សំណូរ
១. កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌មានសារៈសំខាន់អ្វីខ្លះ ?
២. ចូររៀបរាប់ពីការអនុវត្តកតិកាសញ្ញាអន្តរជាតិតាមទស្សនវិស័យព្រះពុទ្ធសាសនា ។
៣. ចូររៀបរាប់មាត្រាមួយចំនួននៃកតិកាសញ្ញាអន្តរជាតិ ដែលទាក់ទងនឹងសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ។
៤. តើករណីយកិច្ចជាអ្វី ? សិទ្ធិនិងករណីយកិច្ចមានទំនាក់ទំនងគ្នាដូចម្តេចខ្លះ ? ចូរលើកឧ ទាហរណ៍ពីទំនាក់ទំនងរវាងសិទ្ធិ និងករណីយកិច្ច ។
៥. ដូចម្តេចដែលហៅថា សិទ្ធិ ? ច្បាប់ ? តើសិទ្ធិនិងច្បាប់មានទំនាក់ទំនងនឹងគ្នាដូចម្តេចខ្លះ ? តើសិទ្ធិនិងច្បាប់ខុសគ្នាដូចម្តេច ? ចូររាប់ច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានយ៉ាងតិច៥ ។
ចម្លើយ
១. កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌មានសារៈសំខាន់ណាស់ដូចជា ៖
- ទទួលបានសិទ្ធិស្មើគ្នារវាងបុរស និងស្រ្តី ក្នុងការប្រើប្រាស់សិទ្ធិ
- សិទ្ធិប្រើប្រាស់ធនធានដែលខ្លួនមាន
- សិទ្ធិទទួលបានការងារតាមលក្ខខណ្ឌសមស្រប តាមសមត្ថភាព
- សិទ្ធិទទួលបានវិជ្ជាជីវៈរបស់ខ្លួន
- សិទ្ធិទទួលបានសន្តិសុខផ្ទាល់ខ្លួន
- សិទ្ធិមានគ្រួសារ គូស្រករ សិទ្ធិមានកម្រិតជីវភាពសមរម្យ រួមទាំងអាហារ ផ្ទះសំបែង
- សិទ្ធិទទួលបានសេវាថែទាំសុខភាព
- សិទ្ធិទទួលបានការអប់រំ និងវប្បធម៌
- រួមទាំងសិទ្ធិវប្បធម៌របស់ជនជាតិភាគតិចផងដែរ ។
២. ការអនុវត្តកតិកាសញ្ញាអន្តរជាតិតាមទស្សនវិស័យព្រះពុទ្ធសាសនាបែងចែកជាពីរគឺ ៖
I. ទស្សនវិស័យសេដ្ឋកិច្ច ទស្សនវិស័យកិច្ចរបស់ព្រះពុទ្ធសាសនា បានចែកចេញជាពីរផ្នែកគឺ
- ផ្នែកសេដ្ឋកិច្ចជាន់ទាប់ ជាការទាក់ទងជាមួយសេដ្ឋកិច្ចផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗឬគ្រួសារទូទៅដូចជា ៖
ការតាំងខ្លួននៅក្នុងឋានៈមាំទាំតាមផ្លូវសេដ្ឋកិច្ចប្រកបដោយអង្គ ៤ប្រការ
- ការសំភីសង្វាតស្វែងរកទ្រព្យ គ្រប់គ្រងប្រភេទទាំងមានរូបទាំងគ្មានរូប
- ការចេះស្គាល់របៀបទុកដាក់ទ្រព្យសម្បត្តិ ឬចេះសន្សំសំចៃ
- ការចេះសេពគប់នឹងមិត្តសំឡាញ់មានចរិយាថ្លៃថ្នូរ ឬចេះច្នៃមិត្តអាក្រក់ឱ្យក្លាយជាមិត្តល្អ
