សំណួរ
១. តើភាពវឹកវរអ្វីខ្លះដែលគួរឱ្យកត់សម្គាល់នៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ក្រោយការទទួលឯករាជ្យជាតិ ?
២. តើបុរសគ្រប់លក្ខណ៍ប្រកបដោយលក្ខណៈប៉ុន្មានយ៉ាង ? អ្វីខ្លះ ?
៣. តើគោលការណ៍គ្រឹះនៃកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិមានអ្វីខ្លះ ? ចូរបង្ហាញអត្ថន័យនៃរគោលការណ៍នីមួយៗ ។ តើនរណាបង្កើតអង្គការកាកបាទក្រហមមុនគេបង្អស់ ? ហើយបង្កើតក្នុងពេលនោះក្នុងទិសដៅអ្វីខ្លះ ?
៤. ដូចម្តេចដែលហៅថាបុណ្យបច្ច័យបួន ? តើបច្ច័យទាំងបួនរួមមានអ្វីខ្លះ ?
៥. ចូរបង្ហាញពីអត្ថន័យនៃភ្នំខ្សាច់ ។
ចម្លើយ
១. ភាពវឹកវរដែលគួរឱ្យកត់សម្គាល់នៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ក្រោយការទទួលឯករាជ្យជាតិគឺ ៖
- សង្រ្គាមនៅតំបន់ឥណ្ឌូចិន (ខ្មែរ ឡាវ វៀតណាម)
- ប្រទេសមីយ៉ាន់ម៉ាដឹកនាំនយោបាយមិនចូលបក្សសម្ព័ន្ធក្រោមអំណាចយោធា
- បញ្ហាទាក់ទងនឹងជនជាតិ
- បញ្ហាទាក់ទងនឹងសាសនា (ការបះបោពួកអ៊ីស្លាមនៅប្រទេសភីលីពីន)
- សង្រ្គាមវៀតណាមអាមេរិក ។
២. បុរសដែលគ្រប់លក្ខណ៍ប្រកបដោយ លក្ខណៈ២៦យ៉ាងគឺ ៖
- ឧស្សាហ៍ខ្នាស់ខ្នែងធ្វើការរៀនសូត្រមិនប្រកាន់ខ្លួន
- មិនចេះលួចប្លន់កិបកេងឆបោក
- មិនឈ្លានពានចំពោះកូនប្រពន្ធអ្នកដទៃ
- មិនរំភើបញាប់ញ័រ ភ័យអរផ្តេសផ្តាស
- មិនកុហកភូតភរឱ្យលើសពីការពិត
- មិននិយាយត្រាប់ឱ្យគេអៀនខ្មាស់
- បានឮដំណឹងហើយត្រូវវិនិច្ឆ័យជាមុនសិនទើបជឿជាក្រោយ
- ធ្វើការដោយមិនលឿនពេក ឬយឺតពេក
- មិនចេះនិយាយបំភ្លើសសើចលេង
- ចេះទទួលភ្ញៀវដោយមិនលាក់មុខ
- មានថ្នាំកែរោគបម្រុងទុកមិនខ្វះឱ្យតែពេលត្រូវការ
- មិនប្រាប់ការសម្ងាត់ដល់អ្នកដទៃ
- មិនផ្ញើរបស់ទុកនឹងបុគ្គលដែលមិនគួរផ្ញើ
- មានចិត្តអត់ធនតស៊ូមិនញ៉ាក
- មានភក្តីភាពចំពោះចៅហ្វាយនាយ
- មិនចេះឡឹកឡក់ចំពោះស្រីក្រមុំ
- ស្គាល់ចំណេញស្គាល់ខាត
- រកប្រដាប់តុបតែងខ្លួនឱ្យភរិយាបុត្រធីតាខ្លួនឯង
- មិនទិញជឿនូវរបស់ប្រើប្រាស់គ្រប់យ៉ាង
- ដឹងគុណ តបគុណ សរសើរគុណចំពោះអ្នកមានគុណ
- គោរពតាមឳវាទមាតាបិតាញាតិមិត្ត និងអ្នកប្រាជ្ញ
- ចេះអត់ទ្រាំស្តាប់នូវពាក្យដែលគេស្តីបន្ទោសប្រដៅ
- មានកាយ វាចារសមរម្យមិនឆ្គង
- ឱ្យដំណឹងមនុស្សក្នុងផ្ទះហើយទើបចេញទៅ
- ចេះវាយប្រដៅកូនដោយរំពាត់តូច
- ខឹងឆាប់បាត់មិនចងកំហឹងទុក ។
៣. គោលការណ៍គ្រឹះរបស់កាកបាទក្រហមមាន៧យ៉ាងគឺ ៖
- ភាពមនុស្សធម៌ គឺចលនាការពារអាយុជីវិតនិងសុខភាពមនុស្សជាតិដោយមិនរើសអើងធានាឱ្យមានការគោរពក្នុងឋានៈជាមនុស្សផងគ្នា យោគយល់គ្នា សហការជួយគ្នា បង្កើតមិត្តភាពដើម្បីឱ្យសង្គមមនុស្សលើសកលលោកមាន សន្តិភាពយូរអង្វែង ។
