Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ហេតុអ្វីបានជារដ្ឋាភិបាលនៃប្រទេសនីមួយៗនិងអង្គការអន្តរជាតិជាច្រើនត្រូវយកចិត្តទុកដាក់ចំពោះកុមារ ?

២. ដើម្បីសម្រេចបាននូវសិទ្ធិមានចំណេះដឹងរបស់កុមារតើស្ថាប័នព័ន្ធនីមួយៗ ត្រូវមានកាតព្វកិច្ចអ្វីខ្លះ ?

៣. តើចលនាបីល្អរបស់យុវជន និងកុមារមានអ្វីខ្លះ ?

៤. ដូចម្តេចដែលហៅថាទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ?

៥. តើកិច្ចការណាខ្លះ ដែលអាចចាត់ទុកថាជាទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ​ ?

៦. តើបុព្វហេតុអ្វីខ្លះ ដែលនាំឱ្យកើតមានអនុសញ្ញាស្តីពីសិទ្ធិកុមារ ?   

ចម្លើយ

១. បានជារដ្ឋាភិបាលនៃប្រទេសនីមួយៗ និងអង្គការអន្តរជាតិជាច្រើនត្រូវយកចិត្តទុកដាក់ចំពោះកុមារព្រោះ ៖

  • កុមារជាអ្នកបន្តវេនពីមនុស្សចាស់នាពេលអនាគត
  • វ័យកុមារជាវ័យដែលកំពុងរៀនត្រាប់តាមសកម្មភាពទាំងឡាយ ដែលនៅជុំវិញខ្លួន
  • កុមារជាទំពាំង ដែលត្រូវស្នងឫស្សីនៅពេលអនាគត
  • វ័យកុមារជាវ័យ ដែលត្រូវសិទ្ធិជាងអ្វីៗទាំងអស់
  • កុមារត្រូវការចំណេះដឹងទូលំទូលាយ ដើម្បីត្រៀមទទួលខុសត្រូវចំពោះឆាកជីវិតរបស់ខ្លួននិងវាសនារបស់ប្រទេសជាតិ
  • វ័យកុមារជាវ័យ ដែលកំពុងលូតលាស់ផ្នែករូបរាងកាយ បញ្ញានិងស្មារតី ។ ដូចនេះ យើងត្រូវផ្តល់អ្វីៗដែលល្អចំពោះពួកគេដើម្បីឱ្យគេក្លាយជាមនុស្សល្អ ។ តែបើយើងមិនបានផ្តល់អ្វីដែលល្អទេ គេនឹងទទួលយកអ្វីដែលគេឃើញ និងលី(អាក្រក់ ឬល្អ) នៅជុំវិញខ្លួនគេដោយស្វ័យប្រវត្តិ ។ ហេតុនេះបើកុមារល្អ គ្រួសារក៏ល្អ ហើយសង្គមក៏ល្អដែរ ។

២. ដើម្បីសម្រេចបាននូវសិទ្ធិមានចំណេះដឹងរបស់កុមារ ស្ថាប័នពាក់ព័ន្ធនីមួយៗមានកាតព្វកិច្ចដូចខាងក្រោម ៖

ក. មាតាបិតា ឬអាណាព្យាបាលត្រូវ

  • ចិញ្ចឹមបីបាច់ ថែរក្សាកុមារឱ្យបានល្អ (ផ្គត់ផ្គង់អាហារហូបចុកឱ្យបានគ្រប់គ្រាន់ និងប្រកបដោយវីតាមីនគ្រប់មុខ ជួយសម្អាតអនាម័យ ចំពោះកូន)
  • នាំកូនឱ្យចូលរៀន ផ្គត់ផ្គង់ថវិកា សម្ភារៈនិងជួយកាមដានការសិក្សាដល់កូន ឬជួយបង្ហាត់បង្រៀនដល់កូន
  • ជួយពន្យល់ណែនាំ ឬផ្តល់ជាបទពិសោធន៍នានាដល់កូនពីបញ្ហាការសិក្សា និងផលប្រយោជន៍នៃចំណេះដឹង
  • ផ្តល់ការលើកទឹកចិត្តដល់កុមារឱ្យមានចិត្តតស៊ូ អំណត់ព្យាយាមក្នុងការសិក្សា ។

