Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ជំពូកទី ១

បទប្បញ្ញត្តិទូទៅ

មាត្រា១-

            ច្បាប់នេះមានគោលបំណងធានាការអនុវត្តដែនយុត្ថាធិការរបស់ព្រះរាជាណាចក្រកម្ពុជាទៅលើរូបវន្តបុគ្គល ដើម្បីកំណត់នូវសិទ្ធិទទួលបាន និងសិទ្ធិលះបង់សញ្ជាតិខ្មែរ ចំពោះជនដែលរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឬនៅបរទេស និងដែលបានបំពេញតាមលក្ខខណ្ឌនៃច្បាប់នេះ ។

មាត្រា២-

            ច្បាប់នេះមានគោលដៅកំណត់អំពី ៖

  • ការទទួលបានសញ្ជាតិខ្មែរពីកំណើត
  • ការទទួលបានសញ្ជាតិខ្មែរដោយការស្មុំកូនពេញលេញ
  • ការទទួលបានសញ្ជាតិខ្មែរដោយអាពាហ៍ពិពាហ៍
  • ការទទួលបានសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម
  • ការបាត់សញ្ជាតិខ្មែរ ។

មាត្រា៣-

            ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះរូបវ័ន្តបុគ្គលដែលកើត ឬរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឬនៅបរទេស ។

មាត្រា៤-

            វក្យសព្វសំខាន់ៗដែលប្រើក្នុងច្បាប់នេះ ត្រូវបានកំណត់និយមន័យដូចតទៅ ៖

            ១- សញ្ជាតិខ្មែរ សំដៅដល់ចំណងគតិយុត្ត និងនយោបាយដែលលភ្ជាប់រូបវន្តបុគ្គលទៅនឹងព្រះរាជាណាចក្រកម្ពុជា ។

            ២-​ការទាមទារសញ្ជាតិខ្មែរ សំដៅដល់សិទ្ធិក្នុងការស្នើសុំសញ្ជាតិខ្មែរ ដែលកើតចេញពីចំណងអាពាហ៍ពិពាហ៍ស្របច្បាប់រវាងជនបរទេស និងប្រជាពលរដ្ឋខ្មែរ ។

            ៣- សញ្ជាតូបនីយកម្ម សំដៅដល់ការផ្តល់សញ្ជាតិខ្មែរតាមរយៈការស្នើសុំរបស់ជនបរទេសដោយផ្អែកតាមលក្ខខណ្ឌ នៃការស្នាក់នៅ ការវិនិយោគអំណោយជាសាច់ប្រាក់ និងគុណសម្បត្តិពិសេស ឬថ្វីដៃពិសេស ។

ជំពូកកទី ២

ស្ថាប័នមានសមត្ថកិច្ច

មាត្រា៥-

            ក្រសួងមហាផ្ទៃមានសមត្ថកិច្ចដឹកនាំអនុវត្តច្បាប់ស្តីពីសញ្ជាតិ ។

ជំពូកទី ៣

គោលការណ៍ទូទៅ

មាត្រា៦-

            ជនណាមានៃសញ្ជាតិខ្មែរជាប្រជាពលរដ្ឋខ្មែរ ។

            មានតែប្រជាពលរដ្ឋខ្មែរទេ ទើបមានសិទ្ធិទទួលនិងកាន់កាប់អត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរនិងលិខិតឆ្លងដែននៃព្រះរាជាណាចក្រកម្ពុជា ។

មាត្រា៧-

            ប្រជាពលរដ្ឋខ្មែមិនអាចត្រូវបានដកសញ្ជាតិ និរទេសឬចាប់បញ្ចូនខ្លួនទៅឲ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក ។