- ការចេះចាយវាយឱ្យសមគួរដល់ឋានៈនៃទ្រព្យសម្បត្តិ ឬចេះរៀនរស់ក្នុងភាពសន្តោស ។
ការវៀរចាកអបាយមុខ ៤ប្រការដែលនាំឱ្យសូន្យទ្រព្យ
- ជាអ្នកប្រព្រឹត្តល្បែងស្រី
- ជាអ្នកប្រព្រឹត្តល្បែងស្រា
- ជាអ្នកប្រព្រឹត្តល្បែងស៊ីសង
- ជាអ្នកសេពគប់មនុស្សអាក្រក់ ដោយគ្មានកែ គ្មានច្នៃមិត្តដែលអាក្រក់ឱ្យក្លាយជាមនុស្សល្អ ។
ការប្រកាន់យកនូវសសុខ ៥ ប្រការ
- អត្ថិសុខ ជាសេចក្តីសុខព្រោះមានទ្រព្យសម្បត្តិ មានមាសប្រាក់ដើម្បីប្រើប្រាសស់ក្នុងការរស់នៅ ដែលបរិបូរណ៍ដោយបច្ច័យ ៤ ។
- ភោគសុខ ជាសេខក្តីសុខព្រោះសប្បាយ និងការប្រើប្រាស់ទ្រព្យដែលខ្លួនរកបានដោយសុច្ចរិត ដើម្បីលចិញ្ចឹមគ្រួសារ ធ្វើបុណ្យទាន និងជួយអ្នកដទៃ ។
- អនណសុខ ជាសេចក្តីសុខព្រោះគ្មានបំណុល (មិនជំពាក់គេ) ។
- អនវជ្ជសុខ ជាសេចក្តីសុខដែលកើតចេញពីការប្រព្រឹត្តតាមគន្លងធម៌មានការងារសុចរិតធ្វើជាបង្គោលជាប់លាប់ ។
- សន្តិ ឬសន្តិសុខ ជាសេចក្តីសុខដែលកើតចេញពីសេចក្តីស្ងប់មិនមានភាពវឹកវរ ច្របូកច្របល់ មិនមានភាពក្តៅប្រហាយគ្មានសង្រ្គាមគ្មានការលំបាក គ្មានសេចក្តីទុក្ខ ។
2. ផ្នែកសេដ្ឋកិច្ចជាន់ខ្ពស់ ដំបូងបង្អស់មនុស្សត្រូវខំធ្វើសេដ្ឋកិច្ចគ្រប់យ៉ាងឱ្យមានវឌ្ឍនភាពនៅក្នុងកម្រិតមធ្យមរហូតដល់កម្រិតខ្ពស់ ដើម្បីផ្តល់សេចក្តីសុខស្រួលដល់ជីវិតរបស់ខ្លួន ។ យើងម្នាក់ៗត្រូវតែព្យាយាមធ្វើចៅហ្វាយនៃសេចក្តីត្រូវការ មានន័យថាព្យាយាមលុះត្រាតែបានសម្រេច បើមិនបានកុំឈប់ កុំថយក្រោយ ។ នេះជាសេដ្ឋកិច្ចជាន់ខ្ពស់ដែលព្រះសម្មាសម្ពុទ្ធទ្រង់ឱ្យឈ្មោះ ថា “បរមត្ថប្រយោជន៍”និងមានលំដាប់លេខរៀងដូចជា សេដ្ឋកិច្ចសម្រាប់ជីវិតបច្ចុប្បន្ន សេដ្ឋកិច្ចសម្រាប់ជីវិតថ្មី សេដ្ឋកិច្ចសម្រាប់ជីវិតព្រះនិព្វាន ។
II. ទស្សនសង្គមកិច្ច នៅក្នុងពុទ្ធសាសនា សិទ្ធិរានមានជីវិតត្រូវបានផ្តោតការយកចិត្តទុកដាក់ និងត្រូវបានគេទទួលស្គាល់គ្រប់គ្នាតាមរយៈសិក្ខាបទទាំងប្រាំរបស់ពុទ្ធសាសនា ។ ទស្សនវិជ្ជាពុទ្ធសាសនានិងការត្រិះរិះអំពីច្បាប់គឺ ប្រឆាំងទាំងស្រុងទៅនឹងការប្រមាថជីវិតមនុស្ស និងការប្រមាថជីវិតខ្លួនឯង ។
