្ឋដែលមានកាយសម្បទាមិនគ្រប់គ្រាន់តាមការតម្រូវ ដោយមានការត្រួតពិនិត្យជាក់ស្តែងពីគណៈកម្មការសុខាភិបាលនៅនឹងកន្លែងចំពោះមុខសាធារណជនក្នុងមូលដ្ឋាន ដែលមានធ្វើការជ្រើសរើស ។

ជំពូកទី ៤

អំពីអត្ថប្រយោជន៍នៃការបំពេញកាតព្វកិច្ចយោធា

មាត្រា ១០-

            ក្នុងរយៈពេលនៃការបំពេញកាតព្វកិច្ចយោធា យោធិនគ្រប់រូបត្រូវទទួលប្រាក់បំណាច់ និងការឧបត្ថម្ភផ្សេងៗ សម្រាប់ជីវភាពប្រចាំថ្ងៃតាមការកំណត់របស់ក្រសួងការពារជាតិ ។

មាត្រា ១១-

            យោធិនទាំងពីរភេទ ដែលបានបង្កើតស្នាដៃល្អក្នុងពេលបំពេញកាតព្វកិច្ចយោធាត្រូវបានជូនរង្វាន់ និងលើកសរសើរដូចយោធិនអាជីព ហើយក្នុងករណីមានជំងឺ របួស ឬគ្រោះថ្នាក់ផ្សេងៗត្រូវទទួលការសង្គ្រោះ ព្យាបាល ថែរក្សា និងការសរសើរលើកទឹកចិត្តពីក្រសួងការពារជាតិ ។

            ក្នុងករណីពលី មរណៈឬពិការ ដោយសារបុព្វហេតុប្រទេសជាតិ ក្នុងអំឡុងពេលបំពេញកាតព្វកិច្ចយោធា ក្រសួងការពារជាតិត្រូវផ្តល់ការឧបត្ថម្ភជារបបតាមគោលការណ៍ដូចយោធិនអាជីពដែរ ។

មាត្រា ១២-

            យោធិនទាំងពីរភេទ ដែលបានបញ្ចប់កាតព្វកិច្ចយោធា ៖

            - មានសិទ្ធិបន្តការសិក្សាតាមគ្រឹះស្ថានសិក្សាដើមរបស់ខ្លួនវិញ

            - មានអាទិភាពទទួលបានការបណ្តុះបណ្តាលមុខវិជ្ជាជីវៈ

            - មានអាទិភាពក្នុងការប្រឡងប្រជែង ឬជ្រើសរើសចូលបម្រើក្នុងស្ថាប័នរដ្ឋ អង្គការ សហគ្រាស សាធារណៈ ឬក្រុមហ៊ុនឯកជននានា ។

            ស្ថាប័នរដ្ឋ អង្គការ និងក្រុមហ៊ុនឯកជននានា ត្រូវទទួលឲ្យប្រជាពលរដ្ឋដែលបានបញ្ចប់កាតព្វកិច្ចយោធានោះ ចូលបម្រើការងារវិញក្នុងក្របខណ្ឌដើមដោយរក្សាឋានៈដូចមុនពេលទៅបំពេញកាតព្វកិច្ចយោធា ហើយផ្តល់អាទិភាពក្នុងការពិចារណាតម្លើងឋានៈ ឬឋានន្តរសក្តិ ។ រយៈពេលបំពេញកាតព្វកិច្ចយោធា ត្រូវបានរាប់បញ្ចូលក្នុងអតីតភាពសម្រាប់ការចូលនិវត្តន៍របស់សាមីជនផងដែរ ។

ជំពូកទី ៥

ទោសប្បញ្ញត្តិ

មាត្រា ១៣-

            ប្រជាពលរដ្ឋគ្រប់រូប ដែលត្រូវអញ្ជើញឲ្យចូលបំពេញកាតព្វកិច្ចយោធា ហើយមិនបានមកបង្ហាញខ្លួនតាមការអញ្ជើញក្នុងរយៈពេល៣០ថ្ងៃ គិតពីថ្ងៃទទួលដំណឹងត្រូវចាត់ទុកជាជនរឹងរួស លើកលែងតែមានមូលហេតុត្រឹមត្រូវពុំអាចមកបង្ហាញខ្លួនបាន ។

            ជនដែលរឹងរួស និងជនរួមគំនិតក្នុងការគេចវេះពីកាតព្វកិច្ចយោធា ៖

            - ក្នុងកាលៈទេសៈប្រទេសមានសន្តិភាព ត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់១ឆ្នាំ ។

            - ក្នុងកាលៈទេសៈប្រទេសមានសង្រ្គាម ត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់៣ឆ្នាំ ។

            ក្នុងករណីជនល្មើសទទួលកំហុសរបស់ខ្លួន ហើយសុខចិត្តចូលមកបំពេញកាតព្វកិច្ចយោធាវិញនោះ ជននោះត្រូវបានទទួលការអនុគ្រោះ ប៉ុន្តែត្រូវបញ្ជូនទៅបំពេញការងារក្នុងអង្គភាពវិន័យ ។

មាត្រា ១៤-

            ជនណាដែលធ្វើឲ្យពិការដល់ខ្លួន ឬរត់ទៅនៅបរទេសដើម្បីគេចវេះពីកាតព្វកិច្ចយោធា ៖

            - ក្នុងកាលៈទេសៈប្រទេសមានសន្តិភាព ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៣ខែ២ឆ្នាំ ។

            - ក្នុងកាលៈទេសៈប្រទេសមានសន្តិភាព ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ៥ឆ្នាំ ។

មាត្រា ១៥-

            ជនណាដែលឆ្លៀតយកឋានៈតួនាទី ដើម្បីរាំងស្ទះមិនឲ្យពលរដ្ឋចូលបំពេញកាតព្វកិច្ចយោធា ឬប្រើប្រាស់ច្បាប់នេះ ធ្វើអាជីវកម្មដើម្បីផលប្រយោជនផ្ទាល់ខ្លួន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែដល់៥ឆ្នាំ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login