ខ. សហគមន៍

  • សាលារៀន ដែលមានលោកគ្រូ អ្នកគ្រូជាអ្នកផ្តល់នូវចំណេះដឹងជំនាញ និងសីលធម៌ល្អដល់កុមារ មិនធ្វើទារុណកម្ម ឬច្រើនហិង្សាលើកុមារ ។ ម៉្យាងទៀតសាលារៀនត្រូវបង្កលក្ខណៈធ្វើយ៉ាងណាឱ្យកុមារចង់រៀន មិនគេចសាលា​ គឺត្រូវមានសម្ភារៈសិក្សាគ្រប់គ្រាន់ សាលាត្រូវមាននិយាមគរុកោសល្យដើម ។ សាលារៀនដែលមាននាយក លោកគ្រូ អ្នកគ្រូត្រូវមានវិធានការតាមដានការសិក្សារបស់សិស្ស ឬសិស្សក្រីក្រ ដើម្បីជួយទំនុកបម្រុងឱ្យពួកគេបានចូលរៀន ។
  • សាសនា ព្រះសង្ឃក៏ជាអ្នកអប់រំ ទូន្មានប្រៀបប្រដៅដល់កុមារឱ្យមានចំណេះ ជំនាញ និងសីលធម៌ល្អ ។
  • អង្គការក្រៅរដ្ឋាភិបាលនានា ក៏មានភារកិច្ចចូលរួមចំណែកជួយបណ្តុះបណ្តាលកុមារឱ្យមានចំណេះដឹងជំនាញ និងសីលធម៌ល្អផងដែរ ដោយជួយឩបត្ថម្ភដល់កុមារទាំងថវិកា និងសម្ភារៈនានាចំពោះកុមារនៅក្នុងគ្រួសារក្រីក្រ បង្កើតអនុសញ្ញាស្តីពីការពារសិទ្ធិកុមារ ស្វែងរកជំនួយដើម្បីដល់កុមារក្រីក្រឱ្យបានរៀនសូត្រ ។
  • ប្រធានភូមិ ត្រូវដឹងឱ្យបានច្បាស់ពីចំនួនកុមារដែលគ្រប់អាយុចូលរៀន និងត្រូវចូលរួមជួយអប់រំនាំឪពុកម្តាយសិស្សឱ្យយល់ និងបញ្ជូនកូនឱ្យចូលរៀន ។

គ. សង្គម

  • រដ្ឋាភិបាល ត្រូវមានគោលនយោបាយប្រមូលសិស្សឱ្យចូលរៀនបង្កលក្ខណៈឱ្យកុមារទាំងពីរភេទបានចូលរៀនដូចៗគ្នា
  • បង្កើតច្បាប់ការពារសិទ្ធិកុមារ
  • ជំរុញឱ្យមាតាបិតាបញ្ជូនកូន ដែលគ្រប់អាយុចូលរៀនឱ្យបានចូលរៀនគ្រប់ៗគ្នា 
  • ត្រូវបង្កើតមជ្ឈមណ្ឌលកុមារ
  • អប់រំផ្សព្វផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយដូចជា កាសែត ទស្សនា វដ្តី ទូរទស្សន៍ វិទ្យុ...ស្តីពីផលប្រយោជន៍នៃចំណេះដឹងរបស់កុមារនិងផលវិបាកចំពោះកុមារគ្មានចំណេះដឹង
  • ចាត់វិធានការឱ្យមានប្រសិទ្ធភាពលើជនល្មើស ដែលជួញដូរកុមារពេស្យាចារ្យកុមារ ។