- ទស្សនវប្បធម៌ តាមទស្សនៈរបស់ព្រះពុទ្ធសាសនា ជីវិតមនុស្សតែងប្រព្រឹត្តទៅតាមទ្វារបីគឺ មនោ កាយ និងវាចា ។ ព្រះពុទ្ធទ្រង់សម្តែងថា បុគ្គលម្នាក់ៗគឺជាទាយាទនៃអំពើរបស់ខ្លួនដោយមិនគិតថាពូជសាសន៍ពណ៍សម្បុរ ជាតិសង្គម ធនធានសង្គម ឬស្ថានភាពដទៃទៀតឡើយ ។
៣. មាត្រានៃកតិកាសញ្ញាអន្តរជាតិ មាត្រាមួយចំនួនដែលទាក់ទងនឹងសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ៖
- មាត្រា ១ ប្រជាជាតិទាំងអស់មានសិទ្ធិស្វ័យសម្រេច ។ ដោយអាស្រ័យនូវសិទ្ធិនេះប្រជាជាតិទាំងអស់មានសេរីភាពក្នុងការប្រកាន់យកគោលជំហរនយោបាយ និងខិតខំអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចនិងវប្បធម៌របស់ខ្លួនដោយសេរី ។
- មាត្រា ២ ប្រើប្រាស់ជាអតិបរមានូវធនធានដែលខ្លួនមាន សម្រាប់ធ្វើឱ្យមានការរីកចម្រើនជាលំដាប់ ពីការសម្រេចបានដោយពេញលេញនូវសិទ្ធិទាំងអស់ដែលទទួលស្គាល់ក្នុងកតិកាសញ្ញានេះតាមមធ្យោបាយសមស្រប ដោយមានរួមបញ្ចូលជាពិសេសនូវការអនុវត្តវិធានការខាងផ្លូវច្បាប់ ។
- មាត្រា ៣ សិទ្ធិស្មើគ្នារវាងបុរស និងស្រ្តីក្នុងការប្រើប្រាស់សិទ្ធិទាំងអស់ខាងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងផ្នែកវប្បធម៌ ដែលមានចែងនៅក្នុងកតិកាសញ្ញានេះ ។
- មាត្រា ៤ ក្នុងការទទួលបានសិទ្ធិទាំងឡាយដែលធានាដោយរដ្ឋស្របតាមកតិកាសញ្ញារដ្ឋអាចដាក់សិទ្ធិទាំងនេះឪ្យ មានព្រំដែនដែលកំណត់ដោយច្បាស់តែប៉ុណ្ណោះ នៅក្នុងប្រជាធិបតេយ្យមួយ ។
- មាត្រា ៥ គ្មានបទបញ្ញាត្តិណាមួយនៃកតិកាសញ្ញានេះអាចត្រូវបានគេបកស្រាយតម្រូវថា រដ្ឋណាមួយ ក្រុមណាមួយ បុគ្គលណាមួយមានសិទ្ធិណាមួយធ្វើសកម្មភាពណាមួយ ឬប្រព្រឹត្តអំពើណាមួយសម្ពៅទៅបំផ្លិចបំផ្លាញសិទ្ធិ ឬសេរីភាព ដែលទទួលស្គាល់ដោយកតិកាសញ្ញានេះឬបំផ្លិចបំផ្លាញសិទ្ធិ ឬសេរីភាព ដែលទទួលស្គាល់ដោយកតិកាសញ្ញានេះឬសម្ពៅទៅដាក់កម្រិតដែលមានវិសាលភាពធំជាងកម្រិត ដែលបានចែងក្នុងកតិសញ្ញានេះ ។
- មាត្រា ៦ សិទ្ធិធ្វើការងាររួមមាន សិទ្ធិរបស់មនុស្សគ្រប់រូបមានលទ្ធភាពចិញ្ចឹមជីវិតដោយការងារដែលជ្រើសរើស ឬព្រមទទួលយកដោយសេរីនិងចាត់វិធានការសមស្របដើម្បីការពារសិទ្ធិនេះ ។ ដើម្បីធានាការប្រើប្រាស់ពេញលេញនូវសិទ្ធិនេះ ត្រូវរួមបញ្ចូលការតម្រង់ទិសខាងបច្ចេកទេស និងវិជ្ជាជីវៈ និងគោលការណ៍ច្បាប់ និងបច្ចេកទេសនានាដើម្បីធានាឱ្យមានការអភិវឌ្ឍជានិរន្តខាងវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងការងារពេញលេញដែលមានផលប្រយោជន៍ក្នុងលក្ខខណ្ឌការពារសេរីភាពជាមូលដ្ឋានខាងនយោបាយនិងសេដ្ឋកិច្ចចំពោះបុគ្គលគ្រប់រូប ។
