សំនួរ
១. ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ នៅក្នុងសម័យសង្គមរាស្រ្តនិយម ។ ចូររៀបរាប់សមិទ្ធផលនានាដែលព្រះអង្គបានកសាងឡើងទៅតាមវិស័យនីមួយៗ ។
២. តើព្រះបាទ នរោត្តម សីហនុ ទ្រង់បានយាងចូលព្រះទីវង្គតនៅថ្ងៃខែឆ្នាំណា ? នៅទីណា ? ដោយសារអ្វី ?
៣. តើការយាងដង្ហែព្រះបរមសពព្រះបាទ នរោត្តម សីហនុ ចូលមកមាតុប្រទេសវិញដោយមធ្យោបាយអ្វី ? មកដល់វិញនៅពេលណា ?
៤. តើការយាងដង្ហែព្រះបរមសពព្រះបាទ នរោត្តមសីហនុ ដោយព្រះទីន័ងអ្វីខ្លះ ? តំណាងឱ្យអ្វីខ្លះ ? ចូរបញ្ជាក់ ។
ចម្លើយ
១. ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ នៅក្នុងសម័យសង្គមរាស្រ្តនិយម គឺមានសមិទ្ធផលជាច្រើន ដែលលោកបានកសាងឡើងទៅតាមវិស័យនីមួយៗ មានដូចជា ៖
ក. វិស័យកសិកម្ម
- ផលស្រូវនៅឆ្នាំ ១៩៥៥ ទទួលបាន ១ ៤៨៤ ០០០ តោនហើយនៅឆ្នាំ ១៩៦៨ ទទួលបាន ៣ ២៥ ០០០តោន ។
- ផលកប្បាសនៅឆ្នាំ ១៩៦៤ ទទួលបាន ៥០០០តោនក្នុងនោះ ២០០តោនបម្រើរោងចក្រតម្បាញក្នុងស្រុកហើយ ៣០០០តោនទៀតនាំចេញទៅក្រៅប្រទេស ។
- ផលចិញ្ចឹមសត្វ ៖ សត្វស្លាបនៅឆ្នាំ ១៩៥៧ ទទួលបាន ៣ ៧៣០ ០០០ក្បាល ហើយនៅឆ្នាំ ១៩៦៥ ទទួលបាន ៤ ១៩០ ០០០ក្បាល ។ សត្វគោនៅឆ្នាំ ១៩៥៥ មាន៣០០ ០០០ ក្បាល នៅឆ្នាំ ១៩៦៥ មាន៦២០ ០០០ក្បាល ជ្រូកនៅឆ្នាំ ១៩៥៥ មាន ៣៩០ ០០០ក្បាល នៅឆ្នាំ ១៩៦៥ មាន៩៨០ ០០០ ។
- ព្រៃឈើជាធនធានធម្មជាតិដ៏សំខាន់សម្រាប់ជីវភាពប្រជាជនកម្ពុជា ទើបរដ្ឋាភិបាលបង្កើតរុក្ខទិវានៅគ្រប់ខេត្ត ។
- វិស័យនេសាទមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងអាចបម្រើជីវភាពប្រជាជនពលរដ្ឋកម្ពុជា ។
- ក្រៅពីនេះរដ្ឋាភិបាលបានបង្កើតក្រុមបសុពេទ្យដើម្បីព្យាបាលជំងឺសត្វ ។
ខ. វិស័យគមនាគមន៍
- ឆ្នាំ ១៩៥៤ ពង្រីកកំពង់ផែភ្នំពេញនិងកសាងកំពង់ផែទឹកប្រៃនៅក្រុងព្រះសីហនុ ។
- ឆ្នាំ ១៩៥៦ កសាងផ្លូវជាតិលេខ៤ពីភ្នំពេញទៅក្រុងព្រះសីហនុប្រវែង ២២៦គីឡូម៉ែត្រ ។
- ឆ្នាំ ១៩៥៨ ពង្រីកអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង
- ឆ្នាំ ១៩៥៩ កសាងអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប
- ឆ្នាំ ១៩៦០ កសាងផ្លូវរថភ្លើងពីភ្នំពេញទៅក្រុងព្រះសីហនុប្រវែង ២៧០គីឡូម៉ែត្រ ។
- កសាងស្ពានជ្រោយចង្វា (មិត្តភាពកម្ពុជា ជប៉ុន ) ឆ្លងទន្លេសាប ។
- ឆ្នាំ ១៩៦១ ព្រះរាជាណាចក្រកម្ពុជាបានភ្ជាប់ខ្សែទូរស័ព្ទជាមួយក្រុងតូក្យ សាន់ហ្រ្វាន់ស៊ីស្កូ អូសាកា ។
គ. វិស័យពាណិជ្ជកម្ម
- ក្រុមហ៊ុនពាណិជ្ជកម្មធំៗរបស់បារាំង និងសាខាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកបានដាក់វិនិយោគ ទុននៅកម្ពុជាមានដូចជា ៖ INTERNATIONAL និងញូហែមពូរ (Newhampur) អេសូ(Esso) កាលតិច (Caltex) សែល (Shell) របស់ហូឡង់
- អង់គ្លេស...។ក្រៅពីនេះមានក្រុមហ៊ុនអង់គ្លេសនិងជប៉ុនដែលបម្រើបម្រាស់លើឥណទានសម្រាប់ពាណិជ្ជកម្មមានធានាគារឆារទែរិដ ធានាគារហុងកុង សៀងហៃនិងធានាគារអូហូតូក្យូ ។