៣. ចលនា បីល្អរបស់យុវជន និងកុមារ មាន ៖

កូនល្អ (គ្រួសារ) ក្នុងគ្រួសារ យុវវ័យ គឺជាក្តីសង្ឃឹមរបស់ឪពុកម្តាយទាំងបច្ចុប្បន្ន និងទៅអនាគត ។ ហេតុនេះយុវជន និងកុមារត្រូវ ៖

  • មានអត្តចរិតស្លូតបូត សុភាពរាបសារ ទន់ភ្លន់ ស្តាប់ដំបូន្មានឪពុកម្តាយ គោរពកោតខ្លាចចាស់ទុំ ព្រឹទ្ធាចារ្យ ព្រះសង្ឃ និងពោរពេញទៅដោយជីវចលនិយម
  • ជួយមើលថែទាំប្អូនតូចៗ
  • ជួយរំលែកការងារឪពុកម្តាយ បងប្អូន ជីដូន ជីតា តាមសមត្ថភាព និងលទ្ធភាព
  • ស្រឡាញ់ពលកម្ម អនាម័យ ការពារបរិស្ថាន ស្រឡាញ់ការអប់រំកាយ ស្រឡាញ់កីឡា
  • សន្សំសំចៃថវិកា ថែទាំសម្ភារ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្លៃក្នុងគ្រួសារ ។

សិស្សល្អ  (សាលារៀន) ក្នុងសាលារៀន និងថ្នាក់រៀនចំពោះការសិក្សាយុវជន និងកុមារត្រូវ ៖

  • មានវិន័យ
  • មកសាលារៀនទៀតទាត់ពេលវេលា
  • គោរពបទបញ្ជាផ្ទៃក្នុងរបស់សាលារៀន
  • មានស្មារតីឩស្សាហ៍ព្យាយាម ខិតខំប្រឹងប្រែងរៀនសូត្រ
  • គោរពលោកគ្រូ អ្នកគ្រូ
  • ជួយមិត្តភក្តិ ឱ្យរៀនពូកែ ឱ្យវិលមកកាន់ការសិក្សា ។

មិត្តល្អ (សង្គម) ក្នុងសង្គម យុវជន និងលកុមារត្រូវ ៖

  • ធ្វើខ្លួនឱ្យល្អទប់ទល់នឹងបាតុភូតអសកម្មរបស់សង្គម
  • មានទំនាក់ទំនងល្អជាមួយមិត្តភក្តិទាំងក្នុង​ និងក្រៅសាលាសាមគ្គី ស្រលាញ់ជួយគ្នាទៅវិញទៅមក
  • មានស្មារតីឩស្សាហ៍ព្យាយាម អំណត់អត់ធន់ក្នុងការងារ
  • ចូលរួមសកម្មភាពសិល្បៈ ការអប់រំកាយ និងកីឡា និងវិធីការពារជំងឺដើម្បីថាមពល និងសុខភាព ។

៤. ដែលហៅថាទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ គឺជាសកម្មភាពទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់ដល់ការលូតលាស់ផ្នែករាងកាយបញ្ញាសា្មរតី សព្ចោតនា និងសុខសុវត្ថិភាពរបស់កុមារ ។

៥. កិច្ចការ ដែលអាចចាត់ទុកថា ជាទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ មានដូចជា ៖

