បច្ចុប្បន្នមែកធាងធំៗ ទាំងបួនរបស់ទស្សនវិជ្ជាដែលត្រូវចាត់ទុកថាជាវត្ថុសិក្សារបស់ទស្សនវិជ្ជារួមមាន ៖
- ចិត្តវិទ្យាដែលជាស្យង់ សិក្សាពីបញ្ហាចិត្តគឺសិក្សាពីចិត្តការណ៍ និងពីមុខងារធំៗរបស់ចិត្តដូចជាឥន្រ្ទិយារម្មណ៍ ប្រត្យក្សារម្មណ៍ លំនឹក បញ្ញា ការរំភើបជាដើម ។ និយាយរួម គឺសិក្សាពីជិវីតនៃចិត្តទូទៅ ។
- តក្កវិទ្យា សិក្សាតំលៃសច្ចៈរិះរកច្បាប់នានា ដើម្បីអោយបានវិចារត្រឹមត្រូវហើយនៅក្នុងនោះមានពុទ្ធិស្យង់វិជ្ជា និងវិធីសាស្រ្តផង ។
- សីលវិជ្ជាសិក្សាតំលៃ កុលសរិះរកគន្លង រឺមាគ៌ាចរិយារបស់មនុស្សដើម្បីរស់នៅអោយបានសមរម្យក្នុងសង្គម ។
- បរមត្ថវិជ្ជា រឺអស្តិរូបវិជ្ជា រឺអរូបវិជ្ជា ដែលយើងនិយមហៅថាទស្សនវិជ្ជាទូទៅ រឺ ទស្សនវិជ្ជាពិតប្រាកដដោយវត្ថុសិក្សារបស់វាមានលក្ខណៈទូទៅនិងអរូបី ដូចជាបញ្ហាភាវៈ បញ្ហាអទិទេពជាអាទិ៍ ដែលសុទ្ធតែជាបញ្ហាចំបងប្រកបដោយអាថ៌កំបាំង ។ និយាយរួម បរមត្ថវិជ្ជាសិក្សាលើគ្រប់បញ្ហាណាដែលស្យង់មិនអាចដោះស្រាយបាន ។