Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ​ប្រៀបធៀបទស្សនៈរបស់ទស្សនវិទូមួយចំនួនទាក់ទងនឹងសេរីភាព ។

២. តើការប្រើសិទ្ធិ សេរីភាពដោយខ្វះការទទួលខុសត្រូវ និងនាំឱ្យមានផលអាក្រក់អ្វីខ្លះដល់ខ្លួន និងសង្គម ?

៣. តើសេរីភាពចែកចេញជាប៉ុន្មានប្រភេទ ? គឺអ្វីខ្លះ  ?

៤. ដូចម្តេចដែលហៅថា ការទទួលខុសត្រូវ ? ចូររកឧទាហរណ៍ ។

៥. តើសិទ្ធិ និងការទទួលខុសត្រូវមានទំនាក់ទំនងគ្នាដូចម្តេចខ្លះ ? ចូរឱ្យឧទាហរណ៍ ។

ចម្លើយ
១. ទស្សនៈរបស់ទស្សនវិទូជាច្រើនបានបកស្រាយអពីសេរីភាពដូចខាងក្រោម ៖

  • ហ្សង់ ហ្សាក់រូស បាននិយាយថាមនុស្សខុសពីសត្វត្រង់មនុស្សមានសមត្ថភាពក្នុងការជ្រើសរើសយកសកម្មភាពទាំងឡាយណា ដែលគេអាចធ្វើបានមកអនុវត្ត ។
  • ដេ កាត សេរីភាព គឺស្ថិតនៅត្រង់ការទទួលស្គាល់ការពិត ព្រោះជនគ្មានសេរីភាពពុំហ៊ានទទួលស្គាល់ការពិតទេ ឃើញអាក្រក់ថា ល្អ ឃើញស ថាខ្មៅ ឃើញបាប ថាបុណ្យ ។
  • បូ ស៊ុយអេ សេរីភាព ជាសិទ្ធិធ្វើអ្វីៗ ដែលច្បាប់អនុញ្ញាតឱ្យធ្វើ ។
  • អាល់ ប៊ែកាមុលស យល់ថាសេរីភាពគឺជាការភ្ញាក់ខ្លួន ដោយដឹងថាជីវិតរបស់យើងទាំងអស់គ្នាសព្វថ្ងៃ គឺជាជីវិតឥតន័យ ហេតុនេះយើងត្រូវធ្វើខ្លួនដើម្បីរកន័យពិតឱ្យជីវិតមានន័យ ។
  • ស្សង់ ប៉ូលសាត្រ សេរីភាព គឺភាពធ្វើអ្វីៗដោយគ្មានលក្ខខណ្ឌ ។ ក្នុងន័យនេះលោកឱ្យមនុស្សមានសេរីភាពស្មើគ្នាដោយមិនគិតពីវណ្ណៈឬមុនងាររបស់អ្នកតូច ឬអ្នកធំ អ្នកមានបុណ្យសក្តិ អ្នកក្រ ឬអ្នកមានឡើយ ។ បើអ្នកចងើប្រកបមុនរបរណាមួយដែលអ្នកយល់ថានឹងបានធ្វើឱ្យជីវិតរបស់អ្នកមានសេចក្តីសុខក៏ស្រេចតែអ្នក ហើយអ្នកចង់គោរព ឬមានជំនឿលើសាសនាណាក៏គ្មាននរណាហាមឃាត់ដែរព្រោះនេះជាសិទ្ធិសេរីភាពរបស់អ្នកតែសេរីភាពទាំងអស់នេះតែសមស្របទៅតាមច្បាប់សង្គម ។

២. ការប្រើសិទ្ធិ សេរីភាពដោយខ្វះការទទួលខុសត្រូវនឹងកើតមានដល់ខ្លួន និងសង្គមគឺ​ ៖

ក. ចំពោះខ្លួន

  • បាត់បង់កិត្តិយស សេចក្តីថ្លៃថ្នូរ តម្លៃ ប៉ះពាល់ដល់សិទ្ធិអ្នកដទៃ
  • កើតមានជម្លោះ ហិង្សាជាមួយអ្នកដទៃ
  • នឹងនាំក្តីអន្តរាយមកដល់ខ្លួន

ខ. ចំពោះសង្គម   

  • បាត់បង់កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃសង្គម
  • កើតមានភាពអសន្តិសុខសង្គម
  • នឹងនាំក្តីអន្តរាយចំពោះសង្គម
  • កើតមានទង្វើរំលោភច្បាប់ រំលោភសិទ្ធិអ្នកដទៃ និងធ្វើឱ្យសង្គមមានភាពអនាធិបតេយ្យ បក្សពួកនិយម និងធ្វើឱ្យសង្គមគ្មាន សន្តិសុខ សេរីភាព ។

៣​. តាមទស្សនៈមួយចំនួនស្តីពីសេរីភាព គេបានបែងចែកសេរីភាពជា ៤ យ៉ាងតាមប្រភេទដូចខាងក្រោម ៖

ក. សេរីភាពធម្មជាតិ គឺ

  • គ្មានការគំរាមកំហែង និងការបង្ខិតបង្ខំពីអ្នកដទៃ
  • អាចធ្វើអ្វីៗបានតាមធម្មជាតិ ឬតាមឆន្ទៈរបស់មនុស្សម្នាក់ៗ
  • គ្មានឧបសគ្គមករារាំងមនសិការរបស់គេម្នាក់ៗ និងធ្វើកិច្ចការដោយសេរី ។