មាត្រា៨-

            ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅឯបរទេស ៖

            ១- ត្រូវបានរដ្ឋគាំពារតាមគ្រប់មធ្យោបាយការទូត ។

            ២- មិនអាចបាត់សញ្ជាតិដោយឯកឯង ។

ជំពូកទី ៤

សញ្ជាតិខ្មែរពីកំណើត និងសញ្ជាតិខ្មែរពីការស្មុំកូនពេលលេញ

ផ្នែកទី ១

សញ្ជាតិខ្មែរពីកំណើត

មាត្រា៩-

            ១- ត្រូវបានសញ្ជាតិខ្មែរ ទោះបីកើតនៅទីណាក៏ដោយ ៖

  • កូនដែលកើតពីឪពុកឬម្តាយមានសញ្ជាតិខ្មែរ
  • កូនដែលឪពុកម្តាយមិនទទួលស្គាល់ កាលបើតុលាការបានចេញសាលក្រមថា កូននោះពិតជាកើតពីឪពុក ឬម្តាយដែលមានសញ្ជាតិខ្មែរ ។

            ២- ត្រូវបានសញ្ជាតិខ្មែរ ដោយកើតក្នុងព្រះរាជាណាចក្រកម្ពុជា​៖

  • កូនដែលកើតពីឪពុកនិងម្តាយជាជនបរទេស​ ដែលកើតនិងរស់នៅស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា
  • កូនដែលកើតពីឪពុកម្តាយមិនស្គាល់ និងកូនទើបនឹងកើតដែលគេរើសបាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវចាត់ទុកថា កើតនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែរ ។

ផ្នែកទី ២

សញ្ជាតិខ្មែរដោយការស្មុំកូនពេលលេញ

មាត្រា១០-

            កូនជនបរទេសដែលត្រូវបានសុំជាកូនស្មុំពេញលេញដោយសហព័ទ្ធពលរដ្ឋខ្មែរ ត្រូវទទួលបានសញ្ជាតិខ្មែរ នៅពេលដែលស្មុំកូនពេញលេញត្រូវបានបង្កើតឡើងស្របតាមច្បាប់ជាធរមាន ។

ជំពូទី ៣

សញ្ជាតិខ្មែរដោយអាពាហ៍ពិពាហ៍

មាត្រា១១-

            ស្រ្តី ឬបុរសបរទេសដែលយកប្តី ឬប្រពន្ធពលរដ្ឋខ្មែរដោយបានរៀបអាពាហ៍ពិពាហ៍ អាចទាមទារសញ្ជាតិខ្មែរបាន​ លុះណាតែស្រ្តីឬបុរសនោះបានរស់នៅជាមួយគ្នារយៈពេលបីឆ្នាំ ក្រោយចុះបញ្ជីអាពាហ៍ពិពាហ៍ និងបានស្នាក់នៅយ៉ាងហោចរយៈពេល ១២ (ដប់ពីរ) ខែ ពេញលេញ ក្នុងព្រះរាជាណាចក្រកម្ពុជា ។

            ត្រូវបានអនុញ្ញាតឲ្យសុំទាមទារសញ្ជាតិខ្មែរជាចង្កោមគ្រួសារចំពោះជនបរទេសជាម្តាយ ឬឳពុកដែលមានកូនជាអនីតិជន ។

មាត្រា១២-

            ជនបរទេសដែលអាចសុំទាមទារសញ្ជាតិខ្មែរដោយអាពាហ៍ពិពាហ៍បាន ត្រូវបំពេញលក្ខខណ្ឌដូចតទៅ ៖

            ១- មានគំនិត មារយោទ និងសីលធម៌ល្អ ។

            ២- ពុំដែលមានទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈឹមណាមួយ ។

            ៣- មានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅពេលដាក់ពាក្យសុំទាមទារសញ្ជាតិខ្មែរដោយអាពាហ៍ពិពាហ៍ ។