  • កុមារធ្វើការងារជាកម្មករសំណង់ ជញ្ជូនឥដ្ឋ ថ្ម គ្រូស
  • កុមារធ្វើការងារជាកម្មករស្រែអំបិល លីសែង
  • កុមារធ្វើការងារជាកម្មករទូកនេសាទ
  • កុមារធ្វើការងារជាកម្មករចម្ការកៅស៊ូ
  • កុមារធ្វើការងារជាកម្មករសេវាកម្មតាមផ្ទះ
  • កុមារធ្វើការងារជាកម្មករក្នុងការដ្ឋានឥដ្ឋ
  • កុមារធ្វើការងារជាកម្មករលីសែងតាមផ្សារ
  • កុមារធ្វើការងារជាកម្មករអូសរទេះទំនិញនៅតាមព្រំដែន
  • កុមារបម្រើផ្លូវភេទ
  • ប្រើកុមារក្នុងជម្លោះប្រដាប់អាវុធ ធ្វើជាទាហាន ជាអ្នកជញ្ជូនគ្រាប់
  • យកកុមារធ្វើជារនាំង ឬជាខែលសម្រាប់ការពារសុវត្ថិភាពរបស់ពួកអ្នកធំ
  • ប្រើកុមារឱ្យធ្វើជាចំណាប់ខ្មាំង
  • ពួកឩក្រិដ្ឋជនប្រើកុមារជួញដូរគ្រឿងញៀន ឆក់ ប្លន់ ជម្រិត
  • ប្រើកុមារជាឧបករណ៍សម្រាប់ប្រព្រឹត្តអំពើឧក្រិដ្ឋ សម្លាប់មនុស្ស ឬបង្កៃគ្រាប់ ។

៦. បុព្វហេតុដែលនាំឱ្យកើតមានអនុសញ្ញាស្តីពីសិទ្ធិកុមារ ៖

  • នៅក្នុងសង្គមជាច្រើនពុំទាន់មានច្បាប់ឬរចនាសម្ព័ន្ធសង្គមជាក់លាក់សម្រាប់ធានាដល់សិទ្ធិរបស់កុមារនៅឡើយ
  • ការអភិវឌ្ឍរបស់កុមារជាផ្នែកមួយដ៏សំខាន់បំផុតនៃអនាគតរបស់សង្គមជាតិនីមួយៗ
  • តម្រូវការចាំបាច់ជាច្រើនរបស់កុមារ ពុំទាន់មានចែងក្នុងឧបសម្ព័ន្ធសិទ្ធិមនុស្សដែលមានស្រាប់នៅឡើយ
  • ផលប្រយោជន៍របស់កុមារមិនដូចគ្នានឹងផ្តល់ប្រយោជន៍របស់អ្នកដែលជាអាណាព្យាបាលលើកុមារឡើយ
  • កុមារងាយរងគ្រោះជាងមនុស្សចាស់នៅក្រោមលក្ខខណ្ឌនៃការរស់នៅរបស់ខ្លួននឹងការរំលោភបំពានគ្រប់យ៉ាង
  • កុមារពុំមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារខ្លួននៅចំពោះមុខច្បាប់
  • កុមារងាយនឹងទទួលផលប៉ះពាល់ជាងក្រុមអយុផ្សេងៗទៀតចំពោះសកម្មភាព ឬអសកម្មភាពរបស់រដ្ឋាភិបាល
  • កុមារគ្មានសិទ្ធិបោះឆ្នោត ឬឥទ្ធិពលនយោបាយហើយមានកម្លាំងផ្នែកសេដ្ឋកិច្ចតិចតួចណាស់ដែលជាញឹកញាប់សំឡេងរបស់ពួកគេពុំត្រូវបានយកចិត្តទុកដាក់ស្តាប់ឡើយ
  • នៅក្នុងសង្គមជាច្រើនតែងតែគិតថា កុមារគឺជាសម្បត្តិ ឬជាកម្មសិទ្ធិរបស់មាតាបិតា ។ សង្គមខ្លះយល់ថា កុមារអាចធ្វើការងារបានដូចមនុស្សធំដែរ ហើយខ្លះទៀតគិតថាកុមារមិនអាចចូលរួមជួយសង្គមបាននៅឡើយ
  • សង្គមជាតិនីមួយៗត្រូវមានកាតព្វកិច្ចបំពេញរាល់សេចក្តីត្រូវការចាំបាច់របស់កុមារទាំងបុគ្គលភាព ប្រាជ្ញា ស្មារតី និងសុវត្ថិភាព ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login