ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សេចក្តីអធិប្បាយ៖ របៀបកត់ត្រាសម័យបុរាណប្រព្រឹត្តទៅមានច្រើនសណ្ឋាន តែដែលនៅសេសសល់រហូតមកដល់ថ្ងៃ គឺមានតែសិលាចារឹកប៉ុណ្ណោះ។ សិលាចារឹកបានកត់ត្រានូវព្រឹត្តិការណ៍ ឬរឿងរ៉ាវសំខាន់ៗ និង បានបង្ហាញពីរបបគ្រប់គ្រងជាដើម ។ តាមរយៈសិលាចារឹក ធ្វើឲ្យយើងដឹង និ ងស្គាល់ពីអត្តសញ្ញាណជាតិសាសន៍ខ្លួនពិតប្រាកដ។ សិលាចារឹក ប្រៀបបានទៅនឹងព្រលឹងជាតិ។ ដូច្នេះហើយបានជាគេ លើកឡើងថា “ សិលាចារឹកបានបង្ហាញអត្តសញ្ញាណជាតិ ” ។
តើនៅក្នុងសិលាចារឹក មានចំណាដូចម្តេចខ្លះ បានជាអះអាងថាជាអត្តសញ្ញាណជាតិ?
ដើម្បីងាយស្រួលក្នុងការយល់ន័យមតិប្រធានយើង ត្រូវយល់ន័យនៃពាក្យមួយចំនួនជាមុនសិន។ ពាក្យ “សិលាចារឹក" មានន័យថា អក្សរដែលបានចារនៅលើផ្ទាំងថ្ម ឬ ផ្ទាំងថ្មដែលបានកត់ត្រានាសម័យបុរាណ។ ចំណែកពាក្យថា"អត្តសញ្ញាណជាតិ" មានន័យថា គ្រឿងសម្គាល់ជាតិខ្លួនសញ្ញា ឬព័ត៌មានសម្គាល់ជាតិ។ ដូចនេះ "សិលាចារឹកជាអត្តសញ្ញាណជាតិ" មានន័យថា អក្សរដែលបានចារនៅលើផ្ទាំងថ្ម គឺជាគ្រឿង ឬសញ្ញាសម្គាល់របស់ជាតិ បានន័យថាថ្មដែលគេបានរចនា ជាផ្ទាំងរួចគេចារឹកអក្សរអំពីព័ត៌មានខ្លឹមសារផ្សេងៗ ពីសម័យមុនៗគឺវាបានក្លាយទៅជាគ្រឿងឬ សញ្ញា សម្រាប់សម្គាល់ជាតិ។ ការចារនៅលើថ្ម ដែលគេហៅថាសិលាចារឹកនេះ ជាកំណត់ត្រាដែលបង្ហាញ ឬនិយាយអំពីប្រវត្តិសាស្ត្រខ្មែរ។ ជាហេតុធ្វើទូទៅពីសម័យដើមបុព្វបុរសយើងបានសរសេរឯកសារឲ្យយើងស្គាល់អំពីប្រវត្តិសាស្ត្រជាតិខ្មែរ។ តាមការសង្កេតទាំងឡាយ លើស្បែកសត្វដោយដីស បំពង តែឯកសារទាំងនោះមិនអាចទ្រាំទ្រនឹងអាកាសធាតុ ឬត្រូវបំផ្លាញដោយសត្វល្អិត ។ ហេតុនេះហើយបានជាបុព្វបុរសខ្មែរយើងមានគំនិតច្នៃប្រឌិតរស់រវើក គួបផ្សំនឹងទេពកោសល្យដ៏ប៉ិនប្រសប់ គឺការសរសេរឯកសារ ឬចារឯកសារលើផ្ទាំងថ្មដែលគេហៅថាសិលាចារឹក ឬអក្សរថ្ម ។ សិលាចារឹកជាឯកសារប្រវត្តិសាស្ត្រខ្មែរ ដូចដែលអ្នកប្រាជ្ញបារាំងជាច្រើននាក់បាន ធ្វើការស្រាវជ្រាវរកឃើញតំណ រាជវង្សក្សត្រខ្មែរ និង កាលបរិច្ឆេតនៃការកសាងប្រាសាទ ជីវភាពរស់នៅ ប្រជារាស្ត្រខ្មែរ និងរបបសង្គម សាសនា ព្រមទាំងបញ្ហាទំនៀមទម្លាប់តាមរយៈផ្ទាំងសិលាចារឹក ដែលមានរហូតមកដល់បច្ចុប្បន្ននេះ។ មិនត្រឹមតែប៉ុណ្ណោះយើងក៏អាចដឹងព័ត៌មានផ្សេងៗតាមរយៈសិលាចារឹកផងដែរ ដូចជា