Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សេចក្តីអធិប្បាយ

ឆ្លងតាមរយៈការសិក្សាប្រវត្តិសាស្ត្រក៏ដូចជាអក្សរសិល្ប៍កន្លងមកឲ្យ យើងឃើញថាការរស់នៅរបស់មនុស្សក្នុងសង្គមរមែងតែងតែជួបនូវបញ្ហាផ្សេងៗដែលមានទាំងបញ្ហាសុខ និងបញ្ហាទុក្ខដែលនៅលាយឡំជាមួយគ្នាដោយជៀសមិនរួច។ ហើយការជួបបញ្ហាទាំងអស់អាស្រ័យលើកត្តាផ្សេងៗដូចជាកត្តាខ្លួនឯង គ្រួសារនិងជាពិសេសអ្នកដឹកនាំ។ អាស្រ័យហេតុនេះហើយទើបមានមតិមួយយល់ថា " បញ្ហាសុខ និងទុក្ខរបស់មនុស្សវាអាស្រ័យលើអ្នកដឹកនាំ ” ។

តើសុខនិងទុក្ខរបស់មនុស្សពិតជាអស្រ័យលើអ្នកដឹនាំ ឬយ៉ាងណាទៅវិញ ?

ដើម្បីជាប្រទីបក្នុងការស្រាយបំភ្លឺប្រធានឲ្យបានស៊ី ជម្រៅយើងត្រូវយល់ន័យនៃពាក្យ " សុខ “ “ ទុក្ខ ” “ អ្នកដឹកនាំ ”ជាមុនសិន។ សុខ សំដៅលើសេចក្តីសុខកាយសប្បាយចិត្តសុភមង្គល សន្តិភាព ពោលគឺគ្មានភ្លើងសង្គ្រាម និងមានតែភាពរីកចម្រើន។ ឯ ទុក្ខមានន័យថា សេចក្តីលំបាក វេទនាសេចក្តីសោកសៅ អស្ថេរភាព និងអាណាធិបតេយ្យ។ រីឯអ្នកដឹកនាំសំដៅលើអ្នកដែលដឹកអ្នកដទៃដែលនៅក្រោមបង្គាប់ខ្លួន ដែលមិនដឹងគោលដៅនោះឲ្យទៅដល់គោលដៅឬអ្នកដែលទទួលខុសត្រូវក្នុងកិច្ចការអ្វីមួយ ដែលមានគេឯងចាំទទួលបញ្ជាចាំធ្វើតាមដើម្បីឆ្ពោះទៅរកគោលដៅណាមួយ និងសម្រេចជោគជ័យ។ គំនិត ” ញ្ហាសុខ និងទុក្ខរបស់មនុស្សវាអាស្រ័យលើអ្នកដឹកនាំ “ ខាងលើចង់បង្ហាញថាសេចក្តីសុខ ភាពសម្បូរសប្បាយ សុភមង្គល សន្តិភាព និងសេចក្តីលំបាកវេទនា ទុក្ខសោកសៅរបស់មនុស្ស គឺអាស្រ័យទៅលើអ្នកដឹកនាំគ្រប់គ្រងប្រទេស។

ជាការពិតណាស់មនុស្សជាកោសិការរបស់សង្គមមនុស្សរស់នៅក្នុងសង្គម ហើយការរស់នៅទៀតសោត តែងតែមានទំនាក់ទំនងអាស្រ័យរវាងគ្នានិងគ្នាទៅវិញទៅមកដោយខានពុំបានឡើយ។ ជាងនេះទៅទៀតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ មនុស្សត្រូវការអ្នកដឹកនាំខ្លួនជាចាំបាច់ យ៉ាងដូចនេះហើយបញ្ហាសុខនិងទុក្ខរបស់មនុស្សអាស្រ័យលើអ្នកដឹកនាំ។ បើយើងក្រឡេកមើលប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជានាសម័យអង្គរ ក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី៧ដែលជាមហាវីរក្សត្រខ្មែរមួយអង្គប្រកបដោយទសពិធរាជធម៌ អង់អាចក្លាហាន មានភក្តីភាព ហើយព្រះអង្គក៏ជាអ្នកដឹកនាំដ៏ល្អមួយរូបដែលបានធ្វើឲ្យប្រទេសមានការរីកចម្រើនលើគ្រប់វិស័យ ប្រជាជនមានសេចក្តីសុខសប្បាយជីវភាពធូរធារ មានការសាមគ្គីរវាងគ្នានិងគ្នាយ៉ាងស្អិតរមួតនិងប្រទេសមានសន្តិភាពពេញបរិបូរ។តួយ៉ាងព្រះអង្គបានពង្រីកទឹកដី យ៉ាងធំទូលាយ ដែលមានសមន្តរដ្ឋនានាចំណុះឲ្យ ឯវប្បធម៌ អរិយធម៌ខ្មែរវិញបាន