ខ. សេរីភាពពលរដ្ឋ ប្រជាពលរដ្ឋម្នាក់ៗមានសេរីភាពធ្វើអ្វីៗ បានគ្រប់យ៉ាងតាមចិត្តប្រាថ្នារបស់ខ្លួន ដោយច្បាប់អនុញ្ញាត ។ ការអនុវត្តច្បាប់ ត្រូវមានភាពយុត្តិធម៌ និងប្រជាធិបតេយ្យ ។

គ. សេរីភាពនយោបាយ  ពលរដ្ឋម្នាក់ៗ មានសេរីភាពក្នុងការធ្វើនយោបាយ ឱ្យតែនយោបាយនោះ អាចធ្វើឱ្យប្រជាពលរដ្ឋបានសេចក្តីសុខចម្រើន សម្បូរសប្បាយក្នុងស្ថានភាពមួយដ៏ប្រសើរ ។ សេរីភាពនយោបាយឋិតនៅលើការអនុញ្ញាតឱ្យប្រជាពលរដ្ឋបានជួបប្រជុំគ្នា អាចបង្កើតសមាគមមានសិទ្ធិបញ្ចេញមតិយោបល់និងសិទ្ធិសរសេរអត្ថបទ ។

ឃ. សេរីភាពសេដ្ឋកិច្ច  ពលរដ្ឋម្នាក់ៗមានសេរីភាពប្រកបវិជ្ជាជីវៈបានតាមចំណូលចិត្តរបស់ខ្លួន ។ ​ប្រជាពលរដ្ឋគ្រប់រូបមានសេរីភាពគ្រប់បែបយ៉ាងប៉ុន្តែសិ្ថតនៅក្នុងរង្វង់ច្បាប់ ។ ប្រសិនបើបើគេប្រើសេរីភាពហួសព្រំដែនច្បាប់កំណត់ នោះនឹងមានឈ្មោះថាជាអ្នករំលោភច្បាប់ រំលោភលើសិទ្ធិនិងភារកិច្ចតួនាទីរបស់អ្នកដទៃនឹងនាំឱ្យកើតមានភាពអនាធិបតេយ្យបក្សពួកនិយម អំណាចផ្តាត់ការ និងធ្វើឱ្យសង្គមគ្មានសន្តិសុខ និងអស្ថិរភាព ។

៤. ដែលហៅថា ការទទួលខុសត្រូវ គឹជាកាតព្វកិច្ចរបស់បុគ្គលម្នាក់ៗដែលត្រូវធានារ៉ាប់រងអំពើរបស់ខ្លួន ដោយមានមូលដ្ឋាននៅលើសីលធម៌ និងច្បាប់ ហើយហ៊ានទទួលសារភាពថាខ្លួនជាអ្នកប្រព្រឹត្តនិងទទួលផលវិបាកនៃអំពើទាំងនោះ ។ ឧទាហរណ៍ អ្នកបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដទៃអ្នកត្រូវទទួលខុសត្រូវចំពោះសកម្មភាព ឬអំពើដែលខ្លួនបានប្រព្រឹត្តដូចជាក្រោយពីកើតមានគ្រោះថ្នាក់ចរាចរណ៍អ្នកត្រូវសងការខូចខាតទ្រព្យសម្បត្តិដល់អ្នករងគ្រោះ ។

៥. សិទ្ធិ និងការទទួលខុសត្រូវមានទំនាក់ទំនងគ្នាទៅវិញទៅមកដូចជា មនុស្សគ្រប់រូបសុទ្ធអាចធ្វើអ្វីៗ បានដោយសេរី ។ ប៉ុន្តែគេត្រូវមានការទទួលត្រូវចំពោះសកម្មភាពរបស់ខ្លួនដាច់ខាត ។ មនុស្សម្នាក់ៗមានសិទ្ធិនិយាយស្តី តែក៏ត្រូវដឹងថា ការនិយាយស្តីនើមិនត្រូវ     ធ្វើឱ្យខូចដល់កិត្តិយស កេរ្តិ៍ឈ្មោះ ឬធ្វើឱ្យខូចប្រយោជន៍របស់អ្នកដទៃ ដោយសារការនិយាយរបស់ខ្លួននោះទេ ។ ចំពោះអ្នកដែលត្រូវគេនិយាយមិនល្អ ឬ បើកកាយអាថ៍កំបាំងរបស់ខ្លួន នោះគេក៏មានសិទ្ធិការពារសេចក្តីថ្លៃថ្នូរ ឬកិត្តិយសរបស់គេដែរ ។ នៅពេលគេប្តឹង ការទទួលខុសត្រូវរបស់យើងគឺ ការសងជម្ញឺចិត្ត និងត្រូវសុំទោសគេវិញឱ្យស្របតាមច្បាប់ ។ ដូចនេះមនុស្សម្នាក់ៗអាចមានសិទ្ធិនិយាយអ្វីក៏បាន តែត្រូវមានការទទួលខុសត្រូវក្នុងការនិយាយស្តីក្នុងក្របខ័ណ្ឌសីលធម៌ និងសច្ចធម៌ ។ ឧទាហរណ៍ អ្នកសារព័ត៌មាន ហ៊ានចុះផ្សាយអត្ថបទអ្វីមួយ គឺត្រូវតែហ៊ានទទួលខុសត្រូវចំពោះផលអាក្រក់ផ្សេងៗ ដែលអាចកើតចេញពីអត្ថបទនោះ ឬត្រូវហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login