សំណួរ
១. ចូររាប់នាមព្រះសត្វញ្ញូពុទ្ធទាំង៥ព្រះអង្គ ។
២. ពាក្យថា “សង្រ្កាន្ត” មានន័យដូចម្តេច ? ចូរលើកឧទាហរណ៍បញ្ជាក់ ។
៣. ចូររៀបរាប់នាមទេពធីតាមហាសង្រ្គានទាំង ៧ អង្គដែលជាបុត្រី កបិលមហាព្រហ្ម ព្រមទាំងគ្រឿងអាភរណៈរបស់នាងផង ។
៤. តើពិធីបុណ្យចូលឆ្នាំចារៀងរាល់ឆ្នាំគេតែងប្រារព្ធធ្វើឡើងនៅពេលណា ? មានរយៈពេលប៉ុន្មានថ្ងៃ ? ថ្ងៃអ្វីខ្លះ ? ចូររៀបរាប់និងពន្យល់ ។
៥. ចូរនិយាយអំពីត្រណមនៅក្នុងអំឡុងពេលថ្ងៃចូលឆ្នាំ ។
ចម្លើយ
១. ព្រះសត្វញ្ញូពុទ្ធ៥ព្រះអង្គគឺ ព្រះពុទ្ធកកុសន្ធៈព្រះពុទ្ធកោនាគមនៈ ព្រះពុទ្ធគោតម និងព្រះពុទ្ធដែលនឹងបានត្រាស់នាអនាគតកាល ព្រះនាម ព្រះអរិយមេត្តេយ្យ ។
២. ពាក្យថាសង្រ្គាន្តគឺដំណើរឃ្លាតចាកទីឈានចូលដល់ដំណើរដែលព្រះអាទិត្យចូលដល់ទីជួបមួយជុំនៃរាសីចក្រ ឬក៏ដំណើរដែលដើម និងចុងរាសីចក្រជួបគ្នា ពេញគ្រប់មួយឆ្នាំបានដល់ការដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីនេះឯង ។ ពោលគឺកំណត់យកពេលព្រះកេសរបស់កបិលមហាព្រហ្មត្រូវប្តូរដៃគ្នាកាន់ ហើយឆ្នាំក៏ប្តូរដែរ ។ ឧទាហរណ៍ ដូចជា ឆ្នាំទៅមិញជាឆ្នាំរោង ត្រូវប្តូរមកឆ្នាំនេះជាឆ្នាំម្សាញ់វិញ ។
៣. ឈ្មោះទេពធីតាមហាសង្រ្កាន្តទាំង៧ អង្គ និងគ្រឿងអាភរណៈរបស់នាងថា ៖
- បើសង្រ្កាន្តជាថ្ងៃអាទិត្យ ទេពធីតាឈ្មោះ ទុង្សាទេវី សៀតផ្កាទទឹម គ្រឿងប្រដាប់បទុមរាគ ភក្សាហារផ្លែឧទុម្ពរ (ផ្លែល្វា) អាវុធស្តាំចក្រ ឆ្វេងស័ង្ខ និងពាហនៈគ្រុឌ ។
- បើសង្រ្កាន្តជា ថ្ងៃចន្ទទេពធីតាឈ្មោះ គោរាគៈទេវី សៀតផ្កាអង្គាបុស្ស គ្រឿងប្រដាប់មុត្តា ភក្សាហារប្រេង អាវុធស្តាំព្រះខ័ន ឆ្វេងកាន់ឈើច្រត់ និងពាហនៈខ្លា ។
- បើសង្រ្កាន្ត ថ្ងៃអង្គារ ទេពធីតាឈ្មោះ រាក្យសាទេវី សៀតផ្កាឈូក គ្រឿងប្រដាប់មោរ៉ា ភក្សាហារលោហិត អាវុធស្តាំត្រីសូល៍ឆ្វេងធ្នូ និងពាហនៈអស្សតរ (សេះ) ។
- បើសង្រ្កាន្តថ្ងៃពុធ ទេពធីតាឈ្មោះ មណ្ឌាទេវី សៀតផ្កាចំប៉ាគ្រឿងប្រដាប់ពិទូរ្យ ភក្សាហារទឹកដោះ សប្បិអាវុធស្តាំម្ជុលឆ្វេងឈើច្រត់ និងពាហនៈដំរី ។