- មាត្រា ៧ សិទ្ធិរបស់បុគ្គលគ្រប់រូបដើម្បីទទួលបាននូវលក្ខខណ្ឌការងារត្រឹមត្រូវ និងប្រកបដោយអំណោយផល និងធានាជាពិសេសនូវ ៖
- ប្រាក់កម្រៃដែលផ្តល់ជាអប្បបរមាឱ្យអ្នកធ្វើការងារដូចគ្នា
- លក្ខខណ្ឌការងារប្រកបដោយសុវត្ថិភាព និងអនាម័យ
- ឱកាសដូចគ្នាសម្រាប់បុគ្គលគ្រប់រូបដើម្បីឡើងឋានៈក្នុងការងារទៅកម្រិតខ្ពស់សមស្របដោយមិនពិចារណាទៅលើអ្វីផ្សេងពីអតីតភាពការងារ និងសមត្ថភាព ។
- ការសម្រាកការលំហែ ការកម្រិតម៉ោងធ្វើការសមរម្យ និងការឈប់សម្រាកតាមការកំណត់ទៀតទាត់ ដោយមានប្រាក់បៀវត្សរ៍ និងប្រាក់កម្រៃដទៃទៀតសម្រាប់ថ្ងៃបុណ្យជាតិ ។
- មាត្រា ៨ សិទ្ធិរបស់ជនគ្រប់រូបទទួលបានសន្តិសុខសង្គមព្រមទាំងការធានារ៉ាប់រងសង្គមផង ។
- មាត្រា ៩ កិច្ចគាំពារនិងជំនួយដ៏ទូលំទូលាយដែលអាចធ្វើទៅបានត្រូវតែផ្តល់ឱ្យគ្រួសារដែលជាអង្គភាពធម្មជាតិ និងជាអង្គភាពមូលដ្ឋានរបស់សង្គម និងនៅពេលដែលគ្រួសារមានការទទួលបានទទួលខុសត្រូវចំពោះការថែរក្សា និងការអប់រំបុត្រធីតាក្នុងបន្ទុក ។ អាពាហ៍ពិពាហ៍ត្រូវធ្វើឡើងដោយការយល់ព្រមដោយសេរីពីអនាគតប្តីប្រពន្ធ ។
- មាត្រា ១០ ទទួលស្គាល់សិទ្ធិរបស់មនុស្សគ្រប់រូបក្នុងការទទួលបានកម្រិតជីវភាពគ្រប់គ្រាន់សម្រាប់ខ្លួនផ្ទាល់ និងសម្រាប់គ្រួសារខ្លួនរួមមានចំណីអាហារ សម្លៀកបំពាន់ និងទីលំនៅគ្រប់គ្រាន់ ព្រមទាំងការរីកចម្រើនជាលំដាប់នៃលក្ខខណ្ឌរស់នៅរបស់គេ ។ រដ្ឋភាគីត្រូវវិចាត់វិធានការសមស្របដើម្បីឱ្យសម្រេចបាននូវសិទ្ធិនេះ និងទទួលស្គាល់សារៈសំខាន់ចាំបាច់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិតាមការយល់ព្រមដោយសេរី ។
- មាត្រា ១១ ទទួលស្គាល់សិទ្ធិរបស់បុគ្គលគ្រប់រូបមានកម្រិតសុខភាពទាំងខាងរាងកាយ និងខាងស្មារតីខ្ពស់បំផុតតាម ដែលអាចធ្វើទៅបាន ។