            ៤- ចេះនិយាយភាសាខ្មែរ ចេះអក្សរខ្មែរ និងយល់ដឹងប្រវត្តិសាស្រ្តខ្មែរខ្លះ ។

            ៥- មានបញ្ញា និងកាយសម្បទាដែលមិននាំឲ្យមានគ្រោះថ្នាក់ ឬនាំឲ្យមានបន្ទុកដល់ជាតិ ។

មាត្រា១៣-

            ជនបរទេសដែលសុំទាមទារសញ្ជាតិខ្មែរ ដោយអាពាហ៍ពិពាហ៍អាចសុំប្តូរឈ្មោះជាខ្មែរបាន ។ ក្នុងករណីនេះ ត្រូវសរសេរបញ្ជាក់ឈ្មោះថ្មីនោះ ក្នុងពាក្យសុំទាមទារសញ្ជាតិខ្មែររបស់ខ្លួន ។

មាត្រា១៤-

          ក្នុងករណីដែលអាជ្ញាធរមានសមត្ថកិច្ចបដិសេធការទាមទារសញ្ជាតិខ្មែរ សាមីខ្លួនមានសិទ្ធិប្តឹងតវ៉ា​។

មាត្រា១៥-

            បែបបទ និងនីតិវិធីនៃការទាមទារសញ្ជាតិខ្មែរ ព្រមទាំងនីតិវិធីនៃការប្តឹងតវ៉ា ត្រូវកំណត់ដោយអនុក្រឹត្យ ។ ការផ្តល់សញ្ជាតិខ្មែរ តាមករណីទាមទារសញ្ជាតិខ្មែរ ត្រូវសម្រេចដោយព្រះរាជក្រឹត្យ ។

មាត្រា១៦-

            ជនដែលបានអនុញ្ញាតឲ្យចូលសញ្ជាតិខ្មែរដោយអាពាហ៍ពិពាហ៍ ត្រូវធ្វើសម្បថនៅចំពោះមុខតុលាការកំពូល ។

            ខ្លឹមសារនៃសម្បថនេះ ត្រូវកំណត់ដោយអនុក្រឹត្យ ។

មាត្រា១៧-

            ប្រជាពលរដ្ឋខ្មែរមិនបាត់សញ្ជាតិខ្មែរ ដោយសារការរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេស ។

ជំពូកទី ៦

សញ្ជាតូបនីយកម្ម

មាត្រា១៨-

            ជនបរទេសអាចសុំចូលសញ្ជាតិខ្មែរបាន ដោយសញ្ជាតូបនីយកម្ម​។

            សញ្ជាតូបនីយកម្មមិនមែនជាសិទ្ធិរបស់អ្នកស្នើសុំឡើយ គឺជាការអនុគ្រោះរបស់ព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះ ។ ទោះក្នុងប្រការណាក៏ដោយ ពាក្យសុំនោះអាចត្រូវបដិសេធចោលតាមអំណាចន្ទានុសិទ្ធិ ។

មាត្រា១៩-

            ជនបរទេសដែលអាចសុំសញ្ជាតូបនីយកម្មបាន ត្រូវបំពេញលក្ខខណ្ឌដូចតទៅ ៖

            ១- មានគំនិត មារយាទ និងសីលធម៌ល្អ ។

            ២- ពុំដែលមានទោសពីបទឧក្រឹដ្ឋ ឬបទមជ្ឈឹមណាមួយ ។

            ៣- មានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយស្នាក់នៅជាប់ចំនួន ៧ (ប្រាំពីរ) ឆ្នាំ ដោយ​ទទួលបានបណ្ណស្នាក់នៅ ដែលចេញឲ្យក្នុងក្របខ័ណ្ឌនៃច្បាប់ស្តីពីអន្តោប្រវេសន៍ ចំពោះជនបរទេសអន្តោប្រវេសន៍ ។

            ៤- មានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា​ និងមានបណ្ណស្នាក់នៅដែលចេញឲ្យក្នុងក្របខ័ណ្ឌនៃច្បាប់ស្តីពីអន្តោប្រវេសន៍​ ចំពោះជនបរទេសដែលបានកំណត់នៅក្នុងមាត្រា២១ និងមាត្រា២២ នៃច្បាប់នេះ ។