ចេញផ្សព្វផ្សាយពាសពេញពិភពលោក ដែលមានប្រាង្គប្រាសាទអង្គរវត្តជាសក្ខីភាពស្រាប់។ ប្រជាជននាសម័យនោះមានសុខសន្តិភាព សំបូរសប្បាយ កម្រិតជីវភាពធូរធារនិងមានការបង្កបង្កើនផលកសិកម្មបានទិន្នផលខ្ពស់។ ជាងនេះទៅទៀតមនុស្សមានភាពកក់ក្ដៅ សុភមង្គលគ្រប់ៗគ្នា។រីឯនៅក្នុងព្រះអាទិត្យថ្មីរះលើផែនដីចាស់ក៏បានលាតត្រដាងឲ្យយើងបានដឹងដែរថា ការរស់នៅរបស់ប្រជារាស្ត្រនៅ

សម័យសង្គមរាស្ត្រនិយម មានសុខសន្តិភាព រីកចម្រើនលូតលាស់ មានជីវភាពល្អប្រសើរ ដោយសារតែប្រមុខដឹកនាំ ពោល គឺព្រះបាទនរោត្តមសីហនុដែលបានដណ្តើមឯករាជ្យជូនប្រជាពលរដ្ឋ និងបានលើកស្ទួយវិស័យកសិកម្មជាហេតុញ៉ាំងឲ្យប្រជាជនទទួលសុខសន្តិភាព និងប្រទេសជាតិមានការអភិវឌ្ឍ។ ចំណែកឯបញ្ហាទុក្ខរបស់មនុស្ស ក៏អាស័្រយលើអ្នកដឹកនាំដែរ ព្រោះកាលណាការដឹកនាំរបស់មនុស្សមិនសមស្រប កាន់ចង្កូតប្រទេសជាតិមិនល្អ គប្រាកដជានាំប្រទេសធ្លាក់ក្នុងភ្លើងសង្គ្រាម ការគាបសង្កត់ពីសំណាក់ប្រទេសដទៃ ប្រជាជនរស់នៅមានជីវភាពក្រីក្រលំបាកវេទនាយ៉ាប់យ៉ឺនឥតមានសេរីភាព និងត្រូវបានគេជាន់ឈ្លីគ្រប់ពេលវេលា។ ជាក់ស្ដែងក្នុងរឿងភូមិតិរច្ឆានប្រទេសខ្មែរស្ថិតនៅក្រោមអាណានិគមនិយមបារាំង រាស្ត្រខ្មែររស់ក្រោមសភាពតោកយ៉ាក វេទនាលំបាកក្រខ្សត់ ព្រាត់ប្រាសបងប្អូនផ្ទះសម្បែង បាត់បង់នូវសេរីភាពគ្រប់បែបយ៉ាង និងជាពិសេសត្រូវបង់ពន្ធជូនរដ្ឋក្នុងតម្លៃខ្ពស់។ ម៉្យាងទៀតនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលជារបបខ្មៅងងឹត ដឹកនាំដោយក្រមអាវខ្មៅ ប្រជាជនរងទុក្ខលំបាបាត់បង់សិទ្ធិសេរីភាព រស់នៅវេទនា ធ្វើការធ្ងន់ធ្ងរហួសកម្លាំងព្រមទាំងរងទណ្ឌកម្មយ៉ាងសាហាវព្រៃផ្សៃ។ ទុក្ខលំបាកទាំងនេះកើតឡើងដោយសារអ្នកដឹកនាំ។ អ្នកដឹកនាំរបបនោះមិនគិតគូរសុខទុក្ខរបស់ប្រជាជន ជាហេតុជំរុញឲ្យអ្នកដឹកនាំ ដឹកនាំប្រទេសធ្លាក់ទៅក្នុងរណ្តៅអគតិ។

ដូចនេះបញ្ហាសុខ និងទុក្ខរបស់មនុស្ស អាស្រ័យលើអ្នកដឹកនាំ។ មតិនេះក៏ត្រឹមត្រូវម៉្យាងដែរ។

