សំណួរ
១. តើសមាសភាពរបស់តុលាការខេត្តក្រុង សាលាឧទ្ធរណ៍ និងតុលាការកំពូលមានអ្វីខ្លះ ?
២. ចូររៀបរាប់ប្រវត្តិនៃប្រព័ន្ធតុលាការកម្ពុជាចាប់ពីមុនឆ្នាំ ១៩៧៥មកដល់បច្ចុប្បន្ន ។
៣. តើតុលាការមានសារៈសំខាន់ដូចម្តេចចំពោះជីវភាពរស់នៅរបស់ប្រជាជន ?
៤. តើគោលការណ៍ជាមូលដ្ឋាននៃឯករាជភាពអង្គចៅក្រមមានអ្វីខ្លះ ?
៥ . ហេតុអ្វីបានជាអំណាចតុលាការត្រូវតែជាអំណាចឯករាជ្យ ?
ចម្លើយ
១. សមាសភាពរបស់តុលាការមាន ៖
ក. សមាសភាពរបស់តុលាការខេត្ត - ក្រុង ៖
- ចៅក្រមអយ្យការមួយរូប ជាប្រធានសវនាការ
- តំណាងអយ្យការមួយរូប ជាដើមបណ្តឹងអាជ្ញា ជាអ្នកចោទប្រកាន់ក្នុងរឿងក្តីព្រហ្មទណ្ឌ និងជាគូក្តីរណបក្នុងរឿងក្តីរដ្ឋប្បវេណី បំពេញភារកិច្ចជាអ្នកផ្តល់យោបល់
- ក្រឡាបញ្ជីមួយរូបជាលេខាកត់ត្រា (ជំនួយការកត់ត្រា)
- មេធាវីរបស់គូក្តី ជាអ្នកចូលរួម បើសិនជាមាន ។
ខ. សមាសភាពរបស់សាលាឧទ្ធរណ៍
- ចៅក្រមបីរូប មួយរូបជាចៅក្រមប្រធាន និងពីររូបទៀតជាចៅក្រុមប្រឹក្សា
- តំណាងមហាអយ្យការមួយរូប
- ក្រឡាបញ្ជីមូលរូប ជាលេខាកត់ត្រា (ជំនួយការកត់ត្រា)
- មេធាវីរបស់គូក្តី ជាអ្នកចូលរួម បើសិនជាមាន ។
គ. សមាសភាពរបស់តុលាការកំពូល
- ចៅក្រមប្រាំរូបមួយរូបជាចៅក្រមប្រធាន បួនរូប ជាចៅក្រម ប្រឹក្សាសម្រាប់ជំនុំជម្រះក្តីលើបណ្តឹង សាទុក្ខលើកទី១
- តំណាងមហាអយ្យការមួយរូប
- ក្រឡាបញ្ជីមួយរូប ជាលេខាកត់ត្រា (ជំនួយការកត់ត្រា)
មេធាវីរបស់គូក្តី ជាអ្នកចូលរួម បើសិនជាមាន ។ ចៅក្រមប្រាំបួនរូបមួយរូប ជាចៅក្រមប្រធាន ប្រាំបីរូប ជាចៅក្រម ប្រឹក្សាសម្រាប់ជំនុំជម្រះក្តីលើបណ្តឹងសាទុក្ខលើកទី២
- តំណាងមហាអយ្យការមួយរូប
- ក្រឡាបញ្ជីមួយរូប ជាលេខាកត់ត្រា (ជំនួយការកត់ត្រា)
- មេធាវីរបស់គូក្តី ជាអ្នកចូលរួម បើសិនជាមាន ។
ជំនុំជម្រះលើបណ្តឹងសើរើមានចៅក្រមប្រាំបួនរូបមួយរូប ជាចៅក្រមប្រធាន ប្រាំងបីរូបចៅក្រមប្រឹក្សា ។
- តំណាងមហាអយ្យការមួយរូប
- ក្រឡាបញ្ជីមួយរូប ជាលេខាកត់ត្រា(ជំនួយការកត់ត្រា)
- មេធាវីរបស់គូក្តី ជាអ្នកចូលរួម បើសិនជាមាន ។
២. ប្រវត្តិនៃប្រព័ន្ធតុលាការកម្ពុជាចាប់ពីមុនឆ្នាំ ១៩៧៥មកដល់បច្ចុប្បន្ន គឺ ៖
- នៅមុនឆ្នាំ ១៩៧៥ ប្រព័ន្ធច្បាប់តុលាការទាំងមូលអនុវត្តទៅតាមប្រព័ន្ធច្បាប់តុលាការរបស់ប្រទេសបារាំង ។
- ពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ប្រព័ន្ធច្បាប់តុលាការត្រូវបានបំផ្លាញចោលទាំងស្រុង ។
- ពីឆ្នាំ ១៩៧៩ ដល់ ១៩៨៥ ប្រព័ន្ធច្បាប់កើតមានតុលាការខេត្ត ក្រុង (កាត់សេចក្តីដោយមិនឆ្លងកាាត់ក្រសួងយុត្តិធម៌ គឹផ្តល់ឱ្យក្រុមប្រឹក្សារដ្ឋ ជាអ្នកដោះស្រាយ) ។