- មាត្រា ១២ ទទួលស្គាល់សិទ្ធិបុគ្គលគ្រប់រូបដើម្បីទទួលបានការអប់រំ ។ ការអប់រំត្រូវនាំឆ្ពោះទៅរកការរីកចម្រើនពេញលេញនៃបុគ្គលិកលក្ខណៈរបស់មនុស្ស និងអត្ថន័យនៃសេចក្តីថ្លៃថ្នូររបស់មនុស្ស និង ពង្រីកការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន ។
- មាត្រា ១៣ រដ្ឋភាគីទទួលស្គាល់សិទ្ធិនៃបុគ្គលគ្រប់រូបដើម្បី
- ចូលរួមក្នុងជីវភាពវប្បធម៌
- អត្ថប្រយោជន៍ពីវឌ្ឍនភាព និងការអនុវត្តវិទ្យាសាស្រ្ត
- ទទួលអត្ថប្រយោជន៍ពីការការពារផលប្រយោជន៍ខាងសីលធម៌និងខាងសម្ភារៈដែលកើតពីផលិតកម្មខាងវិទ្យាសាស្រ្ត អក្សរសាស្ត្រ ឬសិល្បៈដែលខ្លួនជាអ្នកបង្កើត ។
៤. ករណីយកិច្ច ជាលក្ខណៈដែលតម្រូវមកលើកំណត់ចិត្តដោយសេរីភាពរបស់មនុស្ស ។ គេអាចនិយាយម៉្យាងទៀតថាករណីយកិច្ច ជាភារកិច្ច ឬការងារដែលត្រូវធ្វើ ។ សិទ្ធិ ជាអំណាចដែលមនុស្សទទួលបានពីធម្មជាតិ និងអ្វីៗ ដែលមនុស្សត្រូវតែមានជាចាំបាច់សម្រាប់រស់នៅឱ្យបានសមរម្យ និងមានសេចក្តីថ្លៃថ្នូរជាមនុស្ស ។ ទំនាក់ទំនងរវាងសិទ្ធិ និងករណីយកិច្ច ៖
- សិទ្ធិ និងករណីយកិច្ច ជាទិដ្ឋភាពពីរដែលបំពេញឱ្យគ្នា និងធ្វើជាមូលដ្ឋានឱ្យគ្នាទៅវិញទៅមក ។
- ករណីយកិច្ចដែលយើងបំពេញឱ្យអ្នកដទៃជាចម្លើយតបនឹងសិទ្ធិរបស់អ្នកដទៃ ហើយករណីយកិច្ចដែលអ្នកដទៃបំពេញឱ្យយើងជាចម្លើយ តបនឹងសិទ្ធិរបស់យើង ។
- សិទ្ធិ និងករណីយកិច្ច ត្រូវតែមានទំនាក់ទំនងជាមួយគ្នា ហើយដើរទន្ទឹមគ្នាជានិច្ចមិនអាចនៅដាច់ពីគ្នាបានទេព្រោះថា កាលណាយើងមានករណីយកិច្ចចាំបាច់ត្រូវតែមានសិទ្ធិមួយសមស្របដូចនេះ ៖
- បើមានតែសិទ្ធិខ្វះករណីយកិច្ច គឺអនាធិបតេយ្យ
- បើមានតែករណីយកិច្ចខ្វះសិទ្ធិ គឺជារបបផ្តាច់ការ
- បើមានទាំងសិទ្ធិ មានទាំងករណីយកិច្ច គឺជាប្រជាធិបតេយ្យ ។
ឧហរណ៍ ៖
- សិស្សមានសិទ្ធិសំណូរពរ ឬស្នើរឱ្យគ្រូពន្យល់ចំណុចណាមួយនៃមេរៀទានដែលមិនទាន់យល់ឱ្យគ្រូពន្យល់ម្តងទៀត ឯគ្រូមានករណីយកិច្ចពន្យល់សិស្សឱ្យយល់តាមសំណើររបស់សិស្ស (នេះជាករណីយកិច្ចរបស់គ្រូឆ្លើយតបនឹងសិទ្ធិរបស់សិស្ស)
- គ្រូមានសិទ្ធិដាក់លំហាត់ ឬបញ្ហាឱ្យសិស្សបំពេញកិច្ចការអ្វីមួយ ។ សិស្សឆ្លើយសំណួររបស់គ្រូដើម្បីបំពេញករណីយកិច្ចជូនគ្រូ (ករណីយកិច្ចរបស់សិស្សបំពេញឱ្យគ្រូ គឺជាចម្លើយតបនឹងសិទ្ធិរបស់គ្រូ) ។