- បើសង្រ្កាន្ត ថ្ងៃព្រហស្បតិ៍ ទេពធីតាឈ្មោះ កិរិណីទេវី សៀតផ្កាមណ្ឌាគ្រឿងប្រដាប់មរកត ភក្សាហារសណ្តែកល្ង អាវុធស្តាំកង្វេរ ឆ្វេងកាំភ្លើង និងពាហនៈដំរី ។
- បើសង្ក្រាន្ត ថ្ងៃសុក្រ ទេពធីតាឈ្មោះ កិមិរាទេវី សៀតផ្កាចង្អុលណី គ្រឿងប្រដាប់បុស្សរាគិម ភក្សាហារចេកណាំវ៉ា អាវុធស្តាំព្រះខ័ន ឆ្វេងពិណ និងពាហនៈក្របី ។
- បើសង្រ្កាន្ត ថ្ងៃសៅរិ៍ ទេពធីតាឈ្មោះ មហោទរាទេវី សៀតផ្កាចង្អុលណី គ្រឿងប្រដាប់និលរ័ត្ន ភក្សាហារសាច់ទ្រាយ (ម្រឹគពួកឈ្លូស) អាវុធស្តាំចក្រ ឆ្វេងត្រីសូល៍ និងពាហនៈក្ងោក ។
តាមទំនៀមទេពធីទាំង៧រូបដែលត្រូវវេនចេញហែដៃម្ខាងទ្រពានមាសដែលតម្កល់ក្បាលកបិលមហាព្រហ្ម ហើយមិនដែលជិះពាហនៈតាមរបៀបធម្មតាទេ គឺសុទ្ធតែសម្តែងកិរិយាតាមបែបបទផ្សេងៗដូចជា គេលេងសៀក ។ ប៉ុន្តែគេបានកំណត់យកតាមពេលហែចេញយ៉ាងដូច្នេះ ៖
- ពីពេលព្រលឹមដល់ថ្ងៃត្រង់ជិះឈរលើខ្នងពាហនៈ មិនបាច់កាន់បង្ហៀរ ឬខ្សែទេ ។
- ពីថ្ងៃត្រង់ដល់ព្រលប់ជិះអង្គុយពាក់ឆៀង ។
- ពីព្រលប់ដល់កណ្តាលអាធ្រាត្រជិះដេកបើកភ្នែក ។
- ពីពាក់កណ្តាលអាធ្រាត្រដល់ភ្លឺជិះដេកធ្មេចភ្នែក ។
៤. បុណ្យចូលឆ្នាំថ្មីប្រព្រឹត្តទៅអស់កាល ៣ថ្ងៃ ក្នុងខែចេត្រត្រូវនឹងថ្ងៃទី ១៣ ដល់ ១៥ និង១៥ (ឬ១៤ដល់១៦) ខែមេសាមានដូចតទៅនេះ ៖
- ថ្ងៃទី ១ ហៅថា ថ្ងៃមហាសង្រ្កាន្ត ជាថ្ងៃចូលឆ្នាំដំបូង ។
- ថ្ងៃទី ២ ហៅថា ថ្ងៃវ័នបត ជាថ្ងៃកណ្តាល ។
- ថ្ងៃទី ៣ ហៅថា ថ្ងៃវារៈឡើងស័ក ជាថ្ងៃចាប់ផ្តើមចូលសករាជថ្មី ។
៥. ត្រណមត្រូវអនុវត្តយ៉ាងតឹងរឹងក្នុងពេលបុណ្យចូលឆ្នាំថ្មី៣ថ្ងៃគឺ ៖
- ពាក្យកំហឹង ឥរិយាបថច្រងេងច្រងាង និងការវាយតប់គ្នាត្រូវតែហាមឃាត់ជាដាច់ខាត ។
- ម្នាក់ៗត្រូវប្រយ័ត្នក្នុងការជេរប្រទេចសត្វទោះបីជាសត្វចិញ្ចឹមមានជ្រូក គោ ក្របី ដំរី ឆ្កែ ឆ្មា និងសត្វធាតុដទៃទៀតក៏ដោយ ។
- ត្រូវឱ្យទឹក ដុសលាងឱ្យបានស្អាតបាត បំប៉នចំណីអាហារ និងក្នុងករណីខ្លះ សត្វខ្លះត្រូវដោះលែងឱ្យមានសេរីភាពទៀតផង ។