            ៥- ចេះនិយាយភាសាខ្មែរ ចេះអក្សរខ្មែរ និងយលដឹងប្រវត្តិសាស្រ្តខ្មែរខ្លះៗ ហើយបង្ហាញភស្តុតាងថាខ្លួនអាចរស់នៅក្នុងសង្គមខ្មែរបានដោយសុខដុម ព្រមទាំងទទួលបាននូវទំនៀមទន្លាប់ និងប្រពៃណីល្អរបស់ខ្មែរ ។

            ៦- មានបញ្ញា និងកាយសម្បទាដែលមិននាំឲ្យមានគ្រោះថ្នាក់ ឬនាំឲ្យមានបន្ទុកដល់ជាតិ ។

មាត្រា២០-

            ចំពោះជនបរទេសអន្តោប្រវេសន៍ណាដែលកើតក្នុងព្រះរាជាណាចក្រកម្ពុជា រយៈពេលស្នាក់នៅជាប់ចំនួន ៧ (ប្រាំពីរ) ឆ្នាំ ដូចមានចែងក្នុងចំណុចទី៣ មាត្រា១៩ នៃច្បាប់នេះ ត្រូវបន្ថយមកនៅ ៣ (បី) ឆ្នាំវិញ ។

មាត្រា២១-

            ជនបរទេសណាដែលបានទទួលការអនុញ្ញាតឲ្យវិនិយោគត្រឹមត្រូវតាមច្បាប់ ពីស្ថាប័នមានសមត្ថកិច្ច ហើយបានចំណាយទុនអនុវត្តគម្រោងវិនិយោគជាក់ស្តែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជនបរទេសនោះអាចដាក់ពាក្យសុំចូលសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្មបាន​ ក្នុងករណីជនបរទេសនោះបានបំពេញលក្ខខណ្ឌដូចមានចែងក្នុងចំណុចទី១ ទី២ ទី៤ ទី៥ និងទី៦ មាត្រា១៩ នៃច្បាប់នេះ និងបានស្នាក់នៅស្របច្បាប់យ៉ាងហោចរយៈពេល ១២ (ដប់ពីរ) ខែ ពេញលេញ ក្នុងព្រះរាជាណាចក្រកម្ពុជា ។

            ចំនួនទឹកប្រាក់ ​វិស័យអាទិភាព និងប្រភេទគម្រោងវិនិយោគ ព្រមទាំងលក្ខខណ្ឌផ្សេងទៀត ត្រូវកំណត់ដោយអនុក្រឹត្យ ។

មាត្រា២២-

            ជនបរទេសណាដែលបានធ្វើអំណោយជាសាច់ប្រាក់ដល់ថវិកាជាតិ សម្រាប់ជាផលប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឬវិស័យមនុស្សធម៌នៅព្រះរាជាណាចក្រកម្ពុជា ជនបរទេសនោះអាចដាក់ពាក្យសុំចូលសញ្ជាតិខ្មែរបាន ក្នុងករណីដែលជននោះបានបំពេញលក្ខខណ្ឌដូចមានចែងក្នុងចំណុចទី១ ទី២ ទី៤ និងទី៦​ មាត្រា១៩ នៃច្បាប់នេះ និងបានស្នាក់នៅស្របច្បាប់យ៉ាងហោចរយៈពេល ៦ (ប្រាំមួយ) ខែពេញលេញ ក្នុងព្រះរាជាណាចក្រកម្ពុជា ។

            ចំនួនទឹកប្រាក់អំណោយជាសាច់ប្រាក់ដល់ថវិការជាតិ ឬវិស័យមនុស្សធម៌ត្រូវកំណត់ដោយអនុក្រឹត្យ ។

មាត្រា២៣-

            ជនបរទេសដែលបានបង្ហាញនូវភស្តុតាងថា ខ្លួនបានផ្តល់គុណសម្បត្តិពិសស ឬថ្វីដៃពិសេសអ្វីមួយជាប្រយោជន៍ដល់ព្រះរាជាណាចក្រកម្ពុជា និងបានទទួលស្គាល់ដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អាចដាក់ពាក្យឬស្នើសុំចូលសញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មបាន​ ក្នុងករណីដែលជននោះបានបំពេញលក្ខខណ្ឌដូចបានចែងក្នុងចំណុចទី១ ទី២​ និងទី៦ មាត្រា១៩ នៃច្បាប់នេះ ។