- នៅឆ្នាំ ១៩៨៥ តុលាការកំពូលត្រូវបានបង្កើតឡើង ។
- នៅឆ្នាំ ១៩៩២ សាលាឧទ្ធរណ៍ត្រូវបានបង្កើតឡើង ។
៣. តួនាទីនៃតុលាការគឺ ៖
- ពន្យល់អំពីច្បាប់តុលាការ
- ការពារសិទ្ធិសេរីភាព និងករណីយកិច្ចរបស់ប្រជាពលរដ្ឋដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ
- ជាអ្នករក្សាការពារសណ្តាប់ធ្នាប់ សន្តិសុខសាធារណៈ
- ជាអ្នករក្សាការពារ សុវត្ថិភាពផ្លូវកាយ និងផ្លូវចិត្តជូនដល់ប្រជាពលរដ្ឋ
- ជាអ្នកទប់ស្កាត់ មិនអោយសិទ្ធិរបស់បុគ្គលម្នាក់ប្រើហួសព្រំដែនដែលទៅរំលោភដល់សិទ្ធិអ្នកដទៃ
- ជាអ្នកផ្តល់យុត្តិធម៌ដល់ប្រជារាស្រ្ត ធានាដល់ការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព
- ជាអ្នកដោះស្រាយជំលោះ ឬវិវាទផ្សេងៗ
- ជាអ្នកសម្រេចក្តីប្រកាសសាលាក្រម ។ ប្រសិនបើតុលាការគ្មានយុត្តិធម៌ប្រជារាស្រ្តគ្មានជំនឿលើច្បាប់ហើយប្រាកដជារិះរកមធ្យោបាយផ្ទាល់ខ្លួនដោយមិនពឹងលើច្បាប់ដែលនាំឱ្យមានបញ្ហាអស្ថិរភាពសង្គម ។
៤. គោលការណ៍ជាមូលដ្ឋាននៃឯករាជភាពអង្គចៅក្រម គឺ ៖
- ចៅក្រមទាំងឡាយត្រូវកាត់ក្តីតាមយុត្តិធម៌ ផ្អែកលើហេតុការណ៍ដែលមាននៅចំពោះមុខ
- ចៅក្រម ត្រូវគោរពតាមច្បាប់ដោយមិនញញើតនឹងការគាបសង្កត់ការគំរាមកំហែងបំភិតបំភ័យដោយចំពោះ ឬចំពោះអំពីភាគីណាមួយឡើយ
- ចៅក្រមមិនត្រូវនៅចំណុះអំណាចនីតិប្រតិបត្តិ នីតិបញ្ញត្តិ ឬក្រោមភាគីនយោបាយណាមួយឡើយ
- ចៅក្រមមិនត្រូវតែជាអ្នកសុចរិត និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញមុខងារក្នុងតុលាការ
- ចៅក្រមត្រូវតែរក្សា អនាគិត វៀរចាកអគិតទាំង ៤យ៉ាង (ឆន្ទាគិត ទោសាគិត ភយាគតិ និងមោហាគតិ) ។
៥. បានជាអំណាចតុលាការត្រូវតែជាអំណាចឯករាជ្យ ព្រោះ ៖
- គេចង់បានភាពយុត្តិធម៌មួយពីការកាត់ក្តីដោយត្រឹមត្រូវ
- ដើម្បីការពារសិទ្ធិសេរីភាព និងករណីយកិច្ចរបស់ប្រជាពលរដ្ឋដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ
- ដើម្បីរក្សាការពារសណ្តាប់ធ្នាប់ សន្តិសុខសាធារណៈ
- ដើម្បីរក្សាការពារ សុវត្ថិភាពផ្លូវកាយ និងផ្លូវចិត្តជូនដល់ប្រជាពលរដ្ឋ
- ដើម្បីទប់ស្កាត់ មិនអោយសិទ្ធិរបស់បុគ្គលម្នាក់ប្រើហួសព្រំដែនដែលទៅរំលោភដល់សិទ្ធិអ្នកដទៃ
- ដើម្បីផ្តល់យុត្តិធម៌ដល់ប្រជារាស្រ្ត ធានាដល់ការអនុវត្តច្បាប់មានប្រសិទ្ធភាព ។ ប្រសិនបើតុលាការគ្មានឯករាជ្យសម្បត្តិធម៌ប្រជារាស្រ្តគ្មានជំនឿលើច្បាប់ ហើយប្រាកដជារិះរកមធ្យោបាយផ្ទាល់ខ្លួនដោយមិនពឹងលើច្បាប់ ដែលអាចនាំឱ្យមានបញ្ហាអស្ថិរភាពសង្គម ។