- នៅឆ្នាំ ១៩៥៦ ការប្រើប្រាស់ឥណទានខាងពាណិជ្ជកម្មក្រៅប្រទេសកម្ពុជាបានប្រកួតប្រជែងជាមួយ បារាំង អាមេរិកអង់គ្លេសនិងជប៉ុន ។
- នៅឆ្នាំ ១៩៦២ មូលធនបារាំងបានកាន់កាប់សកម្មភាពពាណិជ្ជកម្មនៃក្រុមហ៊ុននាំចេញក្នុងប្រទេសកម្ពុជា ១ភាគ ៣ ។
- នៅឆ្នាំ ១៩៦៣ រដ្ឋាភិបាលបានបង្កើតក្រុមហ៊ុនពាណិជ្ជកម្មថ្មីឈ្មោះក្រុមហ៊ុនអាហរ័ណនី (សូណិចស៊ីម )
- ឆ្នាំ ១៩៦៤ រាជរដ្ឋាភិបាលបានបង្កើតក្រុមហ៊ុន ពាណិជ្ជកម្មរដ្ឋនិងឯកជនពីរគឺ ក្រុមហ៊ុនខ្មែរនៃការទិញផលិតផលកសិកម្ម (សូរាប៉ា) និងក្រុមហ៊ុនជាតិនៃការចែករំលែកទំនិញនាំចូល (សូណាព្រីម) ។
ឃ. វិស័យឧស្សាហកម្ម ៖ រាជរដ្ឋាភិបាលបានកសាងរោងចក្រជាច្រើនដូចជា ៖
ង. វិស័យវប្បធម៌ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើវិស័យសិក្សាធិការជាតិដោយបណ្តុះបណ្តាលគ្រូបង្រៀន កសាងសាលារៀនចាប់ពីបឋមសិក្សាដល់សកលវិទ្យាល័យ ដូចជានៅឆ្នាំ ១៩៦០ បង្កើតសកលវិទ្យាល័យភូមិន្ទភ្នំពេញ មហាវិទ្យាល័យនីតិសាស្ត្រមហាវិទ្យាវេជ្ជសាស្រ្តថែមទាំងបានបញ្ជូននិស្សិតខ្មែរឱ្យទៅសិក្សានៅបរទេសជាពិសេសប្រទេសបារាំង ។ យកចិត្តទុកដាក់លើវិស័យសាសនាដោយបានបង្កើតពុទ្ធិកបឋមសិក្សាដល់ពុទ្ធិកមហាវិទ្យាល័យ ។
ច. វិស័យសង្គមកិច្ច បានកសាងមន្ទីរពេទ្យគ្រប់ខេត្តក្រុងដូចជា ៖
- មន្ទីរពេទ្យកុមារគន្ធបុប្ឆា ឳសថាល័យព្រះសុរាម្រឹត មហាវិទ្យាល័យភូមិន្ទ វិជ្ជាពេទ្យ មន្ទីរសម្ភពផះង៉ាង៉ាម មន្ទីរពេទ្យព្រះកុសមៈ (ពេទ្យលោកសង្ឃ) ។
- ការអភិវឌ្ឍជនបទដូចជាការរក្សាអនាម័យតាមលំនៅដ្ឋានជីកអណ្តូងទឹក សង់ផ្ទះ ជីកស្រះ ឱ្យប្រជាជន ។
- បង្កើតមជ្ឈមណ្ឌលអប់រំស្រ្តីពេស្យានៅទូលគោក និងផ្តល់សិទ្ធិឱ្យស្រ្តីឈរឈ្មោះបោះឆ្នោត ។
- រដ្ឋាភិបាលប្រកាន់យកលទ្ធិប្រជាធិបតេយ្យ ។
២. ព្រះបាទ នរោត្តម សីហនុ ទ្រង់បានយាងចូលព្រះទីវង្គតនៅថ្ងៃទី ១៥ រោជ ខែភទ្របទ ឆ្នាំ រោង ចត្វាស័ក ព.ស ២៥៥៦ ត្រូវនឹងយប់ថ្ងៃ ច័ន្ទ ទី ១៥ តុលា ២០១២ វេលាម៉ោង ១ និង២០ នាទី ក្នុងជន្មាយុ ៩០ ព្រះវស្សា នៅទីក្រុង ប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដោយរោគាពាធ ។
៣. ព្រះបរមសពព្រះបាទនរោត្តមសីហនុបានយាងដង្ហែចូលមកក្នុងប្រទេសវិញតាមជើងយន្តហោះពិសេសរបស់ចិននៅថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១២ នៅវេលាម៉ោង ១៤ និង ៤០ នាទីរសៀល ។
៤. ព្រះបរមសពព្រះបាទ នរោត្តម សីហនុ បានយាងដង្ហែដោយព្រះទីន័ង បី គឺ រូបសត្វ សឹង្ហ សត្វហង្ស និងសត្វនាគ ។
១. រូបសត្វទាំងបីនេះតំណាងឱ្យ ៖
- សត្វ សឹង្ហ តំណាងឱ្យនាមព្រះអង្គ សី
- សត្វ ហង្ស តំណាងឱ្យ នាមព្រះអង្គ ហ
- សត្វ នាគ តំណាងឱ្យ នាមព្រះអង្គ នុ
២. ឬរូបសត្វទាំងបីនេះតំណាងឱ្យ ៖
- សត្វ សឹង្ហ តំណាងឱ្យស្តេចសត្វនៅលើភពផែនដី (ឋានកណ្តាល)
- សត្វ ហង្ស តំណាងឱ្យសេ្តចសត្វនៅលើវេហា (ឋានសួគ៌)
- សត្វ នាគ តំណាងឱ្យ ស្តេចសត្វនៅក្នុងទឹក (ឋានភុជង្គនាគ) ។