មាត្រា២៤-

            ជនបរទេសដែលមានសហព័ទ្ធ ឬកូនជាអនីតិជន ដែលមានបំណងស្នើសុំចូលសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម អាចដាក់ពាក្យស្នើសុំជាចង្កោមគ្រួសារ ។

មាត្រា២៥-

            ជនបរទេសអាចសុំប្តូរឈ្មោះជាខ្មែរបាន​។ ក្នុងករណីនេះត្រូវសរសេរបញ្ជាក់ឈ្មោះថ្មីនោះ ក្នុងពាក្យសុំសញ្ជាតូបនីយកម្មរបស់ខ្លួន ។

មាត្រា២៦-

            បែបបទ និងនីតិវិធីនៃការសុំចូលសញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្ម ត្រូវកំណត់ដោយអនុក្រឹត្យ ។ ការផ្តល់សញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្មត្រូវសម្រេចដោយព្រះរាជក្រឹត្យ ។

មាត្រា២៧-

            ជនដែលបានអនុញ្ញាតឲ្យចូលសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម ត្រូវធ្វើសម្បថនៅចំពោះមុខតុលាការកំពូល ។

            ខ្លឹមសារនៃសម្បថនេះត្រូវកំណត់ដោយអនុក្រឹត្យ ។

ជំពូកទី ៧

ការបាត់សញ្ជាតិខ្មែរ

មាត្រា២៨-

            ជនណាដែលមានសញ្ជាតិខ្មែរហើយមានអាយុ ១៨ (ដប់ប្រាំបី) ឆ្នាំ យ៉ាងតិច អាចសុំលះបង់សញ្ជាតិខ្មែរបាន ក្នុងករណីដែលជននោះមានសញ្ជាតិមួយផ្សេងទៀត និងដោយគ្មានការបង្ខិតបង្ខំ ។

            ត្រូវបានអនុញ្ញាតឲ្យមានការសុំលះបង់សញ្ជាតិខ្មែរជាចង្កោមគ្រួសាររបស់ពលរដ្ឋខ្មែរជាម្តាយ ឬឪពុកដែលមានកូនជាអនីតិជន ។

មាត្រា២៩-

            បែបបទ និងនីតិវិធីនៃការសុំលះបង់សញ្ជាតិ​ ត្រូវកំណត់ដោយអនុក្រឹត្យ ។

            ការអនុញ្ញាតឲ្យលះបង់សញ្ជាតិខ្មែរ ត្រូវសម្រេចដោយព្រះរាជក្រឹត្យ ។

ជំពូកទី ៨

ទោសប្បញ្ញត្តិ

មាត្រា៣០-

            ជនបរទេសណាដែលកាន់កាប់ និងប្រើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែននៃព្រះរាជាណាចក្រកម្ពុជា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំទៅ១០ (ដប់) ឆ្នាំ ។

            មន្រ្តី​ ភ្នាក់ងាររាជការ ឬជនណាធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែននៃព្រះរាជាណាចក្រកម្ពុជាឲ្យជនណាម្នាក់ ដែលមិនមានសញ្ជាតិខ្មែរ ត្រូវផ្តន្ទាទោសដូចគ្នានិងកថាខ័ណ្ឌទី១ ខាងលើនៃមាត្រានេះ​។

មាត្រា៣១-

            ជនណាដែលក្លែងបន្លំអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ​ ឬលិខិតឆ្លងដែននៃព្រះរាជាណាចក្រកម្ពុជាត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ)ឆ្នាំទៅ១០ (ដប់) ឆ្នាំ ។