ការរាយនាមព្រះមហាក្សត្រខ្មែររួមជាមួយមន្ត្រី អ្នកមុខ អ្នកការផ្សេងៗ ដែលមានឋានៈតួនាទី នៅក្នុងរាជការនៃសម័យនីមួយៗទៀតផង។ លើសពីនេះទៅទៀតសិលាចារឹកក៏បានកត់ត្រានូវរឿងរ៉ាវប្រវត្តិសាស្ត្រនៃសម័យកាលនីមួយៗផងដែរ។ មួយវិញទៀតសិលាចារឹកក៏បានបង្ហាញ ការធ្វើអំណោយ ការធ្វើបុណ្យទាន ការដាក់បណ្តាសារដល់អ្នកដែលបានបំផ្លាញរបស់របរនៅក្នុងប្រាសាទ និងបង្ហាញការកាន់សាសនាផ្សេងៗ ដូចជា សាសនាព្រាហ្មណ៍ និង ព្រះពុទ្ធសាសនាជាដើម។ សូម្បីតែការធ្វើជំនួញ ក៏បុព្វបុរសខ្មែរយើងបានចារនៅលើសិលាចារឹកដែរ។ ដួងព្រលឹងដ៏វិសេសមួយទៀតនោះ គឺការចារឹកអក្សរសាស្ត្រខ្មែរនៅលើសិលាចារឹក ដែលជួយឲ្យកូនខ្មែរបានសិក្សា នឹងយល់ពីខ្លឹមសារនៅក្នុងសិលាវិជ្ជាចារឹកនីមួយៗ ។ មិនតែប៉ុណ្ណោះសិលាចារឹកក៏ធ្វើឲ្យកូនខ្មែរមានមោទនភាពចំពោះបុព្វបុរសខ្លួនដែលបានបង្កើតភាសាព្រមទាំងមានអក្សរឲ្យកូនខ្មែរបានសិក្សារៀនសូត្ររហូតដល់បច្ចុប្បន្ន ។ បើទោះបីជាការកត់ត្រានោះប្រើអក្សរខ្មែរក្តីអក្សរសំស្រ្កឹតក្តី ក៏វានៅតែមានន័យរៀបរាប់ពីព្រឹត្តិការណ៍នៅក្នុងស្រុកខ្មែរ សាវតាខ្មែរទាំងអស់ ។ រហូតមកដល់សព្វថ្ងៃនេះអក្សរដែលបានចារនៅលើផ្ទាំងថ្មទាំងនោះបានក្លាយទៅដួងព្រលឹងជាតិ អត្តសញ្ញាណជាតិដ៏វិសេសអស្ចារ្យរកអ្វីប្រៀបផ្ទឹមពុំបានឡើយ។
សិលាចារឹកទាំងឡាយ ចារឹកឡើងដើម្បីឧទ្ទិសថ្វាយដល់អាទិទេពក្នុងលទ្ធិព្រហ្មណ៍សាសនា និងព្រះពុទ្ធសាសនាមហាយាន ហើយក៏ជាអត្ថបទដែលបានរៀបរាប់ពីបញ្ជីឈ្មោះនរនាម ស្ថាននាមកត់ត្រារឿងរ៉ាវសកម្មភាពនានាដែលមានលក្ខណៈជាប្រវត្តិសាស្ត្រទុកឲ្យកូនចៅជំនាន់ក្រោយបានដឹង បានស្គាល់ ។ សិលាចារឹកក៏ជាឯកសារមួយយ៉ាងទំនៀមទម្លាប់នៅក្នុងប្រទេសរាប់ឆ្នាំកន្លងមកហើយ ដែលជាសំខាន់ក្នុងការឆ្លុះបញ្ចាំងពីវប្បធម៌ អរិយធម៌ ប្រពៃណីឯកសារពិតមិនអាចក្លែងបន្លំបានឡើយ។ សិលា ចារឹកមិនត្រឹមតែជាឯកសារបុរាណ ដែលសិក្សាពីអក្សរនិងភាសាប៉ុណ្ណោះទេ វាក៏ជាប្រយោជន៍ យ៉ាងសំខាន់ដល់មុខវិជ្ជាប្រវត្តិសាស្ត្រ និងសិល្បៈផងដែរ។ ជាក់ស្តែងសិលាចារឹកអង្គបុរី ដែលមានរាងបួនជ្រុង ហើយនិយាយពីបញ្ជីឈ្មោះ ខ្ញុំបម្រើដីធ្លី សត្វស្រកដែលមន្ត្រី ជំអញថ្វាយដល់អាទិទេពកម្រងតាងញមហាគណបតិ។ រីឯ នៅជ្រុងខាងកើតផ្នែកខាងលើ បានរៀបរាប់អំពីដង្វាយរបស់មន្ត្រីប្រតាងអន្តរថ្វាយដល់ព្រះវិហារដើមក្រោម