ផ្ទុយមកវិញបញ្ហាសុខ និងទុក្ខរបស់មនុស្សមិនមែនអាស្រ័យលើអ្នកដឹកនាំទេ គឺមនុស្សខ្លួនឯងទេដែលត្រូវស្វែងរកសេចក្តីសុខដោយខ្លួនឯង មិនចាំបាច់តែគេដឹកច្រមុះទើបអាចដើរទៅមុខរួចនោះទេ។ បើមនុស្សទាំងអស់គ្នាមិនគិតចូលរួមចំណែករកសេចក្តីសុខផង តើឲ្យអ្នកណាមករកសេចក្តីសុខឲ្យខ្លួន? ជាក់ស្តែង នៅក្នុងស្នាដៃអក្សរសិល្ប៍រឿងថៅកែចិត្តចោរ អ្នកនិពន្ធបានបង្ហាញពីតួអង្គពូហំបានប្រព្រឹត្តអំពើទុច្ចរិតស៊ីឈ្នួលថៅកែរបស់ខ្លួនដោយបើកឡានបុកសម្លាប់មនុស្ស ដើម្បីប្រាក់កំរៃ។ ទីបំផុតពូហំត្រូវជាប់ទោស។ នេះបញ្ជាក់ថា សុខ ឬទុក្ខរបស់ពូហំគឺកើតឡើងដោយខ្លួនគាត់ផ្ទាល់ជាអ្នកកសាង។ ចំណែកសមនៅក្នុងរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ដែលជាស្នាដៃរបស់លោកសួនសុរិន លោកបានបង្ហាញពីតួអង្គសមជាមនុស្សស្លូតបូតទៀងត្រង់ ប្រព្រឹត្តតែអំពើល្អ ហើយស្រឡាញ់ការងារសុច្ចរិត ទីបញ្ចប់សមត្រូវបានវិលទៅស្រុកកំណើតហើយរស់នៅយ៉ាងសុខសាន្ត។ នេះក៏បញ្ជាក់ថាបញ្ហាសុខនិងទុក្ខរបស់សម អាស្រ័យលើបុគ្គលសមខ្លួនឯងជាអ្នកកសាង។មួយវិញទៀត នៅសម័យលង្វែកប្រជាជនបានកាប់ឆ្ការព្រៃឫស្សីដែលជារនាំងការពារខ្មាំងសត្រូវ ដើម្បីយកប្រាក់ដួងដោយមិនគិតពីលទ្ធផលចុងក្រោយរបស់ខ្លួនឡើយ។ទីបំផុតខ្មែរត្រូវសៀមឈ្លានពាន ប្រទេសកើតកលយុគ គ្មានសន្តិភាព មានគ្រោះទុក្ស បាត់បង់គម្ពីរ អ្នកប្រាជ្ញ...។ នេះហើយជាទុក្ខទោសដែលមនុស្សខ្លួនឯងបានប្រព្រឹត្ត ទោះបីជាអ្នកដឹកនាំខិតខំប្រឹងប្រែងដឹកនាំបានល្អយ៉ាងណាក៏ដោយ។

 សរុបសេចក្តីមក យើងឃើញថាបញ្ហាសុខ និងទុក្ខរបស់មនុស្ស គឺ វាអាស្រ័យលើមនុស្សខ្លួនឯង ជាអ្នកប្រព្រឹត្ត។

ឆ្លងតាមការបំភ្លឺខាងលើឲ្យយើងអាចនិយាយបានថា បញ្ហាសុខ និងទុក្ខរបស់មនុស្ស អាស្រ័យលើអ្នកដឹកនាំគឺមានលក្ខណៈសមស្របតាមភាពជាក់ស្ដែងទាំងក្នុងសង្គមទាំងក្នុងប្រវត្តិសាស្រ្ដ​និងអក្សរសិល្ប៍ ។​ ប៉ុន្តែបុគ្គលខ្លួនឯងផ្ទាល់​​ ក៏ជាអ្នករួមចំណែកនៅក្នុងការស្វែងរកសេចក្ដីសុខ និងទុក្ខរបស់ខ្លួនដែរ​ ព្រោះថាបើអ្នកដឹកនាំបង្ករលក្ខណះអោយសង្គមមានសុខសន្តិភាពហើយ​ តែយើងមិនចេះរកសុខ ទុក្ខអោយខ្លួនឯងទេ យើងក៏មិនបានសុខដែរ​ ។

          ក្រោយពីធ្វើការពិភាក្សាខាងលើ យើងឃើញថាអ្នកដឹកនាំ និងខ្លួនឯងផ្ទាល់ គឺជាអ្នកកំណត់នៅបញ្ហាសុខទុក្ខ ។

          ដូចនេះក្នុងនាមយើងជាកុលបុត្រកុលធីតាខ្មែរ​ គឺត្រូវចេះស្វែងរកសេចក្ដីសុខ និងមិនត្រូវបង្កើតទុក្ខទោសដល់អោយខ្លួនឯង​​ គ្រួសារនិងសង្គមជាតិទាំងមូលនោះទេ ។ មួយវិញទៀតគឺត្រូវចេះជ្រើសរើសរកអ្នកដឹកនាំដែលមានឧត្ដមគតិ និងសមត្ថភាពបរិបូរក្នុងការដឹកនាំ ដើម្បីចម្លងនាំយើងអោយរស់នៅសុខសាន្តក្នុងជីវិតរៀងរហូត ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login