            ត្រូវចាត់ទុកជាការក្លែងបន្លំផងដែរ នូវអំពើធ្វើការកោស លុប សរសេរបន្ថែម ឬធ្វើឲ្យខូចខាតការពិតនូវព័ត៌មាននៅក្នុងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែននៃព្រះរាជាណាចក្រកម្ពុជា ។

មាត្រា៣២-

            ជនណាដែលប្រើប្រាស់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែននៃព្រះរាជាណាចក្រកម្ពុជាក្លែងត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំទៅ៥​ (ប្រាំ) ឆ្នាំ និងពិន័យប្រាក់ពី ៤,០០០,០០០ (បួនលាន) រៀលទៅ ១០,០០០,០០០ (ដប់លាន) រៀល ។

មាត្រា៣៣-

            អ្នកផ្តើមគំនិត និងអ្នកសមគំនិតត្រូវទទួលខុសត្រូវព្រហ្មទណ្ឌចំពោះបទល្មើស ដែលមានចែងក្នុងមាត្រា៣០ មាត្រា៣១ និងមាត្រា៣២ នៃច្បាប់នេះ ស្របតាមលក្ខខណ្ឌដូចមានចែងក្នុងក្រមព្រហ្មទណ្ឌ ។

មាត្រា៣៤-

            ចំពោះរូបវន្តបុគ្គលដែលប្រព្រឹត្តបទល្មើសដូចមានចែងក្នុងមាត្រា៣០ មាត្រា៣១ និងមាត្រា៣២ នៃច្បាប់នេះ តុលាការអាចប្រកាសទោសបន្ថែមមួយ ឬច្រើន ដូចមានចែងក្នុងមាត្រា៥៤ (ប្រភេទទោសបន្ថែម) នៃក្រមព្រហ្មទណ្ឌ ។

មាត្រា៣៥-

            នីតិបុគ្គលអាចត្រូវប្រកាសថា​ ត្រូវទទួលខុសត្រូវព្រហ្មទណ្ឌតាមលក្ខខណ្ឌដែលមានចែងក្នុងមាត្រា៤២ (ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល) នៃក្រមព្រហ្មទណ្ឌ ចំពោះបទល្មើសដែលមានចែងក្នុងមាត្រា៣០ មាត្រា៣១ និងមាត្រា៣២ នៃច្បាប់នេះ ។

            នីតិបុគ្គលត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១០,០០០,០០០ (ដប់លាន)រៀលទៅ ១០០,០០០,០០០ (មួយរយលាន) រៀល ព្រមទាំងទោបន្ថែមមួយ ឬច្រើន ដូចមានចែងក្នុងមាត្រា១៦៨ (ទោសបន្ថែមអនុវត្តចំពោះនីតិបុគ្គល) នៃក្រមព្រហ្មទណ្ឌ ។

ជំពូកទី ៩

អន្តរប្បញ្ញត្តិ

មាត្រា៣៦-

            លិខិតបទដ្ឋានគតិយុតុ្តទាំងឡាយពាក់ព័ន្ធនឹងការអនុវត្តច្បាប់ស្តីពីសញ្ជាតិ ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១០៩៦/៣០ ចុះថ្ងៃទី ៩ ខែ តុលា ឆ្នាំ ១៩៩៦ ត្រូវមានអានុភាពអនុវត្តរហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មីមកជំនួស ស្របតាមបទប្បញ្ញត្តិនៃច្បាប់នេះ​។

ជំពូកទី ១០

អវសាប្បញ្ញត្តិ

មាត្រា៣៧-

            ច្បាប់ស្តីពីសញ្ជាតិដែលត្រូបានប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ​ នស/រកម/១០៩៦/៣០ ចុះថ្ងៃទី ៩ ខែ តុលា ឆ្នាំ ១៩៩៦​ ត្រូវទុកជានិរាករណ៍ និងជំនួសដោយច្បាប់នេះ ។

មាត្រា៣៨-

            ច្បាប់នេះ ត្រូវបានប្រកាសជាការប្រញ៉ាប់ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login