- ភាពមិនលម្អៀង គឺអង្គការនេះបំពេញភារកិច្ចមិនប្រកាន់សញ្ជាតិ ពូជសាសន៍ ជំនឿសាសនា វណ្ណៈសង្គម ឬគំនិតនយោបាយអ្វីឡើយដោយខិតខំប្រឹងប្រែងដើម្បីសម្រាលទុក្ខ វេទនាខ្លោចផ្សារដល់រាល់បុគ្គលដែលរងគ្រោះ ផ្អែកលើតម្រូវការជាចាំបាច់ជាអាទិភាព គឺជួយសង្រ្គោះមនុស្សចំពោះករណីគ្រោះអាសន្នធ្ងន់ធ្ងរបំផុត ។
- ភាពអព្យាក្រឹត្យ គឺអង្គការនេះចៀសវាងត ដាច់ខាតការចូលរួមទាក់ទិនក្នុងភាគីជម្លោះណា មួយឡើយ ទោះជាកាលៈទេសៈណាក៏ដោយក៏មិនចូលរួមវែកញែកបញ្ហានយោបាយ ពូជសាសន៍ ជំនឿសាសនាប្រភេទមនោគមវិជ្ជាណាឡើយ ។
- ឯករាជភាពគឺអង្គការនេះរួមចំណែកជួយដល់រដ្ឋាភិបាលក្នុងការងារមនុស្សធម៌ក្រោមឳវាទច្បាប់ប្រទេសរបស់ខ្លួនក៏ដោយក្នុងសមាគមជាតិទាំងនោះត្រូវតែរក្សាស្វ័យភាពក្នុងការធ្វើសកម្មភាពស្របតាមគោលការណ៍ជាសារវន្តរបស់ខ្លួន ។
- សេវាកម្មស័្មគ្រចិត្តគឺអង្គការនេះធ្វើការជួយសង្រ្គោះដោយស្ម័គ្រចិត្តដោយមិនគិតផលកម្រៃតបស្នងវិញឡើយ ។
- ឯកភាពអង្គការនេះបានកំណត់ជាឯកច្ឆន្ទថាក្នុងប្រទេសនីមួយៗត្រូវមានសមាគមជាតិតែមួយប៉ុណ្ណោះ ។ សមាគមជាតិទាំងនេះត្រូវបើកទ្វារចំហសម្រាប់មនុស្សទូទៅហើយបំផុសនិងពង្រីកសកម្មភាពមនុស្សរបស់ខ្លួនពាសពេញផ្ទៃប្រទេស ។
- សកលភាពអង្គការនេះមានលក្ខណៈជាសកលហើយសមាគមជាតិទាំងនេះមានឋានៈស្មើគ្នានិងមានភារកិច្ចជួយទៅវិញទៅមកទូទាំងសកលលោក ។
៤. ដែលហៅថាបុណ្យបច្ច័យបួនគឺជាបុណ្យដែលវេរប្រគេនព្រះសង្ឍនូវគ្រឿងអាស្រ័យរបស់បុព្វជិតគ្រប់ទាំងបួនមុខ ។ ហើយបច្ច័យទាំងបួននោះរួមមាន ៖
- ចីវរបច្ច័យ ៖ គ្រឿងសម្រាប់គ្របដណ្តប់មានស្បង់ចីពរ សង្ឃាដី អង្ស័ក វត្ថុពន្ធកាយពន្ធ កន្សែងដណ្តប់ កន្សែងជូតដៃ រហូតដល់សំពត់បិទរបួសរំដំបៅជាដើម ។
- បិណ្ឌបាតបច្ច័យ ៖ គ្រឿងសម្រាប់ឆាន់មានបាយ សម្ល ម្ហូបក្រៀម ម្ហូបស្រស់ ប្រហុក ផ្អក អំបិល ត្រីងៀត ត្រីឆ្អើរ ស្លាបព្រា ចានជាដើម ។
- សេនាសេនបច្ច័យ ៖ គ្រឿងដេក អង្គុយមានកន្ទេល ខ្នើយ មុង ឆ័ត្រ ស្បែកជើង កុដិ តុ កៅអ្វីសាលាវិហារជាដើម ។
- គិលានភេសជ្ជបច្ច័យ ៖ គ្រឿងថ្នាំសម្រាប់ព្យាបាលមានថ្នាំបុក គុល្លិកា កុឡា ក្រមួន ថ្នាំជក់ ថ្នាំរិត ប្រេងខ្យល់ ថ្នាំលាប ថ្នាំចាក់ តែ ស្ករ បារី ស្លា ជាដើម ។
៥. ភ្នំខ្សាច់គេធ្វើឡើងតាមប្រពៃណីផ្សេងៗគ្នាហើយច្រើននិយាយថាភ្នំខ្សាច់ទាំងឡាយនោះធ្វើឡើងជាតំណាងមហាពិត្រនៃលោកធាតុប្រចាំប្រទេសឥណ្ឌាគឺ ភ្នំខ្សាច់កណ្តាលតំណាងភ្នំសុមេរាជដែលទុកជាស្នូល ឬជាគោលនៃពិភពលោក ហើយភ្នំខ្សាច់ឯទៀតដែលព័ន្ធជុំវិញខ្សាច់កណ្តាលគ្រប់ទិសានុទិសនោះជាតំណាងភ្នំបរិភណ្ឌ ដែលព័ទ្ធព័ន្ធជាបរិវារនៃភ្នំព្រះសុមេរុ ។