និងផ្នែកខាងក្រោមនៃអត្ថបទមានរៀបរាប់អំពីដង្វាយរបស់អាចារ្យកន្ទន និងភរិយារបស់គាត់ថ្វាយដល់អាទិទេពមណីសូរ។ ចំណែកសិលាចារឹកលង្វែកក៏បានបង្ហាញអំពីព្រះរាជាបន្ទូលរបស់ព្រះមហាក្សត្រទ្រង់បានត្រាស់បង្គាប់ប្រើព្រះតេជគុណបុនេងសេវភារៈឲ្យនាំខ្ញុំបម្រើចំនួនបួនរយនាក់ទៅថ្វាយដល់ព្រះតេជគុណបព្វជិតជាន់ខ្ពស់ទាំងឡាយព្រមទាំងត្រាស់បង្គាប់ឲ្យស្ថាបនាសិលាចារឹកនេះឡើងតាមព្រះរាជបញ្ញត្តិស្តីអំពីព្រះរាជអំណោយទាំងអំបាលមាណរួមជាមួយព្រះរាជពិធីប្រោះព្រំទឹកឲ្យដល់អាទិទេព ។
រួមសេចក្ដីមក តាមរយៈសិលាចារឹក ធ្វើឲ្យមនុស្សជំនាន់ក្រោយអាចដឹងអំពីប្រវត្តិសាស្ត្រខ្មែរ នាមព្រះមហាក្សត្រខ្មែរ វប្បធម៌ អរិយធម៌ខ្មែរ ជំនឿ សាសនា របបសង្គម ប្រពៃណីទំនៀមទម្លាប់ការកសាងសមិទ្ធិផលនានា ដូចជាប្រាសាទរូបបដិមា ការធ្វើអំណោយដល់រាស្ត្រ ឬដល់ទុគិតជន និងព្រឹត្តិការណ៍សង្គមខ្មែរជាច្រើនទៀត ដែលអាចឲ្យយើងយកខ្លឹមសារនៃសិលាចារឹកនេះធ្វើជាទឡីកណ៍ យ៉ាងជាក់ច្បាស់ថាជាអត្តសញ្ញាណនៃជាតិខ្មែរទាំងស្រុង។ ដូចនេះសិលាចារឹក គឺជាអត្តសញ្ញាណជាតិ។
ឆ្លងតាមការបំភ្លឺទាំងឡាយនេះ ធ្វើឲ្យយើង ឃើញថាសិលាចារឹកមានគុណប្រយោជន៍យ៉ាងធំធេងដែលអាចឲ្យកូនខ្មែយល់ដឹង និងស្គាល់ពីព័ត៌មានទាំងឡាយដែលជាអត្តសញ្ញាណជាតិខ្មែរតាំងពីបុរាណកាលមក។ សិលាចារឹកជាកេរដំណែលអក្សរសាស្រ្ត ប្រវត្តិសាស្ត្រ របស់បុព្វបុរស នាសម័យកាលនីមួយៗ ព្រមទាំងផ្តល់ប្រយោជន៍សំខាន់ដល់ខេមរបុត្រជំនាន់ក្រោយបានសិក្សាពីកំណើតអក្សរសាស្ត្រ និងស្រាវជ្រាវខាងវេយ្យាករណ៍របស់ភាសាជាតិ ។ ម្យ៉ាងទៀតវាជាមរត៌កនៃវប្បធម៌ អរិយធម៌ជាតិខ្មែរយើង។
ដូចនេះយើងជាកុលបុត្រ កុលធីតា ជំនាន់ក្រោយ ជាទំពាំងស្នងឬស្សី គប្បីទទួលមរត៌កដ៏ពិសិដ្ឋនៃបុព្វបុរសយើង ដោយលះបង់ ទាំងកម្លាំងកាយចិត្ត ដើម្បីថែរក្សាការពារសិលាចារឹកដែលមាននៅសេសសល់សព្វថ្ងៃនេះឲ្យបានគង់វង្សស្ថិតស្ថេរជាអមត ។ បើសិលាចារឹកគង់វង្សកុលបុត្រ កុលធីតា ជំនាន់ក្រោយក៏បានដឹង បានឃើញ និង យល់អំពីអក្សរសាស្ត្រខ្មែរ និងប្រវត្តិសាស្ត្រខ្មែរគ្រប់ៗជំនាន់ ។ ម្យ៉ាងទៀត បើជាកូនខ្មែរត្រូវស្គាល់ខ្មែរ ស្គាល់អតីតកាលរបស់ខ្មែរដូចនេះត្រូវខិតខំសិក្សាស្រាវជ្រាវឲ្យចេះច្បាស់លាស់អំពីសិលាចារឹក ដើម្បីឲ្យស្គាល់ខ្មែរច្បាស់កុំឲ្យបរទេសលួចបន្លំ ឬនិយាយថាជាដូនតាពួកវាឲ្យសោះណា។