៥. ដែលហៅថា សិទ្ធិ និង ច្បាប់ ៖
- សិទ្ធិ គឺជាអំណាចពិសេសរបស់មនុស្សគ្រប់រូបៗ ទោះចាស់ក្តី ក្មេងក្តី តូច ឬធំក្តី ដែលធម្មជាតិផ្តល់ឱ្យតាំងពីកំណើតមកម្ល៉េះសម្រាបឱ្យមនុស្សការពារខ្លួនពីការរំលោភបំពាននៃអ្នកដទៃ និងអាចឱ្យមនុស្សធ្វើអ្វីៗ បានដោយសេរី ក្នុងករណីយកិច្ចស្របច្បាប់ ។
- ច្បាប់ គឺជាបទបញ្ញាត្តិមួយ ដែលមានបានកំណត់ជាលាយលក្ខណ៍អក្សរ កំណត់ដោយរដ្ឋ មានភាពទៀងទាត់ និងត្រឹមត្រូវសម្រាប់ឱ្យប្រជាពលរដ្ឋក្នុងសង្គមនីមួយៗ ត្រូវតែគោរពតាម ។ ច្បាប់នៃសង្គមនីមួយៗ អាចមានភាពផ្សេងៗគ្នាទៅតាមការជាក់ស្តែងរបស់សង្គមនោះ ។
បានជាគេបង្កើតច្បាប់ព្រោះ ច្បាប់មានបំណងប្រាថ្នាចង់ឱ្យប្រជាជនទាំងអស់ត្រូវតែអនុវត្តតាមនិង សម្រាប់ដាក់ទណ្ឌកម្មអ្នកដែលប្រព្រឹត្តខុសច្បាប់សង្គម និងច្បាប់រដ្ឋ ។ ច្បាប់និងសិទ្ធមានលក្ខណៈខុសគ្នា ៖
ក. ច្បាប់
- កើតឡើងដោយសារមនុស្សជាអ្នកបង្កើត
- ជាវិធានដោយលាយលក្ខណ៍អក្សរ
- មានលក្ខណៈបង្ខំមនុស្សឱ្យគោរពតាមដាច់ខាត
- ច្បាប់ការពារសិទ្ធិសេរីភាពគ្រប់យ៉ាងរបស់មនុស្ស ឱ្យដើរស្របគ្នាកុំឱ្យបំពានលើគ្នា
- អ្នកដែលប្រព្រឹត្តល្មើសច្បាប់ត្រូវផ្តន្ទាទោសតាមកម្រិតស្រាលឬធ្ងន់ ។
ខ. សិទ្ធិ
- មានស្រាប់តាំងពីធម្មជាតិមនុស្សគ្រប់រូបសុទ្ធតែមានសិទ្ធិទាំងអស់
- សិទ្ធិមានតម្លៃស្មើៗគ្នាគ្មានរណាមានសិទ្ធិច្រើនជាងនរណាទេហើយក៏គ្មាននរណាមានសិទ្ធិសំបូរហូរហៀចែកឱ្យទៅនរណាដែរ
- សិទ្ធិស្ថិតក្រោមច្បាប់មនុស្សទាំងអស់មិនអាចប្រើសិទ្ធិរបស់ខ្លួនហួសបីក្របខ័ណ្ឌសីលធម៌ និងច្បាប់សង្គមបានឡើយ
- សិទ្ធិរបស់ជនគ្រប់រូបត្រូវតែដើរតាមគន្លងមួយស្របគ្នា ដែលមានច្បាប់ជាអ្នកកំណត់ ។ បើហួសក្របខ័ណ្ឌនៃច្បាប់កំណត់ នឹងត្រូវប៉ះពាល់ដល់សិទ្ធិ ឬផលប្រយោជន៍អ្នកដទៃ ដែលគេហៅថារំលោភសិទ្ធិ ។
ច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជាមានដូចជា ៖
- ច្បាប់សាធារណៈ
- ច្បាប់ឯកព័ន្ធភាព
- ច្បាប់ឯកជន
- ច្បាប់ការងារ
- ច្បាប់សារព័ត៌មាន
- ច្បាប់ភូមិបាល
- ច្បាប់អាពាហ៍ពិពាហ៍
- ច្បាប់ព្រហ្មទណ្ឌ
- ច្បាប់ការពារព្រៃឈើ
- ច្បាប់ចរាចរណ៍
- ច្បាប់ប្រឆាំងអំពើជួយដូរមនុស្ស ។